ព្រះមហាក្សត្រ ទ្រង់ព្រះកន្សែងពេលយាងចេញពីព្រះបរមរាជវាំងស្វាគមន៍ប្រជាពលរដ្ឋរាប់សែននាក់ដែលបានមកចូលរួមរំលែកមរណទុក្ខនៃព្រះបរមសពសម្ដេចឪ ពីម្សិលមិញ។ រូបថត មិនា
ភ្នំពេញៈ មានការផ្អើលទះដៃហ៊ោកញ្ជ្រៀវយ៉ាងកងរំពង មើលអព្ភូតហេតុដុំពពក ដែលដូចព្រះភក្ត្រសម្តេចឪ នរោត្តម សីហនុ នៅខាងមុខព្រះបរមរាជវាំង កាលពីម៉ោងប្រមាណជា ៦ និង ២០ នាទី យប់មិញ ខណៈដែលមានព្រះសង្ឃប្រមាណជាង ១ ម៉ឺនអង្គ និងសាធារណជនមិនតិចជាង ១០ ម៉ឺននាក់ បានសូត្រធម៌ តាំងសមាធិ និងគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪដែលជាថ្ងៃកាន់ព្រះរាជមរណទុក្ខ ចុងក្រោយទៅតាមកាលកំណត់របស់រាជរដ្ឋាភិបាល។
លោក ឡាច ពៅ ជំនួយការថតរូប នៅទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលស្ថិតនៅក្នុងហេតុការណ៍នោះ បានអះអាងថា មនុស្សស្ទើរតែទាំងអស់ នៅមុខព្រះបរមរាជវាំង បានផ្អើលមើលដុំពពក ដែលមានរូប ដូចព្រះភក្រ្ត សម្តេចឪកាលពីយប់មិញ។ លោកបន្តថា៖«នៅពេលមានការស្រែកហ៊ោ កញ្ជ្រៀវឲ្យមើលទៅលើមេឃ ខ្ញុំមើលទៅឃើញដុំពពក មានរូបដូចសម្តេចឪ អ៊ីចឹង។ វាជារឿងដែលមិនគួរឲ្យជឿ ប៉ុន្តែខ្ញុំជឿ នៅពេលដែលខ្ញុំមើលឃើញគឺដូចសម្តេចឪមែន»។ លោក ឡាច ពៅ បានឲ្យដឹងទៀតថា ដុំពពក ដែលមានរូបព្រះឆាយាល័ក្ខណ៍សម្តេចឪនេះ គឺមានរយៈពេលខ្លីប៉ុណ្ណោះបន្ទាប់មកក៏រលាយបាត់ទៅវិញ។
លោក បានគូសបញ្ជាក់ទៀតថា៖«គឺដូចព្រះភក្ត្រសម្តេចឪមែន ប៉ុន្តែខ្ញុំ ទាញកាមេរ៉ាថតមិនទាន់ទេ ដោយសារតែមានរយៈពេលខ្លីពេក។ ប៉ុន្តែអ្នកកាសែតម្នាក់ទៀត នៅក្បែរខ្ញុំគាត់ថតរូបនេះបាន»។
សាធារណជនជាច្រើនទៀត រួម ទាំងអ្នកថតរូបកាសែតភ្នំពេញប៉ុស្តិ៍ ៣ នាក់ ដែលនៅក្នុងហេតុការណ៍នោះ ក៏សុទ្ធតែអះអាងដូចគ្នាដែរថា ពួកគេបានមើលឃើញដុំពពក ដែលមានទ្រង់ទ្រាយដូចព្រះភក្ត្រសម្តេចឪ។
អ្នកស្រីវ៉ា ពៅ រស់នៅម្តុំវិមានឯករាជ្យ ដែលនៅក្នុងហេតុការណ៍នេះដែរ បានអះអាងថា អ្នកស្រីមើលឃើញដូចជាផ្សែងធូប ដែលដុតនៅមុខវាំង ហើយហុយទៅផ្តុំគ្នា នៅលើអាកាស ចេញជារូបព្រះភក្ត្រ សម្តេចឪ។ អ្នកស្រីអះអាងថា៖ «ខ្ញុំមើលទៅឃើញដូចរូបសម្តេចឪអ៊ីចឹង ហើយអ្នកនៅជិតខ្ញុំ ក៏សុទ្ធតែមើលឃើញដូចគ្នាដែរ។ ដំបូងឡើយ ផ្អើលចេញពីព្រះសង្ឃ ហើយផ្អើលតគ្នាមើលទៅឃើញដូចរូបសម្តេចឪ ហើយនាំគ្នាស្រែកហ៊ោទះដៃពេញមុខវាំង»។
