TUESDAY, 07 MAY 2013 ឃុត សុភចរិយា The Phnom Penh Post
ក្រុមអ្នកភូមិរងគ្រោះដោយជម្លោះដីធ្លី នៅមុខក្រសួងយុត្តិធម៌កាលពីម្សិលមិញ។ រូបថត ជីវ័ន
ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលទើបនឹងតែងតាំងថ្មីបានសន្យានៅចំពោះមុខតំណាងអ្នកភូមិបឹងកក់ និងបុរីកីឡានៅក្នុងជំនួបខ្លីមួយ កាលពីម្សិលមិញថា នឹងជួយដោះស្រាយបញ្ហាដីធ្លី និងលំនៅដ្ឋានដ៏រ៉ាំរ៉ៃ របស់ពលរដ្ឋទាំងនេះឲ្យចប់ក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន។
លោក ពេជ្រ លឹមឃួន តំណាងពលរដ្ឋក្នុងសហគមន៍បុរីកីឡា បាននិយាយថា លោក ប៉ា សុជាតិវង្ស បានសន្យានៅចំពោះមុខរូបលោក និងអ្នកភូមិផ្សេងទៀតថា គាត់នឹងជួយដោះស្រាយបញ្ហាប្រឈមរបស់អ្នកភូមិឲ្យបានឆាប់តែស្នើឲ្យអ្នកភូមិត្រូវរក្សាភាពស្ងប់ស្ងាត់កុំដើរតវ៉ាតាមដងផ្លូវទៀតដែលនាំឲ្យខូចដល់សណ្ដាប់ធ្នាប់សាធារណៈ។ លោកលឹមឃួនថ្លែងថា៖«យើងពិតជារីករាយខ្លាំងណាស់ ព្រោះសេចក្ដីអះអាងរបស់គាត់គឺជាក្ដីសង្ឃឹមរបស់យើងខ្ញុំក្នុងការទទួលបានដំណោះស្រាយ»។ លោកបានបន្តថា ក្រោយពីលោក បានរៀបរាប់ពីបញ្ហាមួយចំនួន ដែលជាការរងទុក្ខវេទនារបស់អ្នកបុរីកីឡាក្រោយពីការបណ្តេញចេញ កាលពីថ្ងៃ០៣ មករា ឆ្នាំ ២០១២ ដូចជាបញ្ហាកង្វះស្បៀងអាហារ និងដំបូលតង់កៅស៊ូសម្រាប់ប្រក់ស្នាក់នៅ លោក ប៉ា សុជាតិវង្សបានឆ្លើយថា គាត់នឹងជួយដោះស្រាយបញ្ហានេះឲ្យបានឆាប់ដែលយ៉ាងយូរនៅសប្ដាហ៍ក្រោយ។
អ្នកស្រីឆាយ គឹមហ៊ន ដែលចូលរួមនៅក្នុងជំនួបដែរនោះ បាននិយាយថា អ្នកស្រី បានស្នើសុំឲ្យលោកអភិបាលរាជធានីថ្មី ជួយផ្ដល់ដំណោះស្រាយជូនពួកគាត់ឲ្យបានមុនពេលបោះឆ្នោតព្រោះខ្លាចមានការប្រែប្រួល។
ជាមួយគ្នានោះ អ្នកស្រី ហេង មុំ តំណាងពលរដ្ឋជាង៦០គ្រួសារ ដែលបានកាត់ចេញពីគម្រោងទទួលបានចំណែកដី ១២,៤៤ ហិកតា ក្នុងតំបន់បឹងកក់ ដែលផ្តល់ឲ្យដោយលោកនាយករដ្ឋមន្ត្រី បាននិយាយថា លោកអភិបាលរាជធានីថ្មីអះអាងយ៉ាងមុតមាំថា នឹងដោះស្រាយបញ្ហាដីបឹងកក់ឲ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ខាងមុខនេះផងដែរ។ អ្នកស្រីថ្លែងថា៖«គាត់ប្រាប់ថា ក្រោយពីគាត់ពិនិត្យពិច័យសំណុំឯកសារនៃសំណើរបស់យើងខ្ញុំបានល្អិតល្អន់ហើយនោះ គាត់នឹងចុះទៅពិនិត្យមើលភាពជាក់ស្ដែងនៅតាមផ្ទះនីមួយៗ បន្ទាប់មកនឹងរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីដំណោះស្រាយ»។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលទើបឡើងកាន់តំណែងជាផ្លូវការជំនួសលោក កែប ជុតិមា កាលពីថ្ងៃសុក្រ មិនអាចទំនាក់ទំនងសុំការបញ្ជាក់បន្ថែមចំពោះអ្វីដែលអ្នកភូមិបានអះអាងនេះបានទេ។ ប៉ុន្តែ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីថ្លែងថា លោកអភិបាលរាជធានីថ្មី បានជួបជាមួយតំណាងពលរដ្ឋ នៃសហគមន៍ទាំងពីរខាងលើនិងបានលើកឡើង ដូចអ្វីដែលក្រុមអ្នកភូមិបាននិយាយមែន។
លោកអ៊ី សារ៉ុម ប្រធានសមាគមធាងត្នោតបាននិយាយថា បញ្ហាវិវាទនៅបុរីកីឡា និងបឹងកក់ មិនមែនជាបញ្ហាលំបាកដែលមិនអាចដោះស្រាយបាននោះទេ ប្រសិនបើអាជ្ញាធរពិតជាមានឆន្ទៈចង់ដោះស្រាយ។ លោកបន្តថា៖ «នេះអាចជាសញ្ញាវិជ្ជមានថ្មីមួយក្នុងការឆ្ពោះទៅរកដំណោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ។ ប៉ុន្តែទោះជាបែបណាយើងនឹងរង់ចាំឃ្លាំមើលតទៅទៀត»។
ដោយឡែកនៅឯក្រសួងយុត្តិធម៌ កាលពីព្រឹកម្សិលមិញ ក្រុមអ្នកភូមិប្រមាណ៥០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា និង ថ្មគោលបាននាំគ្នា ទៅដាក់ញ្ញត្តិ សុំឲ្យក្រសួងយុត្តិធម៌ ជំរុញទៅសាលាឧទ្ធរណ៍ឲ្យពន្លឿននីតិវិធីរបស់ខ្លួនក្នុងការបើកការជំនុំជម្រះ ករណីអ្នកស្រីយ៉ោម បុប្ផាឲ្យបានឆាប់។ នៅក្នុងការដាក់ញ្ញត្តិនេះ ក្រុមអ្នកភូមិក៏បានរៀបចំពិធីបន់ស្រន់ និងដាក់បណ្តាសា ដល់មន្ត្រីតុលាការខិលខូចមួយចំនួនដោយមានការដុតធូបទៀត ក្រដាសប្រាក់ខ្មោច បាចលាច និងមានបោកក្អម ហុយទ្រលោមនៅមុខក្រសួងយុត្តិធម៌ ដោយហៅក្រសួងនេះថាជា «ក្រសួងអយុត្តិធម៌»៕
No comments:
Post a Comment
I like Blogger