ព្រះចន្ទដែលប្រជាពលរដ្ឋនាំគ្នាផ្អើលមើលថាមានព្រះឆាយាល័ក្ខណ៍សម្ដេចឪ កាលពីយប់មិញ។ រូប អាំ វ៉ាលីនដា
កញ្ញា នួន ពេជ្រស៊ូដានី អ្នករស់នៅម្តុំបុរីសឡា សង្កាត់ស្ទឹងមានជ័យ រៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាងបានមើលឃើញរូបសម្តេចឪ ក្នុងចំណិតព្រះខែ បន្ទាប់ពីអ្នកភូមិផ្អើលមើលឈូឆរនៅលើដងផ្លូវ។
ពេជ្រ ស៊ូដានី និយាយថា ៖ «ខ្ញុំមើលឃើញច្បាស់ជារូបសម្តេចឪ ទ្រង់ព្រះភក្ត្រពណ៌ស ដូចក្នុងរូបដង្ហែព្រះបរមសព។ ព្រះភក្ត្រព្រះអង្គញញឹមសម្លឹងមកកាន់ភពផែនដី»។ កញ្ញាបន្តថា៖ «ដើម្បីមើលឃើញរូបនេះ ត្រូវសម្លឹងក្នុងអារម្មណ៍យូរបន្តិច។ ដំបូងត្រូវឈរឲ្យចំសម្លឹងទៅព្រះខែ នឹងឃើញលោកខែព្រែក យើងត្រូវសម្លឹងទៅចំណិតរាងខ្មៅ ដំបូងនឹងឃើញស្នាមញញឹមព្រះអង្គ សម្លឹងមួយសន្ទុះទៀតនឹងឃើញ ព្រះនេត្រ និងព្រះកាយព្រះអង្គ មួយកំណាត់ដូចរូបដាក់ដង្ហែព្រះបរមសពមកអ៊ីចឹង»។
កញ្ញា ពេជ្រស៊ូដានី បន្តថា វាជាអព្ភូតហេតុអស្ចារ្យមួយ ដែលនាងមិនធ្លាប់ឃើញតាំងពីដឹងក្តីមក នាងក៏មិនដឹងថា វាជាប្រផ្នូលយ៉ាងណាដែរទេ?
លោក អ៊ឹម រាត្រី អាយុ៤៨ឆ្នាំ នៅចម្ការដូង ក្នុងសង្កាត់-ខណ្ឌដង្កោ ក៏អះអាងដែរថា អ្នកភូមិនិងអ្នកផ្ទះគាត់៩០ ភាគរយបានមើលឃើញ ព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះ នរោត្តម សីហនុ នៅក្នុងចំណិតព្រះខែ ក្នុងយប់ថ្ងៃ៦ កើត ខែអស្សុជ នេះដែរ។
លោក រាត្រី បន្តថា ៖« ខ្ញុំសម្លឹងយូរដែរបានឃើញច្បាស់តែម្តង គឺឃើញដូចរូបក្នុងក្រដាសប្រាក់១ម៉ឺនរៀលអ៊ីចឹង។ ទ្រង់សម្លឹងមកក្រោមគួរឲ្យអស្ចារ្យណាស់»។
លោកបន្តថា៖«ខ្ញុំ មានអារម្មណ៍ថា ព្រះអង្គបានឡើងទៅឋានសួគ៌ហើយ ហើយទ្រង់កំពុងតែសម្លឹងមកកាន់ កូនចៅ ចៅទួត ដែលកំពុងតែគោរពដួងវិញ្ញាណក្ខន្ធ ក្នុងភាពក្រៀមក្រំ និងបួងសួងឲ្យព្រះអង្គជួយថែរក្សាប្រទេសកម្ពុជាឲ្យមានសុខសន្តិភាព»។
ការផ្អើលមើលរូបសម្តេចឪ ប្រតិស្ឋានក្នុងព្រះខែយប់មិញនេះមិនមែនតែនៅភ្នំពេញទេ អ្នកខេត្តកណ្តាល ខេត្តព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រហូតនៅប្រទេសថៃ ឥណ្ឌា ខ្លះសុទ្ធតែអះអាងដូចគ្នាដែរ ប៉ុន្តែក៏មានអ្នកដែលថា មើលមិនឃើញឬគ្រាន់តែព្រិលនោះក៏មិនតិចនាក់ដែរ។
កញ្ញា ធឿន ស៊ីនួន នៅម្តុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលអះអាងថា នាងបានឃើញរូបព្រះឆាយាល័ក្ខណ៍ដូចក្នុងក្រដាសលុយ១ម៉ឺនរៀល ហើយថា អ្នកផ្សារបានផ្អើលមកមើលពេញផ្លូវ។ «ខ្ញុំព្រឺខ្លួនណាស់ ពេលមើលយូរទៅកាន់តែច្បាស់ឡើងៗ»។
សម្រាប់អ្នកព្រៃវែង លោក ប្រាក់ ផល្លី នៅឃុំធាយ ស្រុកបាភ្នំ ថា មានការផ្អើលមើលព្រះខែនេះដែរ តែគាត់មើលមិនឃើញទេ។ លោកថា៖ «មិនដឹងយ៉ាងម៉េចទេ មកពីឯងគ្មាននិស្ស័យក៏មិនដឹង»។
លោក ពុត ថុង អ្នករត់តាក់ស៊ី កំពង់ឆ្នាំង ភ្នំពេញ និយាយថា៖«ក្រុងកំពង់ឆ្នាំងគេផ្អើលថាមើលឃើញសម្តេចឪច្រើនគ្នាដែរ តែខ្ញុំ ខំដាក់ទឹកផ្តិលមើលដែរតែមើលឃើញព្រិលៗ មិនច្បាស់ជាអ្វីទេ»។ លោកថា បើយ៉ាងនេះមែនមិនដឹងថាមានប្រផ្នូលយ៉ាងណាទេ?
