ភ្នំពេញៈតំណាងរាស្រ្តគណបក្សប្រឆាំងចំនួន២៧ រូបដែលត្រូវបានបណ្តេញចេញពីរដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មាន មួយកាលពីម្សិលមិញ ស្នើទៅតំណាងស្ថានទូត និងស្ថាប័នផ្តល់ជំនួយអន្តរជាតិទាំងអស់សូមកុំឲ្យចុះហត្ថលេខាអ្វី មួយជាមួយនឹងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នរហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងនៅក្រោយការបោះឆ្នោតជាតិនាខែកក្កដា។
សេចក្តីប្រកាសព័ត៌មានរបស់តំណាងរាស្រ្តគណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្សបានលើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នបានបាត់បង់ភាពស្របច្បាប់របស់ខ្លួននៅថ្ងៃ ទី៥ ខែមិថុនា នៅពេលរដ្ឋសភាបានបណ្តេញតំណាងរាស្រ្ត ២៩រូប ដែលមិនមែនជាសមាជិកគណបក្សប្រជាជនកម្ពុជាចេញពីរដ្ឋសភា។
តំណាងរាស្រ្តទាំងនេះបានពន្យល់ថា តាមរដ្ឋធម្មនុញ្ញត្រូវការតំណាងរាស្រ្តជាប់ឆ្នោតយ៉ាងតិច ១២០រូប ដើម្បីអង្គុយក្នុងរដ្ឋសភា។ ការបណ្តេញតំណាងរាស្រ្តចេញបានធ្វើឲ្យរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបង្កើតឡើងក្រោមអាណតិ្តបច្ចុប្បន្នរបស់រសភាបាត់បង់នូវភាព ស្របច្បាប់។ដូច្នេះ ពួកគេបានស្នើ«ស្ថានទូត បេសកកម្មការទូត និងម្ចាស់ជំនួយពហុភាគី កុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នរហូតទាល់តែរដ្ឋសភាស្របច្បាប់ត្រូវបានបោះឆ្នោតរួច»។
គិតមកដល់យប់មិញស្ថានទូតអូស្រ្តាលីពុំបានឆ្លើយតបថា តើខ្លួននឹងពិចារណាលើសំណើរបស់បក្សប្រឆាំងឬយ៉ាងណាទេ? ចំណែកឯស្ថានទូតសហគមន៍អឺរ៉ុប បានថ្លែងថា ពួកគេមិនទាន់ទទួលបានលិខិតពីគណបក្សប្រឆាំងទេ។