- Thursday, 30 August 2012 Shane Worrell និង មុំ គន្ធា From The Phnom Penh Post
- ភ្នំពេញៈ របាយការណ៍មួយ ស្ដីពីអាជីព បានបង្ហាញថា ស្រ្តីលក់ស្រាបៀរអង្គរ ដែលបានធ្វើការតវ៉ា ទាមទារប្រាក់ធ្វើការថែមម៉ោង កាលពីខែសីហាឆ្នាំមុន ត្រូវបានគេផ្លាស់ឲ្យទៅបម្រើការនៅបារ៍ និងភោជនីយដ្ឋានដែលមិនសូវមានប្រជាប្រិយភាព។
យោងតាមក្រឹត្យ ក្រមលក់ស្រា ដែលជារបាយការណ៍ ស្ដីពីស្ថានភាពបុគ្គលិកលក់ស្រាបៀរ នៅកម្ពុជាចេញផ្សាយនៅខែនេះ ដោយអង្គការហូឡង់ឈ្មោះ មជ្ឈមណ្ឌលស្រាវជ្រាវសាជីវកម្មពហុជាតិ (SOMO) បានឲ្យដឹងថា អ្នកលក់ស្រាបៀរទាំងនោ គឺជាសមាជិកអ្នករៀបចំកូដកម្មឈ្មោះ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា(CFSWF)។
ដោយសំដៅទៅរកសហព័ន្ធសហជីពកម្មករប្រជាធិបតេយ្យជឿនលឿន(TUWFPD) របាយការណ៍នេះ បាននិយាយថា៖«បុគ្គលិកលក់ស្រាបៀរ ដែលពាក់ព័ន្ធនឹងសហជីព CFSWF បានប្រឈមរួចស្រេចទៅហើយ ចំពោះការរើសអើងមួយចំនួន បើធៀបនឹងកម្មករ ដែលពាក់ព័ន្ធនឹងសហជីពពណ៌លឿង»។ របាយការណ៍នេះ បានបញ្ជាក់ថា៖ «សហជីព CFSWF រាយការណ៍ថា បុគ្គលិកលក់ស្រាបៀរ ២១ នាក់ ដែលបានចូលរួមធ្វើបាតុកម្ម ត្រូវបានគេដាក់ទណ្ឌកម្ម ដោយត្រូវបានបញ្ជូនឲ្យទៅធ្វើការ នៅកន្លែងដែលមិនសូវមានអតិថិជន មានន័យថា ប្រាក់ចំណូលរបស់ពួកគេ ដែលមួយផ្នែក ពឹងលើការលក់ចំនួនស្រាបៀរនោះ...បានធ្លាក់ចុះ»។ ការបង្ហាញនេះ កើតមានឡើង ខណៈក្រុមហ៊ុនហូឡង់ឈ្មោះក្រុមហ៊ុន Carlsberg ដែលមានភាគហ៊ុន ៥០ភាគរយ នៃក្រុមហ៊ុន Cambrew ផលិតស្រាបៀរអង្គរ បានរៀបចំកែលម្អស្ថានភាពសម្រាប់អ្នកលក់ស្រាបៀរក្នុងក្រុមហ៊ុននេះ។
ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍មុនថា អ្នកលក់ស្រាបៀរជាច្រើន កំពុងត្រូវបានគេបង្ខំឲ្យផឹកស្រាជាមធ្យម ៦ កែវ ក្នុងមួយយប់ ហើយត្រូវបានធ្វើការ ២៧ យប់ ក្នុងមួយខែ។ នេះបើយោងតាមការស្រាវជ្រាវ របស់សាស្រ្តាចារ្យកាណាដាម្នាក់ ឈ្មោះ អៀន លូបេក។
របាយការណ៍សាជីវកម្ម SOMO របស់លោក Kristof Racz និងលោក Samuel Grumiau បានរកឃើញថា អ្នកលក់ស្រាបៀរប្រហែល ៨៣ ភាគរយ នៅតែផឹកស្រាកំដរភ្ញៀវ នៅឡើយ ដោយសារតែរងសម្ពាធពីភ្ញៀវក្នុងនោះ មានមន្ត្រីរដ្ឋាភិបាលផងដែរ និងដើម្បីបានលុយធីប សម្រាប់ទ្រទ្រង់ជីវភាព។ របាយការណ៍នេះ បញ្ជាក់ថា៖ «តាមការរាយការណ៍ថា ប្រាក់ដែលទទួលបានភាគច្រើនបំផុត ក្នុងមួយខែគឺតិចជាង ១០០ ដុល្លារ តែនៅពេលថាតើចង់បានប្រាក់ខែប៉ុន្មាន ចម្លើយគឺថា ជាមធ្យមគឺ ១៧៧ ដុល្លារ»។
អ្នកផ្ដល់យោបល់ពីអ្នកលក់ស្រាបៀរនៅក្រុមហ៊ុន Cambrew លោកស្រី សរ យ៉ារី បានថ្លែងថា សហព័ន្ធ TUWFPD គឺជាសហជីព«ក្រុមហ៊ុន»មួយ តែគ្មានកម្មករណាមួយ ត្រូវបានគេបណ្ដេញចេញ ដោយសារតែបាតុកម្ម កាលពីឆ្នាំមុននោះទេ ហើយកម្មករអាចចូលរួមជាមួយសហជីពណាមួយក៏បាន តាមតែពួកគេចូលចិត្ត។ លោកស្រី យ៉ារី បានបញ្ជាក់ថា៖ «យើងជួយ(អ្នកលក់ស្រាបៀររបស់សហជីព CFSWF)ដោះស្រាយបញ្ហាពួកគេទាំងអស់»។ យ៉ាងណាក៏ដោយ អ្នកស្រី ផល សុភា អនុប្រធានសហជីព CFSWF ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រុមហ៊ុន Cambrew មិនចង់ឲ្យអ្នកលក់ស្រាបៀរ ចូលរួមនឹងសហជីពរបស់អ្នកស្រីទេ។ អ្នកស្រីបន្តថា៖ «អ្នកលក់ស្រាបៀរ មានសិទ្ធិជ្រើសរើសសហជីពពួកគេ ហើយមិនគួរភ័យខ្លាច ត្រូវគេបណ្ដេញចេញឡើយ»។
លោក គឹម ចាន់សំណាង ប្រធានសហជីព TUWFP បានថ្លែងថា សហជីពលោកតែងតែ«ទាក់ទង»នឹងក្រុមហ៊ុនជានិច្ច។ លោកបានបញ្ជាក់ថា៖ «វាបង្កលក្ខណៈងាយស្រួល ដល់យើងក្នុងការពិភាក្សាគ្នា ពីបញ្ហាផ្សេងទៀត ដែលអ្នកលក់ស្រាបៀរ កំពុងប្រឈមមុខ»។ក្រុមហ៊ុន Carlsberg មិនឆ្លើយតបនឹងសំណួរមុនកំណត់ទេ៕
Thursday, August 30, 2012
ស្ត្រីស្រាបៀរអង្គរដែលធ្វើការតវ៉ាត្រូវគេផ្លាស់ប្តូរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
I like Blogger