សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 10, 2013

អ្នក​ភូមិ​ឡ​ពាង​ដាក់​បណ្តា​សា​ក្រុមហ៊ុន​​​រំលោភ​យក​ដី

Thursday, 10 January 2013 ម៉ៃ ទិត្យថារ៉ា Phnom Penh Post

130110_03
អ្នក​ភូមិ​ឡ​ពាង​ ធ្វើ​ពិធី​ដាក់​បណ្តា​សា​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​។ រូបថត អង្គ​ការ​អាដ​ហុក​

កំពង់ឆ្នាំងៈ ប្រជា​ពលរដ្ឋ​ជាង​១០០ នាក់ នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ដែល​មាន​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី​អន្តរជាតិ របស់​លោក​ស្រី ជា ខេង ​ភរិយា​ លោក​ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​រំឭក​ខួប​ ៦ ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ និង​ដើម្បី​ដាក់​បណ្តាសា​ក្រុមហ៊ុន​ដែល​បាន​រំលោភ​យក​ដី​ធ្លី​របស់​ពួក​គេ ខណៈ​ដែល​ពួក​គេ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ។

លោក រាជ ស៊ីម៉ា តំណាង​អ្នក​ភូមិឡ​ពាង បាន​មាន​ប្រសាសន៍​ថា ពលរដ្ឋ​របស់​ពួក​លោក​ ដែល​ជា​អ្នក​រងគ្រោះ ​ដោយ​សារ​ការ​បណ្តេញ​ចេញ និង​ឈូស​ឆាយ​ផ្ទះ សម្បែង​ ព្រម​ទាំង​យក​ដី​ស្រែ​របស់​ពួក​គាត់​ បាន​នាំ​គ្នា​មក​ជួប​ជុំ​គ្នា ​នៅ​ទួល​ប្រាសាទ​ដើម្បី​និមន្ត​ព្រះ​សង្ឃ ធ្វើ​ពិធី​សូត្រ​មន្ត​ រំឭក​ខួប ៦ ឆ្នាំ​ នៃ​ការ​បណ្តេញ​ចេញ​។ លោក​និយាយ​ថា​៖​«យើង​ក៏​ធ្វើ ការ​បួង​​សួង​ដល់​វត្ថុ​ស័កិ្តសិទ្ធិ​ដើម្បី​ដាក់​បណ្តាសា ដល់​ក្រុមហ៊ុន និង​ឈ្មួញ​ ដែល​បាន​យក​ដី​ស្រែ​ចម្ការ​របស់​ពួក​យើង​អស់​រយៈ​ពេល​៦​ឆ្នាំ​កន្លង​មក​។ ពួក​យើង​សម្រេច​ធ្វើ​បែប​នេះ​ដោយ​សារ​ពួក​យើង អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ ក៏​ដូច​ជា​អាជ្ញាធរ​ដែន​ដី»។


លោក បន្ត​ថា​៖​ «​យើង​ឈឺ​ចាប់​ពេក​ ទើប​ពួក​យើង​ធ្វើ​បែប​នេះ ដោយ​សារ​តែ​ការ​បណ្តេញ​ចេញ​នេះ កូន​ពលរដ្ឋ​យើង​មួយ​ចំនួន​ធំ បាន​ធ្វើ​ចំណាក​ស្រុក ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​រក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ»។​

