សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 18, 2013

អ្នក​បឹងកក់​សុំ​ឲ្យ​មេ​ដឹក​នាំ​បក្ស​ប្រជាជន​ជួយ

Friday, 18 January 2013 គឹម យុទ្ធណា Phnom Penh Post
130118_05
អ្នក​ភូមិបឹង​កក់​តវ៉ា នៅ​មុខ​ទី​ស្នាក់​ការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​ នៅ​ក្នុង​ខណ្ឌ​ចំការ​មក​កាល​ពី​ម្សិល​មិញ​។ រូបថត ស្រេង​ ម៉េង​ស្រ៊ុន​
ភ្នំពេញៈ ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ប្រមាណ​៤០ នាក់ បាន​នាំ​គ្នា​ប្រមូល​ផ្តុំ នៅ​មុខ​ស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខណ្ឌ​ចំការមន កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ដាក់​លិខិត ជូន​ថ្នាក់​ដឹក​នាំ​កំពូល​បី​រូប របស់​គណបក្ស​ដែល​កំពុង​កាន់​អំណាច​មួយ​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ បោះ​ព្រំ​ប្រទល់​ដី​១២,៤៤ ហិកតា និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

អ្នក​ភូមិ​ទាំង​នេះ បាន​អះអាង​ថា នេះ​ជា​ការ​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍ ជា​លើក​ដំបូង​របស់​ប្រជាពលរដ្ឋ​តំបន់​បឹងកក់ ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​ប្រជាជន មាន​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន សូម​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពួក​គាត់ ដែល​បាន​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ បន្ទាប់​ពី​គ្មាន​ដំណោះស្រាយ ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ របស់​រដ្ឋាភិបាល​ជាច្រើន រួម​ទាំង​សាលា​រាជធានី​ភ្នំពេញ​ដែល​អ្នក​ភូមិ​បាន​ពឹងពាក់​សូម​ឲ្យ​ជួយ​ពួក​ គាត់។
អ្នក​ស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ បាន​ថ្លែង​ថា នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់​អ្នក​ភូមិ​បឹងកក់ ដែល​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​នៅ​តំបន់​បឹងកក់​នេះ ក៏​ព្រោះ​តែ​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា គណបក្ស​ប្រជាជន ជា​គណបក្ស​កាន់​អំណាច ដឹក​នាំ​ប្រទេស​ជា​យូរ​មក​ហើយ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ មក ហើយ​គណបក្ស​មួយ​នេះ កើត​ចេញ​ពី​ការ​បោះឆ្នោត របស់​ប្រជាជន ដែល​ជា​ម្ចាស់​ឆ្នោត​ផង​ដែរ។ អ្នក​ស្រី​បន្ត​ថា ប្រជា​ពលរដ្ឋ​គិតថា គណបក្ស​ប្រជាជន ជា​គណបក្ស​មួយ​ដែល​មាន​គោល​នយោបាយ​ច្បាស់លាស់ និង​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា បម្រើ​ប្រជាពលរដ្ឋ និង​បម្រើ​ប្រយោជន៍​ប្រទេស​ជាតិ ក្រោយ​ជាប់ឆ្នោត និង​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ នៅ​ពេល​ប្រជាពលរដ្ឋ​ជួប​ប្រទះ ទើប​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់ ដែល​មាន​បញ្ហា​ជម្លោះ​ដី​ធ្លី ដោយ​សារ​ការ​អភិវឌ្ឍ រត់​មក​ពឹងពាក់​សូម​ឲ្យ​គណបក្ស​នេះ​ជួយ។ អ្នក​ស្រី​បញ្ជាក់​ថា៖«ពួក​ខ្ញុំ​ក្នុង​នាម​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច គឺ​ត្រូវ​តែ​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គាត់​ជាប់​ឆ្នោត និង​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ​ដើម្បី​ឲ្យ​គាត់​ជួយ និង​ចង់​ឲ្យ​គាត់​បង្ហាញ​ពី​សមត្ថភាព​ដោះស្រាយ និង​ការ​សន្យា​របស់​គាត់ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​គោលនយោបាយ​របស់​គណបក្ស​ពួក​គាត់​នោះ»។
ញ្ញតិ្ត​របស់​អ្នក​ភូមិ​បឹងកក់ ត្រូវ​បាន​លោក សំរិទ្ធិ សារុន ដែល​អះអាង​ថា ជា​លេខា​របស់​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន ចេញ​មក​ទទួល​យក​ដោយ​សន្យា​ថា នឹង​យក​ទៅ​ជូន​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស៕

No comments:

Post a Comment

I like Blogger