TUESDAY, 07 MAY 2013 ម៉ៃ ទិត្យថារ៉ា The Phnom Penh Post
តំណាងប្រជាពលរដ្ឋប្រមាណ៧០នាក់មកពីសហគមន៍ជម្លោះដីធ្លីចំនួន៥ដាច់ដោយឡែកពីគ្នានៅក្នុងខេត្តកោះកុង ត្រូវបានកម្លាំងសមត្ថកិច្ចរុញច្រានយ៉ាងចាស់ដៃកាលពីថ្ងៃម្សិលមិញ នៅពេលពួកគេនាំគ្នាដើរនៅតាមដងវិថីព្រះនរោត្តមដើម្បីយកញត្តិជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ រូបថត ម៉ៃ វីរៈ
កោះកុងៈ តំណាងពលរដ្ឋប្រមាណជា៧០នាក់មកពីសហគមន៍ជម្លោះដីធ្លី៥ផ្សេងគ្នានៅក្នុងខេត្តកោះកុង បានលើកគ្នាឡើងមកភ្នំពេញដើម្បីដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីនិងផ្តល់ប័ណ្ណកម្មសិទ្ធិជូនដល់ពួកគាត់។
តំណាងពលរដ្ឋ៧០នាក់ ក្នុងនោះចំនួនបីសហគមន៍មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន Union Development Group Co., Ltd ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច៣៦ពាន់ហិកតា ក្នុងឆ្នាំ២០០៨ និងទទួលបានបន្ថែម៩.១០០ហិកតាទៀត នៅក្នុងឆ្នាំ២០១១ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន១.១៤៣គ្រួសារត្រូវបណ្តេញចេញពីស្រុកពីរគឺស្រុកបទុមសាគរនិងស្រុកគិរីសាគរ ក្នុងនោះមានឃុំចំនួន៥ និង១១ ភូមិ។ ក្រុមហ៊ុននោះបានធ្វើឲ្យដីរបស់អ្នកភូមិចំនួន១ម៉ឺនហិកតាត្រូវបានបាត់បង់ផ្ទះសម្បែងប្រមាណ១.៥០០ខ្នង ត្រូវឈូសកម្ទេចសាលារៀនចំនួន២ កន្លែង និងវត្តចំនួនបីត្រូវរុះរើចេញផងដែរ។ រីឯពលរដ្ឋ២សហគមន៍ផ្សេងទៀតបានមានទំនាស់ដីធ្លីជាមួយលោក ហេង ហ៊ុយ ជាឈ្មួញរកស៊ីដីធ្លីដែលស្ថិតក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
លោក រ៉ុង គី តំណាងប្រជាពលរដ្ឋ ៤០ គ្រួសារ មកពីភូមិចម្លងគោ ឃុំថ្មស ស្រុកបទុមសាគរបានឲ្យដឹងថា លោកមកទីក្រុងភ្នំពេញនេះដើម្បីដាក់ញតិ្តជូនលោកនាយករដ្ឋមន្ត្រីសុំជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីហើយនិងសុំឲ្យក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាជនស្របច្បាប់ប៉ុន្តែត្រូវកម្លាំងប៉ូលិស ប៉េអឹម រារាំងនិងបញ្ជាឲ្យទៅជុំគ្នានៅដើមពោធិ៍មុខវត្តបទុមវតី ប៉ុន្តែពួកគាត់មិនព្រម។លោកបន្តទៀតថា៖«គេថាគេយកញតិ្តទៅដាក់ជំនួសតែពួកយើងមិនព្រមដោយខ្លាចគេយកទៅទុកចោលទៀតពីព្រោះអីគេមិនព្រមធ្វើកិច្ចសន្យាឲ្យពួកយើងទើបបណ្តាលឲ្យមានការរុញច្រានគ្នាមួយសន្ទុះ»។
