សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, August 2, 2013

អាដហុក នឹង​ស៊ើប​អង្កេត​រឿង​ជនជាតិ វៀតណាម​ចូល​មក​កាប់​ឈើ​ខុស​ច្បាប់

Friday, 02 August 2013 ផាក់ ស៊ាងលី The Phnom Penh Post
130802_03a
ឈើ​​ហុ៊ប​យ៉ាង​ច្រើន ដែល​គេ​កាប់​គរ​ទុក​ នៅ​ក្នុង​តំបន់​ដី​ក្រុម​ហ៊ុន​សម្ប​ទាន​សេដ្ឋ​កិច្ច​​មួយ​ កាល​ពីអំឡុង​ដើម​ឆ្នាំ ២០១៣ នេះ​។ រូបថត សហ​ការី
 
រតនគិរីៈ សមាគម អាដហុក នឹង​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត ករណី​កាប់​ឈើ​ខុស​ច្បាប់ ក្នុង​ស្រុក អូរយ៉ាដាវ បន្ទាប់​ពី​ប្រជា​សហគមន៍ ជនជាតិ​ដើម​ភាគ​តិច បាន​រាយការណ៍​ថា ជនជាតិ​វៀតណាម​បាន​និង​កំពុង​បន្ត​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កាប់​ឈើ នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ឥត​ឈប់​ឈរ។
លោក ឆាយ ធី មន្រ្តី​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស អាដហុក ខេត្ត រតនគិរី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ តេន ឃុំ យ៉ាទុង និង​ភូមិ ឡំ ឃុំ ប៉ក់ញ៉ៃ​ក្នុង​ស្រុក អូរយ៉ាដាវ បាន​រាយការណ៍​មក អាដហុក ជា​បន្ត​បន្ទាប់​ពី​ករណី​ដែល​ជនជាតិ​វៀតណាម ឆ្លង​ដែន​ចូល​ដី​ខ្មែរ កាប់​ឈើ​ខុស​ច្បាប់​ចាប់​តាំង​ពី​ខែ​មុន​មក។
លោក​បន្ត​ថា៖​«ពួក​វៀតណាម ចូល​មក​កាប់​ពេល​យប់ និង​ដឹក​ចេញ​ទាំង​យប់​ទៅ​ប្រទេស​គេ ដោយ​គ្មាន​ការ​ទប់​ស្កាត់​ទេ។ យើង​នឹង​ចុះ​អង្កេត​ពី​រឿង​នេះ នៅ​សប្តាហ៍​ក្រោយ ដើម្បី​ប្រមូល​យក​ភ័ស្តុតាង»។
លោក​បន្ត​ថា អាដហុក សហការណ៍​ជាមួយ​នឹង​សហគមន៍ នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​បែប​នេះ ហើយ​កាល​ពី​ចុង​ខែ​កក្កដា អាដហុក បាន​ផ្តល់​ម៉ាស៊ីន​ថត​រូប​មួយ​គ្រឿង​ដល់​ប្រជា​សហគមន៍ ដើម្បី​ថត​យក​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់ របស់​ជនជាតិ​វៀតណាម​ទាំង​នោះ។

ប្រជា​សហគមន៍​ភូមិ តេន លោក រម៉ាស ស្វាង បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា ចាប់​តាំង​ពី​ខែ​កក្កដា​មក ជនជាតិ វៀតណាម​បាន​លួច​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ ហើយ​កាប់​ឈើ​ធំៗ ដូចជា​ដើម សុក្រម ដែល​មាន​មុខ​កាត់ ៨០ ជាដើម។
លោក រម៉ាស ស្វាង​ថ្លែង​ថា៖«គេ​បើក​ឡាន​ចូល​មក​យប់ៗ​។ កាប់​ហើយ​ដឹក​ចេញ​តែ​ម្តង។ ឈើ​ណា​ដឹក​មិន​ទាន់​គេ​ទុក​ចោល​នៅ​ក្នុង​ព្រៃ​តែ​ម្តង»។
លោក រម៉ាស ស្វាង បាន​បន្ថែម​ថា ប្រជា​សហគមន៍​មិន​អាច​ធ្វើ​អ្វី​ពួក​ជនជាតិ វៀតណាម ទាំង​នោះ​បាន​ទេ ព្រោះ​វា​ជា​ពេល​យប់ ហើយ​ខ្លាច​គេ​មាន​កាំភ្លើង ឬ​មាន​អ្នក​កាង​។ ទោះ​យ៉ាង​ណា ប្រជា​សហគមន៍ មិន​ទាន់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ឡើយ​ទេ។
លោក រម៉ាស ស្វាង ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា កន្លែង​ដែល​ពួក​វៀតណាម​កំពុង​កាប់​នោះ ជា​តំបន់​ព្រៃ​សហគមន៍ ដែល​នៅ​សេស​សល់​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៧២ ឈូស​ឆាយ។
ទោះ​យ៉ាង​ណា​លោក សេន វឿន នាយ​ប៉ុស្តិ៍ យ៉ាទុង បាន​បដិសេធ​ថា មិន​មាន​ករណី​ជនជាតិ​វៀតណាម​ឆ្លង​ដែន​មក​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ​នោះ​ ទេ។ លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​ភូមិ​នេះ គ្មាន​ព្រៃ​ទៀត​ទេ គឺ​ក្រុមហ៊ុន ៧២ បាន​កាប់​ឈូស​ឆាយ​ដាំ​កៅស៊ូ​អស់​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ»៕
 

No comments:

Post a Comment

I like Blogger