សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 25, 2013

អាជ្ញាធរ​នឹង​ពិនិត្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​សង់​ទំនប់​សេសាន

Shane Worrell និង សេន ដាវិត​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៥ មករា ២០១៣

ស្ទឹងត្រែងៈ យោង​តាម​មេ​ឃុំ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​នឹង​ចាប់​ផ្តើម​ត្រួត​ពិនិត្យ​ដី​គ្រួសារ​ប្រជា​ពលរដ្ឋ នៅ​ដើម​សប្តាហ៍​ក្រោយ ជា​ការ​ត្រៀម ដើម្បី​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ដែល​នឹង​បណ្តាល​ឲ្យ​អ្នក​ភូមិ​ប្រហែល​៥០០០ នាក់​ត្រូវ​ផ្លាស់​លំនៅ។

លោក សៀក មេគង្គ មេ​ឃុំ​ក្រែគ ក្នុង​ស្រុក​សេសាន បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​ចិន ដែល​សាង​សង់​ទំនប់​ កាល​ពី​ថ្ងៃ​អង្គារ​។ ពួក​គេ​ប្រាប់​ខ្ញុំ​ថា ពួក​គេ​នឹង​ចាប់​ផ្តើម​សិក្សា​តំបន់​នេះ​ក្នុង​ខែ​កុម្ភៈ ​ដើម្បី​ឲ្យ​ដឹង​ថា​ តើ​អ្នក​ត្រូវ​ផ្លាស់​លំនៅ​ថ្មី​មាន​ប៉ុន្មាន​។ នៅ​ពេល​ពួក​គេ​បញ្ចប់ ហើយ​ប្រជាជន​បាន​ផ្លាស់​លំនៅ​ថ្មី ទំនប់​នឹង​ចាប់​ផ្តើម​សាង​សង់»។

ក្រុមហ៊ុន Royal Group កម្ពុជា សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន Hydrolancang International Energy បាន​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា​ថា ពួក​គេ​នឹង​សាង​សង់​ទំនប់​កម្លាំង​៤០០ មេហ្គាវ៉ាត់ ក្នុង​រយៈ​ពេល​៥​ឆ្នាំ នៅ​ចំណុច​ប្រសព្វ​រវាង​ទន្លេ​សេសាន និង​ស្រែ​ពក។


ការ​អត្ថាធិប្បាយ​របស់​លោក មេគង្គ បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​អ្នក​ភូមិ និង​អ្នក​តំណាង​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា បាន​រៀបចំ​សន្និសីទ​មួយ​ កាល​ពី​ម្សិលមិញ​ថា ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី បាន​ទទួល​ព័ត៌មាន​ផ្លូវ​ការ​តិច​តួច​បំផុត​អំពី​បញ្ហា​នៃ​ការ​សង់​ទំនប់។

ក្នុង​ពិធី​ចាប់​ផ្តើម​ការ​សិក្សា​របស់​អង្គការ​លើ​ការ​ចិញ្ចឹម​ជីវិត​ របស់​ប្រជាជន​៣១៥ គ្រួសារ ​ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ដែល​ប្រឈម​នឹង​ការ​ផ្លាស់​លំនៅថ្មី ឬ​ការ​គំរាម​កំហែង​ដល់​ការ​ធ្វើ​ស្រែ និង​នេសាទ​របស់​ពួក​គេ លោក ជា សារ៉ុម អ្នក​គ្រប់​គ្រង​មជ្ឈមណ្ឌល​ព័ត៌មាន​នៅ​វេទិកា​អង្គការ​មិន​ មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បាន​ថ្លែង​ថា៖ «​ពុំ​មាន​ការ​ពិគ្រោះ​យោបល់​ពី​រដ្ឋាភិបាល​ឡើយ»។

លោក ជា សារ៉ុម បាន​បន្ត​ថា៖ « ប្រជាជន​មិន​ចង់​ផ្លាស់​ប្តូរ​លំនៅ​ទេ ពីព្រោះ​ពួក​គាត់ ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​សាង​សង់ លំនៅដ្ឋាន និង​ដាំ​ដើម​ឈើ​ហូប​ផ្លែ និង​អភិវឌ្ឍ​ភូមិ​»។

របាយការណ៍​បាន​ឲ្យ​ដឹង​ ថា សហគមន៍​ទាំង​៩ នៅទន្លេ​ខ្សែ​ទឹក​លើ និង​ខ្សែ​ទឹក​ក្រោម​ពី​ទំនប់ ពុំ ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់​អំពី​ផល​ប៉ះពាល់​របស់​វា​ឡើយ។

លោក មៀច មៀន អ្នក​សម្រប​សម្រួល​នៅ​បណ្តាញ​ការពារ​ទន្លេ​សេសាន សេកុង​និង​ស្រែពក បាន​ថ្លែង​ថា ការ​វាយ​តម្លែ​ផល​ប៉ះពាល់​បរិស្ថាន​របស់​ទំនប់ ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០០៩ បាន​ផ្តោត​លើ​តំបន់​សាង​សង់​តែ​ប៉ុណ្ណោះ។​

លោក​បញ្ជាក់​ថា​៖ «ទោះ​ជា​យ៉ាង​ណា​រដ្ឋាភិបាល​សន្មត​ថា នេះ​ជា​របាយការណ៍​ពេញ​លេញ»​។

តំណាង​មក​ពី​ក្រុមហ៊ុន Royal Group និង​ក្រសួង​ថាមពល និង​ក្រសួង​បរិស្ថាន ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​សន្និសីទ​ពី​ម្សិលមិញ តែ​ពុំ​មាន​វត្តមាន​ចូល​រួម​ទេ។

លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ចំណែក​លោក ធឹក គ្រឿនវុត្ថា អនុ​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន បាន​ថ្លែង​ថា អ្នក​បច្ចេកទេស កំពុង​វាយ​តម្លៃ​ផល​ប៉ះពាល់​ពី​ការ​សង់​ទំនប់ មុន​ពេល​រដ្ឋាភិបាល​ធ្វើ​ការ​អភិវឌ្ឍ»៕ TK

No comments:

Post a Comment

I like Blogger