គម្រោងអភិរក្សព្រៃឈើនោះ ត្រូវបានឧបត្ថម្ភឡើងក្រោមជំនួយរបស់សហភាពអឺរ៉ុប ក្នុងកិច្ចប្រជុំរវាងលោក ហ្សង ហ្វ្រង់ស័រ កូតាំង (Jean-Francois CAUTAIN) ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសារព័ត៌មានជាមួយក្រុមសហគមន៍ព្រៃឈើត្រពាំងរូង ស្ថិតនៅឃុំជ័យ មានចម្ងាយប្រហែល១៦ គីឡូម៉ែត្រ ខាងជើងក្រុងកំពង់ធំ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងែទី៨ ខែតុលា ឆ្នាំ២០១២ និងមានការចូលរួមពីរដ្ឋបាលព្រៃឈើសង្កាត់/ខណ្ឌ កំពង់ធំ និងពីពលរដ្ឋសហគមន៍ជាច្រើននាក់ផងដែរ។
ទោះបីជាកិច្ចព្រមព្រៀង ស្តីពីព្រៃឈើសហគមន៍រយៈពេល ១៥ឆ្នាំនេះ ត្រូវបានបន្តសម្រាប់រយៈពេល ១៥ឆ្នាំទៀត គិតចាប់ពីឆ្នាំ២០០៩ កន្លងទៅនេះក៏ដោយ ក៏សហគមន៍ព្រៃឈើនៅតែបន្តប្រឈមមុខនឹងសកម្មភាពរំលោភទន្ទ្រានយកដី និងសកម្មភាពខុសច្បាប់ ដែលពុំអាចគ្រប់គ្រងបាន ដូចជា ការកាប់ព្រៃឈើ និងការដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់ព្រៃឈើសហគមន៍នេះ ដោយសារតែសហគមន៍ មិនមានផែនការគ្រប់គ្រងព្រៃឈើឲ្យបានច្បាស់លាស់។
ក្នុងន័យថែរក្សាព្រៃឈើសហគមន៍តំបន់ត្រពាំងរូង មជ្ឈមណ្ឌលបណ្តុះបណ្តាលសហគមន៍ព្រៃឈើថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (RECOFTC) ដោយមានការគាំទ្រពីជំនួយរបស់សហភាពអឺរ៉ុប ជាង ១,៦ លានអឺរ៉ូ និងដោយមានការសហការជាដៃគូជាមួយនឹងរដ្ឋបាលព្រៃឈើ (FA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការអូស្វាម-ចក្រភពអង់គ្លេស បានជួយដល់គណៈកម្មការគ្រប់គ្រងព្រៃឈើសហគមន៍ថ្នាក់មូលដ្ឋាន ដើម្បីរៀបចំផែនការគ្រប់គ្រងព្រៃឈើសហគមន៍របស់ខ្លួន ចំនួន ៩៧៧,៥៣ ហិកតា។
នេះគឺជាផែនការគ្រប់គ្រងព្រៃឈើទី១នៅកម្ពុជា ដែលទទួលបាននូវការអនុម័តជាផ្លូវការដោយរដ្ឋបាលព្រៃឈើ កាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីនេះ។ សហគមន៍នេះជឿជាក់ថា ផែនការនេះនឹងជួយដល់ពួកគាត់ក្នុងការគ្រប់គ្រងព្រៃឈើសហគមន៍របស់ពួកគាត់ ប្រកបដោយនិរន្តភាព ដូចជាការគ្រប់គ្រងផ្សេងៗទៀតដែរ តាមរយៈការប្រមូលផលព្រៃឈើ និងការប្រមូលផលិតផលព្រៃឈើ មិនមែនឈើ (NTFP) ប្រកបដោយនិរន្តភាព សម្រាប់កែលម្អការប្រកបរបរចិញ្ចឹមជីវិត។
