ក្រុមហ៊ុនចម្ការកៅស៊ូ ស្វីស រ៉ាប់ប៊ឺ នៅខេត្តរតនគិរី (Swift Rubber Rattanakiri Plantation) បានឈូសឆាយដីដាំកៅស៊ូជាថ្មី បន្ទាប់ពីប្រជាពលរដ្ឋជាង ៣០០នាក់បានធ្វើបាតុកម្មប្រឆាំងការឈូសឆាយនេះ កាលពីឆ្នាំ២០១៤។ អ្នកភូមិចោទថា ក្រុមហ៊ុនបានឈូសបំផ្លាញដំណាំប្រជាពលរដ្ឋ និងឈូសឆាយតំបន់កប់សពសហគមន៍ជនជាតិដើមភាគតិចបន្ថែមទៀត។
ប្រជាពលរដ្ឋខ្មែរ និងជនជាតិដើមភាគតិច ចោទប្រកាន់ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ ដែលវិនិយោគដីចម្ការកៅស៊ូរដ្ឋនៅខេត្តរតនគិរី ថាមានចេតនាបំផ្លិចបំផ្លាញផលដំណាំ និងប្រមាថលើវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច។ ការចោទប្រកាន់នេះ កើតមានឡើងបន្ទាប់ពីគ្រឿងចក្រក្រុមហ៊ុន កាលពីថ្ងៃទី២ ខែកុម្ភៈ ចាប់ផ្ដើមឈូសឆាយទៅលើដីចម្ការកៅស៊ូ ហើយបានបំពានទៅលើផលដំណាំ និងតំបន់កប់សពសហគមន៍ជនជាតិ ខណៈដែលអាជ្ញាធរកំពុងស្វែងរកដំណោះស្រាយការតាំងទីលំនៅនៅដីចម្ការកៅស៊ូរដ្ឋរបស់ពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ លោក សៅ ឃាន រៀបរាប់ថា ដំណាំនៅក្រោយផ្ទះអ្នកភូមិជាង ១០គ្រួសារ មានចេក ស្វាយ ត្រូវបានគ្រឿងចក្រឈូសឆាយអស់។ មិនតែប៉ុណ្ណោះ គ្រឿងចក្រឈូសឆាយដីព័ទ្ធជុំវិញផ្ទះ ទុកតែបរិវេណផ្ទះឲ្យប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លោកបន្តទៀតថា ប្រជាពលរដ្ឋកំពុងរង់ចាំដំណោះស្រាយរបស់អាជ្ញាធរ ដែលបានសម្របសម្រួលឲ្យអ្នកភូមិរង់ចាំការស្នើសុំដីសម្រាប់អ្នកភូមិតាំងទីលំនៅ ដូច្នេះក្រុមហ៊ុនបានរំលោភបំពានលើការសម្របសម្រួលនេះ៖ «ថាចាំដោះស្រាយៗ ត្រូវគ្នាចាំបន្តធ្វើការទៀត ឥឡូវមិនទាន់មានដំណោះស្រាយផង ឈូសឆាយបីលើកហើយ។ ឥឡូវយើងទាមទារចាំរកដំណោះស្រាយឲ្យគេឲ្យបានៗ គេឲ្យឈូស»។
ដូចគ្នានេះដែរ ប្រជាពលរដ្ឋជនជាតិដើមភាគតិច លោក ខាម ប្រាង អះអាងដែរថា គ្រឿងចក្រក្រុមហ៊ុនបានបន្តឈូសឆាយលើតំបន់កប់សពបន្តទៀត ខណៈដែលក្រុមហ៊ុននេះធ្លាប់បានរំលោភឈូសឆាយផ្នូរកប់សពដូនតាអ្នកភូមិជាង ១០០ផ្នូរ កាលពីឆ្នាំ២០១៤។ លោកហៅការឈូសឆាយនេះ ថាជាការរំលោភសិទ្ធិរស់នៅ និងវប្បធម៌ប្រពៃណីជនជាតិដើម។ ហេតុនេះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវលើបញ្ហានេះ៖ «កប់ខ្មោចហ្នឹងតាំងពី ៧៩ រហូតដល់សព្វថ្ងៃ នៅតែផ្នូរថ្មីៗ ផ្នូរចាស់គេឈូសអស់ហើយ ប្រហាក់ប្រហែលជា ៤ហិកតារ ប៉ុន្តែនៅតែគេឈូស មិនដឹងសង្ឃឹមថានៅ ឬអស់ទេ គេកំពុងឈូសហ្នឹង»។
