សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, August 22, 2013

១៣​គ្រួសារ​គ្រោង​ដាក់​ពាក្យ​ប្តឹង​ទាហាន​កាង​ដី

Thursday, 22 August 2013 ផាក់ ស៊ាងលី From The Phnom Penh Post
Oddar-Meanchey
ដីមានទំនាស់ដែលត្រូវទាហានកាងដីឲ្យអ្នកមាន។ រូបថត សហការី
ឧត្តរមានជ័យៈ ពលរដ្ឋ​១៣​គ្រួសារ​នៅ ស្រុក​ត្រពាំង​ប្រាសាទ​ កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​និង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​ដាក់​ទៅ​ តុលាការ​នៅ​ថ្ងៃ​សុក្រ​ ខណៈ​ដែល​ក្រុម​ទាហាន​បាន​នឹង​កំពុង​កាង​ដី​ទំនាស់​ឲ្យ​ក្រុម​អ្នក​មាន​ បន្ទាប់​ពី​បាន​បំផ្លាញ​ផល​ដំណាំ និង​គំរាម​ចាប់​ពួក​គាត់​ដាក់​គុក។
ប្រជាពល ​រដ្ឋទាំង​១៣គ្រួសារ​នៅ​ក្នុង​ឃុំ-ស្រុក​ត្រពាំង​ប្រាសាទ​បាន​ដាក់​ពាក្យ ​ប្តឹង​រួម​​ទៅ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​កាល​ពី​ដើម​ខែ​សីហា​នេះ ដើម្បី​សុំ​អន្តរាគមន៍​ក្នុង​ទំនាស់​ដីធ្លី​ជាង​៩០​ហិកតា​ ជាមួយ​នឹង​ក្រុម​អ្នក​មាន​លុយ មាន​អំណាច​ដែល​បាន​ប្រើ​កម្លាំង​យោធា​កង​ពល​អន្តរាគមន៍​លេខ៦ ​ទៅ​កាង​ការ​ពារ​​ដី​នោះ។
លោក ​ស្រី ណារ៉េន​ អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ពី​ ថ្ងៃ​ពុធថា ​អាដហុក​ខេត្ត​បាន​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​ដល់​កន្លែង​ទំនាស់​កាល​ពី​ ថ្ងៃ​អង្គារ។ លោក​បញ្ជាក់​ថា៖«យើង​ឃើញ​ផ្ទះ​ពលរដ្ឋ​ត្រូវ​គេ​រុះរើ ​ដំឡូង​ជាង​មួយ​ហិកតា​ត្រូវ​ទាហាន​បាញ់​ថ្នាំ​បំផ្លាញ»។
លោក​ថា តាម​ការ​ស៊ើប​អង្កេត​បង្ហាញ​ថា ក្រុមទា​ហាន​អត់​មាន​អី​ពាក់ព័ន្ធ​ទៅ​នឹង​ដី​នោះ​ទេ ប៉ុន្តែ​ ត្រូវ​គេ​បញ្ជូន​ទៅ​កាង​ការ​ពារ​ផល​ប្រយោជន៍​បុគ្គល​ មិន​ឲ្យ​ពលរដ្ឋ​​ចូល​ក្នុង​ដី​គាត់​ ដែល​ធ្លាប់​កាន់​កាប់​និង​ដាំដុះ​ជា​យូរ​មក​នោះ​។

