សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, January 31, 2013

កម្មករ​៦​នាក់​ចូល​សវនាការ​ករណី​ក្រុមហ៊ុន​ប្តឹង

Thursday, 31 January 2013 មុំ គន្ធា From The Phnom Penh Post
130131_05
កម្មករ​ឈរតវ៉ា​ នៅ​​ខាង​មុខ​សា​លា​ដំបូង​រាជ​ធានី​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​។ រូបថត ម៉េង​ស្រ៊ុន

ភ្នំពេញៈ កម្មករ​ចំនួន ៦ នាក់ ​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(ស៊ីខៅឌូ) កាល​ពី​ម្សិលមិញ បាន ​ចូល​ខ្លួន​ទៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ សំណុំ​រឿង​ដែល​ថៅកែ​ក្រុមហ៊ុន Golden Gain Shoe បាន​ប្ដឹង​ពួក​គេ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​ដោយ ចេតនា​ដែល​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​កាល​ពី​ពេល​កន្លង​មក​។

សវនាការ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​កម្មករ​ប្រមាណ​៥០​នាក់​កាន់​បដា​ឈរ​តវ៉ា នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក​ចៅក្រម ហេង ​សុខណា បាន​ថ្លែង​ថា លោក​បាន​សួរ​ចុង​ចោទ​ និង​សាក្សី​រួច​ហើយ ព្រម​ទាំង​តំណាង​ដើម​ចោទ​ រួម​មាន​ សាក្សី​ ៥​ នាក់ របស់​ពួក​គេ នៅ​ក្នុង​សវនាការ​រយៈ​ពេល​ប្រមាណ​៥ ម៉ោង​កាល​ពី​ម្សិលមិញ។ លោក​បន្ត​ថា៖«​ដើម​ចោទ​ បាន​ចោទ​ប្រកាន់​ចុង​ចោទ​ ដែល​បាន​ធ្វើ​កូដ​កម្ម​ខុស​ច្បាប់​ ធ្វើ​ឲ្យ​ខាត​បង់​ផល​ប្រយោជន៍​ក្រុមហ៊ុន​ដ៏​ច្រើន​ តែ​ចុង​ចោទ​ បាន​បដិសេធ​ពី​អ្វី​ដែល​ដើម​ចោទ​បាន​និយាយ​»។ លោក ​សុខណា ​បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​បាន​សួរ​ពួក​គេ​រួច​ហើយ ហើយ​ខ្ញុំ​មាន​ឯកសារ​ជា​ច្រើន​ ទាក់ទង​នឹង​ករណី​នេះ​ ដែល​ខ្ញុំ​ត្រូវ​អាន​វា​បន្ថែម​ទៀត។ ដូច្នេះ​ខ្ញុំ​មិន​ទាន់​អាច​កំណត់​កាល​បរិច្ឆេទ​ការ​ប្រកាស​សាលក្រម​នេះ​ នៅ​ឡើយ​ទេ។ ខ្ញុំ​នឹង​ជូន​ដំណឹង​ដល់​ពួក​គេ​នៅ​ពេល​ក្រោយ​ទៀត»។


