សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, February 4, 2013

ទឹក​ភ្នែក​សិល្បករ​ចំពោះ​បិតា​សិល្បៈ​ជាតិ

Monday, 04 February 2013 សេត គឹមសឿន From The Phnom Penh Post

ភ្នំពេញៈ ក្រោយ​ពី​ការ​យាង​ចូល​ទិវង្គត​រយៈ​ពេល​៣​ខែ​រំលង​ផុត ពិធី​ថ្វាយ​ព្រះ​ភ្លើង​ចំពោះ​ព្រះ​បរម​សព​ព្រះ​ករុណា នរោត្តម សីហនុ បាន​មក​ដល់ ទឹក​ភ្នែក​ប្រជា​នុរាស្ត្រ​បាន​ចាប់​ផ្តើម​ហូរ​ជា​ថ្មី​លើ​ផ្ទៃ​នគរ​កម្ពុជា ក្នុង​នោះ​គេ​ក៏​សង្កេត​ឃើញ​អ្នក​សិល្បៈ​យ៉ាង​ច្រើន​កុះ​ករ​បាន​ចូល​រួម​កាន់​ទុក្ខ​ផង​ដែរ​។ សិល្ប​ករ​ជា​ច្រើន​ដែល​បាន​ផ្តល់​សម្ភាស​បាន​ឲ្យ​ដឹង​ថា សម្តេច​ឪ​នរោត្តម សីហនុ មិន​ត្រឹម​តែ​ជា​បិតា​ឯករាជ្យ​ជាតិ បូរណ​ភាព​ទឹក​ដី​នោះ​ទេ ព្រះ​អង្គ​ក៏​ជា​និមិត្ត​រូប​នៃ​បិតា​សិល្បៈ​ផង​ដែរ​។

ក្រោម​កម្តៅ​ថ្ងៃ​ជិត​ថ្ងៃ​ត្រង់ តារា​ចម្រៀង​លំដាប់​កំពូល​នៅ​ផលិត​កម្ម​ថោន មាស សុខ​សោភា ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ក្នុង​សិល្បៈ​ជាមួយ​ព្រះ​អង្គ​បាន​និយាយ​ថា៖​«​ខ្ញុំ​មាន​អារម្មណ៍​ក្តុក​ក្តួល​សោក​សៅ​ខ្លាំង​ណាស់ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ភ្លាម​ដល់​ឱកាស​ដែល​នាង​ខ្ញុំ​មាន​វាសនា​បាន​ច្រៀង​បទ​ចម្រៀង​ថ្វាយ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​បាន​ផ្តល់​កាដូ​អនុស្សាវរីយ៍​ដល់​ខ្ញុំ​តាម​បុត្រី​[បុប្ផា ទេវី] របស់​ព្រះ​អង្គ​។ ចាប់​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​គ្មាន​វាសនា​បាន​ច្រៀង​ថ្វាយ​ព្រះ​អង្គ​ទៀត​ទេ»។

តារា​កំប្លែង​ជើង​ចាស់​លោក ជួង ជី ហៅ កុយ និយាយ​ថា៖ «​ព្រះ​អង្គ​ជា​ព្រះ​វីរក្សត្រ​ដ៏​អស្ចារ្យ​បំផុត​របស់​កម្ពុជា ខ្ញុំ​នៅ​ចាំ​ថា ពេល​ខ្ញុំ​នៅ​រៀន​ព្រះ​អង្គ​បាន​ចុះ​ផ្ទាល់​ទៅ​ពិនិត្យ​នៅ​តាម​សាលា​រៀន​ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​ខ្ញុំ​បាន​កើត​ទាន់​ព្រះ​អង្គ​ទាម​ទារ​បាន​ឯករាជ្យ​ពី​បារាំង និង​ធ្លាប់​រស់​នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​របស់​ព្រះ​អង្គ​»។