នេះ គឺជាអព្ភូតហេតុលើកទីពីរហើយ បន្ទាប់ពីមានការផ្អើលមើលរូបព្រះភក្ត្រសម្តេចឪ នៅក្នុងព្រះចន្ទ កាលពីយប់ថ្ងៃអាទិត្យ ចាប់តាំងពីសម្តេចឪ បានយាងចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា នៅទីក្រុងប៉េកាំង ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា។
ការដែលមានព្រះសង្ឃ រហូតទៅដល់ជាង១ ម៉ឺនអង្គ និងសាធារណជនមិនតិចជាង ១០ ម៉ឺននាក់ និមន្ត និងបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ នរោត្តម សីហនុ នៅខាងមុខព្រះបរមរាជវាំង អាចជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលមានប្រជា ពលរដ្ឋច្រើនបំផុត ចូលរួមកាន់ទុក្ខនិងគោរពព្រះវិញ្ញាណក្ខន្ធ មេដឹកនាំខ្មែរ។
«សម្តេច តាជាវររាជបិតាឯករាជ្យ» គឺជាអក្សរពណ៌ស សរសេរនៅលើបូពណ៌ខ្មៅ ដែលពាក់នៅលើក្បាលកម្មករ ប្រមាណជា ៥ ពាន់នាក់ មកពីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលដើរនិងឈរប្រជ្រៀតគ្នាជាបែបផែនយ៉ាងមានរបៀប ដោយនៅក្នុងដៃរបស់ពួកគេ មានកាន់ផ្កា ទៀន ធូប ហើយខ្លះកាន់ព្រះឆាយល័ក្ខណ៍សម្តេចឪ និងទង់ជាតិព្រះរាជាណាចក្រកម្ពុជា។
ព្រះសង្ឃប្រមាណជាង ១ ម៉ឺន អង្គ និងប្រជាពលរដ្ឋមិនតិចជាង១០ ម៉ឺននាក់ ដែលក្នុងនោះរួមមានសមាជិកគណបក្សនយោបាយ តាជី យាយជី សិស្សានុសិស្ស អង្គការសង្គមស៊ីវិលសមាជិកសមាគមអ្នកប្រជាធិបតេយ្យ របស់លោកម៉ម សូណង់ដូ និងពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ នៅសហគមន៍បឹងកក់ ដែលពលរដ្ឋខ្លះមានកោរសក់ បានធ្វើឲ្យទីធ្លានៅខាងមុខបរិវេណព្រះបរមរាជវាំង ពេញប្រៀបទៅដោយមនុស្ស។ ក្រុមអ្នកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនេះ មើលទៅសុទ្ធតែបានសម្តែងនូវសមានទុក្ខក្តុកក្តួល និងសោកស្តាយជាទីបំផុត ចំពោះការឃ្លាតចាកឆ្ងាយជារៀងរហូត របស់សម្តេចឪ។
ជាមួយគ្នានោះ សកម្មភាពមនុស្សធម៌គួរឲ្យគោរពជាច្រើន ត្រូវបានមនុស្សជាច្រើនក្រុម បានធ្វើឡើងយ៉ាងមមាញឹក ដូចជាការចែកទឹកបរិសុទ្ធ បាយប្រអប់ ចែកបបរ ទឹកក្រូច កន្សែងត្រជាក់ ក្រដាសអនាម័យដោយឥតគិតថ្លៃជាដើម។ល។ បើទោះបីជាមានពលរដ្ឋច្រើនយ៉ាងណាក៏ដោយ ក៏ពុំមានសំរាមបោះចោលពាសវាលពាសកាលដែរ ដោយសារតែមានព្រះសង្ឃ និងពលរដ្ឋជាច្រើន បានដើរប្រមូលសំរាមទាំងនោះ យកទៅដាក់នៅកន្លែងដែលមានសណ្តាប់ធ្នាប់។
ផ្សែង ធូប បានហុយទ្រលោម អណ្តែតទៅលើអាកាស នៅកណ្តាលហ្វូងមនុស្សច្រើនកកកុញ ដែលកំពុងលុតជង្គង់នៅមុខព្រះឆាយាល័ក្ខណ៍សម្តេចឪ ខ្លះបានយំហូរទឹកភ្នែករហាម បង្ហាញនូវភាពក្តុកក្តួលអាឡោះអាល័យ គួរឲ្យសង្វេគក្រៃលែង។
