ដោយ៖ ណាត សុភាព | ថ្ងៃព្រហស្បតិ៍ ទី5 កុម្ភៈ 2015, 10:08 AM
ប្រជាសហគមន៍រស់នៅតាមបណ្តោយផ្លូវរថភ្លើងមានគ្នាប្រមាណ៦០នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះប្រមូលផ្ដុំគ្នាជាថ្មីមុខធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីទាមទារឲ្យធនាគារនេះរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវរថភ្លើងតាមការសន្យា ដើម្បីសាកសួរព័ត៌មានលម្អិតស្ដីពីគម្រោងសាងសង់ផ្លូវរថភ្លើង ។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ ធនាគារ ADB បានសន្យាជាមួយប្រជាសហគមន៍ផ្លូវរថភ្លើងថា នឹងផ្តល់ព័ត៌មានពីការជួបប្រជុំសាធារណៈជាមួយភាគីពាក់ព័ន្ធនៅថ្ងៃអង្គារ ទី២០ ខែមករា ទាក់ទងនឹងគម្រោងសាងសង់ផ្លូវរថភ្លើងនេះ។
ប្រជាពលរដ្ឋដែលចូលរួមធ្វើការតវ៉ានៅព្រឹកនេះបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា ADBមិនបានរៀបចំឲ្យមានកិច្ចប្រជុំផ្ដល់ព័ត៌មានដូចការសន្យាទេ ដោយមន្ត្រីនៅធនាគារនេះបានប្រាប់ប្រជាពលរដ្ឋថា មន្ត្រីបរទេសដែលទទួល ខុសត្រូវលើកិច្ចការនេះត្រូវមានភារៈកិច្ចទៅក្រៅប្រទេស ។
ពលរដ្ឋឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ពួកគេនៅមិនទាន់ទទួលបានព័ត៌មានពីADB នៅឡើយ ទើបពួកគេនាំគ្នាធ្វើការតវ៉ាជាថ្មី ដើម្បីទាមទារឲ្យស្ថាប័ននេះ ផ្តល់ព័ត៌មានឲ្យបានជាក់លាក់ពីចំនួនម៉ែត្រដែលត្រូវកំណត់ចេញពីផ្លូវរថភ្លើងទៅផ្ទះរបស់ពួកគេ ខណៈពួកគេព្រួយបារម្ភពីការបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំ ។
សហគមន៍ទាំងនោះរួមមាន សហគមន៍ភូមិ២ ភូមិ១៧ ភូមិ១០៤ ភូមិ១០៥ ភូមិ២៣ សហគមន៍រួមចិត្តតែមួយ និងសហគមន៍អភិវឌ្ឍន៍ថ្មីជាដើម ។
ក្រុមប្រជាសហគមន៍បានព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើពួកគេនៅតែមិនទទួលបានព័ត៌មានលម្អិតស្ដីពីគម្រោងសាងសង់ផ្លូវរថភ្លើងនេះ ។
ក្រុមប្រជាសហគមន៍បានព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើពួកគេនៅតែមិនទទួលបានព័ត៌មានលម្អិតស្ដីពីគម្រោងសាងសង់ផ្លូវរថភ្លើងនេះ ។
ភ្លាមៗនេះ VOD មិនទាន់អាចសុំការឆ្លើយតបពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បាននៅឡើយទេ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Toll Royal Railway និងក្រុមហ៊ុន Royal Group របស់លោក គិត ម៉េង បានទទួលគម្រោងសាងសង់បណ្ដាញផ្លូវដែកកម្ពុជា ពីរដ្ឋាភិបាលកម្ពុជាចំនួន២ខ្សែ គឺផ្លូវដែកពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ និងពីភ្នំពេញទៅបន្ទាយមានជ័យ ។ គម្រោងសាងសង់ផ្លូវដែកនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៣០០០គ្រួសារ ។
កាលពីខែធ្នូ ឆ្នាំ២០១៤ ក្រុមហ៊ុន Toll Group ប្រកាសថាបានលក់ភាគហ៊ុន៥៥ភាគរយរបស់ខ្លួននៅក្នុងគម្រោងសម្បទានក្រុមហ៊ុន Toll Royal Railway ឲ្យទៅ Royal Group របស់លោក គិត ម៉េង ដោយអះអាងថា មូលហេតុនៃការសម្រេចចិត្តដកខ្លួនចេញ ដោយសារប្រាក់ចំណូលដែលទទួលបាន កាន់តែទាបជាងការរំពឹងទុក រួមទាំងការបរាជ័យ និងការពន្យារពេលក្នុងការងារកែលម្អផ្លូវដែក ៕
No comments:
Post a Comment
I like Blogger