ក្នុង​ទឹក​មុខ​ស្រពោន​មាន​កាន់​ធូប​និង​ផ្កា​ឈូក​ក្នុង​ដៃ តារា​ចម្រៀង​សំឡេង​គ្រលួច​របស់​ផលិត​កម្ម​សាន់​ដេ​លោក ឆាយ វីរៈ​យុទ្ធ បាន​និយាយ​មួយៗ​ថា៖​«តាម​រយៈ​ប្រវត្តិ​សាស្ត្រ ខ្ញុំ​បាន​ដឹង​ថា ព្រះ​អង្គ​ជា​វីរ​ក្សត្រ​អស្ចារ្យ​មួយ​ព្រះ​អង្គ​ក្នុង​ការ​ដឹក​នាំ និង​កសាង​ប្រទេស ហើយ​ទោះ​បី​ខ្ញុំ​ជា​ក្មេង​ជំនាន់​ក្រោយ តែ​ខ្ញុំ​បាន​ដឹង​ថា ព្រះ​អង្គ​ជា​បិតា​សិល្បៈ និង​តន្ត្រី ដ៏​ឆ្នើម និង​បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន ទាំង​ភាព​យន្ត និង​ចម្រៀង​»។


ដោយ​ពាក់​បូពណ៌​ខ្មៅ​នៅ​នឹង​ដើម​ទ្រូង ដៃ​សំពះ​ជា​សញ្ញា​កាន់​ទុក្ខ​អតីត​តារា​សម្តែង​ជើង​ចាស់​ដែល​ធ្លាប់​ថត​ភាព​យន្ត​ថ្វាយ​ព្រះ​ករុណា​តាំង​ពី​អាយុ​១៤​ឆ្នាំ​លោក ពេជ្រ ភិរុណ បាន​ប្រាប់​ថា៖​«នៅ​យប់​ដែល​ព្រះ​អង្គ​ទ្រង់​យាង​ចូល​ទិវង្គត​នោះ​ភ្លាមៗ​ដោយ​អារម្មណ៍​ក្ដុក​ក្ដួល និង​តក់​ស្លុត​ខ្លាំង​ពេក ខ្ញុំ​ក៏​ស្ទើរ​តែ​គាំង​បេះដូង​ផុត​ជីវិត​ទៅ​ហើយ។ នេះ គឺជា​ការ​បាត់​បង់​ធនធាន​មនុស្ស​ស្នេហា​ជាតិ​ដ៏​ធំធេង​ណាស់​របស់​ជាតិ​សាសន៍​ខ្មែរ​»។

ទោះ​បី​ជា​មិន​មាន​អនុស្សាវរីយ៍​ជាមួយ​នឹង​ព្រះ​ករុណា តែ​តារា​ចម្រៀង​សុខ ពិសី បាន​និយាយ​ថា៖ «​ខ្ញុំ​បាន​ដឹង​ថា ព្រះ​អង្គ លោក​មាន​ព្រះ​ហឫទ័យ​ស្រឡាញ់​សិល្បៈ​យ៉ាង​ខ្លាំង ហើយ​ជាមួយ​អារម្មណ៍​ក្តុក​ក្តួល​ពេញ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​ព្យាយាម​ខិត​ខំ​ការងារ​សិល្បៈ​ឲ្យ​បាន​ខ្លាំង​ក្លា ដើម្បី​តប​ស្នង​នឹង​ទឹក​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​ដែល​តែង​លើក​តម្កើង​សិល្បៈ​ជាតិ​កាល​ពេល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​»។

អតីត​អ្នក​ចម្រៀង​តាំង​ពី​សម័យ​សង្គម​រាស្រ្ត​និយម​អ្នក​ម្នាង​ស៊ីសុវត្ថិ​សៀង ឌី បាន​ឲ្យ​ដឹង​ថា តាំង​ពី​ធំ​ដឹង​ក្តី​បាន​ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ​ចម្រៀង​និង​សម្តែង​មក អ្នក​ម្នាង​តែង​ទទួល​បាន​ព្រះ​ហឫទ័យ​សន្តោស​ពី​ព្រះ​មហា​វីរ​ក្សត្រ ព្រះ​បាទ​នរោត្តម សីហនុ ហើយ​ព្រះ​អង្គ​ក៏​បាន​ប្រទាន​បទ​ចម្រៀង​ឲ្យ​អ្នក​ម្នាង​ច្រៀង រួម​ទាំង​ឱកាស​កិត្តិយស​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​របស់​ព្រះ​អង្គ​ជា​ច្រើន​។

