សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, January 29, 2013

អង្គការ​អនាគត​កុមារ​បន្ត​ជួយ​ក្មេង​ក្រីក្រ

  Tuesday, 29 January 2013 សែន ដាវិតThe Phnom Penh Post
130129_04
ក្មេងៗ​កូន​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ នៅ​អង្គ​ការ​អនា​គត​កុមារ​រុង​រឿង​ កាល​ពី​ចុង​សប្តាហ៍​មុន​។ រូបថត សែន ដាវិត​

ភ្នំពេញៈ ក្មេង​កំព្រា​ឪពុក ម្តាយ និង​ក្មេង​ដែល​មាន​វិបត្តិ​ក្នុង​គ្រួសារ ចំនួន​៥០​នាក់​នឹង​ត្រូវ​​អង្គការ​អនាគត​កុមារ​រុង​រឿង យក​ទៅ​បណ្តុះ​បណ្តាល​រៀន​សូត្រ ខណៈ​ដែល​ពួក​គេ គ្មាន​លទ្ធភាព​ទៅ​រៀន​នៅ​សាលារដ្ឋ។

លោក លាង ប៊ុនលាភ ប្រធាន​អង្គការ​អនាគត​កុមារ​រុងរឿង បានឲ្យ​ដឹង​ថា អង្គការ​អនាគត​កុមារ​រុង​រឿង ដែល​មាន​ទីតាំង​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ នឹង​ទទួល​កុមារ​ចំនួន​៥០ នាក់​បន្ថែម​ទៀត ដែល​បច្ចុប្បន្ន មាន​កុមារ​៧២ នាក់​មក​ហើយ បាន​ទទួល​ការ​អប់រំ​នៅ​ថ្នាក់​បឋម​សិក្សា ចាប់​ពី​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី​ ៦​ ហើយ​អាច​បញ្ជូន​ពួក​គេ​ទៅ​សាលា​រដ្ឋ​បាន។ លោក​បន្ត​ថា ពួក​គេ​សុទ្ធ​តែ​ជា​ក្មេង​កំព្រា និង​ជា​ក្មេង​ដែល​មាន​គ្រួសារ​ក្រីក្រ និង​មាន​វិបត្តិ​នៅ​ក្នុង​ក្រុម​គ្រួសារ គ្មាន​លទ្ធភាព​ទៅ​សាលារៀន។ ពួក​គេ​ស្ថិត​នៅ​ក្នុង​វ័យ​ដែល​ត្រូវ​ទទួល​ការ​សិក្សា តែ​បែរ​ជា​ទៅ​តាម​ឪពុក ម្តាយ ឬ​ក្រុម​គ្រួសារ​រក​ប្រាក់​ទៅ​វិញ ។

លោក បន្ថែម​ថា៖«តាម​ពិត​យើង​ចង់​ទទួល​កុមារ​ក្រីក្រ​ច្រើន​ជាង​នេះ​ទៅ​ទៀត តែ​យើង​គ្មាន​លទ្ធភាព ព្រោះ​អង្គការ​របស់​យើង​ក៏​ខ្វះ​ខាត​សម្ភារ និង​គ្រូ​ផង​ដែរ»។


អង្គការ​អនាគត​កុមារ​រុង​រឿង​ត្រូវ​បាន​បង្កើត​ឡើង នៅ​ឆ្នាំ​២០០១ ដោយ​អាជ្ញាធរ​មូលដ្ឋាន។ ប៉ុន្តែ​កាល​នោះ មិន​មាន​សំណង់​ឬ​អគារ​អ្វី​ឡើយ​។ លុះ​មក​ដល់​ឆ្នាំ ២០០៣​ ក្រុម​អ្នក​ទេសចរ​ជនជាតិ​អូស្រ្តាលី​មួយ​ក្រុម បាន​ទៅ​ទស្សនា​អង្គការ​នេះ​ដោយ​ផ្ទាល់​ ហើយ​បាន​ឃើញ​នូវ​ស្ថានភាព​ដ៏​លំបាក របស់​អង្គការ​នេះ ក៏​បាន​ជួយ​អង្គការ​នេះ​ដើម្បី​ផ្តល់​ការ​អប់រំ និង​គាំពារ​ដល់​ក្មេង​ៗ​ក្រីក្រ​ដែល​មិន​មាន​លទ្ធភាព​ទៅ​សាលារៀន។

លោក ដុច ឃុន ចៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​បាន​សរសើរ​អង្គការ​នេះ​ថា​បាន​ជួយ​ធ្វើ​ឲ្យ កុមារ​ក្រីក្រ ទាំង​អស់​នោះ មាន​សង្ឃឹម​ឡើង​វិញ។ លោក​បន្ត​ថា​៖«ការ​ជួយ​ក្មេង​ក្រីក្រ​នៅ​ក្នុង​សហគមន៍​ដែល​មិន​មាន​ លទ្ធភាព​ទៅ​សាលារៀន ឲ្យ​ទទួល​បាន​ការ​អប់រំ ​ក៏​ដូច​ជា​ការ​ជួយ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ និង​ចូល​រួម​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​ផង​ដែរ​»។

កុមារី ដាន ចិន្តា​ អាយុ​ ១០ ឆ្នាំ រៀន​ថ្នាក់​ទី៣ បាន​និយាយ​ថា កន្លង​មក រូប​គេ​មិន​បាន​ចូល​រៀន ដោយ​សារ​តែ​រវល់​ជួយ​លក់​នំ​ឲ្យ​ម្តាយ​របស់​គេ។ ចិន្តា​បាន​បញ្ជាក់​ថា​៖«​ម៉ាក់​អត់​ឲ្យ​ខ្ញុំ​ទៅ​រៀន​ទេ ​ទើប​ត្រូវ​អង្គការ​ឃើញ​ ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​បាន​មក​រៀន​នៅ​ក្នុង​សាលា​របស់​អង្គការ​នេះ។ ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​បាន​រៀន​ដូច​គេ​ដូច​ឯង ខ្ញុំ​ក្រ​តែ​ខ្ញុំ​ក៏​រៀន​សូត្រ​បាន​ដែរ»៕

No comments:

Post a Comment

I like Blogger