សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, February 4, 2015

អ្នក​ការពារ​ធនធាន​ធម្មជាតិ​ប្រឈម​នឹង​ការ​ប្ដឹងផ្ដល់​ពី​ឈ្មួញ​និង​មន្ត្រី​មាន​អំណាច

ដោយ ប្រាជ្ញ ចេវ 2015-02-04 From RFA
សកម្មភាព​ការ​រំលោភ​ដី ខេត្ត​ព្រះសីហនុ ៦២០
រូបភាព​សកម្មភាព​​​រំលោភ​ដី ប៉ះពាល់​ធនធាន​ធម្មជាតិ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​គេ​លើក​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​មួយ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៥។
អ្នក​ការពារ​ធនធាន​ធម្មជាតិ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ប្ដឹងផ្ដល់​ពី​សំណាក់​ឈ្មួញ​រក​ស៊ី​ឈើ​និង​អ្នក​មាន​អំណាច ដែល​យក​ប្រព័ន្ធ​តុលាការ​មក​ចោទ​ប្រកាន់​ដើម្បី​ចាប់​ចង​ពួកគេ។ ពួកគេ​ថា ក្រៅ​ពី​ឈម​នឹង​តុលាការ អ្នក​ខ្លះ​រង​ការ​គំរាម​សម្លាប់​ប្រសិន​បើ​មិន​បញ្ឈប់​សកម្មភាព។
អ្នក​ការពារ​ធនធាន​ធម្មជាតិ​មួយ​ចំនួន​កំពុង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខណៈ​ដែល​ពួកគេ​កំពុង​តែ​មាន​បណ្ដឹង​នៅ​តុលាការ។ ក្តី​បារម្ភ​នេះ​បង្ហាញ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ នៅ​ភ្នំពេញ ដោយ​មាន​វត្តមាន​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត និង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ។
តំណាង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ លោក គុជ វ៉េង ឲ្យ​ដឹង​ថា លោក​ត្រូវ​ជាប់​ពន្ធនាគារ​អស់​ជាង​បី​ខែ​ដោយ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​លោក​ចេញ​ពី​ក្នុង​ព្រៃ ក្នុង​ពេល​ដែល​លោក​កំពុង​ការពារ​ព្រៃ​ឈើ។ លោក​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ប្ដឹង​លោក​គឺ​ជា​ឈ្មួញ​រកស៊ី​ឈើ​ដែល​ធ្លាប់​ព្រមាន​ឲ្យ​លោក​បញ្ឈប់​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ៖ «និយាយ​ទៅ​បញ្ហា​ខ្លាំង​គឺ​ខ្ញុំ​កំពុង​ប្រឈម​នឹង​ផ្លូវ​ច្បាប់»
មិន​មែន​ជា​លើក​ទី​១​ទេ ដែល​សកម្មជន​ការពារ​ព្រៃឈើ​រង​ការ​គំរាម​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដូច​នោះ។ កាល​ពី​ឆ្នាំ​២០១២ សកម្មជន​ការពារ​ធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាញ់​នៅ​កណ្តាល​ព្រៃ​នា​ខេត្ត​កោះកុង ព្រោះ​សកម្មភាព​ការពារ​ព្រៃឈើ​របស់​លោក។ ក្រុម​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ថា ពួកគេ​មិនដែល​ទទួល​ការពារ​ពី​រដ្ឋាភិបាល​នោះ​ទេ។
អ្នក​ការពារ​ធនធាន​ធម្មជាតិ​មួយ​រូប​ទៀត លោកស្រី មុំ សាគីម មាន​ប្រសាសន៍​ថា តាំង​ពី​ដើម​រហូត​ទល់​ពេល​នេះ លោកស្រី​ត្រូវ​ឈ្មួញ​មាន​លុយ និង​មន្ត្រី​មាន​អំណាច​ប្ដឹង​មក​តុលាការ និង​ព្រមាន​សម្លាប់​ជា​ញឹកញាប់៖ «មាន​រឿង​ច្រើន​កើត​ឡើង​ចំពោះ​ខ្ញុំ គេ​បាញ់​ដំបូល​ផ្ទះ និង​គំរាម​សម្លាប់​ជាដើម»
​តាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) នៅ​ឆ្នាំ​២០១៤ មាន​បណ្ដឹង​ចំនួន​ ១១៩​ករណី ដែល​គេ​បាន​ប្ដឹង​សកម្មជន​ការពារ​ធនធានធម្ម​ជាតិ​និង​ព្រៃឈើ​នៅ​តុលាការ។ របាយការណ៍​នោះ​បង្ហាញ​ថា មន្ត្រី​មានអំណាច ឈ្មួញ​រកស៊ី​ឈើ​និង​ពលរដ្ឋ​ជា​អ្នកប្តឹង​ក្រុម​សកម្មជន​ទាំងនោះ​។
​មន្ត្រី​ផ្នែក​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ឡាត់ គី ថា​នេះ​ជា​ល្បែង​កម្សាន្ត​របស់​ឈ្មួញ​រកស៊ី​ជួញដូរ​ព្រៃឈើ​និង​ក្រុម​មន្ត្រី​ខិលខូច ព្រោះ​អ្នក​ទាំង​នោះ​ខូច​ប្រយោជន៍​ដោយសារ​សកម្មភាព​អ្នក​ការពារ​ធនធាន​ធម្មជាតិ។ លោក​ថា រឿង​នេះ​កើត​ឡើង​ដោយសារ​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់ដឹកនាំ​នៃ​រដ្ឋាភិបាល៖ «ការ​ការពារ​ផលប្រយោជន៍​សង្គម​ធ្វើ​ឲ្យ​ប៉ះពាល់ មាន​ទំនាស់​អ្នក​ប្រព្រឹត្ត​ល្មើស​ដូច​វា​តែងតែ​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​ទេ»
ឆ្លើយ​តប​ការ​លើក​ឡើង​របស់​អ្នក​ការពារ​ធនធាន​ធម្មជាតិ និង​សង្គម​ស៊ីវិល ប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និយាយ​ថា សកម្មភាព​របស់​ការពារ​ធនធាន​ធម្មជាតិ​មួយ​ចំនួន​មាន​ឈ្មោះ​ល្អ ប៉ុន្តែ​បង្កប់​ការ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់។ លោក​បញ្ជាក់​ថា កិច្ចការ​របស់​តុលាការ​រដ្ឋាភិបាល​មិន​អាច​ជ្រៀតជ្រែក​បាន​ទេ៖ «សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ឃើញ​មាន​ច្រើន ប៉ុន្តែ​ទិសដៅ​សកម្មភាព​មិន​ឆ្លើយ​តប​ទៅ​នឹង​​ច្បាប់»
ទោះ​យ៉ាង​ណា​ក្តី លោក ផៃ ស៊ីផាន យល់​ថា សកម្មភាព​របស់​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ជា​គោលដៅ​ល្អ​ក្នុង​គោលបំណង​ជួយ​លើក​កម្ពស់​ថែរក្សា​បរិស្ថាន៕

No comments:

Post a Comment

I like Blogger