សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, September 26, 2012

ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ម្ចាស់​ជំនួយ​អន្តរាគមន៍​លើ​ក្តី​បារម្ភ

Wednesday, 26 September 2012 Claire Knox, The Phnom Penh Post

ភ្នំពេញៈ សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ជាង​១០០​កាល​ពី​ម្សិលមិញ​បាន​ចេញ សេចក្តី​ថ្លែងការណ៍​រិះគន់​ទៅ​លើ​បញ្ហា​ដី​ធ្លី ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ និង​កំណែ​ទម្រង់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ក្រុម​ម្ចាស់​ជំនួយ​បរទេស​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង ក្តី​បារម្ភ​ទាំង​នេះ នៅ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​សម្រប​សម្រួល​ដៃ​គូ​អភិវឌ្ឍន៍‑រដ្ឋាភិបាល​(GDCC) នៅ​ថ្ងៃ​នេះ។

សន្និសីទ​ជាន់ខ្ពស់​ស្តី​ពី​ជំនួយ​ ដែល​រំពឹង​ថា​ នឹង​ធ្វើ​ឡើង​រៀងរាល់​៦​ខែ​ម្តង ក្នុង​នោះ រដ្ឋាភិបាល​ជា​ធម្មតា​នឹង​បង្ហាញ អំពី​ផែន​ការ​រយៈ​ពេល​៥​ឆ្នាំ​របស់​ខ្លួន ហើយ​កិច្ច​ប្រជុំ​ថ្ងៃ​នេះ​គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី១​របស់ GDCC សម្រាប់​កម្ពុជា​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​មុន គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ពន្យារ​ដោយ​មិន​កំណត់​កាល​បរិច្ឆេទ​កាល​ ពី​ខែ​សីហា​ ឆ្នាំ​២០១១។


GDCC គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជា​កិច្ច​ប្រជុំ​ត្រៀម សម្រាប់​កិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​កម្ពុជា​និង ម្ចាស់​ជំនួយ​នៅ​វេទិកា​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា (CDCF) ដែល​ជា​ធម្មតា​នៅ​ពេល​នោះ ម្ចាស់​ជំនួយ​នឹង​ធ្វើ​ការ​បង្ហាញ​ពី​ការ​ប្រើ​ប្រាក់​ជំនួយ​នោះ​ និង​ពី​​កំណែ​ទម្រង់​ដែល​គេ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ដោះស្រាយ។

លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន លើក​ឡើង​ថា វេទិកា CDCF ​លើក​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៤​ ហើយ​បើ​ទោះ​ជា​វេទិកា​នោះ​រំពឹង​ថា នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​១៨​ខែ​ក៏​ដោយ ក៏​​កាល​ពី​ឆ្នាំ​មុន​វា​ត្រូវ​បាន​ពន្យារ​ដោយ​មិន​កំណត់​ពេលវេលា ច្បាស់​លាស់​ឡើយ មាន​ន័យ​ថា ​ជា​វេទិកា​ដែល​មិន​ទាន់​បាន​ធ្វើ​តាំង​ពី​ឆ្នាំ​២០១០។

បើ​ទោះ​ជា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​មុន​បាន​បដិសេធ​ថា មិន​បាន​ដឹង​អំពី​ពេលវេលា​នៃ​កិច្ច​ប្រជុំ​នេះ​ក្តី ​មន្រ្តី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា កិច្ច​ប្រជុំ​GDCC នឹង​ចាប់ផ្តើម​ថ្ងៃ​នេះ។

បើ​ទោះ​ជា​កំណែ​ទម្រង់​ឬ​សូចនាករ​តាម​ដាន​រួម​(JMIs)​ត្រូវ​បាន​អនុម័ត​នៅ​ឯ​វេទិកា CDCF គេ​រំពឹង​តិច​តួច​ណាស់​ថា ​នឹង​ត្រូវ​អនុម័ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ ដែល​ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​អំពាវនាវ​ជា​បន្ទាន់​ជា​ច្រើន​ពី ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ម្ចាស់​ជំនួយ​បរទេស​ដែល​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​មួយ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា គេ​បាន​ទទួល​ដំណឹង​ថា កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង ហើយ JMIs ត្រូវ​បាន​ដាក់​ក្នុង​របៀប​វារៈ​«ដើម្បី​ពិនិត្យ​និង​អនុម័ត​ជា​ផ្លូវ​ការ »។

ពេល​សួរ​ថា អ្វី​ដែល​អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រកាស​កិច្ច​ប្រជុំ​នេះ ប្រភព​នេះ​ថា«មក​ពី​ឆ្នាំ​នេះ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​អាស៊ាន»។

ប្រភព​ដដែល​បន្ត​ថា​ ៖ «វា​ពិត​ជា​សំខាន់ ដែល​មាន​ការ​បន្ត​កិច្ច​ប្រជុំ​ពិភាក្សា យើង​ពិត​ជា​ស្វាគមន៍​កិច្ច​ប្រជុំ​នេះ»។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធំៗ​៥ បាន​សម្រប​សម្រួល​សិក្ខា​សាលា​មួយ​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​ជាង​ ១០០​ កាល​ពី​ម្សិលមិញ នឹង​បាន​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ក្នុង​បំណង​ដាក់​ជូន​កិច្ច​ប្រជុំ GDCC និង​បាន​អំពាវនាវ​ឲ្យ​មាន​តម្លាភាព គណនេយ្យភាព និង​កំណែ​ទម្រង់​​ការ​បោះឆ្នោត ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម វិស័យ​ជលផល និង​កំណែ​ទម្រង់​ដីធ្លី។

