សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 25, 2013

ប៉ូលិស​បង្ហាញ​មុខក្រុម​ចោរ​ជំរិត​ធនាគារ

Friday, 25 January 2013 គឹម យុទ្ធណា From Phnom Penh Post

130125_01
​កំពង់ចាម​បាន​បង្ហាញ​មុខ​ជន​សង្ស័យ ៦នាក់​ដែល​ក្នុង​នោះ​៤នាក់ ជា​បុគ្គលិក​ធនាគារ​អេស៊ី​លីដា ពាក់​ព័ន្ធ​នឹង​អំពើ​រៀប​គម្រោង​ប្លន់​លុយ​ពី​ប៉ុស្តិ៍​សេវាកម្ម​ធនាគារ​មួយ នៅ​ក្នុង​ស្រុក​ស្ទឹង​ត្រង់ ក្រោម​រូប​ភាព​ចាប់​ជំរិត​បុគ្គលិក​គ្នា​ឯង​ធ្វើ​ចំណាប់​ខ្មាំង និង​ទារ​រក​គ្រឿង​ញៀន​ដើម្បី​បង្វែង​ដាន។
ការបង្ហាញ​មុខ ក្រុមជន​សង្ស័យ​នេះ ធ្វើ​ឡើង​កាល​ពី​ព្រឹក​ម្សិលមិញ នៅ​ស្នងការ​ដ្ឋាន​ខេត្ត ក្រោយ​ពី​កម្លាំង​ចម្រុះ​ប្រមាណ​ជាង​១០០​នាក់ រួម​ទាំង​កង​កម្លាំង​ប្រឆាំង​ភេរវកម្ម ក្រសួង​មហា​ផ្ទៃ​បាន​ចុះ​អន្តរាគមន៍​ផង បាន​ធ្វើ​ប្រតិបត្តិ​ការ​បំបែក​សម្បុក​ក្រុម​ចោរ នៅ​ពាក់​កណ្តាល​យប់​ថ្ងៃ​ពុធ នៅ​ក្នុង​ចម្ការ​កៅស៊ូ​ដ៏​ក្រាស់​ឃ្មឹក ក្នុង​ស្រុក​ស្ទឹងត្រង់។
លោក ឆាយ គឹមសុន ស្នងការ​នគរបាល​ខេត្ត​កំពង់​ចាម​បាន​ថ្លែង​ថា ការ​បង្ក្រាប​អំពើ​ប្លន់​ធនាគារ ដែល​បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ម៉ោង​នេះ គឺ​ក្នុង​បំណង​ចៀសវាង​កុំ​ឲ្យ​ជន​រង​គ្រោះ​ណា​ម្នាក់ ដែល​សង្ស័យ​ថា​«ចំណាប់​ខ្មាំង» ​ទទួល​រង​របួស​និង​ស្លាប់។ លោក​បញ្ជាក់​ថា៖ ​«យើង​បាន​ពន្យារ​ពេល គឺ​មក​ពី​យើង​ចង់​ឲ្យ​ជន​ដែល​ស្មាន​ថា ជា​ជន​រងគ្រោះ​រួច​ផុត​ពី​ការ​ស្លាប់ ប៉ុន្តែ​អ្វីៗ​ទាំង​អស់​គឺ​យើង​មិន​នឹក​ស្មាន​ថា បុគ្គលិក​ធនាគារ ដែល​គិត​ថា​ជា​ចំណាប់​ខ្មាំង​នោះ បែរ​ជា​មាន​គំនិត​អាក្រក់​បំផ្លាញ​ខ្លួន​ឯង​ទៅ​វិញ»។

