សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, September 19, 2012

ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង បារម្ភ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ

វណ្ណ វិចារ​ វិទ្យុអាស៊ីសេរី​ ថ្ងៃទី១៩ កញ្ញា ២០១២
ប្រជាពលរដ្ឋ​៨០គ្រួសារ នៅ​ខេត្ត​ស្វាយរៀង ដាក់​ញត្តិ​តវ៉ា​នៅ​សាលា​ខេត្ត ដើម្បី​ទាម​ទារ​ឲ្យ​អាជ្ញាធរ​វាស់វែង​ដីធ្លី​ស្រែ​ជម្រៅ​ឲ្យ​ពួក​គាត់។ ក្រុម​ពលរដ្ឋ​ទាំង​នោះ​ប្រាប់​ថា ពួក​គាត់​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង ខ្លាច​អាជ្ញាធរ​រឹបអូស​ដី​ស្រែ ដែល​គាត់​អះអាង​ថា​ធ្លាប់​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៨០ មក។

អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា បើ​ទោះ​ជា​អាជ្ញាធរ​មិន​ធ្វើ​ប្លង់​ដី​ឲ្យ​ក៏ដោយ ក៏​ពលរដ្ឋ​អាច​អាស្រ័យ​ផល​លើ​ដី​ទាំង​នោះ​បាន​ដែរ។ ប៉ុន្តែ សង្គម​ស៊ីវិល ហៅ​ទង្វើ​ដែល​អាជ្ញាធរ​មិន​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​ថា ជា​បំណង​មិន​ល្អ​របស់​អាជ្ញាធរ​ទៅ​លើ​ពលរដ្ឋ។

ក្រុម​ពលរដ្ឋ​៨០គ្រួសារ​មក​ពី​ភូមិ​ចេក ភូមិ​សំរោង ភូមិ​ពួនកក ក្នុង​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី១៨ កញ្ញា បាន​ដាក់​ញត្តិ​តវ៉ា​នៅ​សាលា​ខេត្ត​ស្វាយរៀង ស្នើ​ឲ្យ​អាជ្ញាធរ​វាស់វែង​ដីធ្លី​ជូន​ពួក​គាត់​តាម​ការ​សន្យា។ ពលរដ្ឋ​ឲ្យ​ដឹង​ថា កាល​ពី​ប្រជុំ​កំណត់​តំបន់​វិនិច្ឆ័យ​វាស់វែង​ដីធ្លី អាជ្ញាធរ​សុរិយោដី​ប្រាប់​ថា អាជ្ញាធរ​ទុក​ដី​ចំណី​ព្រែក​ចំងាយ​ពី​អ័ក្ស​ព្រែក​៥០ម៉ែត្រ ប៉ុន្តែ​ពេល​វាស់​ជាក់ស្តែង អាជ្ញាធរ​បែរ​ជា​ទុក​ដី​ចំណី​ចាប់​ពី​មាត់​ព្រែក​ចូល​ទៅ​ក្នុង​ដី​ពួក​គាត់ រហូត​ដល់​៥០០​ម៉ែត្រ ខុស​ពី​ការ​សន្យា​ទាំង​ស្រុង​តែ​ម្តង។

តំណាង​ពលរដ្ឋ​៨០គ្រួសារ លោកស្រី ទេព សុម៉ាលី មាន​ប្រសាសន៍​ថា រូប​គាត់​មាន​ដី​ស្រែ​កន្លះ​ហិកតារ ដែល​មាន​ចម្ងាយ​ពី​មាត់​ព្រែក​ជាង​១០០​ម៉ែត្រ តែ​អាជ្ញាធរ​មិន​វាស់​វែង​ឲ្យ​ឡើយ។ លោកស្រី​បន្ត​ថា អ្នក​ភូមិ​បាន​ស្នើ​ជាច្រើន​ដង​ច្រើន​សារ​ទៅ​កាន់​អាជ្ញាធរ​ឃុំ និង​ស្រុក តែ​ក្រុម​អាជ្ញាធរ​ប្រាប់​ថា ដី​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ ដូច​នេះ រដ្ឋ​មិន​អាច​ចេញ​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​នោះ​ទេ។ លោកស្រី ទេព សុម៉ាលី បញ្ជាក់​ថា ការ​មិន​វាស់​ដី​ជូន​ពលរដ្ឋ ជា​រឿង​អយុត្តិធម៌​បំផុត៖ «វា​ប៉ះពាល់​ខ្លាំង​តែ​ម្តង ព្រោះ​ស្រែ​ហ្នឹង បាន​ធ្វើ​រហូត​មក។ ដល់​ពេល​គេ​អត់​ធ្វើ​ប្លង់​ឲ្យ ពលរដ្ឋ​មាន​ការ​ភ័យ​ព្រួយ​ទៅ​ថ្ងៃ​មុខ​អត់​មាន​អី​ហូប ហើយ​ទៅ​ថ្ងៃ​មុខ​បើ​គេ​ថា ដី​គេ ពលរដ្ឋ​ច្បាស់​ជា​គ្មាន​ឯកសារ​អី​បញ្ជាក់​ថា​របស់​យើង​ផង»។