គម្រោងនេះ មានរយៈពេលពីខែមករា ឆ្នាំ២០១១ ដល់ខែមករា ឆ្នាំ២០១៥ ដែលអនុវត្តន៍នៅខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី កំពង់ធំ ក្រចេះ ពោធិ៍សាត់ កំពត តាកែវ និងខេត្តកែប ក្នុងទិសដៅការលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ និងភាពអត់ឃ្លាន តាមរយៈ ការលើកកម្ពស់ការប្រកបរបរចិញ្ចឹមជីវិតនៅតំបន់ជនបទ ទន្ទឹមនឹងនេះធានាឲ្យមានចីរភាពបរិស្ថាន តាមរយៈអភិរក្សព្រៃឈើ។
លោក តន ទីន អនុប្រធានគណៈកម្មការព្រៃឈើត្រពាំងរូង បានថ្លែងពីក្នុងព្រៃសហគមន៍ ពេលចុះបំពេញបេសកកម្មវាស់វែងបែងចែកព្រៃសហគមន៍ ដែលពុះជាឡូត៍តូចៗ ថា ការវាស់វែងព្រៃឡូតិ៍គំរូក្នុងឡូត៍ទី២ គឺយើងធ្វើការវាស់វែងដោយដាំបង្គោលជាជួរនិងដាក់ខ្សែទាញតម្រង់តាមរយៈត្រីវិស័យ សម្រាប់បែងចែកមុខឡូត៍ ហើយការធ្វើបែបនេះជាប្រយោជន៍ដើម្បីឲ្យដឹងថា ព្រៃឈើនៅក្នុងសហគមន៍ត្រពាំងរូងនេះវាមានឈើប៉ុន្មាន? និងទំហំប៉ុនណា?។
លោក តន ទីន បានបញ្ជាក់ថា ដីព្រៃសហគមន៍នេះមានជាង ៩៧៧,៥៣ ហិកតា ដែលចែកចេញជា ៤តំបន់ ប៉ុន្តែយើងអាចធ្វើសារពើភណ្ឌបានតែតំបន់ទី៣ ដែលអាចធ្វើបានចំនួន ១៣ឡូត៍ ព្រោះជាតំបន់ដែលមានព្រៃឈើក្រាស់ជាងគេ ហើយវិធានការនេះ វាមានប្រសិទ្ធភាព ដោយសារយើងមានគណៈកម្មការគ្រប់គ្រងត្រឹមត្រូវទៅតាមច្បាប់ ដែលគ្រោងស្រាប់ និងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍។
លោកបានថ្លែងបន្តនៅក្នុងព្រៃទៀតថា ការធ្វើបែបនេះ ដោយមានការសម្របសម្រួលពីរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើ ក្នុងការជួយបណ្តុះបណ្តាលដល់សមាជិកសហគមន៍ និងគណៈកម្មការសហគមន៍ ដើម្បីឲ្យគាត់ចេះពីវិធីសាស្ត្រសារពើភណ្ឌ ពីវិធីការរាប់ដើមឈើ ក្នុងការរាប់ដំណុះ រាប់មុខ១០ ទៅដល់ ២៩ សង់ទីម៉ែត្រ និងរាប់អនុផល ដែលមុខកាត់ពី ២៥ ទៅដល់៥០ សង់ទីម៉ែត្រ និងរាប់ចាប់ពីមុខ ៣០ សង់ទីម៉ែត្រ ឡើងទៅ។
លោក តន ទីន បានបញ្ជាក់បន្ថែមថា “ការដកហូតអនុផលពីព្រៃឈើសហគមន៍ ដូចជា ឈើបង្គោលរបង ( ដើមខ្លង ព្រោះវាអត់ធំទៅមុខទៀតទេ ) ប៉ុន្តែដើមកកោះ ដើមផ្តៀក មិនអាចដកហូតបានទេ យើងទុក។ យើងដកហូតជាលក្ខណៈប្រពៃណី ដូចជា ឃ្មុំ វល្លិគុយ វល្លិត្រី វល្លិរពាក់ វល្លិផ្តៅ ជាដើម”។