លោកថា បុគ្គលិក​ធនាគារ​អេស៊ីលីដា​ចំនួន​៤​នាក់​ដែល​ជា​ជន​សង្ស័យ​មាន​ឈ្មោះ ស៊ិន គឹមថាត ភេទប្រុស អាយុ ៣៥ឆ្នាំ ជា​ប្រធាន​បេឡា​និង​ជា​មេ​ខ្លោង​ក្នុង​រឿង​ប្លន់​នេះ ស៊យ ​លីណា អាយុ ២០ឆ្នាំ ជា​ប្រធាន​ស្តីទី ទីន គុយ​ហេង ភេទ​ប្រុស អាយុ​២៩ឆ្នាំ ជា​បុគ្គលិក​ធនាគារ និង អាន ម៉ាត់​លី អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ធនាគារ។ ចំណែក ស៊ឹម តុលា ហៅ​ជែម អាយុ​២៨​ឆ្នាំ ភេទ​ប្រុស​មក​ពី​ភ្នំពេញ​ទិញ​កាំភ្លើង​ម៉ាក​កា៥៤ និង​ចូល​រួម​ផ្តល់​គំនិត​ដើម្បី​ប្លន់​ធនាគារ ហើយ​ក៏​ជា​ក្លើ​របស់ ស៊ិន គឹម​ថុន ជា​ប្អូន​បង្កើត​របស់ ស៊ិន គឹម​ថាត ដែល​ជា​មេ​ខ្លោង។
លោក ជឹម សេង​ហុង ស្នង​ការ​រង​នគរបាល​ខេត្ត​កំពង់ចាម​ដែល​បាន​រៀបចំ​សន្និសីទ​បង្ហាញ​មុខ​ជន​ សង្ស័យ​ទាំង​៦នាក់​បញ្ជាក់​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ថា ពួកគេ​ជា​ជន​ល្មើស​តែ​មួយ ក្នុង​ក្រុម​តែ​មួយ មិន​មាន​នរណា​ម្នាក់​ជា​ចំណាប់​ខ្មាំង​ទេ គឺ​ពួកគេ​រៀប​ចំ​គម្រោង​ទុក​ជា​មុន រួច​ហើយ​ធ្វើ​សកម្មភាព​ដោយ​បង្វែ​ស្ថាន​ការណ៍​មិន​ឲ្យ​សមត្ថកិច្ច​អាច​ចាប់​ ចំណុច​ពួកគេ​បាន​ឡើយ។
លោក បញ្ជាក់​ថា៖ «ពេលនេះ​វាំងនន​ត្រូវ​បាន​បើក។ នេះជា​ល្បិច​ថ្មី​របស់​ជន​សង្ស័យ ដែល​ពួកវា​ដើរ​តួ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ផង ធ្វើជា​អ្នក​ចាប់​ជំរិត​ផង និង​ធ្វើ​ជា​អ្នក​និយាយ​ចរចា​ជាមួយ​នឹង​សមត្ថកិច្ច និង​មន្ត្រី​ធនាគារ​ផង ដោយ​ប្រើ​រូប​ភាព​ប្រើ​គ្រឿង​ញៀន និង​ចាប់​ជា​ចំណាប់​ខ្មាំង តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ដែល​ពួកគេ​ចង់​បាន»។
130125_09c
ក្រុម​ជន​ល្មើស​ដែល​​រៀប​គម្រោង​ជំរិត​ប្រាក់ពី​ប៉ុស្តិ៍​សេវាកម្ម​ធនាគារ​អេស៊ីលីដា ទាំង ៦នាក់​។ រូបថត ហេង ជី​វ័ន
លោកបន្តថា ជន​សង្ស័យ ស៊ិន គឹមថាត ដែល​ជា​មេខ្លោង​ផ្តើម​គំនិត ប្លន់​ធនាគារ​បាន​សារភាព​ថា ខ្លួន​បាន​រៀប​ចំ​គម្រោង​ប្លន់​លុយ​ធនាគារ ដោយ​សារ​តែ​នៅ​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ ដូច​ជា​រក​ស៊ី​ខាតម៉ៅ​ចម្ការ​ស្វាយ​ចន្ទី ធ្វើ​ផ្ទះ​មិន​ទាន់​ហើយ​ជំពាក់​លុយ​គេ​ច្រើន ប្រពន្ធ​លេង​តុង​ទីន និង​ជំពាក់​ប្រាក់​ចង​ការ ជាដើម។
លោកបញ្ជាក់ថា៖ «ក្រុម​ជន​សង្ស័យ​សារភាព​ដែរ​ថា​ ដោយសារ​ខ្លួន​បាន​ដក​លុយ​ក្នុង​ធនាគារ​ចាយ​អស់​ជាង​២ម៉ឺន​ដុល្លារ និង​ថា នៅ​ដំណាច់​ខែ​មករា​នេះ មាន​ការ​ចុះ​ត្រួត​ពិនិត្យ​លុយ​របស់​ធនាគារ​ពី​ថ្នាក់​លើ ខណៈ​ដែល​ខ្លួន​ពុំ​មាន​លុយ​បង្គ្រប់​នោះ ទើប​បែក​គំនិត​បបួល​គ្នា​រៀបចំ​សកម្មភាព​ប្លន់​លុយ​ពី​ធនាគារ​តែម្តង»។
លោក ជឹម សេងហុង បាន​ថ្លែង​ទៀតថា ក្រុម​ចោរ​បាន​បំប៉ោង​សភាព​ការណ៍​ដើម្បី​គំរាម​ក្រុម​សមត្ថកិច្ច​ដែល​នៅ ខាង​ក្រៅ​ដូច​ជា​ការ​បំប៉ោង​ថា ក្រុមចោរ​បាន​បាញ់​សម្លាប់​គ្នា​ឯង​ក្នុង​ពេល ចរចា​ជាមួយ​សមត្ថកិច្ច និង​ម្តង​ទាមទារ​រក​ថ្នាំ​ញៀន និង​ម្តង​ទាម​ទារ​យក​លុយ នោះ​គឺ​ជា​ល្បិច​កល​របស់​ពួកគេ​ដើម្បី​«បង្វែរ» សកម្មភាព​ប្លន់​របស់​ពួកគេ​ដើម្បី​ធ្វើ​ឲ្យ​សមត្ថកិច្ច​សង្ស័យ​ថា ពួកគេ​ជា​«ជា​ក្រុម​អ្នក​ញៀន​ថ្នាំ និង​មាន​សតិ​ស្មារតី​មិន​គ្រប់​គ្រាន់»។
