TUESDAY, 07 MAY 2013 ឆ.ចិន្តា The Phnom Penh Post
ការដ្ឋានសង់ទំនប់វារីអគ្គិសនីស្ទឹងអាតៃ ក្នុងខេត្តពោធិ៍សាត់ ដែលប្រើប្រាស់ប្រាក់កម្ចីរបស់ចិន។ រូបថត ទិត្យថារ៉ា
ជូនចំពោះការីនិពន្ធ
នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានសង្កេតឃើញប្រទេសកម្ពុជា ទទួលយកជំនួយនិងប្រាក់កម្ចីពីប្រទេសចិនរាប់រយលានដុល្លារ។ នៅក្នុងទំហំទឹកប្រាក់ដែលចិនផ្តល់ឲ្យកម្ពុជានេះ ភាគច្រើនគឺជាប្រាក់កម្ចី។ ឯប្រាក់ជំនួយ គឺមានតិចតួចទេ ដាក់ភ្ជាប់ជាមួយនឹងប្រាក់កម្ចីប្រៀបដូចជាគេដាក់ផ្កាភ្ញីនៅលើចានម្ហូបអ៊ីចឹង។
ក្នុងនាមជាពលរដ្ឋខ្មែរ យើងត្រេកអរណាស់ចំពោះអំពើសប្បុរសធម៌របស់ចិនមកលើកម្ពុជា។ ប៉ុន្តែ អ្វីដែលធ្វើឲ្យយើងអាក់អន់ចិត្តនោះ គឺលក្ខខណ្ឌ ឬក៏ទង្វើរបស់ប្រទេសចិន មកលើកម្ពុជាដែលជាកូនបំណុលរបស់ខ្លួន។ បើយើងធ្វើដំណើរជុំវិញស្រុកខ្មែរក្នុងពេលបច្ចុប្បន្ននេះ យើងនឹងសង្កេតឃើញថា ផ្លូវថ្នល់និងស្ពាន ដែលទើបនឹងបានសាងសង់រួច ឬក៏កំពុងសាងសង់ ភាគច្រើនគឺសាងសង់ឡើងដោយប្រើថវិកា ដែលបានមកពីការខ្ចីបុលលុយរបស់ចិន។ ភ្ជាប់ជាមួយនឹងបំណុលដ៏ច្រើនសន្ធឹកសន្ធាប់នេះ ចិនក៏បានបញ្ជូនមកកម្ពុជានូវក្រុមហ៊ុន និងបុគ្គលិកជនជាតិចិនជាច្រើនរយនាក់ផងដែរ។ បើយើងសង្កេតមើលក្រុមពលករ ដែលកំពុងសាងសង់ស្ពាន ជ្រោយចង្វារថ្មី និងកំណាត់ផ្លូវជាតិលេខ ៦ ពីគល់ស្ពានជ្រោយចង្វារភាគខាងកើត ទៅទល់នឹងថ្នល់កែង ព្រែកក្តាម យើងមើលឃើញថា បុគ្គលិកសាងសង់ស្ពាននិងផ្លូវនេះភាគច្រើនគឺជាជនជាតិចិន។
បុគ្គលិកដែលជាជនជាតិ ខ្មែរ គឺមានមិនច្រើនទេ ហើយភាគច្រើន ច្រើនតែជាអ្នកធ្វើការងារកំប៉ិកកំប៉ុក ដែលទទួលប្រាក់កម្រៃទាបតែប៉ុណ្ណោះ។ រូបភាពនេះ មើលទៅវាហាក់បីដូចជាអយុត្តិធម៌ណាស់ សម្រាប់ប្រទេសនិងប្រជាពលរដ្ឋកម្ពុជា។ ប្រាក់កម្ចីចិន ក្រុមហ៊ុនចិន និងបុគ្គលិកសំខាន់ៗជាជនជាតិចិនទៀត។ នេះមិនខុសអ្វីពីពាក្យខ្មែរមួយឃ្លាដែលពោលថា៖ «ឲ្យហើយ យកវិញ» នោះទេ។ យើងឧស្សាហ៍ឮថ្នាក់ដឹកនាំកំពូលរបស់ខ្មែរ និយាយអំពី ម៉ាក្រូអេកូណូមិក និងនយោបាយឈ្នះឈ្នះ! តើឈ្នះអី?អ្នកដែលឈ្នះនោះគឺចិន។ ឯអ្នកដែលធ្វើម៉ាក្រូអេកូណូមិក បានផលប្រយោជន៍ធំនោះ ក៏ចិនដែរ។
