ប្រជាពលរដ្ឋនៅខេត្តព្រះវិហារមកតវ៉ាឲ្យនាយករដ្ឋមន្ត្រីជួយដោះស្រាយជម្លោះដីធ្លី កាលពីខែមិថុនា។ រូបថត លីណា
ព្រះវិហារៈ ប្រជាពលរដ្ឋមកពីខេត្តព្រះវិហារប្រមាណ១៧០នាក់ ថានឹងធ្វើការប្រមូលផ្តុំគ្នានៅក្នុងរាជធានីភ្នំពេញនៅព្រឹក ថ្ងៃអង្គារនេះ ដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀត ឲ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយនឹងអង្គការវ៉ាយអេដស៍និងអាជ្ញាធរ។
លោក ឡោ ចាន់ អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកខេត្តព្រះវិហារបាន ឲ្យដឹងថា ពលរដ្ឋដែលមានជម្លោះដីធ្លីទាំងអស់បំបែកគ្នាធ្វើដំណើរមក កាន់រាជធានីភ្នំពេញ តាំងតែពីថ្ងៃទី៧ ខែតុលាមកម្ល៉េះហើយនឹងធ្វើការជួបជុំគ្នាតវ៉ានិងស្វែងរកយុត្តិធម៌ពីរដ្ឋាភិបាលជាថ្មីម្តងទៀត នៅព្រឹកថ្ងៃអង្គារនេះ។
លោក ឡោ ចាន់ បានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋឡើងមកភ្នំពេញ ដើម្បីសុំសម្តេច ហ៊ុន សែន ជួយអន្តរាគម៍ប្រមាណ៣ដងមកហើយ។ ពួកគាត់រង់ចាំដំណោះស្រាយពីអាជ្ញាធរមូលដ្ឋានរហូតមក តែគ្មានលទ្ធផល ដោះមិនចេញ។ ម្តងនេះពួកគាត់ដាក់ ចានឆ្នាំងទៅដាំបាយហូប តវ៉ានៅភ្នំពេញតែម្តង បើគ្មានលទ្ធផលជាក់ស្តែងទេ គឺមិនមកវិញទេ»។
លោក ឡោ ចាន់ បន្តឲ្យដឹងថា បន្ទាប់ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ប្រគល់កិច្ចការនេះឲ្យទៅ អាជ្ញាធរមូលដ្ឋានដោះស្រាយ អាជ្ញាធរស្រុកបានកោះហៅភាគីទំនាស់មកជួបប្រជុំគ្នាកាលពីថ្ងៃ ទី១៩ និង២៥ខែកញ្ញា កន្លងមកនេះ ប៉ុន្តែលោក ប៉ែន លឹម ប្រធានអង្គការវាយអេដស៍ ដែលរងការចោទប្រកាន់មិនមកចូលរួមទេ។
អង្គការវាយអេដស៍បានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល ៥៥៦ហិកតា កាលពីឆ្នាំ២០០៧ ទៅចែកជូនពលរដ្ឋក្រីក្រ ប៉ុន្តែ បែរជាយកដីលក់ជាន់ប្លង់គ្នា ទើបបង្កឲ្យមានជម្លោះរហូតមកទល់ពេលនេះ។
អ្នកស្រី សាត សាវឿន ជាតំណាងពលរដ្ឋបានអះអាងថា ពលរដ្ឋដែលរងគ្រោះដោយសារជម្លោះដីធ្លី ពាក់ព័ន្ធនឹងអង្គការវ៉ាយអេដស៍ និងអាជ្ញាធរ មានជាង៥០០គ្រួសារ កំពុងរង់ចាំដំណោះស្រាយ ហើយតំណាងពួកគាត់ប្រមាណជា១៧០នាក់ នឹងធ្វើការតវ៉ានៅថ្ងៃអង្គារនេះ។
លោក ខូយ ឃុនហ័រ ប្រធានរដ្ឋបាលសាលាខេត្តព្រះវិហារបានឲ្យដឹងដែរថា លោកមិនបានដឹងអំពីគម្រោងតវ៉ារបស់ប្រជាពលរដ្ឋទាំងនោះទេ។
លោកប្រាប់យ៉ាងខ្លីថា៖ «ខ្ញុំអត់បានដឹងទេ។ កន្លងមកអាជ្ញាធរក៏បានធ្វើការលើរឿងនេះដែរ»៕
No comments:
Post a Comment
I like Blogger