សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, January 25, 2013

ហេតុ​អ្វី​បាន​ជា​ផ្លូវ​ថ្នល់​នៅ​ស្រុក​ខ្មែរ​ធ្វើ​ជាប់​ជាង​គេ?

Friday, 25 January 2013 ចំប៉ា រង្ស៊ី From Phnom Penh Post
130125_02
កំណាត់​ផ្លូវ​ជាតិ​លេខ ៦ អា នៅ​ម្តុំ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្តាល​ កំពុង​ត្រូវ​បាន​ស្ថាប​នា​​ពង្រីក​ឲ្យ​ធំ​ជាង​មុន​។ រូបថត ហុង មិនា​

ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ក្នុង​អាណត្តិ​ដឹក​នាំ​ដោយ​លោក​រដ្ឋ​មន្ត្រី ត្រាំ អ៊ីវតឹក ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្មាន​ការ​ដឹក​នាំ​ឲ្យ​មាន​ការ​ជឿន​លឿន​ទៅ​មុខ​ទេ​។ របៀប​ដឹក​នាំ​របស់​គាត់ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ជិះ​សេះ​មើល​ផ្កា​ក្នុង​សួន​ច្បារ​។ គាត់​ដឹក​នាំ​ពាក់​វ៉ែន​តា ស ងើយ​លើ​ មើល​រំលង​ថ្នាក់​ក្រោម​រហូត​ដើរ​លើ​ផ្លូវ​ថ្នល់​មិន​ដឹង​ផ្លូវ​ខូច​រាល់​ ថ្ងៃ​។

អ្នក​តាម​ដាន​ប្រចាំ​ការ​ឃ្លាំ​មើល​ក្រសួង​នេះ​ បាន​មើល​ឃើញ​ថា កំណាត់​ផ្លូវ​ថ្នល់​ចាក់​កៅស៊ូ​ជាច្រើន​កន្លែង រាប់​ទាំង​ផ្លូវ​ក្នុង​ក្រុង ទីរួម​ខេត្ត​នានា​ស្ទើរ​ខូច​ខាត​អស់​ រង​នូវ​ការ​ពិបាក​ធ្វើ​ចរាចរណ៍ ហើយ​មិន​ឃើញ​មាន​ការ​ជួស​ជុល​ថែទាំ​ឲ្យ​បាន​ឆាប់​នោះ​ទេ។ មធ្យោបាយ​ធ្វើ​ចរាចរណ៍ កាន់​តែ​ច្រើន​មមាញឹក​ ការ​ខូច​ខាត​ផ្លូវ កាន់​តែ​រីក​ធំ​ឡើង​ឆាប់​រហ័ស​។

ការ​ខូច​ខាត​ផ្លូវ​ថ្នល់​ទាំងឡាយ​ ត្រូវ​បាន​មន្ត្រី​ក្រសួង​ភាគ​ច្រើន​ ឆ្លើយ​ដាក់​ថា មក​ពី​គ្រោះ​ទឹក​ជំនន់ ​ដើម្បី​ឲ្យ​ស្រាល​បន្ទុក​ដែល​ក្រសួង​ទទួល​ខុស​ត្រូវ​។ តែ​ធាតុ​ពិត ​ក្រសួង​មិន​បាន​ចាត់​ទុក​​ថា ខ្លួន​ឯង​គឺជា​អ្នក​ធ្វើ​ផ្លូវ​ ឬ​ជួស​ជុល​ថែទាំ​ផ្លូវ​ ដែល​គ្មាន​គុណភាព​នោះ​ទេ​។ មួយ​ផ្នែក​ទៀត​មន្ត្រី​ក្រសួង ឆ្លៀត​ឱកាស​ ចោទ​ប្រកាន់​ថា មក​ពី​ការ​ដឹក​ទំនិញ​លើស​ចំណុះ​របស់​រថយន្ត​ក្រុមហ៊ុន​មួយ​ចំនួន​តូច បណ្តាល​ឲ្យ​ខូច​ផ្លូវ​ថ្នល់​យ៉ាង​ឆាប់​រហ័ស​។


