សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, June 24, 2013

ណាហ្គាវើល​បញ្ឈប់​បុគ្គលិក​ដែល​ធ្វើ​កូដកម្ម​ជាង ៤០០នាក់

Monday, 24 June 2013 ឃុត សុភចរិយា និង Shane Worrell From The Phnom Penh Post
130624_07
សមត្ថកិច្ច​​ព័ទ្ធ​ចាប់​បុគ្គលិក​ណា​ហ្គា​វើល​ដែល​ធ្វើ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​អង្គារ​​​។ រូបថត ហុង មិនា
 ភ្នំពេញៈ ប្រធាន​សហជីព បុគ្គលិក និង​អនុស្សរណៈ​ផ្ទៃ​ក្នុង​ដែល​លេច​ធ្លាយ បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​ណាហ្គាវើល បាន​បណ្តេញ​បុគ្គលិក​ជាង ៤០០នាក់ ដែល​ពួក​គេ បាន​ចំណាយ​ពេល​ប្រមាណ​១០ថ្ងៃ​ធ្វើ​កូដកម្ម ទាមទារ​ដំឡើង​ប្រាក់​ខែ។
បញ្ជី​ឈ្មោះ​ដែល​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន កាល​ពី​ថ្ងៃ​ម្សិលមិញ ត្រូវ​បាន​ផ្ញើ​តាម​សារ​អេឡិច​ត្រូនិក ទៅ​ឲ្យ​គណៈ​គ្រប់​គ្រង និង​បុគ្គលិក​ជាន់​ខ្ពស់​នៅ​ឯ​កាស៊ីណូ​ពី​ប្រធាន​ធនធាន​មនុស្ស​កាល​ពី​ព្រឹក ​ថ្ងៃ​ពុធ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​កូដករ ១៩នាក់ ត្រូវ​បាន​ឃុំ​ខ្លួន ក្នុង​អំឡុង​ការ​បង្រ្កាប​ពី​ប៉ូលិស​និង​សន្តិសុខ​នៅ​ខាង​ក្រៅ​កាស៊ីណូ។ សារ​អេឡិច​ត្រូនិក​នោះ គឺ​មាន​សារៈ​សំខាន់​ខ្លាំង និង​បាន​បញ្ជាក់​ពី​បុគ្គលិក​ចាប់​ពី​ផ្នែក​មួយ​ចំនួន ដែល​«​ពាក់​ព័ន្ធ​ក្នុង​កូដកម្ម​ខុស​ច្បាប់​ប្រឆាំង​នឹង​ក្រុមហ៊ុន​។ ដូច្នេះ​ក្រុមហ៊ុន បាន​បញ្ឈប់​/​ផ្អាក​កុងត្រា​របស់​ពួក​គេ​»​។.លោក សុខ ណារិទ្ធ អនុ​ប្រធាន​សហព័ន្ធ​ទេសចរណ៍ និង​សេវា​កម្មករ​កម្ពុជា​(CTSWF) បាន​និយាយ​ថា បុគ្គលិក​រាប់​រយ​នាក់​នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ខាង​ក្រៅ​កាស៊ីណូ​ ណាហ្គាវើល នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​តវ៉ា​ការ​បណ្តេញ​ចេញ​ដែល​បាន​ធ្វើ​ឡើង​តាម​រយៈ​សារ​ជា​អក្សរ និង​សារ​អេឡិច​ត្រូនិក​។
លោក បាន​ថ្លែង​ថា​៖«​ពួកគេ​កំពុង​តែ​ប្រើ​សារ​នេះ​ដើម្បី​គំរាម​កំហែង​កូដករ ដែល​ថា ពួក​គេ​ត្រូវ​តែ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ដោយ​គ្មាន​ការ​ទាមទារ បើ​មិន​អ៊ីចឹង​ទេ​នឹង​បាត់​បង់​ការងារ​របស់​ពួក​គេ​»។ លោក​បន្ថែម​ថា​៖ «​ប៉ុន្តែ​យើង​នឹង​ធ្វើ​កូដកម្ម​ម្តង​ទៀត​ប្រឆាំង​នឹង​ក្រុមហ៊ុន​រហូត​ដល់​ ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​និង​អនុវត្ត​សេចក្ដី​បង្គាប់​របស់​ក្រុម​ ប្រឹក្សា​អាជ្ញា​កណ្តាល​»។
ជម្លោះ​បុគ្គលិក និង​អ្នក​គ្រប់​គ្រង នៅ​កាស៊ីណូ​ណាហ្គាវើល ជា​ប្រធាន​បទ​នៃ​សវនាការ​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ចាប់​តាំង​ពី​ ឆ្នាំ​២០០៩​មក។