នៅ ម៉ោងប្រមាណជា ៥ ល្ងាចសំឡេងស្រែកទ្រហោយំ បានលាន់ឮយ៉ាងកងរំពង នៅខណៈដែលព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី និងសម្តេចម៉ែ ទ្រង់បានយាងមកចាប់ដៃសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅខាងក្រៅព្រះបរមរាជវាំង នៅមុនពេលដែលទ្រង់ ប្រារព្ធពិធីតាំងសម្មាធិ និងបង្សុកូលនៅខាងមុខព្រះឆាយាល័ក្ខណ៍របស់សម្តេចឪកាលពីល្ងាច ម្សិលមិញ។ បន្ទាប់ពីបានគង់នៅខាងមុខព្រះឆាយាល័ក្ខណ៍របស់សម្តេចឪ សម្តេចម៉ែ បានថើបព្រះឆាយាល័ក្ខណ៍សម្តេចឪ ដែលបានដាក់តាំង នៅខាងមុខព្រះសង្ឃ សម្រាប់ប្រារព្ធពិធីបង្សុកូល។
អ្នកស្ត្រី សុខ ណង់ អាយុ ៦៦ ឆ្នាំ ពាក់អាវស សំពតខ្មៅ មកពីក្រុងបាវិត ខេត្តស្វាយរៀង ដែលបានស្នាក់នៅខាងមុខព្រះបរមរាជវាំងចំនួនបីថ្ងៃមកហើយនោះ ដែលយំហូរទឹកភ្នែករហាម បានឲ្យដឹងថា នេះគឺជាថ្ងៃចុងក្រោយ ដែលពលរដ្ឋទូទាំងប្រទេសចូលរួមកាន់មរណទុក្ខព្រះមហាវីរក្សត្រ ។ អ្នកស្រី ត្រូវតែអុជធូប ដើម្បីឧទ្ទិសកុសល ដល់ព្រះមហាវីរក្សត្រ សូមឲ្យព្រះអង្គ បានយាងទៅសោយសុខ នៅឋានសួគ៌ និងសូមឲ្យបែរក្រោយ ជួយថែរក្សាព្រះរាជាណាចក្រកម្ពុជា ឲ្យមានសុខសន្តិភាព ដូចកាលដែលព្រះអង្គនៅមានព្រះជន្ម។ ស្ត្រីចំណាស់រូបនេះ បាននិយាយទៀតថា៖ «ខ្ញុំនឹងវិលត្រឡប់ទៅផ្ទះវិញនៅពេលណាដែលខ្ញុំ បានចូលអុជធូបគោរពព្រះបរមសពរបស់ព្រះអង្គនៅក្នុងវាំង ដើម្បីតបស្នងសងគុណព្រះអង្គ ដែលបានជួយប្រទេស ឲ្យមានសុខសន្តិភាព»។ អ្នកស្រីបានបញ្ជាក់ទៀតថា៖«បើទោះបីជាព្រះអង្គ សោយទិវង្គតហើយក៏ដោយ ក៏ខ្ញុំនៅតែគោរពព្រះអង្គ រហូតដល់ថ្ងៃដែលខ្ញុំអស់ជីវិត»។
ដៃម្ខាងកាន់ព្រះ ឆាយាល័ក្ខណ៍សម្តេចឪ ជាមួយនឹងធូប ដៃម្ខាងកាន់ឈើច្រត់ នៅខាងមុខផ្សែងធូបកំពុងតែហុយទ្រលោម លោក សេង ឆូយ អាយុ ៧៦ ឆ្នាំ មកពីខេត្តកំពង់ចាម ដែលធ្លាប់ធ្វើជាទាហាន នៅក្នុងសម័យសង្គមរាស្ត្រនិយម បាននិយាយថា លោកពិតជាមិនអាចបំភ្លេចបានទេ ចំពោះគុណបំណាច់របស់សម្តេចឪ ដែលបានធ្វើ ចំពោះប្រទេសកម្ពុជា។ លោកបានបន្តថា៖«ព្រះអង្គគឺជាម្ចាស់ផែនដីរបស់ខ្ញុំ ព្រះអង្គបានជួយប្រទេសដ៏តូចមួយនេះ ឲ្យរួចចាកផុតពីភ្នក់ភ្លើងសង្គ្រាម និងទុក្ខវេទនា។ ខ្ញុំសូមបួងសួងឲ្យព្រះអង្គ បានយាងមកចាប់ជាតិក្នុងត្រកូលរាជវង្ស ហើយឡើងសោយរាជ្យ គ្រប់គ្រងផែនដីកម្ពុជាបន្តទៀត»។