ទោះយ៉ាងណា លោក ជឹម សេង​ហុង ថា​នៅ​មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​ថា តើ​លុយ​ប៉ុន្មាន​របស់​ធនាគារ​ដែល​ត្រូវ​បាត់បង់ នៅ​ពេល​ដែល​ក្រុម​ជន​សង្ស័យ​បាន​យក​តាម​ខ្លួន​មួយ​ចំនួន ក្នុង​ពេល​រត់​គេច​ខ្លួន​ដោយ​ជិះ​ម៉ូតូ​នោះ។ លោក​បញ្ជាក់៖​«យើង​មិន​ដឹង​ថា មាន​លុយ​របស់​ធនាគារ​ចំនួន​ប៉ុន្មាន​ទេ ដែល​បាន​បាត់​បង់ ខណៈ​យើង​ប្រមូល​បាន​កាំភ្លើង​មួយ​ដើម និង​លុយ​ខ្លះ​ពី​ក្រុម​ចោរ​មាន​ល្បិច​កល​នេះ»។
លោក អ៊ិន ចាន់នី អគ្គ​នាយក​និង​ជា​ប្រធាន​នាយក​ប្រតិ​បត្តិ​ធនាគារ​អេស៊ីលីដា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុម​ការងារ​កំពុង​ធ្វើ​ការ​បូក​សរុប​ការ​បាត់​បង់​នោះ​ហើយ តែ​នៅ​មិន​ទាន់​ដឹង​ចំនួន​ពិត​ប្រាកដ​ប៉ុន្មាន​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ប៉ាន់​ប្រមាណ​ថា មាន​ការ​បាត់បង់​ប្រមាណ​ជា​៥​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក។
លោកបានបញ្ជាក់ថា ធនាគារ​បាន​បញ្ឈប់​ក្រុម​ជន​សង្ស័យ​ពី​ការងារ​ហើយ​បាន​រៀបចំ​បណ្តឹង​ប្តឹង​ ពួកគេ​ទៅ​កាន់​តុលាការ ដើម្បី​ចាត់​ការ​តាម​ច្បាប់។
លោកក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មាន​ព្រឹត្តិការណ៍ នេះ ធនាគារ​នឹង​ពង្រឹង​បន្ថែម​អំពី​ការ​គ្រប់គ្រង​បុគ្គលិក និង​ពង្រឹង​ការ​ដឹក​នាំ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ថែម​ទៀត។
លោកអគ្គនាយក​ធនាគារ​អេស៊ីលីដា ថ្លែង​ដែរ​ថា៖« យើង​នឹង​បង្កើន​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​គ្រប់គ្រង​ធនធាន​ មនុស្ស បង្កើន​ការ​ធ្វើ​អធិការ​កិច្ច និង​ការ​ធ្វើ​សវនកម្ម ជាដើម»។
ប៉ុន្តែ ទោះយ៉ាង​ណា លោក ជឹម សេងហុង បាន​បញ្ជាក់​ថា ជន​សង្ស័យ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​សាក​សួរ​បន្ថែម ខណៈ​ខាង​សមត្ថកិច្ច​បាន​និង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ​ពាក់​ ព័ន្ធ​ផ្សេង​បន្ថែម​ទៀត ដែល​អាច​ត្រូវ​ជា​ប្រពន្ធ​របស់​ជន​មេខ្លោង​នៃ​អំពើ​ប្លន់​នេះ​ផងដែរ។
រឿងករណី​បំភ្លៃ​ថា ជារឿង​ចាប់​ជំរិត​និង​ទារ​គ្រឿង​ញៀន ត្រូវ​បាន​ផ្អើល​ទូទាំង​ប្រទេស ដែល​សូម្បី​តែ​ឧបនាយក​រដ្ឋ​មន្ត្រី ក៏​មាន​ប្រតិកម្ម​ថា លោក​មិន​យល់​អំពី​កល​ល្បិច​របស់​ជន​ល្មើស​មួយ​ក្រុម​​នេះ​ផងដែរ។
លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ដោយ​ហួស​ចិត្ត​នឹង​ករណី​នេះ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​នគរបាល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ បាន​បញ្ចប់​ប្រតិបត្តិការ​តាម​ចាប់​ជន​ល្មើស​ត្រឹម​ម៉ោង​១២​យប់។
លោកឧប​ នាយក​រដ្ឋ​មន្ត្រី​ថ្លែង​ថា ៖ «យើង​ដោះ​ស្រាយ​ចប់​ម៉ោង​១២​យប់។ អ្នក​ទាំងបួន​សុទ្ធ​តែ​ជា​ជន​ល្មើស​ យើង​ក៏ពិបាក​យល់​ដែរ​ ដោយ​មិនដឹង​ថា ​ពួកគេ​ចង់​ធ្វើ​អីទេ»៕

No comments:

Post a Comment

I like Blogger