ក្រុមប្រជាពលរដ្ឋរងគ្រោះស្រែកទាមទារឲ្យបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋក្រីក្រចេញពីទីក្រុង។ រូបថត ហុង មិនា
ភ្នំពេញៈ នៅក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោក ដែលត្រូវបានប្រារព្ធធ្វើឡើង កាលពីម្សិលមិញ តំណាងពលរដ្ឋរងគ្រោះដោយសារការបណ្តេញចេញ ដោយបង្ខំ ប្រមាណ ៤០០ នាក់ មកពីសហគមន៍ចំនួន ៤០ ក្នុងរាជធានីភ្នំពេញ និងសកម្មជនសិទ្ធិមនុស្ស បានដាក់ញតិ្តជូនរដ្ឋសភា ដើម្បីទាមទារឲ្យស្ថាប័នជាតិកំពូលមួយនេះ ធ្វើអន្តរាគមន៍ ទៅរដ្ឋាភិបាល ឲ្យបញ្ឈប់ការបណ្តេញចេញទាំងបំពាន ដែលបានរុញច្រានពលរដ្ឋដែលក្រីក្រស្រាប់ ឲ្យកាន់តែធ្លាក់ចូលជ្រៅ ទៅក្នុងរណ្តៅនៃភាពក្រីក្រថែមទៀត។
ពលរដ្ឋ និងសកម្មជនសិទ្ធិដីធ្លី ដែលចូលរួមក្នុងទិវា ដែលប្រារព្ធនៅអតីតតំបន់ដីក្រហមក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃចន្ទម្សិលមិញ បានពាក់អាវយឺតពណ៌ខ្មៅ សរសេរថា «តំបន់គ្មានការបណ្តេញចេញ» និងពាក់មួកធ្វើពីក្រដាសរឹងពណ៌ស រូបផ្ទះ ដោយខ្លះសរសេរសុំឲ្យដោះលែងចំពោះសកម្មជនសិទ្ធិដីធ្លីលោកស្រី យ៉ោម បុប្ផា មកពីសហគមន៍បឹងកក់ និងខ្លះសុំឲ្យបញ្ឈប់ការបណ្តេញចេញ។ ការប្រារព្ធទិវានេះ ក៏ធ្វើឡើង ដើម្បីរំឭកដល់ការបណ្តេញចេញទាំងបង្ខំ ពីសហគមន៍នានា ក្នុងក្រុងភ្នំពេញកន្លងមក មានដូចជាសហគមន៍ដីក្រហម ក្រុម ៧៨ សហគមន៍ផ្លូវរថភ្លើង សហគមន៍បឹងកក់ សហគមន៍បុរីកីឡា ដោយមិនមាននូវការផ្តល់សំណងសមរម្យ។
ក្រុមពលរដ្ឋបានប្រើ ឧគ្ឃោសនសព្ទបំពងសំឡេង ស្រែកច្រៀងរៀបរាប់ ពីទុក្ខសោកនៃការបណ្តេញចេញពីលំនៅដ្ឋាន ក្រោមលេស «អភិវឌ្ឍន៍ទីក្រុង» និងស្នើឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទឹម សាក់មុន្នី សកម្មជនដីធ្លី នៅបុរីកីឡា និងរួមទាំងប្រធានសមាគមអ្នកប្រជាធិបតេយ្យលោក ម៉ម សុណង់ដូ ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ ក្នុងករណីជម្លោះដីធ្លីមួយនៅខេត្តក្រចេះផងដែរ។
កញ្ញា ចេង ស្រីវណ្ណ អតីតប្រជាពលរដ្ឋ នៅតំបន់ដីក្រហម ដែលត្រូវបានបណ្តេញចេញពីលំនៅដ្ឋានកាលពីដើមឆ្នាំ ២០០៩ ថ្លែងថា ក្រុមគ្រួសារនាង ត្រូវបានអាជ្ញាធររាជធានី ឈូសឆាយកម្ទេចផ្ទះចោលដោយគ្មានសំណងមួយសេនណាសោះ ធ្វើឲ្យជីវភាពរបស់គ្រួសារនាង កាន់តែធ្លាក់ដុនដាប។ នាងឲ្យដឹងទៀតថា ផ្ទះថ្មីរបស់នាង ដែលទិញនិងជួសជុល អស់ប្រមាណ ២ ពាន់ដុល្លារ សព្វថ្ងៃស្ថិតនៅក្បែរមាត់លូទឹកស្អុយ ក្នុងតំបន់បឹងត្របែក ក៏អាចត្រូវរងការបណ្តេញចេញថែមទៀតផងដែរ ក្រោមលេស «អភិវឌ្ឍន៍រាជធានី» ដូចគ្នានេះ។ កញ្ញាថ្លែងថា ៖ «ការបណ្តេញចេញ ដោយបង្ខំ និងគ្មានសំណង គឺធ្វើឲ្យយើងលំបាកវេទនា ព្រោះយើងមិនបានលុយមួយសេនសោះ ហើយត្រូវបង្ខំចិត្តទិញផ្ទះ ក្នុងតម្លៃថោក ដើម្បីរស់នៅ ទោះដឹងថា អនាគត នឹងត្រូវគេបណ្តេញចេញទៀតក៏ដោយ»។