លោក​បាន​ឲ្យដឹង​​ថា ម្ចាស់​ច​ម្ការ​ដំឡូង​ឈ្មោះ​ មាង លីហួ អាយុ​ ៣៣ ឆ្នាំ​ បាន​ដាក់​ពាក្យ​បណ្តឹង​មក​អាដហុក​ពី​ថ្ងៃ​អង្គារ ប្តឹង​កងទ័ព​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ អាដហុក​កំពុង​រៀប​ចំ​ពាក្យ​បណ្តឹង​នោះ​ ដាក់​បន្ត​ទៅ​តុលាការ​ខេត្ត​នៅ​ថ្ងៃ​សុក្រ​នេះ។
លោក មាង លីហួ កាល​ពី​ម្សិលមិញ​បាន​ប្រាប់​ថា លោកប្តឹង​មេ​បញ្ជា​ការ​រង​កង​អន្តរាគមន៍​លេខ​៦ ឈ្មោះ សេង សាន្ត​ ដែល​ជា​អ្នក​បញ្ជា​និង​ឈ្មោះ​ ផល ផា​ ជាអ្នក​ដឹក​នាំ​កម្លាំង​ទៅ​បាញ់​ថ្នាំ​បំផ្លាញ​ដំឡូង​គាត់​ជាង១​ហិកតា កាល​ពីថ្ងៃ​ទី៣​ ខែ​សីហា។
លោក​ លីហួ បន្ត​ថា៖ «ខ្ញុំ​ប្តឹង​ទារ​សំណង​២​ពាន់​ដុល្លារ និង​សុំ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​ជន​សង្ស័យ​តាម​ច្បាប់»។ លោក​ថា​ បន្ទាប់​ពី​អាដ​ហុក​​ចុះ​ទៅ​អង្កេត​មាន​ទាហាន​៨​នាក់​មាន​កំាភ្លើង​ អាកាមួយ​ដើម ទៅ​គំរាម​បាញ់​និង​ចាប់​ពលរដ្ឋ​ដាក់​គុក​ថែម​ទៀត បើ​អ្នក​ណាហ៊ាន​ទៅជាន់​ដី​នោះ​។
លោក​ មាង លីហួ អះ​អាង​ដែរ​ថា គាត់​បាន​ទិញ​ដី​៥ហិក​តា កាល​ពី​ឆ្នាំ​២០០៨ (១​ហិកតា​តម្លៃ​៤០០​ដុល្លារ)។ កាលពីខែ​សីហា​ ឆ្នាំ​២០១២ ​ក្រុម​និស្សិត​បាន​ចុះ​វាស់​វែង​ដី​គាត់​និង​ដី​ពលរដ្ឋ​តំបន់​នេះ ​ ប៉ុន្តែ​ ត្រូវ​គេ​ប្តឹង​ទាស់​មិន​ឲ្យ​ចេញ​ប្លង់​ ​ហើយ​ពេល​អាជ្ញាធរ​បិទ​​ប្រកាស​ក្បាល​ដី​ ស្រាប់​តែ​ដី​​ពួក​គាត់​ត្រូវ​​កាន់​កាប់​​ដោយ​អ្នក​ផ្សេង​ទៅ​វិញ។
លោក​ លីហួ និយាយ​ថា៖«វាប្រាក​ដជា​មាន​ការ​សូក​ប៉ាន់ ​បើ​មិន​អ៊ី​ចឹង​មិ​នមែន​ពេល​វាស់​ដាក់​ឈ្មោះ​ពួក​យើង ​តែ​ពេល​ចេញ​ប្លង់​បែរ​ជា​ឈ្មោះ​អ្នក​ផ្សេង​បែប​នេះ​ទេ?»
ដោយ​សារ​រងភាព ​អយុត្តិធម៌​បែប​នេះ ​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ដែរ ប៉ុន្តែ​ រហូត​មក​ដល់​ពេល​នេះ​ ពុំ​មាន​ដំណោះ​ស្រាយ​នឹង​ការ​ឆ្លើយ​តប​ទេ។
លោក ​ផុន ​កុសល​ អភិបាល​រង​ស្រុក​ត្រពាំង​ប្រាសាទ​បាន​បញ្ជាក់​ថា ​អាជ្ញាធរ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ពលរដ្ឋ​ ហើយ​បាន​ចេញ​លិខិត​កោះ​ហៅខាង​កងទ័ព​ឲ្យ​ចូល​បំភ្លឺដែរ ប៉ុន្តែ​ គាត់​មិន​​ឃើញ​មក​ទេ។ អាជ្ញាធរ​ក៏​បាន​ចេញ​លិខិត​ថ្មី​ទៀត​ដាក់​ទៅ​​មេ​បញ្ជា​ការ​សុំ​ឲ្យទាហាន​​ ដែល​រង​ការ​ចោទ​​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។
លោកអភិបាលរង​​ ថ្លែង​ដែរ​ថា ៖ «រឿងប្លង់​ដីវិញ ​យើង​ពិភាក្សា​ជាមួយ​នឹង​មន្ទីរ​សុរិយោដី​ ហើយ​បាន​សម្រេច​តម្កល់​ទុក​សិន​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ»។
មន្ត្រី​យោធា​រង​ការ​ចោទ​ប្រកាន់​មិន​អាច​ទាក់ទង​​សុំ​បំភ្លឺ​បាន​ទេ​ពី​ម្សិលមិញ​៕

No comments:

Post a Comment

I like Blogger