សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, January 9, 2013

សហគមន៍​និង​មេ​ឃុំ​ថា​ក្រុមហ៊ុន​ឲ្យ​ដី​មក​វិញ តែ​ខាង​ក្រុមហ៊ុន​បដិសេធ

ផាក់ ​ស៊ាង​លី​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៩​ មករា ២០១៣
130109_06
ព្រៃ​ឈើ​របស់​សហគមន៍​នៅ​ខេត្ត​រតនគិរី ត្រូវ​ក្រុម​ហ៊ុន​ដីសម្ប​ទាន​ឈូស​បំផ្លាញកន្លង​មក​​​។ រូបថត សហ​ការី
 
រតនគិរីៈ ប្រជា​សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ខេត្ត​រតនគិរី​អះអាង​កាល​ពី​ម្សិលមិញ​ថា ​ក្រុម​ហ៊ុន​ជា​ច័ន្ទរិទ្ធ​បាន​បញ្ឈប់​ការ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​របស់​ជន​ ជាតិ​ចារ៉ាយ ហើយ​ប្រគល់​ដី​៣០​ហិកតា ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ឲ្យ​មក​ប្រជា​សហគមន៍​ជាង​១០០​គ្រួសារ​វិញ។​ ប៉ុន្តែអ្នក​តំណាង​ថា ខាង​ក្រុមហ៊ុន​មិន​ទាន់​សម្រេច​ទេ។
លោក សេវ ណក់​ ប្រធាន​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ស្ថិត​នៅ​ក្នុង​ភូមិ​ឡែ ឃុំ​លំជ័រ ​ស្រុក​អូរយ៉ាដាវ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ជា​ច័ន្ទ​រិទ្ធ​ បាន​ដក​គ្រឿង​ចក្រ​ចំនួន​៤​គ្រឿង​ចេញ​ពី​តំបន់​ដី​ព្រៃ​សហគមន៍​ទំហំ​៣០​ ហិកតា​ ដែល​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ការ​ឈូសឆាយ​នា​ពេល​កន្លង​មក​វិញ​ហើយ​។
លោក សេវ ណក់ បាន​ប្រាប់​ថា​៖ «ដី​ព្រៃ​សហគមន៍​យើង​ខ្ញុំ​មាន​ចំនួន​ ៤៨១​ហិកតា។ ដី​នេះ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ ហើយ​យើង​ខិត​ខំ​ថែរក្សា​ទុក​ដើម្បី​ទទួល​ផល​និង​សម្រាប់​កូន​ចៅ​ជំនាន់​ ក្រោយៗ​និង​ទុក​ជា​លក្ខណៈ​ប្រពៃណី​ផង​។ តែ​ក្រុមហ៊ុន​បាន​ឈូស​អស់​ប្រមាណ​៣០​ហិកតា​ទៅ​ហើយ​»។

ក្រុមហ៊ុន​ជា​ច័ន្ទរិទ្ធ ចាប់​ផ្តើម​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​នេះ​តាំង​តែ​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា ឆ្នាំ​មុន​មក​ម្ល៉េះ។
ប្រជា សហគមន៍​ចារ៉ាយ ចំនួន​១០៧​គ្រួសារ​ បាន​ស្វះ​ស្វែងរក​អន្ត​រាគមន៍​ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​និង​ពី សមាគម​ការពារ​សិទ្ធិ​មនុស្យ​អាដហុក​ខេត្ត​ផង​ដែរ​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយដី​តំបន់​នេះ​។
លោក សេវ ណក់​ និង​លោក សេវ ហ្វាន​ មេឃុំ​លំជ័រ បាន​ស្វាគមន៍​ចំពោះ​ការ​បញ្ឈប់​ការ​ឈូស​ឆាយ​នេះ។ ពួក​គាត់​ក៏​បាន​អះអាង​ដែរ​ថា ​ក្រុម​ហ៊ុន​ក៏​បាន​យល់​ព្រម​ប្រគល់​ដី​៣០​ហិកតា​នោះ មក​ឲ្យ​សហគមន៍​វិញ​ដែរ។
មេ​ឃុំ សេវ ហ្វាន និយាយ​ថា​៖ «យើង​បាន​ជួប​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន ​និង​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត ហើយ​ក្រុមហ៊ុន​បាន​ឲ្យ​ដី​នោះ​មក​វិញ ​ប៉ុន្តែ​ថា ​តែ​មាត់​មិន​ទាន់​មាន​ជា​លិខិត​ស្នាម​អី​ជា​ការ​បញ្ជាក់​ត្រឹម​ត្រូវ​ទេ»។
យោង កំណត់​ហេតុ​មួយ​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន ​កាល​ពី​ម្សិលមិញ​ថា ​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​ធ្នូ ឆ្នាំ​២០១២ ប្រជា​សហគមន៍​ក្រុមហ៊ុន អាជ្ញាធរ​គ្រប់​ថ្នាក់​និង​ខាង​រដ្ឋបាល​ព្រៃឈើ បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​លើ​ការ​ឈូស​ឆាយ​តំបន់​នោះ។ ក្នុង​ការ​ជួប​ពិភាក្សា​នោះ ប្រជា​សហគមន៍​បាន​សំណូពរ​ឲ្យ​ក្រុមហ៊ុន​ប្រ​គល់​ដី​ដែល​ឈូស​ឆាយ​ហើយ​ចំនួន​ ៣០​ហិកតា​នោះ ​មក​ឲ្យ​ប្រជាសហគមន៍​វិញ និង​ឲ្យ​ក្រុម​ហ៊ុន​ដាំ​ដើម​ឈើលើ​ដី​ដែល​ខ្លួន​ឈូស​ឆាយ​នោះ​ឡើង​វិញ​ ហើយ​និង​សូម​ឲ្យ​មាន​ការ​សិក្សា​លើ​ការ​កំណត់​ព្រំ​ដី​ឲ្យ​ច្បាស់​លាស់។
លើស ពី​នោះ​អង្គ​ប្រជុំ​ក៏​បាន​តម្រូវ​ឲ្យ​ភាគី​ក្រុម​ហ៊ុន​ ធ្វើ​ការជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ដែល​ពាក់ព័ន្ធ​ពី​ទីតាំង​ដែល​ក្រុម​ហ៊ុន​ត្រូវ​ធ្វើ​ការ​ឈូស ​ឆាយ​នៅ​ពេល​ខាង​មុខ​នោះ​ផង​។
តែ​ទោះ​យ៉ាង​ណា លោក ចាន់ ម៉ាប់​ តំណាង​ក្រុមហ៊ុន​ជាច័ន្ទរិទ្ធ បាន​បដិសេធ​ថា ​ក្រុមហ៊ុន​មិន​ទាន់​បាន​សម្រេច​ថា ប្រគល់​ដី​ចំនួន​៣០​ហិកតា​នោះ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ទេ។
លោក ម៉ាប់ បាន​បញ្ជាក់​ថា៖ «​វា​មិន​ទាន់​ច្បាស់​ទេ ​រឿង​ប្រគល់​ដី​ឲ្យ​វិញ​នោះ​។ វាជា​ការ​សម្រេច​របស់​ថ្នាក់​លើ​»។
រីឯ លោក​ ណាប់ ប៊ុន​ហេង អភិបាលរង​ខេត្ត​រតនគិរី​បាន​បដិសេធ​ថា ​លោក​មិន​បាន​ដឹង​ពី​ជម្លោះ​ដី​រវាង​សហគមន៍​និង​ក្រុមហ៊ុន​ជា​ច័ន្ទរិទ្ធ នោះ​ទេ៕

No comments:

Post a Comment

I like Blogger