ចំណែកលោក មក់ ឈន់ អនុគណៈកម្មការកណ្តាល នៅក្នុងសហគមន៍ត្រពាំងរូង បាននិយាយថា បន្ទាប់ពីចុះកិច្ចព្រមព្រៀង ពលរដ្ឋរស់នៅក្នុងសហគមន៍ត្រពាំងរូង បានអាស្រ័យផលអនុផលប្រើប្រាស់ជារបៀបប្រពៃណី ដូចជា អុស វល្លិ ផ្សិត ជាលក្ខណៈរបៀបប្រពៃណី។
លោក មក់ ឈន់ បានបន្តថា ក្នុងការការពារព្រៃឈើសហគមន៍នេះ បានប្រើប្រាស់កម្លាំងយាមល្បាត ហើយឲ្យយល់ពីច្បាប់ ក្នុងកិច្ចព្រមព្រៀងសហគមន៍បាន យើងអាចធ្វើបាន ក្នុងនោះពេលចុះល្បាត បានជួបជនល្មើសក្នុងពេលកាប់ទន្ទ្រានព្រៃឈើអុស គឺត្រូវធ្វើការដកហូត។
លោក តិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ បាននិយាយនៅក្នុងព្រៃសហគមន៍ថា នៅក្នុងខេត្តកំពង់ធំនេះ មានសហគមន៍ ចំនួន ៩៣ សហគមន៍ ដែលបានរៀបចំនិងបង្កើតដូចថ្ងែនេះ ដែលគោរពទៅតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត តាមគោលការណ៍ណែនាំព្រៃឈើ អនុក្រឹត្យ និងច្បាប់ស្តីពីព្រៃឈើ ហើយបានខិតខំប្រឹងប្រែងជាមួយអង្គការជាដៃគូ មានអង្គការជាតិ និងអន្តរជាតិ នៅលើផ្ទៃដី ៨ ម៉ឺន ៧ពាន់ហិកតា មានប្រជាជន ១២០ ភូមិ ចូលរួម២១ ឃុំ និង៧ស្រុក។
លោក តិប ញាតា បានថ្លែងបន្តថា “ការបង្កើតព្រៃឈើសហគមន៍ គោលដៅរបស់យើង គឺរួមគ្នាការពារព្រៃឈើ រួមការពារគម្របពណ៌បៃតង ដើម្បីបំពេញគោលដៅសហស្សវត្សរ៍ ក្នុងឆ្នាំ២០១៥ ឲ្យបានគម្របព្រៃឈើ ៦០ភាគរយ”។
លោកបន្តថា ដោយយើងមានចំនួនបរិមាណរដ្ឋបាលព្រៃឈើ មានកម្រិត និងគោលការណ៍បានកំណត់ថា ប្រគល់ផ្នែកណាមួយនៃដែនជម្រកបម្រុងអចិន្ត្រៃយ៍ សម្រាប់ការគ្រប់គ្រងដោយប្រជាពលរដ្ឋ គឺសហគមន៍ព្រៃឈើនេះឯង ហើយការចូលរួមការពារព្រៃឈើនេះ យើងម្នាក់ឯងមិនគ្រប់ជ្រុងជ្រោយទេ គឺទាមទារការចូលរួមពីសហគមន៍មូលដ្ឋាន ហើយក្នុងនេះយើងឃើញហើយ បង្ហាញហើយ មានជាង ១ម៉ឺន ៣ពាន់ គ្រួសារចូលរួមបង្កើត។ ផ្នែកផ្សេងទៀត មានការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ និងផ្នែកផ្សេងទៀតដែលមានភូមិនៅក្បែរក្នុងតំបន់ព្រៃ ត្រូវគ្រប់គ្រងដោយសហគមន៍ ដែលមានភាពល្អប្រសើរ និងមាននិរន្តភាព។