ក្រុម​អង្គការ​ទាំង នេះ​បាន​លើក​ឡើង​ពី​អាទិភាព​ចម្បង​និង​បន្ទាន់​នូវ​ការ​ប្តេជ្ញា​ចិត្ត​ជា សាធារណៈ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ដាក់​ចំណាត់​ថ្នាក់​ឡើង​វិញ​លើ​ដី​ធ្លី ​រួម​ទំាង​ការ​កំណត់​ព្រំដែន​ឲ្យ​បាន​ច្បាស់​លាស់ ​និង​អនុវត្ត​គោល​នយោបាយ​ជាតិ​លើ​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី ... ​ត្រូវ​គោរព​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​»។

លោក ស៊ិន សុមុនី នាយក​ប្រតិបត្តិ​នៅ​អង្គការ MEDiCAM ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​វិស័យ​សុខាភិបាល​កាល​ពី​ម្សិលមិញ បាន​ថ្លែង​ថា លោក​ជឿ​ថា កំណែ​ទម្រង់​នឹង​ទទួល​​បាន​ការ​អនុម័ត​នៅ​ថ្ងៃ​នេះ​។

លោក​បន្ត​ថា​៖ «​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែរ ដែល​វេទិកា CDCF ប្រារព្ធ​ធ្វើ​មុន​ពេល​រំពឹង​ទុក​​»។

លោក ឈិត សំអាត នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រចាំ​កម្ពុជា ដែល​ជា​អង្គការ​សម្រប​សម្រួល​មួយ​ដែរ​នោះ ​ថ្លែង​ថា​៖ «ថ្ងៃ​ស្អែក យើង​នឹង​ដាក់​បញ្ហា​អភិបាល​កិច្ច និង​គណនេយ្យភាព ជា​ប្រធាន​បទ​របស់​យើង​ ប៉ុន្តែ​មាន​របៀប​វារៈ​កំណត់​មួយ​រួច​ហើយ។ ​យើង​នឹង​ជា​អ្នក​សង្កេត​ការណ៍​បច្ចេកទេស​នៅ​ថ្ងៃ​ស្អែក ដូច្នេះ យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ឱកាស​លើក​ឡើង​អំពី​ក្តី​បារម្ភ​របស់​យើង​ »។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​និង​អន្តរជាតិ​កាល​ពី​ម្សិលមិញ បាន​ផ្ញើ​លិខិត​បន្ទាន់​មួយ​ទៅ​ស្ថាន​ទូត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស កម្ពុជា​ និង​ម្ចាស់​ជំនួយ​នានា​ដោយ​ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​លើ​បញ្ហា​ជាក់លាក់​និង​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ថ្មី​ៗ​នេះ​នៅ​កិច្ច​ប្រជុំ នេះ រួម​ទាំង​ករណី​ចាប់​លោក ម៉ម សូណង់​ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដាក់​ពន្ធនាគារ និង​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី និង​អ្នក​កាសែត ហង្ស សេរីឧត្តម រួម​ទាំង​ការ​ចាប់​ខ្លួន​និង​ដាក់​ពន្ធនាគារ​មុន​ការ​កាត់​ទោស លើ​សកម្មជន​តវ៉ា​បញ្ហា​សិទ្ធិ​លំនៅ​ដ្ឋាន អ្នក​ស្រី យ៉ោម បុប្ផា និង​អ្នក​ស្រី ទឹម សាក់​មុន្នី ដែល​ជា​ប្រជាជន​នៅ​សហគមន៍​បឹង​កក់ និង​បុរី​កីឡា​។

លោក Phil Robertson នៃ​អង្គ​ការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស បាន​ថ្លែង​ថា ម្ចាស់​ជំនួយ​បរទេស​ដែល​ផ្តល់​ជំនួយ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា មាន​ការ​ទទួល​ខុស​ត្រូវ​លើក​ឡើង​ពី​បញ្ហា​សិទិ្ធមនុស្ស «នៅ​ពេល​ណា​ ដែល​ពួក​គេ​ជួប​ជាមួយ​នឹង​មន្រ្តី​កម្ពុជា»។

«យើង​សង្កត់​ធ្ងន់​ចំពោះ​ម្ចាស់​ជំនួយ​ អំពី​សារៈ​សំខាន់​ផ្តល់​លើ​អ្នក​ការ​ពារ​សិទិ្ធ​មនុស្ស ដែល​ប្រឈម​នឹង​ការ​កាត់​ទោស ដោយ​សារ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន»។

ទោះ​ជា​យ៉ាង​ណា លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា បាន​ថ្លែង​ថា វេទិកាកិច្ច​សហ​ប្រតិបតិ្តការ​អភិវឌ្ឍ​កម្ពុជា គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​មួយ ហើយ​ថា លោក​មិន​មាន​ទំនុក​ចិត្ត​ទេ​ថា ការ​អំពាវនាវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ត្រូវ​ឆ្លើយ​តប​នៅ​ថ្ងៃ​នេះ៕ PS / TK


No comments:

Post a Comment

I like Blogger