ជនជាប់ចោទទាំង៦នាក់តុលាការបញ្ជូនទៅពន្ធនាគារ។ រូបថត ហេង ជីវ័ន
កំពង់ចាមៈ នគរបាលប្រកាសតាមចាប់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីជំរិតប្លន់ប្រាក់ធនាគារ ក្រោយពេលជនសង្ស័យ៦នាក់ ត្រូវតុលាការខេត្តសម្រេចធ្វើការចោទប្រកាន់និងបញ្ជូនទៅឃុំនៅ ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃអាទិត្យ ក្រោមបទលួចដោយប្រើហិង្សា និងបទបង្កើតក្រុមប្រដាប់អាវុធ ក្នុងគម្រោងប្លន់ប៉ុស្តិ៍សេវាកម្មធនាគារពីសប្តាហ៍មុន។
ព្រះរាជអាជ្ញា រងតុលាការខេត្តកំពង់ចាម លោក រៀល សុភិន ថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ម្សិលមិញថា លោកបានសាកសួរនិងចោទប្រកាន់ជនទាំង៦នាក់លើពីរករណីគឺ«បទលួចដោយប្រើ ហិង្សាតាមមាត្រា៣៥៧ និងបទបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់»។
លោកបន្ត ថា ចៅក្រមស៊ើបសួរ អ៊ុំ ចាន់ថុល បានធ្វើការសាកសួរបន្ត និងបានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅល្ងាចថ្ងៃអាទិត្យនេះ(ម្សិលមិញ)។
លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្តកំពង់ចាម បាន ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា សមត្ថកិច្ចនគរបាលខេត្តបានបញ្ចប់ការសាកសួរក្រុមចោរ៦នាក់ ជំរិតប៉ុស្តិ៍សេវាធនាគារអេស៊ីលីដា ផ្សារបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ កាលពីថ្ងៃសៅរ៍ ចោទពីបទកំហែងយកដោយមានស្ថានទម្ងន់ទោស។ ប្រតិបត្តិការ រយៈ៣០ម៉ោងឡោមព័ទ្ធការិយាល័យប៉ុស្តិ៍សេវាកម្មធនាគារនៅផ្សារបែកអន្លូង ខណៈក្រុមជនជាប់ចោទនៅក្នុងនោះ៤នាក់ ធ្វើជាអ្នកចាប់ជំរិតនិងចំណាប់ខ្មាំង ឈានដល់ការចាប់ខ្លួនកាលពីយប់ថ្ងៃទី២៣ ខែមករា ក្នុងពេលពួកគេកំពុងរត់គេចខ្លួន នៅក្នុងចម្ការកៅស៊ូដ៏ក្រាស់ឃ្មឹកមួយក្បែរធនាគារនោះ។
លោក ជឹម សេងហុង ឲ្យដឹងថា ជនទាំង៦នាក់ ដែលប្រាំនាក់ជាបុគ្គលិកអេស៊ីលីដា ឈ្មោះ ស៊ិន គឹមថាត អាយុ ៣៥ឆ្នាំ ប្រធានផ្នែកបេឡានិងជាមេខ្លោង ព្រោះតែខ្លួនជំពាក់លុយគេច្រើនពេក សយ លីណា អាយុ២០ឆ្នាំ ជាប្រធានស្តីទីបេឡា ទីន គុយហេង អាយុ២៩ឆ្នាំ ជាបុគ្គលិកធនាគារ ធ្វើជាឲ្យគេវាយហើមមុខនិងជាខ្មាន់កាំភ្លើងជិះម៉ូតូរត់ អាន ម៉ាត់លី អាយុ២៤ឆ្នាំ បុគ្គលិកធនាគារ ដើរតួជាអ្នករត់រួចពីចំណាប់ខ្មាំង រឿន សុជាតិ បុគ្គលិកធនាគារ និង ស៊ឹម តុលា ហៅ ជេម អាយុ២៨ឆ្នាំ អតីតទាហាននៅខេត្តព្រះវិហារ ជាមេគំនិតរៀបចំគម្រោងប្លន់ និងទិញកាំភ្លើងខ្លីម៉ាកកា៥៤។
លោក សេងហុង បានបន្តថា៖« យើងកំពុងតាមចាប់ខ្លួនមនុស្សប្រុសពីរនាក់ទៀត ពាក់ព័ន្ធនឹងគម្រោងការប្លន់នេះ គឺឈ្មោះ ស៊ិន គឹមថុល ប្អូនប្រុសស៊ិន គឹមថាត ដែលរត់គេចខ្លួនទៅជាមួយប្រាក់ប្រមាណ៥ម៉ឺន៥ពាន់ដុល្លារអាមេរិកប្លន់បានពីធនាគារតាំងពីយប់ថ្ងៃអង្គារ ពេលមិនទាន់ដឹងរឿង និងម្នាក់នៅភ្នំពេញដែលមិនទាន់ស្គាល់អត្តសញ្ញាណ ជាអ្នកលក់កាំភ្លើងឲ្យក្រុមនេះ»។
កាលពីថ្ងៃពុធទី២៣ ខែមករា មានការភ្ញាក់ផ្អើលទូទាំងប្រទេស អំពីសកម្មភាពថាមានការចាប់ជំរិតបុគ្គលិកអេស៊ីលីដា ខណៈក្រុមនេះធ្វើសកម្មភាព តាំងពីម៉ោង៦ល្ងាចថ្ងៃទី២២ មករារហូតដល់ថ្ងៃពុធយប់ម៉ោង៩ និង៤៥នាទី ទើបមានការបង្ក្រាបបាន។
លោក ជឹម សេងហុង ថ្លែងពី ម្សិលមិញថា៖«ក្រុមនេះធ្វើរឿងនៅលើគោក ល្បិចមិនខ្ពស់ទេ យើងសង្ស័យតាំងពីដំបូង ទើបមិនបង្ខំធ្វើតាមជំនាញដើម្បីគ្រប់គ្រងសភាពការណ៍កុំឲ្យខាតបង់ ទាំងអស់គ្នា»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ឲ្យដឹងថា ទឹកប្រាក់សរុបនៅក្នុងធនាគារប្រមាណជា៧ម៉ឺនដុល្លារ ប៉ុន្តែ ត្រូវបក្ខពួកក្រុមនេះប្លន់យកអស់៥ម៉ឺន៥ពាន់ដុល្លារ។ ឥឡូវ លោកបានដាក់ពាក្យប្តឹងក្រុមចោរទាំង៦នាក់នេះ ឲ្យពួកគេ«រួមគ្នាទទួលខុសត្រូវសងប្រាក់នោះមកធនាគារវិញ»។
ក្រោយកើតហេតុប៉ុស្តិ៍សេវានៅផ្សារបែកអន្លូងបើកដំណើរការវិញកាលពីថ្ងៃសុក្រសប្តាហ៍មុន៕
No comments:
Post a Comment
I like Blogger