លោកស្រី ទេព សុម៉ាលី បន្ត​ថា អ្នក​ភូមិ​ទាំង​អស់​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អន្តរាគមន៍​ផ្តល់​កម្មសិទ្ធិ​ស្រប​ច្បាប់​ឲ្យ​ពួក​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​រស់​ប្រកប​ដោយ​ក្តី​សង្ឃឹម។

ទាក់​ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​ឈើទាល លោក មាស សុត ពន្យល់​ថា ការ​ដែល​អាច​អាជ្ញាធរ​មិន​វាស់វែង​ដី​ជូន​ពលរដ្ឋ មក​ពី​ដី​ស្រែ​ទាំង​នោះ​ស្ថិត​ក្នុង​គម្រោង​ស្ដារ​ព្រែក។ លោក​បន្ត​ថា តាម​ច្បាប់ ដី​ចំណី​ព្រែក​មាន​ប្រវែង​៥០ម៉ែត្រ​ពី​អ័ក្ស​ព្រែក តែ​អាជ្ញាធរ​មាន​គម្រោង​តម្រង់​ព្រែក​ឲ្យ​ត្រង់ ទើប​ក្រុម​អាជ្ញាធរ​សម្រេច​ថា ពួក​គេ​មិន​វាស់​ដី​ឲ្យ​ពលរដ្ឋ​ទាំង​អស់ នៅ​តាម​បណ្តោយ​ព្រែក​តែ​ម្តង​ទៅ៖ «ធារាសាស្ត្រ​ក្នុង​ការ​ស្តុក​ហ្នឹង បើ​យើង​បត់បែន​តាម​ព្រែក វា​មិន​ល្អ​មើល គេ​មិន​វាស់​ឲ្យ​មែន តែ​ដី​បង​ប្អូន​នៅ​តែ​មាន​អ៊ីចឹង គ្រាន់​តែ​អត់​ធ្វើ​ប្លង់»។

ទោះ​ជា​យ៉ាង​ណា​ក្តី មន្ត្រី​សម្រប​សម្រួល​អង្គការ​កសិករ​ដើម្បី​អភិវឌ្ឍន៍ លោក ប៊ុត កុសល មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​គួរ​ណា​មិន​វាស់​ដី​ឲ្យ​ពលរដ្ឋ​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​នៅ​លើ​ដី​នេះ​ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា គម្រោង​តម្រង់​ប្រឡាយ​ឲ្យ​ត្រង់​របស់​អាជ្ញាធរ ជា​គម្រោង​មួយ​ដែល​លើក​ឡើង​មិន​ត្រឹមត្រូវ។ លោក ប៊ុត កុសល បញ្ជាក់​ថា បើ​សិន​ជា​អាជ្ញាធរ​ធ្វើ​ការងារ​តាម​ច្បាប់​កំណត់ ប្រាកដ​ជា​ពលរដ្ឋ​មិន​ផ្ទុះ​ការ​តវ៉ា​ទេ ដូច​នេះ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ទាំង​នោះ៖«ដី​ហ្នឹង អនាគត​ត្រូវ​ក្លាយ​ជា​ដី​អភិវឌ្ឍន៍​កសិកម្ម អ៊ីចឹង​បើ​ពេល​ក្រោយ​រដ្ឋ​សម្បទាន​ឲ្យ​អ្នក​ណា​មួយ​ទៀត ពួក​គាត់​អត់​កម្មសិទ្ធិ​ផង មាន​សិទ្ធិ​ពី​ណា​តវ៉ា»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សាលា​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១៨ កញ្ញា បាន​ចេញ​មក​ទទួល​ញត្តិ​ស្នើសុំ​របស់​ពលរដ្ឋ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ។ ក្រុម​អ្នក​តាម​ដាន​បញ្ហា​ទំនាស់​ដីធ្លី​នៅ​កម្ពុជា លើក​ឡើង​ថា អាជ្ញាធរ​ត្រូវ​តែ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​តាម​ច្បាប់​កំណត់ មិន​ត្រូវ​ប្រើ​លេស​ផ្សេងៗ​ដើម្បី​កេង​ចំណេញ​លើ​ពលរដ្ឋ​នោះ​ឡើយ៕

Tags: ការអភិវឌ្ឍន៍, ទំនាស់ដី, សិទ្ធិមនុស្ស

No comments:

Post a Comment

I like Blogger