លោក នង មានន់ តំណាង​ក្រុមហ៊ុន Golden Gain Shoe ​និង​ជា​មេ​ធាវី​ការពារ​ក្ដី ឲ្យ​ក្រុម​ហ៊ុន​នេះ​ បាន​មាន​ប្រសាសន៍​ពី​ថ្ងៃ​ម្សិលមិញ​ថា ដើម​ចោទ​គឺ​លោក ស៊ា សៀនហុង ដែល​មិន​​មាន​វត្តមាន​នៅ​ក្នុង​តុលាការ​ បាន​ប្ដឹង​កម្មករ​៦​នាក់​ ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​ (ចង្វាក់​ផលិតកម្ម) ​ និង​ទារ​សំណង​ខូច​ខាត​ចំនួន​១៥​ម៉ឺន​ដុល្លារ​ និង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥ម៉ឺន​ដុល្លារ​។ លោក​បាន​ថ្លែង​ថា៖«​ពួក​គេ បាន​ធ្វើ​ការ​តវ៉ា​ ដោយ​គ្មាន​ផ្តល់​ដំណឹង​ប្រាប់​ក្រុម​ហ៊ុន​ ឬ​ក៏​ធ្វើ​ការ​ចរចា​ជាមួយ​ថៅ​កែ​ដើម្បី​រក​ដំណោះស្រាយ ​មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​ការ​តវ៉ា​នេះ​ទេ​។ ដូច្នេះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ គឺ​ប្រាស​ចាក​ពី​ច្បាប់​ការងារ​»។ ​លោក នង មានន់ ​បាន​ថ្លែង​ថា កម្មករ​ គួរ​តែ​រក​ដំណោះ​ស្រាយ​ឲ្យ​អស់​ពី​លទ្ធភាព ជាមួយ​នឹង​ថៅកែ​របស់​ខ្លួន​មុន​ពេល​ពួក​គេ​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម ដូច្នេះ​។ លោក​មេធាវី​បាន​បន្ត​ថា៖«​ក្រុមហ៊ុន បាន​ខាត​បង់​ប្រាក់​ចំនួន​ជាង ៣ លាន​ដុល្លារ​ នៅ​ពេល​កម្មករ​បាន​ធ្វើ​ការ​តវ៉ា ប្រហែល​មួយ​សប្ដាហ៍ តែ​ក្រុមហ៊ុន បាន​ទារ​ចំណង​ចំពោះ​ការ​ខូច​ខាត​នេះ​ត្រឹម​តែ​២០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​»។

លោក បាន​បន្ត​ថា ចង្វាក់​ផលិតកម្ម​របស់​ក្រុម​ហ៊ុន​បាន​ជាប់​គាំង ​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ ដល់​ការ​ផលិតផលិត​ផល​ ទៅ​ឲ្យ​អតិថិជន​ ហើយ​អតិថិជន​ខ្លះ​ បាន​លុប​ចោល​ការ​បញ្ជា​ទិញ​។ នេះ​ជា​មូល​ហេតុ ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ខាត​បង់​។

កម្មករ​ជាង​៤០០ នាក់​ នៅ​ឯ​ក្រុម​ហ៊ុន​ Golden Gain Shoe បាន​ធ្វើ​ការ​តវ៉ា​មួយ​សប្ដាហ៍​ កាល​ពីខែ​កក្កដា​ឆ្នាំ​មុន ​បន្ទាប់​ពី​ក្រុម​និយោជក​បង្ខំ​ឲ្យ​ពួក​គេ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង​ និង​ប្រើ​ពាក្យ​សម្ដី​ក្នុង​លក្ខណៈ​ជេរ​ប្រមាថ​ដាក់​ពួក​គេ​ បើ​សិន​ពួក​គេ​បដិសេធ​មិន​ធ្វើ​ការ​ថែម​ម៉ោង​។​ ការ​តវ៉ា​នៅ​មុខ​រោង​ចក្រ នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នេះ កម្មករ បាន​ទាមទារ​លក្ខខណ្ឌ​ការងារ​បន្ថែម​១៦ ចំណុច​។ មួយ​ខែ​ក្រោយ​មក​ថៅកែ​ក្រុមហ៊ុន បាន​ប្ដឹង​កម្មករ​ទៅ​កាន់​តុលាការ។

