សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, February 5, 2015

ពលរដ្ឋ​រតនគិរី​ចោទ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ថា​ឈូស​ឆាយ​ដី​ដំណាំ​និង​ផ្នូរ​កប់​សព​ដូនតា

ដោយ រដ្ឋា វិសាល 2015-02-04 From RFA
ជម្លោះ​ដីធ្លី ​រតនគិរី ៦២០
គ្រឿងចក្រ​ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ (Swift Rubber Rattanakiri Plantation) ឈូស​ឆាយ​ដី​នៅ​ចំណុច​ភូមិ​ថារ៉ងជង ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥
ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ស្វីស រ៉ាប់ប៊ឺ នៅ​ខេត្ត​រតនគិរី (Swift Rubber Rattanakiri Plantation) បាន​ឈូស​ឆាយ​ដី​ដាំ​កៅស៊ូ​ជា​ថ្មី បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជាង ៣០០​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ឈូស​ឆាយ​នេះ កាល​ពី​ឆ្នាំ​២០១៤។ អ្នក​ភូមិ​ចោទ​ថា ក្រុមហ៊ុន​បាន​ឈូស​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ និង​ឈូស​ឆាយ​តំបន់​កប់​សព​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​បន្ថែម​ទៀត។
ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច ចោទ​ប្រកាន់​ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ ដែល​វិនិយោគ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ខេត្ត​រតនគិរី ថា​មាន​ចេតនា​បំផ្លិចបំផ្លាញ​ផល​ដំណាំ និង​ប្រមាថ​លើ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។ ការ​ចោទ​ប្រកាន់​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​គ្រឿងចក្រ​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ចាប់​ផ្ដើម​ឈូស​ឆាយ​ទៅ​លើ​ដី​ចម្ការ​កៅស៊ូ ហើយ​បាន​បំពាន​ទៅ​លើ​ផល​ដំណាំ និង​តំបន់​កប់​សព​សហគមន៍​ជនជាតិ ខណៈ​ដែល​អាជ្ញាធរ​កំពុង​ស្វែងរក​ដំណោះស្រាយ​ការ​តាំង​ទីលំនៅ​នៅ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​របស់​ពលរដ្ឋ។
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថារ៉ងជង ឃុំ​អូរជុំ ស្រុក​អូរជុំ លោក សៅ ឃាន រៀបរាប់​ថា ដំណាំ​នៅ​ក្រោយ​ផ្ទះ​អ្នក​ភូមិ​ជាង ១០​គ្រួសារ មាន​ចេក ស្វាយ ត្រូវ​បាន​គ្រឿងចក្រ​ឈូស​ឆាយ​អស់។ មិន​តែ​ប៉ុណ្ណោះ គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព័ទ្ធ​ជុំវិញ​ផ្ទះ ទុក​តែ​បរិវេណ​ផ្ទះ​ឲ្យ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​ដំណោះស្រាយ​របស់​អាជ្ញាធរ ដែល​បាន​សម្រប​សម្រួល​ឲ្យ​អ្នក​ភូមិ​រង់ចាំ​ការ​ស្នើសុំ​ដី​សម្រាប់​អ្នក​ភូមិ​តាំង​ទីលំនៅ ដូច្នេះ​ក្រុមហ៊ុន​បាន​រំលោភ​បំពាន​លើ​ការ​សម្រប​សម្រួល​នេះ៖ «ថា​ចាំ​ដោះស្រាយៗ ត្រូវ​គ្នា​ចាំ​បន្ត​ធ្វើ​ការ​ទៀត ឥឡូវ​មិន​ទាន់​មាន​ដំណោះស្រាយ​ផង ឈូស​ឆាយ​បី​លើក​ហើយ។ ឥឡូវ​យើង​ទាមទារ​ចាំ​រក​ដំណោះស្រាយ​ឲ្យ​គេ​ឲ្យ​បានៗ គេ​ឲ្យ​ឈូស»
ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច លោក ខាម ប្រាង អះអាង​ដែរ​ថា គ្រឿងចក្រ​ក្រុមហ៊ុន​បាន​បន្ត​ឈូស​ឆាយ​លើ​តំបន់​កប់​សព​បន្ត​ទៀត ខណៈ​ដែល​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​រំលោភ​ឈូស​ឆាយ​ផ្នូរ​កប់​សព​ដូនតា​អ្នក​ភូមិ​ជាង ១០០​ផ្នូរ កាល​ពី​ឆ្នាំ​២០១៤។ លោក​ហៅ​ការ​ឈូស​ឆាយ​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​រស់នៅ និង​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម។ ហេតុ​នេះ ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ៖ «កប់​ខ្មោច​ហ្នឹង​តាំង​ពី ៧៩ រហូត​ដល់​សព្វថ្ងៃ នៅ​តែ​ផ្នូរ​ថ្មីៗ ផ្នូរ​ចាស់​គេ​ឈូស​អស់​ហើយ ប្រហាក់​ប្រហែល​ជា ៤​ហិកតារ ប៉ុន្តែ​នៅ​តែ​គេ​ឈូស មិន​ដឹង​សង្ឃឹម​ថា​នៅ ឬ​អស់​ទេ គេ​កំពុង​ឈូស​ហ្នឹង»
អតីត​ចម្ការ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី ជាង ៣​ពាន់​ហិកតារ​បន្សល់​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម រដ្ឋ​បាន​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន តាយ សេង។ បន្ទាប់​មក ក្រុមហ៊ុន តាយ សេង បាន​ផ្ទេរ​ចម្ការ​កៅស៊ូ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចិន ឈ្មោះ ស្វីស រ៉ាប់ប៊ឺ រតនគិរី ធ្វើ​អាជីវកម្ម​បន្ត​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​កាប់​ដើម​កៅស៊ូ​ចាស់​ចោល ហើយ​ដាំ​ថ្មី​ឡើង​វិញ ជាពិសេស​ចម្ការ​កៅស៊ូ​នៅ​ស្រុក​អូរជុំ។
ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ការិយាល័យ​រដ្ឋបាល ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ លោក ងិន បូរិន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​មក​តាំង​ទីលំនៅ​លើ​ដី​ចម្ការ​កៅស៊ូ​ដែល​បាន​វិនិយោគ​ពី​រដ្ឋ ហេតុ​នេះ​ក្រុមហ៊ុន​ត្រូវ​តែ​ធ្វើ​អាជីវកម្ម​តាម​កិច្ច​ព្រមព្រៀង​វិនិយោគ។ លោក​មិន​អធិប្បាយ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ប៉ះពាល់​ផល​ដំណាំ ឬ​ផ្នូរ​កប់​សព​ប្រជាពលរដ្ឋ​នោះ​ទេ ក៏ប៉ុន្តែ​លោក​អះអាង​ថា ដី​ដែល​ក្រុមហ៊ុន​ឈូស គឺ​ជា​ចម្ការ​កៅស៊ូ​ចាស់​ត្រូវ​កាប់​ដើម​ចេញ ហេតុ​នេះ​ក្រុមហ៊ុន​ត្រូវ​ឈូស​ឆាយ​ដើម្បី​ដាំ​កៅស៊ូ​ឡើង​វិញ៖ «ឈូស​ល្ងាច​មិញ​ឈូស​លើ​ដី​យើង​តើ! ចង់​និយាយ​អ៊ីចេះ ផ្ទះ​ហ្នឹង​ធ្វើ​លើ​ដី​ចម្ការ​កៅស៊ូ យើង​អត់​ទៅ​រើ​ផ្ទះ​ទេ យើង​កាប់​ដើម​កៅស៊ូ ហើយ​យើង​មិន​ត្រូវ​រុក​រាន​ដើម្បី​ដាំ​កៅស៊ូ​ថ្មី អ៊ីចឹង​យើង​ទៅ​ធ្វើ គេ​ឃាត់ អា​ហ្នឹង​មាន​ន័យ​ថា​ម៉េច?»
ជម្លោះ​ដីធ្លី ​រតនគិរី ៦២០
ផ្ទះ​ពលរដ្ឋ​នៅ​ចំណុច​ភូមិ​ថារ៉ងជង ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ (Swift Rubber Rattanakiri Plantation)។ រូបថត​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ RFA/Ratha Visal
ស្ថិតិ​របស់​អាជ្ញាធរ​ឃុំ​អូរជុំ មុន​ឆ្នាំ​២០១០ ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា និង​កម្មករ​ចម្ការ​កៅស៊ូ បាន​មក​តាំង​ទីលំនៅ​នៅ​តំបន់​នោះ​មាន ៥១​គ្រួសារ។ តួលេខ​នេះ​កើន​ឡើង​ដល់​ជាង ១០០​គ្រួសារ​ក្នុង​ឆ្នាំ​២០១៣ និង​កើន​ឡើង​ដល់​ជាង ៣០០​គ្រួសារ​នៅ​ឆ្នាំ​២០១៤។ ក៏ប៉ុន្តែ កាល​ពី​ខែ​ឧសភា គណៈកម្មការ​អាជ្ញាធរ​ខេត្ត រួម​ទាំង​ស្ថាប័ន​តុលាការ បាន​អនុវត្ត​វិធានការ​បណ្ដេញ​អ្នក​តាំង​ទីលំនៅ​នា​ឆ្នាំ​២០០៤ ឲ្យ​រុះរើ​រោង​ស្នាក់នៅ​ជាង ២០០​រោង ចេញ​ពី​ដី​ចម្ការ​កៅស៊ូ​នោះ​វិញ។ វិធានការ​នេះ ធ្វើ​ឲ្យ​អ្នក​តាំង​ទីលំនៅ​ទាំង​ចាស់​ថ្មី​ជាង ៣០០​នាក់ ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ទៅ​ស្រុក​អូរជុំ ប្រឆាំង​ការ​បណ្ដេញ​នេះ។ ការ​ធ្វើ​បាតុកម្ម​នេះ អាជ្ញាធរ​ខេត្ត​បាន​សម្រប​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ ដែល​តាំង​ទីលំនៅ​ក្នុង​តំបន់​នោះ​យូរ​ឆ្នាំ បន្ត​រស់នៅ​ជា​បណ្ដោះអាសន្ន រង់ចាំ​អាជ្ញាធរ​ស្វែងរក​ដំណោះស្រាយ​ផ្តល់​ដី​សង្គមកិច្ច​ជូន​ពលរដ្ឋ។ ចំណែក​តំបន់​ផ្នូរ​កប់​សព​សហគមន៍​ជនជាតិ ត្រូវ​រក្សា​ទុក​ជូន​សហគមន៍​ប្រើប្រាស់​តាម​ប្រពៃណី​ដូច​ធម្មតា។
