សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, June 24, 2013

បក្ស​ប្រឆាំង​ប្រាប់​បរទេស​កុំ​ឲ្យ​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន

Friday, 21 June 2013 មាស សុខជា From The Phnom Penh Post

IMG_9129
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន កាល​​ពី​​ម្សិល​មិញ។ រូប​ថត ហេង ជីវ័ន

ភ្នំពេញៈតំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​២៧ រូប​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​រដ្ឋសភា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ មួយ​កាល​ពី​ម្សិលមិញ ស្នើ​ទៅ​តំណាង​ស្ថានទូត និង​ស្ថាប័ន​ផ្តល់​ជំនួយ​អន្តរជាតិ​ទាំង​អស់​សូម​កុំ​ឲ្យ​ចុះ​ហត្ថលេខា​អ្វី ​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​រហូត​ដល់​រដ្ឋាភិបាល​ថ្មី​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទិ្ធ​មនុស្ស​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បាត់បង់​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​នៅ​ថ្ងៃ​ ទី៥ ខែ​មិថុនា នៅ​ពេល​រដ្ឋសភា​បាន​បណ្តេញ​តំណាងរាស្រ្ត ២៩រូប ដែល​មិន​មែន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​ពី​រដ្ឋសភា។
តំណាង​រាស្រ្ត​ទាំង​នេះ​បាន​ពន្យល់​ថា តាម​រដ្ឋធម្មនុញ្ញ​ត្រូវ​ការ​តំណាងរាស្រ្ត​ជាប់​ឆ្នោត​យ៉ាង​តិច ១២០រូប ដើម្បី​អង្គុយ​ក្នុង​រដ្ឋសភា។ ការ​បណ្តេញ​តំណាង​រាស្រ្ត​ចេញ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​បង្កើត​ឡើង​ក្រោម​អាណតិ្ត​បច្ចុប្បន្ន​របស់​រ​សភា​បាត់​បង់​នូវ​ភាព​ ស្រប​ច្បាប់​។​ដូច្នេះ ពួក​គេ​បាន​ស្នើ​«​ស្ថានទូត បេសកកម្ម​ការទូត និង​ម្ចាស់​ជំនួយ​ពហុភាគី កុំ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​ បច្ចុប្បន្ន​រហូត​ទាល់​តែ​រដ្ឋសភា​ស្រប​ច្បាប់​ត្រូវ​បាន​បោះឆ្នោត​រួច»។
គិត​មក​ដល់​យប់​មិញ​ស្ថានទូត​អូស្រ្តាលី​ពុំ​បាន​ឆ្លើយ​តប​ថា តើ​ខ្លួន​នឹង​ពិចារណា​លើ​សំណើ​របស់​បក្ស​ប្រឆាំង​ឬ​យ៉ាង​ណា​ទេ? ចំណែក​ឯ​ស្ថានទូត​សហគមន៍​អឺរ៉ុប បាន​ថ្លែង​ថា ពួក​គេ​មិន​ទាន់​ទទួល​បាន​លិខិត​ពី​គណបក្ស​ប្រឆាំង​ទេ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បង្វែរ​ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ទៅ​ពិនិត្យ​សេចក្តី​ថ្លែង​ពី​លោក​ឯក​អគ្គរដ្ឋទូត William Todd កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​មុន​ដែរ​ថា កម្ពុជា «​ត្រូវ​បាត់​បង់​ច្រើន ទាក់​ទង​នឹង​ការ​ជឿ​ទុក​ចិត្ត និង​ភាព​ស្រប​ច្បាប់​នៃ​ដំណើរការ​នយោបាយ»ដោយ​សារ​សកម្មភាព​ដូច​ជា​បណ្តេញ​ តំណាង​រាស្រ្ត​ចេញ​ពី​តំណែង។ ប៉ុន្តែ ស្ថានទូត​មហា​អំណាច​មួយ​នេះ មិន​ពិចារណា​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​ជាមួយ​នឹង​កម្ពុជា​ឡើយ។
លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​បាន​ហៅ​ការ​អំពាវនាវ​របស់​តំណាង​រាស្រ្ត​ គណបក្ស​ប្រឆាំង​ថា «​ជា​ការ​ក្បត់​ជាតិ»។ លោក បញ្ជាក់​ជា​ថ្មី​ថា សេចក្តី​សម្រេច​របស់​គណបក្ស​ប្រជាជន​ក្នុង​ការ​បណ្តេញ​តំណាង​រាស្រ្ត​ចេញ​ពី ​តំណែង​គឺជា​សេចក្តី សម្រេច​ស្រប​ច្បាប់ ហើយ​មិន​អាច​រិះ​គន់​ដោយ​សហគមន៍​អន្តរជាតិ​ដែល​មិន​ចេះ​ច្បាប់​ខ្មែរ​ឡើយ។
លោក​បាន​បន្ថែម​ថា តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​បាត់​បង់​សិទិ្ធ​ក្នុង​រដ្ឋសភា​របស់​ ខ្លួន ព្រោះ​ពួក​គេ​បាន​រួម​គ្នា​ទៅ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ខុស​ច្បាប់​ ដែល​ពុំ​ស្ថិត​ក្នុង​អាណតិ្ត​បច្ចុប្បន្ន​របស់​រដ្ឋសភា​ឡើយ។ ដូច្នេះ លោក​ថា៖ «​ពួកគេ​គ្មាន​សិទិ្ធ​អំពាវនាវ​បែប​នេះ​ទេ​»។
ទន្ទឹម​នឹង​នេះ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សន្និសីទ​សារ​ ព័ត៌មាន កាល​ពី​ម្សិលមិញ​ថា ប្រសិន​បើ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​រដ្ឋាភិបាល​កម្ពុជា មិន​ផ្តល់​ការ​ធានា​បន្ថែម​ទៀត​ចំពោះ​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​ទេ​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ចូល​រួម​ការ​បោះឆ្នោត​បាន​ឡើយ។
លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា៖«​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បញ្ជាក់​ថា ប្រសិន​បើ​ការ​បោះឆ្នោត​យុត្តិធម៌ យើង​នឹង​ឈ្នះ​លើ​គណបក្ស​កាន់​អំណាច​១០០%»។
ប៉ុន្តែ លោក​បាន​បន្ថែម​ថា គណបក្ស​របស់​លោក​ភ័យ​ខ្លាច​ថា វត្តមាន​បច្ចុប្បន្ន​របស់​អ្នក​បោះឆ្នោត​មាន​តែ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​ច្រើន​ហួស​ហេតុ អាច​នឹង​ផ្តល់​លទ្ធភាព​ដល់​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ហើយ​បូក​នឹង​ការ​ គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​គណបក្ស​កាន់​អំណាច នឹង​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រជាជន​កែប្រែ​ការ​បោះឆ្នោត។
លោក ទេព នីថា អគ្គ​លេខាធិការ​នៃ គ.ជ.ប បាន​ឆ្លើយ​តប​ថា គ.ជ.ប មាន​គោល​នយោបាយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​មាន​អព្យាក្រឹត ហើយ​បាន​បោះពុម្ព​សន្លឹក​ឆ្នោត​បន្ថែម​ដើម្បី​ទុក​បង្ការ​ការ​ខូច​ខាត​ ជាយថាហេតុ។ លោក​បន្ថែម​ថា បរិយាកាស​នយោបាយ​បច្ចុប្បន្ន​ពុំ​សូវ​អាក្រក់​ជាង​ការ​បោះឆ្នោត​លើក​មុន​ ទេ៕TK
រាយការណ៍​បន្ថែម ABBY SEIFF



No comments:

Post a Comment

I like Blogger