ចុង ចោទ​ម្នាក់​ ដែល​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កាត់​ដេរ​កម្ពុជា នៅ​រោងចក្រ​នេះ​ គឺ​លោក សួន សាមាន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​តុលាការ​ថា លោក និង​ចុង​ចោទ​៥ ​នាក់​ទៀត មិន​បាន​ធ្វើ​ ឬ​ក៏​ដឹក​នាំ​កម្មករ​ ឲ្យ​ធ្វើ​ការ​តវ៉ា​ទេ ប៉ុន្តែ​គឺ​ពួក​គេ​សុទ្ធ​តែ​បាន​ព្រមព្រៀង​គ្នា​ធ្វើ​ទាំង​អស់​គ្នា។ លោក​បាន​ថ្លែង​ថា៖«​ជា​អ្នក​ដឹក​នាំ​សហជីព ខ្ញុំ​ត្រូវ​ជួយ​កម្មករ​ដែល​ត្រូវ​ការ​​ជំនួយ​ពី​យើង។ កម្មករ​បាន​ពឹង​ខ្ញុំ​ ឲ្យ​ជួយ​ស្វែងរក​ដំណោះស្រាយ​អំពី​រឿង​ថៅកែ​ដែល​បាន​បង្ខំ​ និង​ប្រើ​ពាក្យ​គ្រោត​គ្រាត​ដាក់​ពួក​គេ»។ លោក សួន ​សាមាន​ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ខំ​ព្យាយាម​ទាក់​ទង​ទៅ​កាន់​អ្នក​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​របស់​ក្រុមហ៊ុន ដើម្បី​រក​ដំណោះស្រាយ ដល់ កម្មករ​ដែរ​ តែ​អ្នក​រដ្ឋ​បាល​រវល់​មិន​បាន​ជួយ ដល់​ពួក​គេ​ទេ។ លោក​ថា៖ «​កម្មករ​មិន​អាច​បញ្ឈប់​កំហឹង​ពួក​គេ​បាន​ ដូច្នេះ​ហើយ​ពួក​គេ ក៏​ធ្វើ​ការ​តវ៉ា នៅ​ពេល​នោះ​តែ​ម្ដង​។ យើង​ជា​កម្មករ​កាត់​ដេរ​ ដូច្នេះ​យើង​គ្មាន​ប្រាក់​ច្រើន​យ៉ាង​នេះ​ ទៅ​បង់សង​ឲ្យ​ថៅកែ​នោះ​ទេ​។ យើង​ឆ្ងល់​ថា​ ហេតុ​អ្វី​ក្រុម​ហ៊ុន​ប្ដឹង​តែ​យើង​ ៦ នាក់​ដូច្នេះ»។

កញ្ញា ឯម ស្រីម៉ៅ សាក្សី​ចុង​ចោទ​ បាន​និយាយ​ថា កម្មករ​ទាំង​អស់​ បាន​សម្រេច​ចិត្ត​ធ្វើ​កូដ​កម្ម​ដោយ​ខ្លួន​ឯង​។

ប្រធាន​រដ្ឋបាល​ក្រុម​ហ៊ុន Gol- den Gain Shoe អ្នក​នាង យីម សុផារី ​បាន​ថ្លែង​ថា ក្រុមហ៊ុន មិន​បាន​បង្ខំ​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ទេ ហើយ​ក៏​មិន​ដែល​ប្រើ​ពាក្យ​គ្រោតគ្រាត​ដាក់​កម្មករ​ដែរ​។ នាង ​បាន​ថ្លែង​ថា៖«​យើង​មិន​ដែល​បង្ខំ រំលោភ​សិទ្ធិ​ ឬ​ក៏​ប្រើ​ពាក្យ​ឈ្លើយ​ដាក់​ពួក​គេ​ទេ​។ អ្វី​ដែល​កម្មករ​បាន​និយាយ​គឺ​ខុស​ទាំង​ស្រុង»។

បន្ទាប់​ពី​ចេញ​ពី បន្ទប់​សវនាការ លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខៅឌូ ដែល​បាន​តាម​ដាន​សវនាការ​នេះ រំពឹង​ថា តុលាការ​ នឹង​ពិចារណា​ពី​ករណី​នេះ​ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​កម្មករ​។ លោក​បាន​ថ្លែង​ថា៖«​កម្មករ​មាន​សិទ្ធិ​ធ្វើ​ការ​តវ៉ា​ទាមទារ​អត្ថប្រយោជន៍ របស់​ខ្លួន​ ហើយ​ពួក​គេ​បាន​ធ្វើ​កូដ​កម្ម​ដោយ​អហិង្សា​។ យើង​នឹង​រង់ចាំ​មើល​សាល​ក្រម»។ លោក​បាន​​បន្ថែម​ថា អ្វី​ដែល​ថៅ​កែ​បាន​ធ្វើ​ចំពោះ​កម្មករ ហាក់​ដូច​ជា​ការ​គំរាម​ដល់​កម្មករ​ ឲ្យ​ឈប់​ធ្វើ​ការ​តវ៉ា​តទៅ​ទៀត។ លោក អាត់ ធន់ បាន​បញ្ជាក់​ថា៖ «​កម្មករ​មិន​ល្ងង់​ទេ​ ដែល​បណ្ដោយ​ឲ្យ​ថៅកែ​ទាំង​នោះ​មើល​ងាយ​ និង​គាប​សង្កត់​ពួក​គេ​ទៀត​នោះ»៕ PN


No comments:

Post a Comment

I like Blogger