ទាក់ទិនការ មើលឃើញរូបព្រះករុណាសម្តេចឪ ក្នុងព្រះខែនេះ លោកអាចារ្យ ញាណ ភឿន សហប្រធានគ្រូបង្រៀនអាចារ្យស្រុកខ្មែរ និងជាទីប្រឹក្សាក្រសួងធម្មការនិងសាសនា បានកត់សម្គាល់ថា នៅភូមិម្តុំផ្ទះគាត់គេមើលឃើញគ្រប់គ្នា ផ្ទះលោកសល់តែគាត់ដែលភ្នែកមិនល្អមើលមិនឃើញ។ លោកថា ព្រះសង្ឃនៅឥណ្ឌានិងនៅប្រទេសថៃ ទូរស័ព្ទមកលោកថា នៅទីនោះក៏មើលឃើញដែរ។
លោក ញាណ ភឿន រម្លឹកថា នៅឆ្នាំ១៩៧០ ពេលរដ្ឋប្រហារ លោក លន់ នល់ ទម្លាក់ព្រះអង្គ ពីប្រមុខរដ្ឋ ធ្លាប់មើលឃើញម្តង ហើយលោកក៏បានឃើញដែរ។ តែកាលនោះឃើញរូបព្រះអង្គគង់មួយជំហរតែម្តង ក្រោមដើមពោធិ៍ក្នុងលោកខែ ដែលពេលនោះគេលើកឡើងពីប្រផ្នូលខុសៗគ្នា។
ចំពោះការ ភ្ញាក់ផ្អើលលើកនេះ ជាទស្សនៈលោកតាមការចេះដឹងតាមគម្ពីរសាសនា គឺវាជាអព្ភូតហេតុមួយអស្ចារ្យ ដែលតាមជំនឿខ្មែរថា «កាលណាស្លាប់បាន៧ ថ្ងៃ នោះព្រះសពនឹងដឹងខ្លួន » ហើយសម្តេចឪលោកសោយទិវង្គតបាន៧ថ្ងៃគត់ ក៏លេចបាតុភូតអស្ចារ្យក្នុងព្រះខែនេះ ជាប្រផ្នូលមួយរបស់បុគ្គលដែលមានគុណធម៌ខ្ពង់ខ្ពស់។
លោក អាចារ្យអះអាងថា៖ «បុគ្គលមានគុណធម៌ខ្ពស់អាចបង្ហាញឲ្យឃើញហេតុអស្ចារ្យឲ្យកក្រើក ញាប់ញ័រនៃអ្នកសាងបុណ្យនិងមានកុសលធម៌និងសាមគ្គីធម៌។ ការបង្ហាញភាពអស្ចារ្យនេះ គឺបញ្ជាក់បានថា អ្នកធ្វើល្អតែងបានផលល្អ អ្នកសាងអាក្រក់នឹងទទួលផលអាក្រក់។ ព្រះអង្គបង្ហាញបារមីនេះមានន័យថា ស្រុកខ្មែរបានសុខសន្តិភាពហើយ»។
ព្រះតេជគុណ សុខ ប៊ុនធឿន ព្រះចៅអធិការវត្ត នន្ទមុនី សង្កាត់ស្ទឹងមានជ័យ មានសង្ឃដីកាថា ព្រះអង្គមិនបានទតមើលទេ តែថា បើដូចតែបរិស័ទបានឃើញ នោះតាមព្រះធម៌ ជាប្រផ្នូលមួយបង្ហាញពីបារមីធម៌ ដែលអតីតព្រះមហាក្សត្រ ដែលធ្លាប់មានព្រហ្មវិហារធម៌ ចំពោះប្រជានុរាស្ត្រព្រះអង្គ តាំងពីសម័យសង្គមរាស្ត្រនិយមរហូតមក។
ព្រះតេជគុណ មានសង្ឃដីកាថា ៖ «នេះប្រស្នាល្អ ដែលគុណធម៌ព្រះអតីតព្រះមហាក្សត្រនឹងនាំភាពសុខសាន្តមកសន្តោស ដល់ប្រជានុរាស្ត្រ ឲ្យមានការគោរពស្រឡាញ់ ការយោគយល់គ្នា ដូចធ្លាប់មានព្រហ្មវិហារធម៌និងសង្គ្រោះកូនចៅរៀងមក»។