អ្នក​ម្នាង​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ក្ដុកក្ដួល​ពន់​ពេក​ក្រៃ រក​អ្វី​មក​ថ្លែង​និង​ប្រៀប​ផ្ទឹម​មិន​បាន​ឡើយ​ខ្ញុំ​ស្លុត​រន្ធត់​មែន​ទែន​ស្ទើរ​តែ​ទប់​ស្មារតី​មិន​បាន​»។ អ្នក​ម្នាង​បាន​បញ្ជាក់​ថា៖​«ព្រះ​បាទ​សម្តេច​ព្រះ​នរោត្ដម សីហនុ លោក​គឺជា​មហា​វីរ​ក្សត្រ​ដ៏​ឆ្នើម ជា​វរ​រាជ​បិតា​ឯករាជ្យ​បូរណ​ភាព​ទឹក​ដី​កម្រ​រក​ក្សត្រ​អង្គ​ណា​ប្រដូច​បាន​ឡើយ​ហេតុ​នេះ​ហើយ ខ្ញុំ​គិត​ថា​លោក​នឹង​មិន​យាង​ចោល​ទឹក​ដី​របស់​លោក​ឡើយ​ដ្បិត​តែ​ព្រះ​កាយ​លោក​លា​ទៅ​ក៏​ពិត​មែន​តែ​ព្រះ​វិញ្ញាណ​ក្ខន្ធ​របស់​ព្រះ​អង្គ​នឹង​តាម​ថែ​រក្សា​កូន​ចៅ ចៅ​ទួត ទឹក​ដី​របស់​ព្រះអង្គ​ជា​និរន្តរ៍ត​ទៅ»។

ស្រប​គ្នា​នោះ​ដែរ​តារា​ចម្រៀង​ស្រករ​ក្រោយ​នាង សុខ ស្រីនាង បាន​និយាយ​ថា៖​«ខ្ញុំ​ក៏​ដូច​ជា​ប្រជាពល​រដ្ឋ​ទាំង​អស់​សុទ្ធ​តែ​បាន​ដឹង​ថា ព្រះ​អង្គ​ជា​ក្សត្រ​អង់​អាច​ក្លាហាន ព្រះ​អង្គ​ស្រឡាញ់​ប្រជា​រាស្ត្រ ព្រះ​អង្គ​បូជា​កម្លាំង​ពលំ​យ៉ាង​ខ្លាំង​ដើម្បី​ប្រទេស​ជាតិ ប្រសិន​ជា​អាច​ខ្ញុំ​ចង់​ឲ្យ​ព្រះ​អង្គ​វិល​មក​វិញ ហើយ​ខ្ញុំ​គិត​ថា ព្រះ​អង្គ​នឹង​នៅ​តែ​បន្ត​រក្សា​កូន​ចៅ​របស់​ព្រះ​អង្គ​ជា​ដរាប​»។

