សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 31, 2013

សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ការពារ​ក្បួន​ដង្ហែ​និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព

Thursday, 31 January 2013 វង្ស សុខេង និង​ Shane Worrell From The Phnom Penh Post
130131_03a ព្រះ​ទីនាំង​​ដែល​ត្រៀម​សម្រាប់​ការ​ដង្ហែ​ព្រះ​បរម​សព​​ នៅ​តាម​ផ្លូវ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ កាល​ពី​ម្សិល​មិញ​​​។ រូបថត ហេង ជីវ័ន
 
ភ្នំពេញៈ មន្រ្តី​រដ្ឋាភិបាល​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បទ​ពិសោធ​ពី​សោកនាដកម្ម​ជាន់​គ្នា​ នៅ​កោះ​ពេជ្រ កាល​ពី​ឆ្នាំ​២០១០ បាន​បង្កើត​ការ​ត្រៀម​សុវត្ថិភាព​ សម្រាប់​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរមសព​ព្រះ​មហា​វីរក្សត្រ​នរោត្តម សីហនុ រយៈ​ពេល៤​ថ្ងៃ ដែល​រំពឹង​ថា​នឹង​ទាក់​ទាញ​មនុស្ស​១,៥ លាន​នាក់ មក​ចូល​រួម​តាម​ផ្លូវ​រាជធានី។
ប៉ុន្តែ​ថា តើ​អាជ្ញាធរ​មាន​បំណង​បញ្ចៀស​គ្រោះ​ថ្នាក់ ដូច​ជា ​គ្រោះ​ថ្នាក់​ស្លាប់​មនុស្ស ៣៥៣ នាក់ ក្នុង​អំឡុង​ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១០ នោះ ​ដោយ​របៀប​ណា គឺជា​សេចក្តី​លម្អិត​មួយ ដែល​មន្រ្តី​ជាន់​ខ្ពស់​ ពុំ​បាន​បក​ស្រាយ​ច្បាស់​លាស់​ឡើយ។ ​ដោយ​គ្មាន​សេចក្តី​លម្អិត​ទាំង​នេះ ​នគរបាល ទាហាន និង​ក្រុម​គ្រូ​ពេទ្យ បាន​ប្រចាំ​ការ​តាម​ផ្លូវ​ក្បែរ​ព្រះ​បរម​រាជវាំង​កាល​ពី​ម្សិល​មិញ​ បាន​បង្ហាញ​អំពី​ការ​ហ្វឹកហាត់ និង​ការ​អប់រំ ដែល​ពួក​គេ​បាន​ឆ្លង​កាត់ ចាប់​តាំង​ពី​សម្តេច​ឪ​សោយទិវង្គត​ក្នុង​ជន្មនាយុ​៩០ ព្រះ​វស្សា​នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា។
សមាជិក ម្នាក់ ក្នុង​អង្គភាព​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា៖ «​យើង​នឹង​ឈរ​ជើង​គ្រប់គ្រង​ហ្វូង​មនុស្ស និង​បញ្ជា​ពួក​គេ ទៅ​ទិស​ដៅ​ជា​កំណត់ ប្រសិន​បើ​ជន​ណា​ម្នាក់​ ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ត្រូវ​គេ​ជាន់​។ យើង​មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានការណ៍​ដែល​កើត​ឡើង​បាន»។​