អង្គុយនៅក្នុងរទេះ ដៃកាន់ព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ លោកសៀ សុផុន អាយុ ៤៦ ឆ្នាំ តំណាងសមាគមអ្នកប្រជាធិបតេយ្យ មកពីខេត្តកំពង់ចាម បានថ្លែងថា អ្វីដែលលោកមកនៅថ្ងៃនេះ គឺដើម្បីឧទ្ទិសកុសល ដល់ព្រះវិញ្ញាណក្ខន្ធសម្តេចឪ ក៏ដូចជាថ្លែងការដឹងគុណ ដល់ព្រះអង្គ ដែលបានធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ ២៣ តុលាឆ្នាំ ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ រវាងខ្មែរនិងខ្មែរ។ លោក និយាយថា៖ «ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាល នឹងធ្វើតាមគន្លងរបស់ព្រះមហាវីរក្សត្រ ធ្វើឲ្យប្រទេសរីកចម្រើន និងប្រព័ន្ធតុលាការយុត្តិធម៌មិនលម្អៀង»។
កំពុងតែមមាញឹក ក្នុងការដើរចែកទឹកសុទ្ធដោយឥតគិតថ្លៃដល់សាធារណជន យុវសិស្សអង្គ សុគន្ធមុន្នីរ័ត្ន សិស្សថ្នាក់ទី១២ នៃវិទ្យាស្ថានប៊ែលធី បានថ្លែងថា ខ្លួននិងមិត្តរួមថ្នាក់ បានធ្វើសកម្មភាពមនុស្សធម៌ អស់រយៈពេល ២ ថ្ងៃមកហើយ ហើយអ្វីដែលពួកគេបានធ្វើនេះ គឺដើម្បីរួមចំណែក ក្នុងការចូលរួមរំលែកមរណទុក្ខ របស់ព្រះមហាក្សត្រ។ កញ្ញាបន្តថា៖ «ពួកយើងគ្មានថវិកាអីច្រើននឹងគេទេ គឺបានរៃលុយមិត្តភក្តិម្នាក់ពី ៥០០០ ទៅ ១០០០០ រៀលប៉ុណ្ណោះ ដើម្បីយកមកទិញទឹកសុទ្ធ ហើយនៅក្នុងថ្ងៃនេះខ្ញុំបានចែកអស់ចំនួន ៤៥ យួរ រួចមកហើយ។ ខ្ញុំមានការរីករាយ ដែលបានចូលរួមចំណែកក្នុងសង្គម ជាពិសេសនៅក្នុងឱកាសដ៏មហាឡោរិកនេះ»។
នៅខណៈមនុស្សរាប់ម៉ឺន នាក់បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះមហាវីរក្សត្រនោះ ព្រះសង្ឃប្រមាណជាង ១ ម៉ឺនអង្គ មកពីគ្រប់វត្ត ក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្តាវត្តផ្សេងៗ នៅជិតរាជធានីភ្នំពេញ បានធ្វើពិធីតាំងសម្មាធិ និងសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធ របស់ព្រះមហាវីរក្សត្រ។
ព្រះធម្មពោធិ៍សាចារ្យ គី សុវណ្ណរតនា ចៅអធិការវត្តថ្វាយបង្គំ និងជាវិទ្យាធិការរង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុ បានមានថេរដីកាថា៖«នេះគឺជាការបង្សុកូលដ៏ធំបំផុតមួយ ដែលពុំធ្លាប់មាននៅពេលកន្លងមក។ មិនដែលមានពិធីបង្សុកូលណា មានព្រះសង្ឃជាង ១ ម៉ឺនអង្គយ៉ាងដូច្នេះទេ»៕
No comments:
Post a Comment
I like Blogger