ទាក់ទិននឹងអព្ភូតហេតុចម្លែកនេះ ពីម្សិលមិញ លោក វីរៈ រស់នៅ ភ្នំពេញ ដែលបានទៅដុតធូបគោរពវិញ្ញាណក្ខន្ធសម្តេចតានៅមុខព្រះបរមវាំង និយាយថា គាត់ក៏ឃើញភាពអស្ចារ្យដែរនាពេលរសៀលម្សិលមិញនោះ គឺថាមានភ្លៀងតិចនៅជុំវិញព្រះរាជវាំង តែនៅចំពីមុខព្រះរាជវាំងដែលមនុស្សម្នាមកកកកុញទៅគោរពព្រះបរម សពព្រះអង្គបែរជាស្ងួតអត់មានភ្លៀងមួយតំណក់ទាល់តែសោះ។
ពី ម្សិលមិញដែរ ក្រុមអ្នកបង្ហោះរូបតាមបណ្តាញសង្គមក៏បានបង្ហោះរូប ដុតទៀនធូប ដែលឆេះចេញជារូបនាគ គួរឲ្យចម្លែកដែរ។ រូបនេះគេសង្ស័យថា អ្នកថតច្នៃ ប៉ុន្តែ អ្នកថតរូបល្បីម្នាក់ គឺលោក ម៉ៃ ថា «វាជារូបគាត់ថតបានដោយចៃដន្យប៉ុណ្ណោះ មិនបានកាឡៃអីនោះទេ»។
ក្នុងអំឡុង ពេលដង្ហែព្រះបរមសពពីទីក្រុងប៉េកាំងមកភ្នំពេញ អ្នកដែលទៅទទួលព្រះបរមសពនៅព្រលានយន្តហោះភ្នំពេញអះអាងថា កម្តៅថ្ងៃមុនយន្តហោះចុះចតម្នាក់ៗសឹងតែទ្រាំមិនបាន ប៉ុន្តែ គ្រាន់តែយន្តហោះនាំព្រះបរមសពចុះចតភ្លាម ដុំពពកខ្មៅបានមក បាំងចំពីលើព្រះសព និងមានខ្យល់ត្រជាក់បក់មកសឹងតែមិនគួរឲ្យជឿ។ អ្នកកាសែតម្នាក់លាន់មាត់ថា«វាអស្ចារ្យដែលសឹងតែមិនគួរឲ្យជឿសោះ ទេ»។
អ្នករង់ចាំដង្ហែនៅម្តុំវិមានឯករាជ្យវិញនិយាយថា គាត់ក៏ឃើញរឿងអស្ចារ្យមួយដែរ ខណៈដែលក្បួនម៉ូតូដង្ហែ អមព្រះបរមសពមកដល់វិមានឯករាជ្យ ម៉ូតូប្រមាណ៦ទៅ៧គ្រឿងស្រាប់តែរលត់ម៉ាស៊ីន អូសទៅអែបផ្លូវ ដែលនេះមិនដឹងថា មកពីបញ្ហាបច្ចេកទេសឬអព្ភូតហេតុ និងបារមីអតីតព្រះមហាក្សត្រ ពេលយាងដល់បូជនីយដ្ឋាន ជាស្នាព្រះហស្តព្រះអង្គឬក៏យ៉ាងណាឡើយ?
រាល់ការកត់សម្គាល់ ទាំងអស់នេះ ក្រុមអ្នកវិទ្យាសាស្ត្រពិតសុំមិនពន្យល់នោះទេ តែថា នេះវាជាការនិយាយនិងផ្អើលតៗគ្នាតែប៉ុណ្ណោះ តែបើប្រជាជនគាត់ជឿហើយ គ្មានអ្នកណាហ៊ានប្រឆាំងនឹងគាត់ឡើយ៕
No comments:
Post a Comment
I like Blogger