សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 13, 2012

បណ្តាញ​ជួយ​ការពារ​កម្មករ​បម្រើ​ការ​តាម​ផ្ទះ​ត្រូវ​បាន​បង្កើត​ឡើង​ហើយ

Tuesday, 13 November 2012 មុំ គន្ធា​ ភ្នំពេញប៉ុស៏
121113_03b លោក វន ពៅ ​ប្រធាន​សមា​គម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​។ រូបថត ហេង ជី​វ័ន
 
ភ្នំពេញៈ បណ្តាញ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​កម្ពុជា​ទី១ បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​លើក​កម្ពស់ និង​ការ​ពារ​អ្នក​បម្រើ​តាម​ផ្ទះ ពី​ការ​រំលោភ​សិទិ្ធ​មនុស្ស ហើយ​មាន​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ជាង ១០០ នាក់​បាន​ចូល​ជា​សមាជិក។

លោក វន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បង្កើត​បណ្តាញ​នេះ​ឡើង ដើម្បី​ការពារ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​កម្ពុជា ព្រោះ​លោក​មិន​ឃើញ​មាន​អង្គការ ឬ​សហជីព ឬ​សមាគម​ការពារ​ពួក​គេ​ទេ។

លោក​បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​បង្កើត​បណ្តាញ​នេះ​ដើម្បី​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ព្រោះ​គ្មាន​ស្ថាប័ន ឬ​សហជីព​ណា ជួយ​ពួក​គេ​នៅ​ឡើយ​ទេ»។ លោក វន ពៅ បាន​ឲ្យ​ដឹង​ថា សម្រាប់​ផែន​ការ​ទី ១ បណ្តាញ​នេះ ធ្វើ​ការ​ជាមួយ​តែ​អ្នក​បម្រើ​តាម ផ្ទះ​ក្នុង​ស្រុក​ប៉ុណ្ណោះ ព្រោះ​មាន​អង្គការ​ជាច្រើន​ធ្វើ​ការ​ជាមួយ​នឹង​អ្នក​បម្រើ​តាម​ផ្ទះ​នៅ ក្រៅ​ប្រទេស​រួច​ហើយ។ លោក បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ជំរុញ​ឲ្យ​មាន​គោល​នយោបាយ​ជាក់​លាក់​ដែល​ពាក់ព័ន្ធ​នឹង កម្មករ​បម្រើ​តាម​ផ្ទះ ហើយ​យើង​ឃើញ​មាន​កិច្ច​ព្រមព្រៀង​ពលកម្ម​អន្តរជាតិ​លេខ ១៨៩ ដែល​ចែង​អំពី «សិទិ្ធ និង​សេរីភាព​របស់​កម្មករ​បម្រើ​តាម​ផ្ទះ» ដែល​រដ្ឋាភិបាល​មិន​ទាន់​បាន​អនុម័ត​ប្រើ​កិច្ច​ព្រមព្រៀង​នោះ​នៅ ឡើយ។

លោក​ស្រី វុន សម្ផស្ស ប្រធាន​បណ្តាញ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​ស្រី​ កំពុង​អំពាវនាវ​ឲ្យ​កម្មករ​បម្រើ​ការ​តាម​ផ្ទះ​ផ្សេង​ទៀត​មក​ចូល​ជា សមាជិក​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ លោក​ស្រី​បាន​លើក​ឡើង​ថា៖ «កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ភាគ​ច្រើន នៅ​តែ​ទទួល​រង​ការ​រំលោភ​សិទិ្ធ ធ្វើ​ការ​បន្ថែម​ម៉ោង​ដោយ​គ្មាន​ប្រាក់ និង​ប្រាក់​ឈ្នួល​ទាប​ ប៉ុន្តែ​ពួក​គេ​មិន​ទទួល​រង​អំពើ​ហិង្សា​ពី​និយោជក​របស់​ពួក​គេ​ឡើយ»។ លោក​ស្រី វុន ​សម្ផស្ស ​បញ្ជាក់​ថា៖ «​ជា​មធ្យម​ ពួក​គេ​ទទួល​បាន​ប្រាក់​៥០ ដុល្លារ​ក្នុង​មួយ​ខែ ដែល​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទេ ព្រោះ​ទំនិញ​មាន​តម្លៃ​ខ្ពស់។ ខ្ញុំ​ចង់​ទាម​ទារ ១០០ ដុល្លារ​ក្នុង​មួយ​ខែ និង​អត្ថប្រយោជន៍​ប្រាក់​បន្ថែម​ម៉ោង​ឲ្យ​ពួក​គេ ព្រោះ​ពួក​គេ​ធ្វើ​ការ​គ្មាន​ថ្ងៃ​ឈប់​សម្រាក»។ ​លោក​ស្រី វុន សម្ផស្ស បាន​បន្ថែម​ថា កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ខុស​ពី​កម្មករ​រោងចក្រ ដែល​មាន​អត្ថ​ប្រយោជន៍​ច្រើន ដូចជា ​ប្រាក់​បន្ថែម​ម៉ោង ប្រាក់​ធ្វើ​ការ​ទៀង​ទាត់ និង​អត្ថ​ប្រយោជន៍​ដទៃ​ទៀត។​

កញ្ញា សុភ័ណ អាយុ ២២ ឆ្នាំ បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ក្នុង​ខេត្ត​ពោធិ៍សាត់  ២ ឆ្នាំ​មក​ហើយ ដើម្បី​ធ្វើ​ការ​ជា​កម្មករ​បម្រើ​តាម​ផ្ទះ​នៅ​ភ្នំពេញ បាន​សម្រេច​ចិត្ត​ចូល​រួម​បណ្តាញ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​កម្ពុជា ព្រោះ​កញ្ញា​ចង់​ដឹង​អំពី​សិទិ្ធ​របស់​កម្មករ​បម្រើ​តាម​ផ្ទះ​និង​ការ​ពារ កញ្ញា។ ​កញ្ញា​បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ពី​ម៉ោង ៥ ព្រឹក​ដល់​៨ យប់​រៀង​រាល់​ថ្ងៃ ដែល​ជា​ការ​ងារ​ច្រើន​សម្រាប់​ខ្ញុំ តែ​ខ្ញុំ​ទទួល​បាន​ប្រាក់​ឈ្នួល​តិច​»។

កញ្ញា សុភ័ណ​ ទទួល​បាន​ប្រាក់​តែ ៦០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ ខែ​ដោយ​គ្មាន​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ឡើយ ​បើ​ទោះ​បី​ជា​កញ្ញា​ធ្វើ​ការ​លើស​ពី​ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ។ កញ្ញា​បន្ថែម​ថា៖«​ខ្ញុំ​ចង់​បាន​ប្រាក់ ៩០ ទៅ ១០០ ដុល្លារ​ក្នុង​មួយ​ខែ​និង​អត្ថប្រយោជន៍​ផ្សេង​ទៀត ដូច​កម្មករ​រោងចក្រ​។ ខ្ញុំ​ធ្វើ​ការ​គ្មាន​ពេល​សម្រាក»៕ TK

No comments:

Post a Comment

I like Blogger