អភិបាល​រង​ខេត្ត​រតនគិរី លោក លី វិន មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​បាន​សម្រប​សម្រួល​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ​តំបន់​មាន​ទំនាស់​ជា​បណ្ដោះអាសន្ន ក៏ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​ការ​ឈូស​ឆាយ​ថ្មី​ដែល​អ្នក​ភូមិ​ចោទ​នោះ​ទេ។ លោក​អះអាង​ថា នឹង​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុន​ម្តង​ទៀត ចៀសវាង​កើត​មាន​បាតុភាព​តវ៉ា​ប្រឆាំង​ពី​ពលរដ្ឋ៖ «ឲ្យ​គាត់​ផ្អាក​សិន យើង​និយាយ​គ្នា​សិន ទៅ​អា​រក​ប្រជាពលរដ្ឋ​ម៉េច​កើត។ អត់​បាន​ដាច់​ខាតៗ អ្វី​ដែល​ពាក់ព័ន្ធ​តែ​មួយ​ផ្នូរ​ក៏​អត់​ឲ្យ​ឈូស​ផង ដាច់​ខាត​ហើយ»
តួលេខ​របស់​ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ កាល​ពី​ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ និង​កម្មករ​រស់នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី ជាង ២០០​គ្រួសារ នៅ​ស្រុក​អូរជុំ និង​ក្រុង​បានលុង។ បច្ចុប្បន្ន នៅ​ឃុំ​កាចាញ ក្រុម​អាជ្ញាធរ និង​ក្រុមហ៊ុន អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​តាំង​ទីលំនៅ​បណ្ដោះអាសន្ន​លើ​ទំហំ​ក្បាល​ដី​ដែល​ប្រជាពលរដ្ឋ​ចូល​កាន់​កាប់​ជាក់ស្តែង និង​បណ្តោយ​ក្បាល​ដី ៦០​ម៉ែត្រ។
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា អាជ្ញាធរ​ខេត្ត​បាន​អនុវត្ត​វិធានការ​រដ្ឋបាល​បណ្ដេញ​ប្រជាពលរដ្ឋ​មក​សង់​ខ្ទម​សំពត់​កៅស៊ូ​ជាង ២០០​ខ្ទម​ពី​តំបន់​ដី​ចម្ការ​កៅស៊ូ​នៅ​ស្រុក​អូរជុំ កាល​ពី​ឆ្នាំ​២០១៤ ហើយ​រក្សា​ទុក​តំបន់​កប់​សព និង​ដី​លំនៅឋាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ ដើម្បី​ស្វែងរក​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ។ លោក​បន្ត​ថា ការ​ឈូស​ឆាយ​ទៅ​លើ​តំបន់​កប់​សព និង​ផល​ដំណាំ​ពលរដ្ឋ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​រស់​រាន​មាន​ជីវិត​ពលរដ្ឋ​ធ្ងន់ធ្ងរ៖ «ការ​ឈូស​ទៅ​លើ​ផ្នូរ​ទៅ​លើ​ទីតាំង​ពលរដ្ឋ​កំពុង​រស់នៅ គឺ​ជា​ការ​រំលោភ​ទាំង​ស្រុង​ទៅ​លើ​ការ​រស់នៅ​របស់​ពលរដ្ឋ និង​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ហ្នឹង ព្រោះ​ការ​ឈូស​ឆាយ​ប៉ះពាល់​ផល​ប្រយោជន៍​អ្នក​ណា​មួយ ត្រូវ​តែ​ទទួល​ខុស​ត្រូវ»

យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​អ្នក​តាំង​ទីលំនៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល កាត់​ចេញ​ដី​លំនៅឋាន​ពួក​គាត់​ចេញ​ពី​ដី​ចម្ការ​កៅស៊ូ ដើម្បី​ពួក​គាត់​បាន​តាំង​ទីលំនៅ​ស្រប​ច្បាប់​ចិញ្ចឹម​ក្រុម​គ្រួសារ។ ចំណែក​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​លើ​ការ​ឈូស​ឆាយ​លើ​ផ្នូរ​សព​ដូនតា​ពួក​គាត់ ដែល​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច៕

No comments:

Post a Comment

I like Blogger