សមាជិកសភាមកពីគណបក្សប្រឆាំងនៅមិនទាន់ចូលស្បថ ដើម្បីចូលប្រជុំសភានៅឡើយទេ ក្រោមហេតុផលថា ក្រុមការងារចរចារបស់គណបក្សទាំងពីរមិនទាន់បញ្ចប់កិច្ចការ វិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងសភា វិសោធនកម្មលើច្បាប់បោះឆ្នោត និងវិសោធនកម្មលើរដ្ឋធម្មនុញ្ញបានចប់ឆាប់រហ័សដូចគ្រោងទុក។
តើពេលណាសមាជិកសភាមកពីគណបក្សនយោបាយជាប់ឆ្នោតទាំង២ អាចចូលប្រជុំសភាជាមួយគ្នាបាន?
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃទី៣០ កក្កដា ថា សមាជិកសភាមកពីគណបក្សប្រឆាំងអាចស្បថ និងចូលប្រជុំសភាបាននៅសប្ដាហ៍ក្រោយ ប៉ុន្តែទាមទារឲ្យមានការកំណត់របៀបវារៈសម័យប្រជុំសភាឲ្យបាន ច្បាស់លាស់។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា បច្ចុប្បន្នក្រុមចរចាមកពីគណបក្សទាំង២ បានព្រមព្រៀងលើលទ្ធផលខ្លះៗ ក្នុងគោលដៅធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ វិសោធនកម្មច្បាប់បោះឆ្នោត និងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ហើយមានបញ្ហាមួយចំនួនទាមទារបន្តពិភាក្សានៅក្នុងសម័យប្រជុំសភាពេញ អង្គ៖ «ផ្នែកខាងធ្វើបទបញ្ជាផ្ទៃក្នុង យើងបានឯកភាពគ្នាមួយចំនួន មួយចំនួនទៀតពិភាក្សានៅពេលក្រោយ។ ដូច្នេះអាចបើកផ្លូវឲ្យការចូលប្រជុំសភានេះបាន។ នៅ ខាងក្រុមវិសោធនកម្មរដ្ឋធម្មនុញ្ញ កំពុងព្រាង និងមានការងារមួយចំនួនទៀតមិនទាន់បានសម្រេចនៅឡើយ ហើយខាងច្បាប់បោះឆ្នោត យើងកំពុងព្យាយាមរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំការបោះឆ្នោតនោះ។ ដូច្នេះត្រូវការពេលវេលាបន្តិចទៀត។ ខ្ញុំគិតថាយ៉ាងហោចមួយសប្ដាហ៍ទៀតដែរ»។