មន្រ្តី​ម្នាក់​នេះ​ ជា​មនុស្ស​ម្នាក់ ស្ថិត​ក្នុង​ចំណោម​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រហែល ១២០០០ នាក់ ​ដែល​នឹង​ដើរ​ល្បាត​លើ​វិថី​ក្នុង​រាជ​ធានី​ភ្នំពេញ​​ រាប់​ទាំង​ផ្លូវ​ប្រវែង​ ៦ គីឡូម៉ែត្រ សម្រាប់​ពិធី​ដង្ហែ នៅ​ថ្ងៃ​សុក្រ​ផង​ដែរ។ លោក​បាន​លើក​ឡើង​ថា៖ «យើង​បាន​ហ្វឹក​ហាត់​ភ្លាមៗ បន្ទាប់​ពី​សម្តេច​ឪ សោយ​ទិវង្គត។ យើង​មាន​ទំនុក​ចិត្ត​ថា​ យើង​មាន​ជំនាញ​គ្រប់គ្រាន់​ប្រឆាំង​ភេវរករ ផងដែរ...ព្រោះ​យើង​មាន​បទ​ពិសោធ​ល្អ ក្នុង​ការ​ការពារ​មេ​ដឹក​នាំ​អាស៊ាន ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ឆ្នាំ​មុន»។
សមាជិក អង្គភាព​ ប្រឆាំង​ភេវកម្ម នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​ចូល​រួម​ហ្វឹកហាត់​ល្បាត​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ បាន​ថ្លែងថា លោក​នឹង​កាន់​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ផលិត​នៅ​ចិន​ដែល​បាញ់​ចេញ ១០០ គ្រាប់​ក្នុង​មួយ​នាទី។
នៅ​ពេល​សួរ​ថា​ តើ​ក្នុង​ស្ថានការណ៍​ណា​ ដែល​លោក​នឹង​បាញ់​កាំភ្លើង​នោះ លោក​បាន​ឆ្លើយ​តប​ថា ​លោក​ត្រូវ​បាន​ថ្នាក់​លើ​បញ្ជា​«ឲ្យ​ឃ្លាំ​មើល​សកម្មភាព​ភេវរករ ហើយ​ជួយ​សង្គ្រោះ​ហ្វូង​មនុស្ស ប្រសិន​បើ​ចាំ​បាច់​»។ លោក​បាន​បន្ថែម​ថា ការ​វាយ​ប្រហារ​បែប​នោះ​ ពុំ​អាច​កើត​ឡើង​ទេ។
មន្រ្តី​នគរបាល​ដែល​ដើរ ​ល្បាត​នៅ​ព្រះ​បរម​រាជ​វាំង​ បាន​ថ្លែង​ថា ​ការ​ការ​ពារ​សន្តិសុខ ត្រូវ​បាន​កំណត់​លម្អិត​រួច​ហើយ ប៉ុន្តែ​លោក​មិន​រៀបរាប់​លម្អិត​ឡើយ។
អ្នក​បើក​បរ​រថយន្ត​សាមុយ​ម្នាក់​ឈរ​ជើង​ក្បែរ​នោះ ​ដែល​ជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត ២៥ គ្រឿង​ដែល​ក្រសួង​សុខាភិបាល​ នឹង​ដាក់​ពង្រាយ​ក្នុង​អំឡុង​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះភ្លើង​បាន​និយាយ​ថា លោក​ត្រៀម​ខ្លួន​សម្រាប់​ការ​ហូរ​ចូល​របស់​ប្រជាជន ប៉ុន្តែ​លោក​សង្ឃឹម​ថា ​ហ្វូង​មនុស្ស​នឹង​បើក​ផ្លូវ​ក្នុង​គ្រា​អាសន្ន។
លោក​យឹម ដេត ប្រធាន​នៅ​តង់​គ្រូ​ពេទ្យ​ក្បែរ​ព្រះ​បរម​រាជវាំង ​ពី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា អាជ្ញាធរ​មាន​ផែន​ការ​បម្រុង​ ដើម្បី​ដឹក​ជញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ។ លោក​បាន​បន្ថែម​ថា៖ «​យើង​មាន​ទូក ១០ ពី​កង​នាវា ដែល​នឹង​រង់ចាំ​នៅ​បឹង​ទន្លេ​សាប​ ទល់​មុខ​ព្រះ​បរម​រាជ​វាំង។ ប្រសិន​បើ​យើង​មិន​អាច​បើក​រថយន្ត​សាមុយ​តាម​ផ្លូវ​គោក​​បាន យើង​នឹង​ដឹក​ជញ្ជូន​អ្នក​ជំងឺ​តាម​ទូក»។លោក ដេង បាន​បន្ត​ថា មន្រ្តី​សុខាភិបាល​ប្រហែល ៣០០ នាក់ ស្ថិត​ក្រោម​ការ​បញ្ជា​របស់​លោក ហើយ​បាន​ត្រៀម​ខ្លួន​ជា​ច្រើន​សម្រាប់​បញ្ហា​ប្រឈម​ខាង​មុខ។​ ​លោក​បាន​បន្ថែម​ថា៖ «​បទពិសោធ [កោះ​ពេជ្រ] ​ជាន់​គ្នា ​ជា​អ្វី​ដែល​បាន​លើក​ឡើង​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ»។
អាជ្ញាធរ​បាន រៀន​សូត្រ​ពី​សោនាកដកម្ម​នោះ និង​ពី​ការ​ដោះ​ស្រាយ​មនុស្ស ១០០ នាក់​ដែល​សន្លប់ ក្នុង​អំឡុង​ពេល​ព្រះ​បរម​សព​យាង​ត្រឡប់​ពី​ទីក្រុង​ប៉េកាំង​កាល​ពីថ្ងៃ​ ទី ១៨ ខែ​តុលា ពេល​នោះ​មនុស្ស​ប្រហែល​ ១ លាន​នាក់ បាន​ឈរ​តាម​ផ្លូវ​ពី​អាកាស​យានដ្ឋាន​ទៅ​ព្រះ​បរម​រាជ​វាំង​ដើម្បី​​សម្តែង គាវរកិច្ច។
លោក​បាន​បន្ថែម​ថា៖ «​យើង​មាន​ទំនុក​ចិត្ត​ថា យើង​នឹង​អាច​គ្រប់​គ្រង​ស្ថានការណ៍​ដែល​អាច​កើត​ឡើង​បាន​។ វា​មាន​សុវត្ថិភាព ១០០% ​ព្រោះ​យើង​បាន​ត្រៀម​លក្ខណៈ​យ៉ាង​ល្អ»។​
លោក គៀត ចន្ទថារិទ្ធ ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ថា កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​ស្ថិត​ក្រោម​បញ្ជា​របស់​ឧបនាយរដ្ឋ​មន្រ្តី ស ខេង។ លោក បញ្ជាក់​ថា៖ «​យើង​បាន​បញ្ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ស្ថាន​ការណ៍​គ្រោះ​ថ្នាក់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​សញ្ញា​បង្ហាញ​ថា​ស្ថាន​ការណ៍​គ្រោះ​ថា្នក់​អាច​កើត​មាន​ឡើយ»។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សន្តិសុខ។
ក្នុង​សុន្ទរកថា​ នៅ​កោះពេជ្រ កាល​ពី​ថ្ងៃ​ទី ២៩ ខែ មករា ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ប្រជាជន​ឲ្យ​ប្រុងប្រយ័តុ្ន ​នៅ​ក្នុង​អំឡុង​ពិធី​ដង្ហែ​ព្រះ​បរមសព​។ ​លោក​ បាន​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ​ដើម្បី​ធានា​ថា ក្បួន​ព្រះ​រាជ​ពិធី​ដង្ហែ​ទាំង​មូល​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ បញ្ហា​»៕ TK

No comments:

Post a Comment

I like Blogger