លោក​ស្រី ឈឹម ស៊ីថរ អនុ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ក្រុមហ៊ុន​ ណាហ្គាវើល បាន​ថ្លែង​ថា លោក​ស្រី ទទួល​បាន​សារ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ដែល​ជម្រាប​លោក​ស្រី​ថា លោក​ស្រី ត្រូវ​បាន​គេ​បណ្តេញ​ពី​ការងារ​មុន​ពេល​ចរចា​រវាង​មន្រ្តី​រដ្ឋាភិបាល​និង​ តំណាង​បុគ្គលិក។
លោក​ស្រី បាន​មាន​ប្រសាសន៍​បន្ត​ថា​៖«ក្រុមហ៊ុន​បាន​ចោទ​យើង​ថា ធ្វើ​កូដកម្ម​ខុស​ច្បាប់។ ដូច្នេះ ខ្ញុំ​បាន​បញ្ជូន​សារ​នេះ​ទៅ​ឲ្យ​ក្រុម​មន្រ្តី​ក្រសួង​ការងារ​ដើម្បី​ អន្តារាគមន៍​»។ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​បុគ្គលិក​ណាហ្គាវើល បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ដោយ​ទាមទារ​ប្រាក់​ខែ​អប្បបរមា ១៥០​ដុល្លារ​ក្នុង​មួយ​ខែ​។ លោក​ស្រី បញ្ជាក់​ថា​៖ «​ក្នុង​អំឡុង​កូដកម្ម ក្រុមហ៊ុន មិន​មាន​សិទ្ធិ​ជួល​បុគ្គលិក​ថ្មី​ទេ ប៉ុន្តែ​ក្រុមហ៊ុន បាន​ប្រកាស​ការងារ​ថ្មី​។ អ្នក​ខ្លះ បាន​និយាយ​ថា ដំណឹង​ការងារ​ទាំង​នេះ មាន​ចុះ​ក្នុង​ទំព័រ​កាសែត​»។
លោក ខៀវ សាវុធ អនុ​ប្រធាន​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​បាន​ថ្លែង​ថា លោក​ទទួល​បាន​សារ​អេឡិច​ត្រូនិក​នោះ តាម​រយៈ​ការ​បញ្ជូន​បន្ត​មក​ពី​តំណាង​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គាវើល ដោយ​លោក​ចាត់​ទុក​សារ​នោះ​ពុំ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​នោះ ​ទេ។ លោក​ថ្លែង​ថា៖«​យ៉ាង​ណា​ក្តី​ខ្ញុំ​សូម​អំពាវនាវ ដល់​ភាគី​ទាំង​ពីរ កុំ​ពង្រីក​វិវាទ​ឲ្យ​កាន់​តែ​ធំ​ជាង​នេះ​។ ជាមួយ​គ្នា​នេះ​ភាគី​ក្រុមហ៊ុន មិន​ត្រូវ​បញ្ឈប់​កូដករ​ពី​ការងារ​ទេ ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​ពួកគេ​ចូល​ធ្វើ​ការងារ​ដូច​ដើម​វិញ ហើយ​ភាគី​កូដករ​ក៏​ត្រូវ​បញ្ឈប់​កូដកម្ម​ផង​ដែរ។ ភាគី​ទាំង​ពីរ ត្រូវ​តែ​បន្ត​ការ​ចរចា​បញ្ចប់​វិវាទ​ដើម្បី​ផល​ប្រយោជន៍​ទាំង​សង​ខាង​ទើប​ ជា​ការ​ប្រសើរ»។
លោក Dave Welsh នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មជ្ឈមណ្ឌល​អាមេរិក​ដើម្បី​សាមគ្គីភាព ការងារ ACILS បាន​ថ្លែង​ថា ណាហ្គាវើល មិន​មាន​មូលហេតុ​គ្រប់​គ្រាន់​ក្នុង​ការ​បណ្តេញ​បុគ្គលិក និង​ប្រើ​ប្រាស់​អនុស្សរណៈ​ផ្ទៃ​ក្នុង​បែប​នេះ​ដើម្បី​គំរាម​កំហែង​កូដករ​ ទេ។ លោក​បាន​គូស​បញ្ជាក់​ថា​៖«​ប្រសិន​បើ​ពួក​គេ ប្រើ​ប្រាស់​ហេតុ​ផល​ថា កូដកម្ម​នេះ​ខុស​ច្បាប់ វា​មិន​ខុស​ច្បាប់​ទេ»។
លោក Welsh បាន​បញ្ជាក់​ថា បញ្ហា​នៅ​ណាហ្គាវើល មាន​ចាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​៖«មាន​គំរូ​មួយ​របស់​ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​ ដោយ​បរទេស​មាន​ទំនាក់​ទំនង​ខាង​នយោបាយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​ទាំង​ កម្រោល​ហើយ​អាច​រួច​ខ្លួន​ទៀត​»។
បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ត្រូវ​បាន​គេ​ផ្ញើ​កាល​ ពី​ព្រឹក​ម្សិលមិញ បន្ទាប់​ពី​ឆ្មាំ​សន្តិសុខ​ដែល​គាំទ្រ​ដោយ​ប៉ូលិស បាន​បង្ក្រាប​លើ​បុគ្គលិក​រាប់​រយ​នាក់​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ កូដកម្ម​នៅ​លើ​ដី​សួន​ទល់​មុខ​នឹង​កាស៊ីណូ​នេះ។
ឆ្មាំ​សន្តិសុខ បាន​រុះ​រើ​តង់​របស់​កូដករ បាន​ចាប់​ខ្លួន​បុគ្គលិក​និង​មេ​ដឹក​នាំ​ចំនួន​១៩​នាក់​ដែល​មិន​ព្រម​ចេញ​ពី ​ទី​នោះ និង​បាន​ធ្វើ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ជា​ច្រើន​នាក់​ស្រែក​យំ​។ អ្នក​ដែល​ត្រូវ​គេ​ឃុំ​ខ្លួន មាន ១១នាក់​ជា​ស្រ្តី ត្រូវ​បាន​គេ​ដោះ​លែង​ដោយ​មិន​មាន​ការ​ចោទ​ប្រកាន់​ទេ កាល​ពី​យប់​ថ្ងៃ​អង្គារ​សប្តាហ៍​មុន។
តំណាង​កាស៊ីណូ​ណាហ្គាវើល​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​សាក​សួរ​របស់​ភ្នំពេញ ប៉ុស្តិ៍ តាម​សារ​អេឡិច​ត្រូនិក​ទេ​កាល​ពី​ម្សិលមិញ៕ NR

No comments:

Post a Comment

I like Blogger