ដោយ​ឡែក​តារា​សម្ដែង​ល្បី​លោក ទេព រិនដារ៉ូ បាន​ថ្លែង​ក្នុង​សំនៀង​រដិប​រដុប​បែប​ទួញ​សោក​ថា លោក​និយាយ​អ្វី​មិន​ចេញ​ទេ​។ លោក ទេព រិន​ដារ៉ូ បាន​បញ្ជាក់​ថា លោក​ធ្លាប់​បាន​ថត​សម្តែង​ភាព​យន្ត​ថ្វាយ​ព្រះ​អង្គ​បាន​ជា​ច្រើន​រឿង ហើយ​គ្រប់​ខ្សែ​រឿង​របស់​ព្រះ​អង្គ​នោះ ទ្រង់​ជា​អ្នក​សរសេ​រសាច់​រឿង​និង​ដឹកនាំ​ដោយ​ស្នា​ព្រះហស្ត​ផ្ទាល់​តែ​ម្ដង។​នោះ​មាន​ន័យ​ថា ព្រះ​អង្គ​ក៏​ស្ថិត​នៅ​ក្នុង​ព្រះ​រាជ​សកម្មភាព​ថត​ផ្ទាល់​ហាល​ក្តៅ​ហាល​ភ្លៀង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ទ្រង់​បែរ​ជា​គិត​គូរ​ពី​សុខ​ទុក្ខ​របស់ តួ​ជា​និច្ច។ លោក ទេព រិនដារ៉ូ​បាន​រំឭក​ថា៖​«រហូត​មាន​ពេល​ខ្លះ​ព្រះ​អង្គ​សួរ​ខ្ញុំ​ថា​កូន​ដារ៉ូ​ហត់​នឿយ​ទេ បើ​កូន​ហត់​នឿយ​សម្រាក​សិន​ទៅ​សុខភាព​កូន​ល្អ ទើប​បិតា​សប្បាយ​ចិត្ត​»។

តារា​សម្តែង​ជើង​ចាស់​រូប​នេះ​បាន​បន្ថែម​ថា៖ «ទ្រង់​មិន​មែន​យក​ព្រះ​ហឫទ័យ​យក​ចិត្ត​ទុក​ដាក់​តែ​ចំពោះ​លោក​តែ​ម្នាក់​ទេ​នោះ​គឺ​លោក​តែង​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ចំពោះ​តួឯ​ទៀត​ដូច​ជា​ខ្ញុំ​ដែរ។ ទ្រង់​ក៏​តែង​ប្រទាន​នូវ​គ្រឿង​ឥស្សរិយយស​មក​ឲ្យ​តារា​ដែល​មាន​ទេព​កោសល្យ និង​ស្នាដៃ​សម្តែង​ផង​ដែរ​»។

រីឯ​ប្រធាន​សមាគម​សិល្បៈ​ជំនាន់​ទី៣ លោក សុះ ម៉ាច បាន​ឲ្យ​ដឹង​ថា៖​«ដ្បិត​តែ​រូប​ខ្ញុំ​មិន​សូវ​មាន​អនុស្សាវរីយ៍​ជាមួយ​ព្រះ​អង្គ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោក​សង្រេង​ជា​ពន់​ពេក​រក​អ្វី​មក​ប្រៀប​ប្រដូច​មិន​បាន​ឡើយ​»។

ពិធីករ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ លោក សុខ សេរី​វឌ្ឍនា បាន​និយាយ​ថា៖​«​ភាព​ក្តុក​ក្តួល​របស់​កូន​ចៅ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ទេ ពេល​ដែល​កូន​ចៅ​បាន​ឃើញ​រាល់​ស្នា​ព្រះ​ហស្ត ក្នុង​ការ​ស្ថាបនា​ជាតិ​កន្លង​មក​! កូន​ចៅ​ទាំង​អស់​នៅ​តែ​ចង​ចាំ​ព្រះ​អង្គ​គ្រប់​ពេល​វេលា​! សូម​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​អង្គ យាង​ទៅ​សោយ​សុខ​នៅ​សុគ​តិភព កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។

តារា​សម្តែង និង​ជា​ពិធី​ការិនី​នាង សូ ដា​នីតា បាន​និយាយ​ថា៖​«​យើង​ខ្ញុំ​ជា​កូន​ជា​ចៅ ចៅ​ទួត​កំពុង​តែ​មាន​ទុក្ខ នឹក​ស្រណោះ​ដល់​ព្រះ​ភក្ត្រ​ព្រះ​អង្គ​ជា​ខ្លាំង សូម​ព្រះវិញ្ញាណ​ក្ខន្ធ​របស់​ព្រះ​អង្គ​យាង​ទៅ​កាន់​បរម​សុខ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ យើង​ខ្ញុំ​កូន​ចៅ​ស្រឡាញ់​ព្រះ​អង្គ»៕

No comments:

Post a Comment

I like Blogger