លោក អ៊ាង វុទ្ធី តំណាងអង្គការសមធម៌កម្ពុជា បានថ្លែងថា ទាំងអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ចូលរួមក្នុងទិវានេះ គឺដើម្បីរំឭកដល់រដ្ឋាភិបាលឲ្យគោរពសិទ្ធិលំនៅដ្ឋាននិងបញ្ឈប់ ការបណ្តេញចេញដោយបង្ខំពីព្រោះថា ការបណ្តេញចេញ មានផលអាក្រក់ដល់ពលរដ្ឋក្រីក្រ។
លោកថ្លែងថា៖ «នៅទីតាំងថ្មី មានការលំបាកគ្រប់បែបយ៉ាង ស្ថិតនៅឆ្ងាយ ខ្វះហេដ្ឋារចនាសម្ព័ន្ធ កូនចៅប្រជាពលរដ្ឋ បាត់បង់ការសិក្សា និងជីវភាពធ្លាក់ដុនដាប ដោយគ្មានមុខរបរ។ ដូច្នេះរដ្ឋាភិបាលត្រូវគិតគូរពីការអភិវឌ្ឍនៅនឹងកន្លែង ជាជាងការបណ្តេញចេញទៅទីតាំងថ្មី ដែលមិនមានការរៀបចំហេដ្ឋារចនាសម័ន្ធឲ្យបានសមរម្យ»។
ប៉ុន្តែ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានមានប្រសាសន៍ថា ការអភិវឌ្ឍនៅក្នុងរាជធានី មានផលវិជ្ជមានច្រើនជាងអវិជ្ជមាន។ លោកបានស្តីបន្ទោសក្រុមអ្នកតវ៉ាវិញថា គឺគ្រាន់តែធ្វើឡើង ដើម្បីប្រឆាំងទៅនឹងដំណើរការអភិវឌ្ឍ របស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ លោក ឡុង ឌីម៉ង់ បាននិយាយទៀតថា៖«ការតវ៉ានេះ សឹងតែក្លាយទៅជាអាជីពរបស់ពួកគាត់ទៅហើយ ពីព្រោះយើងឃើញអ្នកតវ៉ា មានមុខដដែលៗ។ គាត់រកលេស ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ដោយមិនបានពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយឡើយ»។
យ៉ាងណាក្តី លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា ការអភិវឌ្ឍ គឺមិនអាចចៀសរួចទេ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជា ប៉ុន្តែរដ្ឋាភិបាល ត្រូវគិតគូររកដំណោះស្រាយឲ្យបានសមរម្យធ្វើយ៉ាងណា ឲ្យមានផលប៉ះពាល់ចំពោះប្រជាជនតិចតួចបំផុត។
ក្រុមមន្ត្រី អង្គការសង្គមស៊ីវិលបានកត់សម្គាល់ថា បើទោះបីជាប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវបានអាជ្ញាធររាជធានី ប្រើកម្លាំងបណ្តេញចេញ ដោយបង្ខំ ជាអ្វីដែលក្រុមមន្ត្រីបានអធិប្បាយថា ដើម្បីធ្វើការអភិវឌ្ឍទីក្រុងក៏ដោយ ក៏រហូតមកដល់ពេលនេះ អតីតទីតាំង ដែលត្រូវបានបណ្តេញប្រជាពលរដ្ឋចេញទាំងនោះ ដូចជាសហគមន៍សម្បុកចាប ក្រុម ៧៨ និងសហគមន៍ដីក្រហមជាដើម។ល។ មិនទាន់ឃើញមានការអភិវឌ្ឍអ្វីនៅឡើយទេ ក្រៅតែពីការពុះចែកដីគ្នា ធ្វើរបងទុកចោល ពីសំណាក់ក្រុមឈ្មួញមានប្រាក់ស្តុកស្តម្ភមួយចំនួនតូចតែប៉ុណ្ណោះ៕
Tags: ការបណ្តេញចេញដោយបង្ខំ, ការអភិវឌ្ឍន៍, ឃុំខ្លួន, ទំនាស់ដី, បឹងកក់, បុរីកីឡា, ភ្នំពេញ, សិទ្ធិមនុស្ស
No comments:
Post a Comment
I like Blogger