ភ្នំពេញៈតំណាងរាស្រ្តគណបក្សប្រឆាំងចំនួន២៧ រូបដែលត្រូវបានបណ្តេញចេញពីរដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មាន មួយកាលពីម្សិលមិញ ស្នើទៅតំណាងស្ថានទូត និងស្ថាប័នផ្តល់ជំនួយអន្តរជាតិទាំងអស់សូមកុំឲ្យចុះហត្ថលេខាអ្វី មួយជាមួយនឹងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នរហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងនៅក្រោយការបោះឆ្នោតជាតិនាខែកក្កដា។
សេចក្តីប្រកាសព័ត៌មានរបស់តំណាងរាស្រ្តគណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្សបានលើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នបានបាត់បង់ភាពស្របច្បាប់របស់ខ្លួននៅថ្ងៃ ទី៥ ខែមិថុនា នៅពេលរដ្ឋសភាបានបណ្តេញតំណាងរាស្រ្ត ២៩រូប ដែលមិនមែនជាសមាជិកគណបក្សប្រជាជនកម្ពុជាចេញពីរដ្ឋសភា។
តំណាងរាស្រ្តទាំងនេះបានពន្យល់ថា តាមរដ្ឋធម្មនុញ្ញត្រូវការតំណាងរាស្រ្តជាប់ឆ្នោតយ៉ាងតិច ១២០រូប ដើម្បីអង្គុយក្នុងរដ្ឋសភា។ ការបណ្តេញតំណាងរាស្រ្តចេញបានធ្វើឲ្យរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបង្កើតឡើងក្រោមអាណតិ្តបច្ចុប្បន្នរបស់រសភាបាត់បង់នូវភាព ស្របច្បាប់។ដូច្នេះ ពួកគេបានស្នើ«ស្ថានទូត បេសកកម្មការទូត និងម្ចាស់ជំនួយពហុភាគី កុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នរហូតទាល់តែរដ្ឋសភាស្របច្បាប់ត្រូវបានបោះឆ្នោតរួច»។
គិតមកដល់យប់មិញស្ថានទូតអូស្រ្តាលីពុំបានឆ្លើយតបថា តើខ្លួននឹងពិចារណាលើសំណើរបស់បក្សប្រឆាំងឬយ៉ាងណាទេ? ចំណែកឯស្ថានទូតសហគមន៍អឺរ៉ុប បានថ្លែងថា ពួកគេមិនទាន់ទទួលបានលិខិតពីគណបក្សប្រឆាំងទេ។
ស្ថានទូតសហរដ្ឋអាមេរិកបានបង្វែរភ្នំពេញ ប៉ុស្តិ៍ ឲ្យទៅពិនិត្យសេចក្តីថ្លែងពីលោកឯកអគ្គរដ្ឋទូត William Todd កាលពីថ្ងៃចុងសប្តាហ៍មុនដែរថា កម្ពុជា «ត្រូវបាត់បង់ច្រើន ទាក់ទងនឹងការជឿទុកចិត្ត និងភាពស្របច្បាប់នៃដំណើរការនយោបាយ»ដោយសារសកម្មភាពដូចជាបណ្តេញ តំណាងរាស្រ្តចេញពីតំណែង។ ប៉ុន្តែ ស្ថានទូតមហាអំណាចមួយនេះ មិនពិចារណាផ្លាស់ប្តូរទំនាក់ទំនងជាមួយនឹងកម្ពុជាឡើយ។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនបានហៅការអំពាវនាវរបស់តំណាងរាស្រ្ត គណបក្សប្រឆាំងថា «ជាការក្បត់ជាតិ»។ លោក បញ្ជាក់ជាថ្មីថា សេចក្តីសម្រេចរបស់គណបក្សប្រជាជនក្នុងការបណ្តេញតំណាងរាស្រ្តចេញពី តំណែងគឺជាសេចក្តី សម្រេចស្របច្បាប់ ហើយមិនអាចរិះគន់ដោយសហគមន៍អន្តរជាតិដែលមិនចេះច្បាប់ខ្មែរឡើយ។
លោកបានបន្ថែមថា តំណាងរាស្រ្តគណបក្សប្រឆាំងបានបាត់បង់សិទិ្ធក្នុងរដ្ឋសភារបស់ ខ្លួន ព្រោះពួកគេបានរួមគ្នាទៅបង្កើតគណបក្សសង្គ្រោះជាតិដោយខុសច្បាប់ ដែលពុំស្ថិតក្នុងអាណតិ្តបច្ចុប្បន្នរបស់រដ្ឋសភាឡើយ។ ដូច្នេះ លោកថា៖ «ពួកគេគ្មានសិទិ្ធអំពាវនាវបែបនេះទេ»។
ទន្ទឹមនឹងនេះមេដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើសន្និសីទសារ ព័ត៌មាន កាលពីម្សិលមិញថា ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរដ្ឋាភិបាលកម្ពុជា មិនផ្តល់ការធានាបន្ថែមទៀតចំពោះការបោះឆ្នោតដោយយុត្តិធម៌ទេនោះ គណបក្សសង្គ្រោះជាតិមិនអាចចូលរួមការបោះឆ្នោតបានឡើយ។
លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ បានថ្លែងថា៖«គណបក្សសង្គ្រោះជាតិចង់បញ្ជាក់ថា ប្រសិនបើការបោះឆ្នោតយុត្តិធម៌ យើងនឹងឈ្នះលើគណបក្សកាន់អំណាច១០០%»។
ប៉ុន្តែ លោកបានបន្ថែមថា គណបក្សរបស់លោកភ័យខ្លាចថា វត្តមានបច្ចុប្បន្នរបស់អ្នកបោះឆ្នោតមានតែឈ្មោះក្នុងបញ្ជីបោះឆ្នោត និងការបោះពុម្ពសន្លឹកឆ្នោតច្រើនហួសហេតុ អាចនឹងផ្តល់លទ្ធភាពដល់ការលួចបន្លំសន្លឹកឆ្នោតហើយបូកនឹងការ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដោយគណបក្សកាន់អំណាច នឹងអនុញ្ញាតឲ្យគណបក្សប្រជាជនកែប្រែការបោះឆ្នោត។
លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប បានឆ្លើយតបថា គ.ជ.ប មានគោលនយោបាយធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់មានអព្យាក្រឹត ហើយបានបោះពុម្ពសន្លឹកឆ្នោតបន្ថែមដើម្បីទុកបង្ការការខូចខាត ជាយថាហេតុ។ លោកបន្ថែមថា បរិយាកាសនយោបាយបច្ចុប្បន្នពុំសូវអាក្រក់ជាងការបោះឆ្នោតលើកមុន ទេ៕TK
រាយការណ៍បន្ថែម ABBY SEIFF
No comments:
Post a Comment
I like Blogger