លោកបន្តឲ្យដឹងទៀតថា លោកសុំឲ្យលោកនាយករដ្ឋមន្ត្រីអន្តរាគមន៍ទៅក្រុមហ៊ុនចិនបញ្ឈប់ការគំរាមកំហែងប្រជាជនអ្នកដែលមិនព្រមទទួលយកគោលនយោបាយដោះដូរដីលំនៅឋានថ្មីនិងប្រគល់ដីនោះឲ្យប្រជាពលរដ្ឋវិញតាមគោលនយោបាយវៀលដីពួកគាត់ចេញពីដីរបស់ក្រុមហ៊ុន។ លោកបន្តថា ៖ «បើមិនទាន់ដោះស្រាយចប់ក៏ដោយសូមឲ្យប្រជាជន មានសិទ្ធិទៅរស់នៅលើដីនោះដើម្បីរង់ចាំការដោះស្រាយក៏បាន»។
ចំណែកឯអ្នកស្រី ផាវ ញ៉ឺង តំណាងពីសហគមន៍ នៅស្រុកស្រែអំបិលដែលមានជម្លោះដីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេ ហ្គ្រីល ឈ័រគ្រុប បានរៀបរាប់ថា គាត់មកដាក់ញាត្តិស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីបញ្ជូនក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេចចុះវាស់វែងដីឲ្យពួកគាត់ ដោយអនុលោមទៅតាមបទបញ្ជា ០១ ប.ប របស់សម្តេច។ អ្នកស្រីនិយាយថា៖«បើតាមបទបញ្ជា០១បប ដីរបស់ខ្ញុំត្រូវវៀលចេញពីដីក្រុមហ៊ុន ប៉ុន្តែ អាជ្ញាធរខេត្តពុំអនុវត្តតាមបទបញ្ជានេះឡើយនិងបណ្តោយឲ្យក្រុមហ៊ុនបំពានយកដីពួកយើងធ្វើឲ្យអ្នកភូមិស្ថិតក្នុងស្ថានភាពក្រីក្រ។ ជម្លោះនេះយើងជឿតែលើសម្តេចទេដែលអាចជួយពួកខ្ញុំបាន»។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំមុននេះលោកនាយរដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជន ដោយគ្មានកាលកំណត់ ហើយនៅថ្ងៃទី១៤ ខែមិថុនាបន្ទាប់គ្នាលោកនាយរដ្ឋមន្ត្រីក៏បានចេញបទបញ្ជាឲ្យអាជ្ញាធរគ្រប់ខេត្តចុះធ្វើការវាស់វែងដីឲ្យប្រជាពលរដ្ឋដែលមានទំនាស់ជាមួយក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចផងដែរ។
លោក លឹម លៀងសែ នាយករងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថា លោកពុំទាន់ទទួលបានញត្តិរបស់ពលរដ្ឋទាំងអស់នោះនៅឡើយទេ។ លោកថ្លែងបញ្ជាក់ទៀតថា ៖ «ខ្ញុំកំពុងតែរង់ចាំទទួលញត្តិពីពួកគាត់»។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា ពលដ្ឋទាំងនោះពុំមែនទើបតែមកដាក់ញត្តិជាលើកទី១ទេគឺមកច្រើនលើកហើយហើយហេតុដែលគាត់មកដាក់ជាថ្មីទៀត គឺមកពីគាត់នៅមានសង្ឃឹមថាមានតែខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីនិងគណបក្សប្រជាជនទេ ដែលអាចដោះស្រាយឲ្យគាត់បាន។ លោកបន្តថា៖«មូលហេតុដែលពលរដ្ឋចេះតែមកតវ៉ាបើទោះបីជាក្រុមយុវជនស្ម័គ្រចិត្តចុះទៅវាស់វែងដីឲ្យហើយក៏ដោយនោះដោយសារតែក្រុមថ្មីហាក់ដូចជាពុំទាន់មានភាពឯករាជ្យដូចក្រុមទី១ ពីព្រោះអីពួកគាត់ធ្វើតាមតែការចង្អុលបង្ហាញរបស់អាជ្ញាធរមូលដ្ឋានដែលអាជ្ញាធរទាំងនោះភាគច្រើនគឺធ្វើការតំណាងឲ្យក្រុមហ៊ុន»៕
No comments:
Post a Comment
I like Blogger