មូលហេតុដែលយើងហ៊ានអះអាងដូច្នេះ គឺផ្អែកលើហេតុផលដូចតទៅ៖ រាល់វិនិយោគធំៗដូចជាការសាងសង់ទំនប់វារីអគ្គិសនីដែលចិនឲ្យកម្ពុជាខ្ចីប្រាក់យកមកធ្វើនោះ ភាគច្រើនគឺធ្វើផ្អែកលើគោលការណ៍៖ កសាងប្រើប្រាស់ និងផ្ទេរឲ្យ (BOT: Build, Operate, Transfer) ដែលមានរយៈពេល ៣០ឆ្នាំ។ មានន័យថា ប្រាក់ដែលខ្មែរខ្ចីចិនយកមកកសាងទំនប់វារីអគ្គិសនីនោះ គឺក្រុមហ៊ុនចិន(ឬប្រទេសចិន) ជាអ្នកសង់ឲ្យរួចហើយក្រុមហ៊ុននោះនឹងធ្វើអាជីវកម្មលក់ភ្លើងអគ្គិសនីឲ្យខ្មែរអស់រយៈពេល ៣០ ឆ្នាំទៀត ទើបប្រគល់សមិទ្ធផលនេះមកឲ្យខ្មែរកាន់កាប់និងអាស្រ័យផល។ ទម្រាំតែដល់ពេលប្រគល់មកឲ្យខ្មែរ ដើម្បីអាស្រ័យផល ទំនប់វារីអគ្គិសនីនោះ នឹងត្រូវដល់ពេលជួសជុលល្មម ដើម្បីដំណើរការតទៅមុខទៀត។ ដូច្នេះ ប្រទេសខ្មែរចាំបាច់ត្រូវតែទិញគ្រឿងបន្លាស់ពីប្រទេសចិន ឬក្រុមហ៊ុនចិន ដែលជាអ្នកកសាងគ្រឿងចក្រ នៅលើទំនប់វារីអគ្គិសនីទាំងនោះ។ នេះគ្រាន់តែជាឧទាហរណ៍មួយ នៃប្រាក់កម្ចីរបស់ចិន។ ចំណុចមួយទៀតគឺភាពសប្បុរសធម៌របស់ប្រទេសចិនមកលើកម្ពុជា។ ជារឿយៗ យើងតែងតែឮថ្នាក់ដឹកនាំខ្មែរនិយាយអំពី «ចក្ខុវិស័យ» (ប្រើទស្សនវិស័យត្រូវជាង) គឺការព្យាកររៀបចំយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍ ទៅតាមទិសដៅផ្សេងៗ។ ដើម្បីបំពេញនូវចក្ខុវិស័យនីមួយៗ ឧទាហរណ៍៖ ការជួសជុលឬក៏សាងសង់ផ្លូវថ្មីដើម្បីងាយស្រួលក្នុងការធ្វើគមនាគមន៍ ប្រទេសខ្មែរចាំបាច់ត្រូវតែខ្ចីប្រាក់ពីចិនយកមកបំពេញសេចក្តីត្រូវការរបស់ខ្លួន (យើងយកតែប្រទេសចិនមកដាក់នៅទីនេះ ព្រោះចិនជាមេបំណុលដ៏ធំបំផុតរបស់ខ្មែរ)។
សូមសួរថា តើប្រទេសចិនមានចក្ខុវិស័យដែរទេ ក្នុងការផ្តល់ឲ្យខ្មែរនូវប្រាក់កម្ចីដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ?ប្រាកដជាមាន! វាមិនមែនជារឿងគាប់ជួននោះទេ ដែលក្រុមហ៊ុនវិនិយោគ និងធ្វើអាជីវកម្មនានានៅក្នុងស្រុកខ្មែរ ចាប់តាំងពីក្រុមហ៊ុនកាត់ដេរ រហូតដល់ក្រុមហ៊ុនរុករករ៉ែ ភាគច្រើនគឺមានឫសគល់នៅឯប្រទេសចិន។ ដូច្នេះ ការផ្តល់ប្រាក់កម្ចីមកឲ្យខ្មែរ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនោះ គឺមិនខុសអ្វីទៅនឹងការរៀបចំសេវាកម្ម ដើម្បីចំហៀវយកខ្លាញ់ពីប្រទេសខ្មែរនោះទេ។
ប្រាក់កម្ចីសម្រាប់យកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវគមនាគមន៍ និងទំនប់វារីអគ្គិសនី ជារបស់ចិន។ ក្រុមហ៊ុននិងពលករ និងសម្ភារសាងសង់ក៏យកមកពីចិន។ រីឯអ្នកដែលត្រូវការប្រើប្រាស់ ទាំងផ្លូវទាំងភ្លើង និងទទួលផលប្រយោជន៍ដ៏ច្រើនលើសលប់បំផុត ក៏ជាចិនដែរ។ ចំណែកឯប្រទេសខ្មែរ និងរាស្ត្រខ្មែរ គឺបានត្រឹមតែធ្វើកូនបំណុល និងកម្មករ (ខ្ញុំ) ចិនតែប៉ុណ្ណោះ។