អតីតចម្ការកៅស៊ូនៅខេត្តរតនគិរី ជាង ៣ពាន់ហិកតារបន្សល់តាំងពីសម័យសង្គមរាស្ត្រនិយម រដ្ឋបានវិនិយោគទៅឲ្យក្រុមហ៊ុន តាយ សេង។ បន្ទាប់មក ក្រុមហ៊ុន តាយ សេង បានផ្ទេរចម្ការកៅស៊ូនេះទៅឲ្យក្រុមហ៊ុនឯកជនចិន ឈ្មោះ ស្វីស រ៉ាប់ប៊ឺ រតនគិរី ធ្វើអាជីវកម្មបន្តទៀត។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងកាប់ដើមកៅស៊ូចាស់ចោល ហើយដាំថ្មីឡើងវិញ ជាពិសេសចម្ការកៅស៊ូនៅស្រុកអូរជុំ។
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានការិយាល័យរដ្ឋបាល ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ លោក ងិន បូរិន មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋបានមកតាំងទីលំនៅលើដីចម្ការកៅស៊ូដែលបានវិនិយោគពីរដ្ឋ ហេតុនេះក្រុមហ៊ុនត្រូវតែធ្វើអាជីវកម្មតាមកិច្ចព្រមព្រៀងវិនិយោគ។ លោកមិនអធិប្បាយពាក់ព័ន្ធការឈូសឆាយប៉ះពាល់ផលដំណាំ ឬផ្នូរកប់សពប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែលោកអះអាងថា ដីដែលក្រុមហ៊ុនឈូស គឺជាចម្ការកៅស៊ូចាស់ត្រូវកាប់ដើមចេញ ហេតុនេះក្រុមហ៊ុនត្រូវឈូសឆាយដើម្បីដាំកៅស៊ូឡើងវិញ៖ «ឈូសល្ងាចមិញឈូសលើដីយើងតើ! ចង់និយាយអ៊ីចេះ ផ្ទះហ្នឹងធ្វើលើដីចម្ការកៅស៊ូ យើងអត់ទៅរើផ្ទះទេ យើងកាប់ដើមកៅស៊ូ ហើយយើងមិនត្រូវរុករានដើម្បីដាំកៅស៊ូថ្មី អ៊ីចឹងយើងទៅធ្វើ គេឃាត់ អាហ្នឹងមានន័យថាម៉េច?»។
ស្ថិតិរបស់អាជ្ញាធរឃុំអូរជុំ មុនឆ្នាំ២០១០ ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា និងកម្មករចម្ការកៅស៊ូ បានមកតាំងទីលំនៅនៅតំបន់នោះមាន ៥១គ្រួសារ។ តួលេខនេះកើនឡើងដល់ជាង ១០០គ្រួសារក្នុងឆ្នាំ២០១៣ និងកើនឡើងដល់ជាង ៣០០គ្រួសារនៅឆ្នាំ២០១៤។ ក៏ប៉ុន្តែ កាលពីខែឧសភា គណៈកម្មការអាជ្ញាធរខេត្ត រួមទាំងស្ថាប័នតុលាការ បានអនុវត្តវិធានការបណ្ដេញអ្នកតាំងទីលំនៅនាឆ្នាំ២០០៤ ឲ្យរុះរើរោងស្នាក់នៅជាង ២០០រោង ចេញពីដីចម្ការកៅស៊ូនោះវិញ។ វិធានការនេះ ធ្វើឲ្យអ្នកតាំងទីលំនៅទាំងចាស់ថ្មីជាង ៣០០នាក់ ធ្វើបាតុកម្មបិទផ្លូវទៅស្រុកអូរជុំ ប្រឆាំងការបណ្ដេញនេះ។ ការធ្វើបាតុកម្មនេះ អាជ្ញាធរខេត្តបានសម្របសម្រួលឲ្យប្រជាពលរដ្ឋជាង ១០០គ្រួសារ ដែលតាំងទីលំនៅក្នុងតំបន់នោះយូរឆ្នាំ បន្តរស់នៅជាបណ្ដោះអាសន្ន រង់ចាំអាជ្ញាធរស្វែងរកដំណោះស្រាយផ្តល់ដីសង្គមកិច្ចជូនពលរដ្ឋ។ ចំណែកតំបន់ផ្នូរកប់សពសហគមន៍ជនជាតិ ត្រូវរក្សាទុកជូនសហគមន៍ប្រើប្រាស់តាមប្រពៃណីដូចធម្មតា។
អភិបាលរងខេត្តរតនគិរី លោក លី វិន មានប្រសាសន៍បញ្ជាក់ថា កន្លងទៅអាជ្ញាធរខេត្តបានសម្របសម្រួលឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយតំបន់មានទំនាស់ជាបណ្ដោះអាសន្ន ក៏ប៉ុន្តែលោកមិនបានដឹងពីការឈូសឆាយថ្មីដែលអ្នកភូមិចោទនោះទេ។ លោកអះអាងថា នឹងសម្របសម្រួលជាមួយក្រុមហ៊ុនម្តងទៀត ចៀសវាងកើតមានបាតុភាពតវ៉ាប្រឆាំងពីពលរដ្ឋ៖ «ឲ្យគាត់ផ្អាកសិន យើងនិយាយគ្នាសិន ទៅអារកប្រជាពលរដ្ឋម៉េចកើត។ អត់បានដាច់ខាតៗ អ្វីដែលពាក់ព័ន្ធតែមួយផ្នូរក៏អត់ឲ្យឈូសផង ដាច់ខាតហើយ»។
តួលេខរបស់ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ កាលពីឆ្នាំ២០១៣ មានប្រជាពលរដ្ឋ និងកម្មកររស់នៅលើដីចម្ការកៅស៊ូរដ្ឋខុសច្បាប់នៅខេត្តរតនគិរី ជាង ២០០គ្រួសារ នៅស្រុកអូរជុំ និងក្រុងបានលុង។ បច្ចុប្បន្ន នៅឃុំកាចាញ ក្រុមអាជ្ញាធរ និងក្រុមហ៊ុន អនុញ្ញាតឲ្យប្រជាពលរដ្ឋតាំងទីលំនៅបណ្ដោះអាសន្នលើទំហំក្បាលដីដែលប្រជាពលរដ្ឋចូលកាន់កាប់ជាក់ស្តែង និងបណ្តោយក្បាលដី ៦០ម៉ែត្រ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា អាជ្ញាធរខេត្តបានអនុវត្តវិធានការរដ្ឋបាលបណ្ដេញប្រជាពលរដ្ឋមកសង់ខ្ទមសំពត់កៅស៊ូជាង ២០០ខ្ទមពីតំបន់ដីចម្ការកៅស៊ូនៅស្រុកអូរជុំ កាលពីឆ្នាំ២០១៤ ហើយរក្សាទុកតំបន់កប់សព និងដីលំនៅឋានពលរដ្ឋជាង ១០០គ្រួសារ ដើម្បីស្វែងរកដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ។ លោកបន្តថា ការឈូសឆាយទៅលើតំបន់កប់សព និងផលដំណាំពលរដ្ឋ គឺជាការរំលោភសិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិតពលរដ្ឋធ្ងន់ធ្ងរ៖ «ការឈូសទៅលើផ្នូរទៅលើទីតាំងពលរដ្ឋកំពុងរស់នៅ គឺជាការរំលោភទាំងស្រុងទៅលើការរស់នៅរបស់ពលរដ្ឋ និងប្រពៃណីវប្បធម៌ជនជាតិដើមហ្នឹង ព្រោះការឈូសឆាយប៉ះពាល់ផលប្រយោជន៍អ្នកណាមួយ ត្រូវតែទទួលខុសត្រូវ»