តាម​ប្រភព​ពី​មន្ត្រី​ ក្រសួង ​តែង​និយាយ​ដោយ​លាក់​លៀម​ និង​ប្រើ​ពាក្យ​ជា​ចំអក​ថា បើ​ចង់​ធ្វើ​​ផ្លូវ​ ឬ​ជួស​ជុល​ផ្លូវ ឲ្យ​ជាប់​បាន​យូរ​ឆ្នាំ លុះត្រា​តែ​មាន​លុយ​គ្រប់គ្រាន់ សម្រាប់​ទិញ​វត្ថុធាតុ​ដើម ឲ្យ​បាន​គ្រប់​តាម​ស្តង់ដារ​ ទើប​អាច​ធ្វើ​ផ្លូវ​ជាប់​បាន​យូរ​។ លោក ត្រាំ អ៊ីវតឹក ខ្លួន​ឯង ​ធ្លាប់​និយាយ​ទទួល​ស្គាល់​គេ​រិះគន់ និង​ចំអក​ជា​ញឹកញាប់​ថា តើ​ប្រទេស​ណា​ធ្វើ​ផ្លូវ​ជាប់​ជាង​គេ? គឺ​មាន​តែ​កម្ពុជា​ទេ​ក្នុង​លោក​នេះ​ ធ្វើ​ផ្លូវ​ជាប់​ជា​ប្រចាំ​។ គឺ​ធ្វើ​ជាប់​ជា​ប្រចាំ ធ្វើ​រាល់​ខែ រាល់​ឆ្នាំ​....។ នៅ​ប្រទេស​គេ គេ​ធ្វើ​ផ្លូវ​តែ​ម្តង​ជាប់​រហូត។ គេ​ចំអក​ឲ្យ​ប៉ុណ្ណឹង​ហើយ គ្មាន​មន្ត្រី​ថ្នាក់​ដឹក​នាំ​ក្រសួង​ណា​ម្នាក់​ ឈឺ​ក្បាល​វិល​មុខ​អំពី​រឿង​ផ្លូវ​ខូច​នោះ​ទេ​។ តាម​ប្រភព​ស្និទ្ធ​នឹង​អ្នក​រត់​ការ​ ឡើង​គម្រោង​សុំ​លុយ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​ក្រសួង​នេះ បាន​និយាយ​ឲ្យ​ដឹង​ថា ពេល​ផ្លូវ​ខូច​ ឡើង​គម្រោង​ធ្វើ​របាយការណ៍​ស្នើ​ថវិកា​ម្តងៗ ឬ​ឡើង​គម្រោង​ស្នើ​លុយ​ប្រចាំ​ឆ្នាំ​ម្តង​ៗ​ គឺ​លុយ​កញ្ចប់​ ដែល​បាន​មក​ម្តងៗ ត្រូវ​បាន​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​កាត់​យក​អប្បហារ​ស្ទើរ​អស់​។ ការ​កាត់​អប្បហារ​នេះ​ មាន​តាំង​ពី​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែល​ទទួល​កាន់​គម្រោង​ផ្លូវ​ថ្នល់។ ការ​កាត់​អប្បហារ​នៅ​រតនាគារ​ជាតិ​ក៏​មាន។ មក​ដល់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ក៏​លោក​រដ្ឋ​មន្ត្រី​កាត់​អប្បហារ​ថែម​ទៀត​។ លោក​អគ្គនាយក កឹម បូរី ដែល​ជា​វិស្វករ​សំណង់​នោះ​ ក៏​កាត់​អប្បហារ ក្នុង​កញ្ចប់​លុយ​នេះ​ដែរ ដល់​អាជ្ញាធរ​ខេត្ត ​ក៏​កាត់​មួយ​ភាគ​ទៀត​ឲ្យ​ទៅ​ចៅហ្វាយ​ខេត្ត​ថែម​ទៀត​។ តើ​កញ្ចប់​លុយ​ ដែល​ឡើង​គម្រោង​ម្តង​ៗ​ត្រូវ​កាត់​អប្បហារ​អស់​ប៉ុន្មាន​ ហើយ​នៅ​សល់​លុយ​ចំនួន​ប៉ុន្មាន​ សម្រាប់​យក​ទៅ​ធ្វើ​ និង​ជួសជុល​ផ្លូវ​ថ្នល់​បាន​ជាប់​លាប់​ល្អ​? វា​គ្មាន​អី​ជាប់​ទេ បើ​លុយ​កញ្ចប់​គម្រោង​នីមួយ​ៗ ​កាត់​អប្បហារ​ចែក​គ្នា​អស់​ហើយ​នោះ​។ ជា​ឧទាហរណ៍​៖ ក្នុង​កញ្ចប់​លុយ​គម្រោង​​ចំណាយ​អស់​១​លាន​រៀល​បើ​កាត់​អប្បហារ​អស់​ប្រមាណ ពី ៥០​ទៅ​ ៦០ ភាគរយ​ទៅ​ហើយ​នោះ តើ​នៅ​លុយ​ប៉ុន្មាន​ សម្រាប់​ធ្វើ​ផ្លូវ​ឲ្យ​ជាប់​នោះ​? នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​តូច​ប៉ុណ្ណោះ​។ នៅ​មាន​គម្រោង​ធំៗ​ជា​ច្រើន​ទៀត​ ដែល​សុទ្ធ​តែ​មន្ត្រី​អស់​ហ្នឹង កាត់​អប្បហារ​ទាំង​អស់​។