យើងឮថា ចិនមានគម្រោងនឹងបើកការដ្ឋានជីកយករ៉ែនៅខេត្តព្រះវិហារ ព្រមទាំងសាងផ្លូវរថភ្លើងពីព្រះវិហារ ទៅកាន់ឈូងសមុទ្រថៃផង។ បើតាមពត៌មាន គម្រោងវិនិយោគរុករករ៉ែដែកនៅខេត្តព្រះវិហានេះ នឹងត្រូវចំណាយថវិកាអស់ប្រមាណ២ ០០០លានដុល្លារអាមេរិក។ យើងមិនដឹងថា ប្រទេសខ្មែរនឹងត្រូវខ្ចីប្រាក់ពីចិនប៉ុន្មានរយលានដុល្លារទៀតទេ ដើម្បីបំពេញសេចក្តីត្រូវការ នៅក្នុងការវិនិយោគនេះ។ ប៉ុន្តែ អ្វីដែលយើងអាចប្រមើលមើលទុកជាមុនបាននោះ គឺថា អ្នកដែលមកសាងសង់ និងទទួលបានភោគផលដ៏ច្រើនលើសលប់នោះ គឺប្រទេសចិន។ ឯមរតកដែលប្រទេសខ្មែរទទួលបាននោះគឺសំណល់ឧស្សាហកម្ម (Industrial wastes)។
មូលហេតុដែលយើងហ៊ាននិយាយដូច្នេះ គឺសំអាងលើហេតុផលសេដ្ឋកិច្ច។ បន្ទាប់ពីចម្រាញ់យកធនធានធម្មជាតិអស់ហើយ វាគ្មានហេតុផលអ្វីសម្រាប់ប្រទេសចិន នៅក្នុងស្រុកខ្មែរទៀតទេ គេច្បាស់ជានឹងទៅរកសម្ភារដែលគេត្រូវការនៅកន្លែងផ្សេងទៀត។ ឯពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុកនោះ អាចនឹងត្រូវរស់នៅជាមួយនឹងសំរាមឧស្សាហកម្ម។យើងមិនមែនមិនចង់ឲ្យមានការរុករក និងទាញយកសម្បត្តិធម្មជាតិនៅក្នុងស្រុកខ្មែរនោះទេ។ ប៉ុន្តែ យើងចង់ឲ្យការទាញយកភោគផលធម្មជាតិទាំងនោះ មានតុល្យភាព និងមិនបំផ្លិចបំផ្លាញជ្រុលពេក។ ជាទូទៅនៅពេលដែលយើងធ្វើដំណើរឆ្លងកាត់អតីតតំបន់ឧស្សាហកម្មរុករករ៉ែ និងតំបន់រោងចក្រវាយនភ័ណ្ឌនានាដែលនៅក្នុងពិភពលោកយើងនេះយើងរមែងសង្កេតឃើញតំបន់ទាំងនោះ ក្លាយជាតំបន់រហោឋាន ដោយមិនអាចកែច្នៃធ្វើអ្វីបានឡើយ ព្រោះមានជាតិពុលនៅក្នុងបរិស្ថានច្រើនពេក។ ដូច្ចេះ យើងគប្បីគិតឲ្យបានល្អិតល្អន់ ថាតើសមិទ្ធផលដែលយើងទទួលបាន នៅក្នុងរយៈពេលខ្លី អាចយកមកទូទាត់ ជាមួយនឹងអ្វីដែលយើងត្រូវបាត់បង់នៅក្នុងរយៈពេលវែងបានដែរឬទេ? ហើយយើងក៏គួរតែគិតឲ្យរឹតតែល្អិតល្អន់ដែរថា ប្រាក់ដែលចិនឲ្យយើងខ្ចី ជាមួយនឹងក្រុមហ៊ុននិងពលករចិនដែលមកចំហៀវយកប្រាក់កម្ចីនោះទៅវិញ តើវាជានយោបាយឈ្នះឈ្នះរបស់អ្នកណា? បើថ្នាក់ដឹកនាំខ្មែរនៅតែបន្តប្រកាន់យក «ចក្ខុវិស័យ» របៀបនេះ ពលរដ្ឋខ្មែរប្រាកដជាត្រូវនៅជាកូនបំណុល និងធ្វើខ្ញុំចិនតពូជហើយ!
ដោយ ឆ.ចិន្តា វ៉ាស៊ីនតោន, សហរដ្ឋអាមេរិក
No comments:
Post a Comment
I like Blogger