ភ្នំពេញៈ ពលរដ្ឋចំនួន៣០គ្រួសារ ដែលរងគ្រោះពីគម្រោងស្តារផ្លូវដែកនៅកម្ពុជា បានដាក់បណ្តឹងទៅអង្គការសិទ្ធិមនុស្សរបស់អូស្រ្តាលី ដោយបានចោទប្រកាន់ថា មានការរំលោភបំពានសិទ្ធិមនុស្សកើតចេញពីគម្រោងស្តារផ្លូវដែក ដែលផ្តល់មូលនិធិ មួយផ្នែកដោយ AusAid។
បណ្តឹងទៅគណៈកម្មការ សិទ្ធិមនុស្សអូស្រ្តាលី (AHRC) ត្រូវបានធ្វើឡើង តំណាងឲ្យគ្រួសារទាំងនេះ ដោយអង្គការ Equitable Cambodia និងអង្គការ Inclusive Development International ដែលថា រដ្ឋាភិបាលអូស្រ្តាលីបរាជ័យមិនបានលើកស្ទួយកាតព្វកិច្ចសិទ្ធិ មនុស្សអន្តរជាតិរបស់ខ្លួន ខណៈមានការទាមទារឲ្យដោះស្រាយជាបន្ទាន់ ចំពោះការបណ្តេញប្រជាជនចេញពីលំនៅដ្ឋានដោយសារតែការគាំពារគម្រោងកម្ពុជាមួយនេះ។
ប្រជាពលរដ្ឋជាង៤ពាន់គ្រួសារ បានរងការប៉ះពាល់ពីគម្រោងស្តារផ្លូវដែកនេះ ហើយយ៉ាងហោចមាន១២០០គ្រួសារបានតម្រូវឲ្យទៅរស់នៅកន្លែងថ្មី ដើម្បីបើកផ្លូវសម្រាប់គម្រោងស្តារផ្លូវដែកនេះ ដែលជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន Toll Holdings របស់អូស្រ្តាលី និងក្រុមហ៊ុន Royal Group របស់កម្ពុជា។
តាមរយៈកម្មវិធីជំនួយរបស់ AusAid រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់មូលនិធិ២៦លានដុល្លារអូស្រ្តាលី ប្រមាណ១៥ទៅ២០ភាគរយនៃគម្រោង។ មូលនិធិភាគច្រើននៃគម្រោងនេះ ផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី។
ក្រុមសិទ្ធិមនុស្សថ្លែងថាជីវភាពប្រជាជនដែលបានឲ្យ ទៅរស់នៅកន្លែងថ្មី កំពុងស្ថិតក្នុងសភាពកាន់តែក្រ និងជំពាក់បំណុលគេ ហើយកុមារជាជនងាយរងគ្រោះបំផុត។
សេចក្តី ថ្លែងការណ៍របស់ក្រុមប្រជាជនទាមទារទាំងនេះឲ្យដឹងថា៖ «កត្តាផ្សេងៗ ដូចជា ប្រាក់ចំណូលថយចុះ ការចំណាយកើនឡើង និងការផ្តល់សំណងមិនគ្រប់គ្រាន់ធ្វើឲ្យគ្រួសារទាំងនេះជំពាក់ បំណុលគេយ៉ាងច្រើន»។
បទសម្ភាសធ្វើដោយអង្គការ Equitable Cambodia ជាមួយនឹងគ្រួសារដែលបានឲ្យទៅរស់នៅកន្លែងថ្មី បង្ហាញថា ឪពុកម្តាយមួយចំនួនពុំមានលទ្ធភាពផ្តល់អាហារគ្រប់គ្រាន់ដល់កូនៗ ឯអត្រាបោះបង់ការសិក្សាកូនៗពួកគេ កាន់តែខ្ពស់ឡើង។
អង្គការនេះបន្តថា ទាំង AusAid និង ADB ត្រូវបានប្រាប់អំពីហានិភ័យនៃការរំលោភបំពានសិទ្ធិមនុស្ស ដែលនឹងកើតមានជាមួយនឹងការបណ្តេញប្រជាជនឲ្យទៅរស់នៅកន្លែង ថ្មីចាប់ពីប៉ោយប៉ែត រហូតដល់ខេត្តព្រះសីហនុ។
ក្នុងខែ មិថុនាឆ្នាំនេះ AusAid បានឆ្លើយតបនៅក្នុងរបាយការណ៍លេចធ្លាយមួយ ដោយលើកឡើងអំពីការចំណាយខ្ពស់ជាងមុន និងលទ្ធភាពនៃការអាចផ្តល់សំណងបន្ថែម។
ការិយាល័យសម្របសម្រួលគម្រោងពិសេស របស់ADB កំពុងធ្វើការពិនិត្យឡើងវិញ និងការវាយតម្លៃលើក្តីបារម្ភពាក់ព័ន្ធនឹងគម្រោងនេះដែលត្រូវបានលើក ឡើងទៅយន្តការគណនេយ្យភាពរបស់ADB ពីចុងឆ្នាំ២០១១ ដោយក្រុមប្រជាជនរងគ្រោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អនុប្រធានបេសកកម្មADB លោក Peter Brimble។
សេចក្តីថ្លែងការណ៍នេះបានបន្តថា៖ «ADB ទទួលយករាល់សំណើទាំងអស់សម្រាប់ការពិនិត្យអនុលោមភាព ដោយយកចិត្តទុកដាក់ ហើយនឹងរក្សាការសម្ងាត់ចំពោះអ្នកដែលដាក់សំណើមក ហើយការពិនិត្យលើសំណើនោះនឹងមានឯករាជភាព»។
ប្រសិនបើ AHRC ទទួលយកការអះអាងរបស់គ្រួសារទាំងនេះ ក្រុមសិទ្ធិមនុស្សដែលតំណាងឲ្យគ្រួសារទាំងនេះសង្ឃឹមថា ជីវភាពនឹងប្រសើរជាងមុន សម្រាប់អ្នកដែលត្រូវបានបណ្តេញចេញនោះគឺដូចគ្នាទៅនឹងស្ថាន ភាពរស់នៅមុនការបណ្តេញពួកគេចេញ។
លោក David Pred នៅអង្គការ Equitable Cambodia បានថ្លែងថា វាជាលើកទីមួយដែលអង្គការលោកកំពុងព្យាយាមដោះស្រាយបញ្ហាសិទ្ធិ មនុស្សបែបនេះ ជាមួយអាជ្ញាធរពាក់ព័ន្ធនៅក្នុងប្រទេសកំណើតរបស់ម្ចាស់ជំនួយ។
លោកបានបន្តថា៖ «វាអាស្រ័យទៅលើរដ្ឋាភិបាលអូស្រ្តាលី ដែលជាអ្នកដើរតួលើលទ្ធផលរកឃើញ របស់គណៈកម្មការនោះ ហើយជួសជុលការខូចខាតដែលបានកើតមានចំពោះជីវិតរស់នៅរបស់ប្រជាជនទាំងនោះ ដោយសារតែគម្រោងស្តារផ្លូវដែកក្នុងប្រទេសរបស់គេ»។
មន្ត្រីស្ថានទូតអូស្រ្តាលីប្រចំាំកម្ពុជា មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយជុំវិញករណីនេះបានទេ កាលពីល្ងាចមិញ៕PS
Tags: ការបណ្តេញចេញដោយបង្ខំ, ការអភិវឌ្ឍន៍, ទំនាស់ដី, សិទ្ធិមនុស្ស
No comments:
Post a Comment
I like Blogger