សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, September 21, 2012

ព្រះ​សង្ឃ​មួយ​អង្គ​ត្រូវ​បាន​ឃាត់​ខ្លួន​មួយ​រយៈ​ខ្លី​ទៀត

Friday, 21 September 2012 ម៉ៃ ទិត្យថារ៉ា, From The Phnom Penh Post





















ស្ទឹងត្រែងៈ ព្រះ​សង្ឃ​មួយ​អង្គ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​មួយ​រយៈ​ពេល​ខ្លី ពេល​និមន្ត​ជាមួយ​ក្រុម​អ្នក​តវ៉ា ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ម៉ម សូណង់​ដូ នៅ​ពេល​សា​លា​ដំបូង​រាជធានី បើក​សវនា​ការ កាល​ពី​ថ្ងៃ​ទី ១១ កញ្ញា ត្រូវ​បាន​ព្រះ​សង្ឃ​មួយ​ក្រុម ​នៅ​វត្ត​ស្រះ​កែវ​មុន្នី​វ័ន្ន ក្នុង​ស្រុក​ស្ទឹង​ត្រែង​ ឃាត់​ខ្លួន​មួយ​រយៈ​ពេល​ខ្លី​ទៀត កាល​ពី​ព្រឹក​ម្សិល​មិញ ​ខណៈ​ដែល​ព្រះ​អង្គ កំពុង​និមន្ត​បិណ្ឌ​បាត។

ព្រះតេជគុណ កៅ​ សុវណ្ណធឿន​ ដែល​ជា ធុតង្គ គង់​នៅ​ក្នុង​ព្រៃ អូរ​គ្រាំង ស្ថិត​នៅ​ជាប់​ព្រំ​ប្រទល់​ខេត្ត​ស្ទឹង​ត្រែង និង​ក្រចេះ បាន​ទូរស័ព្ទ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា នៅ​ម៉ោង​ប្រមាណ​ជា ៧ និង ៣០ នាទី​ព្រឹក​ នៅ​ខណៈ​ដែល​ព្រះ​អង្គ ​និមន្ត​បិណ្ឌ​បាត​មាន​សង្ឃ​វ័យ​ក្មេង​ប្រមាណ ៥ អង្គ បាន​មក​បង្គាប់​ព្រះ​អង្គ ឲ្យ​និមន្ត​ចូល​ក្នុងវត្ត​ ស្រះ​កែវ​មុន្នី​វ័ន្ន ដើម្បី​សាក​សួរ​។ ព្រះ​តេជ​គុណ មាន​សង្ឃ​ដីកា​បន្ត​ថា​៖«ក្រុម​សង្ឃ​វ័យ​ក្មេង​ទាំង​នោះ ប្រាប់​អាត្មា​ថា ​អាត្មា​និយាយ​ច្រើន​ពេក ដូច្នេះ​ត្រូវ​ឃាត់​ខ្លួន នៅ​ក្នុង​វត្ត​បណ្ដោះ​អាសន្ន ដើម្បី​រង់ចាំ​ប៉ូលិស​មក​ធ្វើ​ការ​សាក​សួរ»។ ព្រះ​តេជ​គុណ​មាន​សង្ឃដីកា​ទៀត​ថា​៖«​អាត្មា​គិត​ថា​ មូល​ហេតុ​ដែល​ពួក​គេ​ធ្វើ​ការ​ឃាត់​ខ្លួន​អាត្មា​នោះ​ ដោយ​សារ​តែ​អាត្មា​បាន​និមន្ត​ទៅ​ភ្នំ​ពេញ​ ដើម្បី​តាម​ដាន​សវនាការ​ របស់​លោក​ម៉ម សូណង់​ដូ​»។ ព្រះ​តេជ​គុណ​ សុវណ្ណធឿន ក្រោ​យ​​មក​ត្រូវ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​ព្រះ​អង្គ បាន​ទូរស័ព្ទប្រាប់​ទៅ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា​ឲ្យ​ជួយ​អន្តរាគមន៍​។

ព្រះ​តេជគុណកៅ​ សុវណ្ណធឿន បាន​មាន​សង្ឃ​ដីកា​ថា ក្នុង​នាម​ជា​សង្ឃ​ ត្រូវ​តែ​អប់​រំ​អ្នក​ដែល​ធ្វើ​ខុស ឬក៏​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​ងាក​មក​ដើរ​លើ​ផ្លូវ​ត្រូវ​វិញ មិន​មែន​បួស​ជា​សង្ឃ​ហើយ គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន លោភ​លន់ ចង់​មាន​ ចង់​បាន ដូច​ពលរដ្ឋ​សាមញ្ញ​នោះ​ទេ។

ពុំ​អាច​ទំនាក់​ទំនង​ព្រះ​ចៅ​អធិការ​វត្ត ស្រះកែវ​មុន្នីវ័ន្ន​ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិល​មិញ។

លោក ​ អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គ​ការ​លីកាដូ ថ្លែង​ថា​៖«​យើង​មាន​ការ​សង្ស័យ​ថា​ អាជ្ញាធរ​ចង់​គំរាម​កំហែង​ព្រះអង្គ​ កុំ​ឲ្យ​មាន​ការ​ទាក់​ទិន​ទៅ​នឹង ​ពលរដ្ឋ​ដែល​គាំទ្រ​លោក​ម៉ម​ សូណង់​ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​។ នេះ​គឺជា​ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​សិទ្ធិ​បញ្ចេញ​មតិ​ និង​សិទ្ធិ​ធ្វើ​ដំណើររបស់​ព្រះ​អង្គ»៕

No comments:

Post a Comment

I like Blogger