លោក ត្រាំ អ៊ីវតឹក ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​ថា ជា​មេ​ដឹក​នាំ​អត់​ចេះ​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ណា​ទាំង​អស់​។ កូន​ចៅ​ណា​កាន់​គម្រោង​ធ្វើ​ផ្លូវ​ ឬ​គម្រោង​ជួស​ជុល​កំណាត់​ផ្លូវ​ណា​ ត្រូវ​តែ​យក​កញ្ចប់​លុយ​មួយ​ចំនួន​ទៅ​សែន​ឲ្យ​គាត់​ជា​ដរាប​។ ថ្នាក់​ក្រោម​ខ្លះ​បែក​បាក់​គ្នា​ក៏​មិន​ខ្វល់ ថ្នាក់​ក្រោម​ខ្លះ​អត់​ស៊ី ថ្នាក់​ក្រោម​ខ្លះ​ពុករលួយ​ក៏​គាត់​អត់​ដោះ​ស្រាយ​អ្វី​ទាំង​អស់​។ ការ​ធ្វើ​ផ្លូវ​ស្ពាន​ទាំង​ឡាយ​ គឺ​ក្រសួង​នេះ ​ពឹង​តែ​ជំនួយ​ពី​បរទេស​ទាំង​អស់​។ ជា​រដ្ឋ​មន្ត្រី​ គ្មាន​គំនិត​ច្នៃ​ប្រឌិត​ ចាំ​តែ​យក​លុយ​ពី​អប្បហារ​របស់​គម្រោង​។ ការងារ​ផ្លូវ​ច្បាប់ បទ​ដ្ឋាន​ គតិយុត្ត គឺ​លោក​រដ្ឋ​មន្ត្រី អត់​ធ្វើ​បាន​អ្វី​ទាំង​អស់​។ ច្បាប់​នានា ដូច​ជា​ ច្បាប់​ផ្លូវ​ទឹក ច្បាប់​ផ្លូវ​ថ្នល់ ច្បាប់​ដឹក​ជញ្ជូន​។ល។ គឺ​គាត់​អត់​យក​ចិត្ត​ទុក​ដាក់​អ្វី​ទាំង​អស់​។ បើ​គ្មាន​លុយ​ពី​ម្ចាស់​ជំនួយ ​គឺ​ផ្លូវ​ថ្នល់​ ស្ពាន​ធ្វើ​អត់​ចេញ​ទាំង​អស់ ហើយ​ក៏​មិន​ចេះ​កៀរគរ រក​ប្រភព​ជំនួយ​ថែម​ទៀត​ផង​។ ជា​រដ្ឋមន្ត្រី​ អត់​ចេះ​ជួយ​យក​អាសា​ទាំង​អស់​។ ចង់​អ្នក​ណា​ស្លាប់ ចង់​អ្នក​ណា​អត់ស៊ី​ក៏​អត់​ទៅ​ អត់​ខ្វល់​ឈឺ​ឆ្អាល​ពី​អ្នក​ណា​ទាំង​អស់​។ នេះ​ហើយ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង ដឹក​ជញ្ជូន​។ យូរ​ៗ​ទៅ​ ក្រសួង​នេះ ​អត់​មាន​តួនាទី​ ភារកិច្ច របស់​ក្រសួង​ហើយ​ គឺ​នៅ​សល់​តែ​ផ្លូវ​ថ្នល់​មួយ​គត់​ ដែល​ក្រសួង​នេះ ​ជា​អាណា​ព្យាបាល​ផ្តាច់​មុខ​។ ផ្លូវ​​អាកាស​ត្រូវ​​គេ​បេះ​យក​បាត់​។ ផ្លូវ​ទឹក​ទុក​ចោល​ក៏​អត់​ធ្វើ​ការងារ​។ ការ​គ្រប់​គ្រង​យានយន្ត ការ​គ្រប់​គ្រង​ផ្នែក​ឯកជន គឺ​កម្សោយ​ជា​ទី​បំផុត។ គ្រាន់​តែ​ធ្វើ​ការ​ទប់​ស្កាត់​ឡាន​ដឹក​ទំនិញ​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ក៏​ស្ទើរ​តែ​ធ្វើ​មិន​កើត​ផង​៕ CC

ដោយ ចំប៉ា រង្ស៊ី

No comments:

Post a Comment

I like Blogger