លោក តិប ញាតា បានមានប្រសាសន៍ថា រដ្ឋបាលព្រៃឈើ មានតួនាទីក្នុងការសម្របសម្រួលក្នុងការផ្តល់បច្ចេកទេស និងពេលខ្លះយើងក៏អាចផ្តល់ធនធានដល់សហគមន៍មូលដ្ឋានផងដែរ និងមានការកៀរគរពីសហគមន៍ជាតិ និងអន្តរជាតិ តាមរយៈការចូលមកភូមិដ្ឋាន និងដើម្បីពន្យល់គាត់ដឹងពីសារប្រយោជន៍នៃព្រៃឈើ ពីរបៀបនៃការគ្រប់គ្រងព្រៃឈើដោយសហគមន៍ គឺគាត់បានយល់ពីអ្វីដែលជាក់ស្តែង ប៉ុន្តែគាត់មានប្រពៃណីតាំងពីដើមមកថា ករណីដែលគ្រប់គ្រងដោយពួកគាត់ គាត់ពេញចិត្តទទួលយក ហើយចូលរួមបង្កើតដោយស្ម័គ្រចិត្ត ហើយភាគច្រើនកន្លងមកនេះ គឺគាត់ចូលរួមស្ម័គ្រចិត្ត គឺគាត់បានដាក់ពាក្យស្នើសុំទៅរដ្ឋបាលព្រៃឈើ ដើម្បីឲ្យរដ្ឋបាលព្រៃឈើសម្របសម្រួលបង្កើតសហគមន៍ព្រៃឈើ ព្រោះកន្លែងខ្លះមានការគំរាមកំហែងច្រើនរដ្ឋបាលព្រៃឈើ ត្រូវតែជួយ។
លោក ហ្សង ហ្វ្រង់ស័រ កូតាំង (Jean-Francois CAUTAIN) ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ពីក្នុងព្រៃសហគមន៍ត្រពាំងរូងថា សហគមន៍ព្រៃឈើ ដែលមានចូលរួមចំនួន ៣ភូមិ សហគមន៍ព្រៃឈើ គេមានផែនការរបស់គេ ក្នុងការគ្រប់គ្រងព្រៃឈើនៅក្នុងតំបន់របស់ពួកគេ ក្នុងគោលបំណងការពារព្រៃឈើសហគមន៍ទាំងអស់នេះ ហើយគម្រោងនេះ គឺជាគម្រោងដ៏ល្អបំផុតមួយ មានការសហការគ្នារវាងសហគមន៍ព្រៃឈើ រដ្ឋបាលព្រៃឈើ និងអង្គការជាដៃគូអនុវត្តន៍គម្រោង ដែលទទួលថវិកាពីសហភាពអឺរ៉ុប នៅក្នុងការធានាការគ្រប់គ្រងព្រៃឈើឲ្យបានល្អ តាមរយៈផែនការគ្រប់គ្រងព្រៃឈើដែលមានការអនុម័តយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។ នេះជាការងារមួយដែលសំខាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅមុខទៀតយើងនឹងឃើញមានផ្ទៃដីជាង ២លានហិកតា ជាផ្ទៃដីដែលមានការគ្រប់គ្រងដោយសហគមន៍ព្រៃឈើ ដែលធានាថា ធនធានធម្មជាតិ ក៏ដូចជាព្រៃឈើ ត្រូវបានគ្រប់គ្រងដោយសមស្រប។
លោក ហ្សង ហ្វ្រង់ស័រ កូតាំង បានបន្ថែមថា សហភាពអឺរ៉ុប មកដល់ពេលនេះបានទទួលសំណើសុំការគាំទ្រសម្រាប់សហគមន៍គ្រប់គ្រងព្រៃឈើ ចំនួន៩៣ សំណើ។ ក្នុងនោះ មាន ៣សំណើហើយដែលទទួលបានការអនុម័តយល់ព្រមពីរាជរដ្ឋាបាលភិបាលកម្ពុជា ហើយនៅក្នុងសំណើទាំងអស់នេះ មានបញ្ជាក់ពីផែនការនៅក្នុងការគ្រប់គ្រងព្រៃឈើឲ្យបានល្អនោះ។ ដូច្នេះខ្ញុំគិតថា គឺជាការងារដ៏ល្អ ដែលសហគមន៍ព្រៃឈើចូលរួមអនុវត្តន៍នៅក្នុងគម្រោងក្នុងការគ្រប់គ្រង់ព្រៃឈើឲ្យបានល្អបំផុត”៕ S
Tags: ការអភិវឌ្ឍន៍, កំពង់ធំ, សិទ្ធិមនុស្ស
No comments:
Post a Comment
I like Blogger