អ្នកការពារធនធានធម្មជាតិមួយចំនួនកំពុងប្រឈមនឹងការប្ដឹងផ្ដល់ពីសំណាក់ឈ្មួញរកស៊ីឈើនិងអ្នកមានអំណាច ដែលយកប្រព័ន្ធតុលាការមកចោទប្រកាន់ដើម្បីចាប់ចងពួកគេ។ ពួកគេថា ក្រៅពីឈមនឹងតុលាការ អ្នកខ្លះរងការគំរាមសម្លាប់ប្រសិនបើមិនបញ្ឈប់សកម្មភាព។
អ្នកការពារធនធានធម្មជាតិមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភខណៈដែលពួកគេកំពុងតែមានបណ្ដឹងនៅតុលាការ។ ក្តីបារម្ភនេះបង្ហាញឡើងនៅក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ នៅភ្នំពេញ ដោយមានវត្តមានតំណាងពលរដ្ឋមានបញ្ហាដីធ្លីនៅភ្នំពេញ និងតាមបណ្ដាខេត្ត និងសកម្មជនការពារធនធានធម្មជាតិ។
តំណាងសកម្មជនការពារធនធានធម្មជាតិ លោក គុជ វ៉េង ឲ្យដឹងថា លោកត្រូវជាប់ពន្ធនាគារអស់ជាងបីខែដោយសមត្ថកិច្ចតាមចាប់ខ្លួនលោកចេញពីក្នុងព្រៃ ក្នុងពេលដែលលោកកំពុងការពារព្រៃឈើ។ លោកឲ្យដឹងទៀតថា អ្នកដែលប្ដឹងលោកគឺជាឈ្មួញរកស៊ីឈើដែលធ្លាប់ព្រមានឲ្យលោកបញ្ឈប់ធ្វើសកម្មភាពការពារព្រៃឈើ៖ «និយាយទៅបញ្ហាខ្លាំងគឺខ្ញុំកំពុងប្រឈមនឹងផ្លូវច្បាប់»។
មិនមែនជាលើកទី១ទេ ដែលសកម្មជនការពារព្រៃឈើរងការគំរាមប្រឈមនឹងផ្លូវច្បាប់ដូចនោះ។ កាលពីឆ្នាំ២០១២ សកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាញ់នៅកណ្តាលព្រៃនាខេត្តកោះកុង ព្រោះសកម្មភាពការពារព្រៃឈើរបស់លោក។ ក្រុមសកម្មជនការពារធនធានធម្មជាតិថា ពួកគេមិនដែលទទួលការពារពីរដ្ឋាភិបាលនោះទេ។
អ្នកការពារធនធានធម្មជាតិមួយរូបទៀត លោកស្រី មុំ សាគីម មានប្រសាសន៍ថា តាំងពីដើមរហូតទល់ពេលនេះ លោកស្រីត្រូវឈ្មួញមានលុយ និងមន្ត្រីមានអំណាចប្ដឹងមកតុលាការ និងព្រមានសម្លាប់ជាញឹកញាប់៖ «មានរឿងច្រើនកើតឡើងចំពោះខ្ញុំ គេបាញ់ដំបូលផ្ទះ និងគំរាមសម្លាប់ជាដើម»។
តាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) នៅឆ្នាំ២០១៤ មានបណ្ដឹងចំនួន ១១៩ករណី ដែលគេបានប្ដឹងសកម្មជនការពារធនធានធម្មជាតិនិងព្រៃឈើនៅតុលាការ។ របាយការណ៍នោះបង្ហាញថា មន្ត្រីមានអំណាច ឈ្មួញរកស៊ីឈើនិងពលរដ្ឋជាអ្នកប្តឹងក្រុមសកម្មជនទាំងនោះ។
មន្ត្រីផ្នែកដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឡាត់ គី ថានេះជាល្បែងកម្សាន្តរបស់ឈ្មួញរកស៊ីជួញដូរព្រៃឈើនិងក្រុមមន្ត្រីខិលខូច ព្រោះអ្នកទាំងនោះខូចប្រយោជន៍ដោយសារសកម្មភាពអ្នកការពារធនធានធម្មជាតិ។ លោកថា រឿងនេះកើតឡើងដោយសារកង្វះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃរដ្ឋាភិបាល៖ «ការការពារផលប្រយោជន៍សង្គមធ្វើឲ្យប៉ះពាល់ មានទំនាស់អ្នកប្រព្រឹត្តល្មើសដូចវាតែងតែកើតឡើងនៅក្នុងសង្គមខ្មែរទេ»។
ឆ្លើយតបការលើកឡើងរបស់អ្នកការពារធនធានធម្មជាតិ និងសង្គមស៊ីវិល ប្រធានអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និយាយថា សកម្មភាពរបស់ការពារធនធានធម្មជាតិមួយចំនួនមានឈ្មោះល្អ ប៉ុន្តែបង្កប់ការអនុវត្តផ្ទុយនឹងច្បាប់។ លោកបញ្ជាក់ថា កិច្ចការរបស់តុលាការរដ្ឋាភិបាលមិនអាចជ្រៀតជ្រែកបានទេ៖ «សកម្មជនការពារធនធានធម្មជាតិឃើញមានច្រើន ប៉ុន្តែទិសដៅសកម្មភាពមិនឆ្លើយតបទៅនឹងច្បាប់»។
ទោះយ៉ាងណាក្តី លោក ផៃ ស៊ីផាន យល់ថា សកម្មភាពរបស់អ្នកការពារធនធានធម្មជាតិជាគោលដៅល្អក្នុងគោលបំណងជួយលើកកម្ពស់ថែរក្សាបរិស្ថាន៕
No comments:
Post a Comment
I like Blogger