លោក ផេង រុំ តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ បាន​ថ្លែង​ថា​ ពលរដ្ឋ​ធ្វើ​ពិធី​នេះ​ឡើង គឺ​ដើម្បី​ប្តឹង​ទៅ​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​ និង​វត្ថុស័ក្តិ​សិទ្ធិ​ឲ្យ​ដឹង​ឮរឿង​របស់​ពលរដ្ឋ​ដែល​បាន​រង​នូវ​ការ​ឈឺចាប់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ តែ​ពុំ​មាន​អាជ្ញាធរ​ណា​ អើពើ​និង​រក​ដំណោះ​ស្រាយ​ឲ្យ​នោះ​ទេ ក្រៅ​ពី​យក​តុលាការ​ មក​គំរាម​យក​ដី​ប្រជា​ពលរដ្ឋ​។ លោក​បន្ត​ថា​ ៖ «​អ្វី​ដែល​យើង​សង្ឃឹម​នោះ​ គឺថា​សំឡេង​ដង្ហោយ​ស្រេក​ឃ្លាន​រក​យុត្តិធម៌​របស់​ប្រជាជន វត្ថុ​ស័ក្តិ​សិទ្ធិ​ នឹង​ដឹង​ឮ​ហើយ​ជួយ​អន្តរាគមន៍​ដល់​ពួក​យើង​ដោយ​បន្ទន់​ចិត្ត​អាជ្ញាធរ​ ស្វែងរក​ដំណោះ​ស្រាយ​ដល់​ពួក​យើង​និង​ដាក់​បណ្តាសា​ដល់​ក្រុមហ៊ុន ក៏​ដូច​ជា​អ្នក​ដែល​ធ្វើ​បាប​មក​លើ​ពលរដ្ឋ​របស់​យើង ដែល​បាន​ទទួល​រង​ទុក្ខ​វេទនា »។​ អ្នក​ភូមិ​ក៏​ធ្វើ​ការ​បួង​សួង​ដល់​វត្ថុស័ក្តិ​សិទ្ធិ សូម​ឲ្យ​ជួយ​ការពារ​តំណាង​ពលរដ្ឋ​ម្នាក់ ​ដែល​នឹង​ឡើង​សវនាការ​ នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​១៦ មករា​ខាង​មុខ​នេះ ឲ្យ​ទទួល​បាន​យុត្តិធម៌។ លោក​គូស​បញ្ជាក់​ទៀត​ថា៖ «​ពិធី​នេះ​ ទោះ​បី​ជា​ទទួល​បាន​ផល ឬ​ក៏​មិន​បាន​ផល​ ក៏​ជា​ការ​លួង​ទឹក​ចិត្ត​ពួក​យើង​ ឲ្យ​ខំ​ប្រឹង​ប្រែង​ងើប​តស៊ូ​បន្ត​ទៀត​»។

ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ រវាង​ប្រជាជន និង​ក្រុមហ៊ុន KDC ដែល​បាន​ឈូស​ឆាយ​ដី​អ្នក​ភូមិ​ជាង​១៤០ ហិកតា បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០០២ ហើយ​បាន​ផ្ទុះ​រឹត​តែ​ធំ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៦​ នៅ​ពេល​ដែល​ប្រជាជន​ចំនួន​១៣ ​នាក់​បាន​រង​នូវ​ការ​ចោទ​ប្រកាន់ ពី​បទបរិហារកេរ្តិ៍ និង​រំលោភ​ដី​មាន​កម្មសិទ្ធិ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មាន​ពលរដ្ឋ​ម្នាក់​ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។

លោក ថៃ ហ៊ី តំណាង​ក្រុមហ៊ុន​ ខេឌីស៊ី​ អន្តរជាតិ ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​ទូរស័ព្ទ​រោទ៍​ជា​ច្រើន​លើក តែ​ពុំ​មាន​អ្នក​ទទួល​។

យោង​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០១២ កន្លង​មក បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់ មាន​ប្រជាពលរដ្ឋ​ ដែល​មាន​ជម្លោះ​ដីធ្លី នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ បាន​ធ្វើ​ការ​បួងសួង​ដើម្បី​ស្វែងរក​យុត្តិធម៌​ និង​ដាក់​បណ្តាសា​ដល់​ក្រុមហ៊ុន​ដែល​បាន​រំលោភ​បំពាន​យក​ដី​ធ្លី​ ផ្ទះ​សម្បែង​របស់​ពួក​គេ​ចំនួន​១៨ លើក។

លោក សំ ច័ន្ទគា មន្ត្រី​សម្រប​សម្រួល សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ថា៖ «សកម្មភាព​របស់​ពលរដ្ឋ​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ ពលរដ្ឋ​អស់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ ក៏​ដូច​ជា​យន្ត​ការ​ដោះស្រាយ​វិវាទ​ដី​ធ្លី​របស់​អាជ្ញាធរ​។ នេះ​គឺ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ប្រ​សិន​បើ​រាជ​រដ្ឋាភិបាល ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​ចំណុច​នេះ»៕

No comments:

Post a Comment

I like Blogger