សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, September 26, 2012

អ្នក​បឹងកក់-បុរី​កីឡា​បន្ត​ដើរ​ស្រែក​យំ​រក​យុត្តិធម៌

Wednesday, 26 September 2012 ឃុត សុភចរិយា, From The Phnom Penh Post

នំពេញៈ កុមារា​លួស លីហួរ អាយុ ៧ ឆ្នាំ អង្គុយ​លុត​ជង្គង់​យំ នៅ​ក្រោម​តំណក់​ទឹក​ភ្លៀង ជា​មួយ​នឹង​ដៃ​ទាំង​ពីរ​ឱប​ផ្កា​ឈូក ខណៈ​ដែល​សក់​ជា​ទី​ស្រឡាញ់​របស់​គេ​បាន​ជ្រុះ​ធ្លាក់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ ដីដោយ​សារ​ផ្លែ​ឡាម​ ដែល​កោរ​ដោយ​ស្ត្រី​ម្នាក់។ បុរស​ពិការ​ម្នាក់​ទៀត ក៏​លុត​ជង្គង់​កោរ​សក់ ដូច​លីហួរ ដែរ នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ក្នុង​ចំណោម​អ្នក​ភូមិ​ប្រមាណ​ជា ២០០ នាក់ ដែល​ខ្លះ​ស្រែក​យំ ជា​អ្វី​ដែល​ពួក​គេ ហៅ​ថា តុលាការ «អយុត្តិធម៌»។


ជាទូទៅ ការ​កោរ​សក់ គឺ​ធ្វើ​ឡើង តែ​នៅ​ពេល​ឪពុក ម្តាយ​ ជីដូន ជីតា បាន​ស្លាប់​ ឬ​ក៏​នៅ​ពេល​បួស​ជា​សង្ឃ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ លីហួរ និង​បុរស​ម្នាក់​នេះ មិន​មែន​កោរ​សក់​ដោយ​សារ​មាន​នរណា​ម្នាក់​ស្លាប់​នោះ​ទេ ហើយ​ក៏​មិន​មែន​ដើម្បី​បួស​ជា​សង្ឃ​នោះ​ដែរ។ លីហួរ កោរ​សក់ ដើម្បី​បួងសួង​ដល់​ទេវតា និង​វត្ថុ​ស័ក្តិសិទ្ធិ សូម​ឲ្យ​ជួយ​បន្ទន់​ចិត្ត​ មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​អាណិត​អាសូរ ​ដោះលែង​សកម្ម​ជន​ដី​ធ្លី នៅ​តំបន់​បឹង​កក់ អ្នក​ស្រី យ៉ោម បុប្ជា ដែល​ត្រូវ​ជា​ម្តាយ​របស់​ខ្លួន ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​មក​វិញ។

ចំណែក​បុរស​ម្នាក់​ទៀត ក៏​សូម​ឲ្យ​មាន​ការ​ដោះ​លែង សកម្មជន​ដី​ធ្លី នៅ​សហគមន៍ បុរី​កីឡា អ្នកស្រី​ ទឹម សាក់មុន្នី ដែល​ជា​ម្តាយ​របស់​ខ្លួន ចេញ​ពី​ពន្ធនាគារ​ព្រៃស​មក​វិញ​ផង​ដែរ​។

កុមារា លួស លីហួរ បាន​និយាយ​ទាំង​យំ​អណ្ដឺត​អណ្ដក​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ម៉ាក់​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ...ខ្ញុំ​នឹក​គាត់​ណាស់»។

អ្នក ស្រី យ៉ោម​ បុប្ផា សកម្ម​ជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ បង្គាប់​ឲ្យ​បញ្ជូន​ទៅ​ឃុំខ្លួន​ នៅ​គុក​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី៤ ខែ​កញ្ញា ដោយ​ចោទ​ប្រកាន់​ពី​បទ«ហិង្សា​ដោយ​ចេតនា»។ មួយ​ថ្ងៃ​បន្ទាប់​មក តំណាង​ជន​រងគ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​សហ​គមន៍​បុរីកីឡា អ្នក​ស្រី ទឹម សាក់​មុន្នី ត្រូវ​បាន​តុលាការ​ដដែល​នេះ បង្គាប់​ឲ្យ​ឃុំ​ខ្លួន នៅ​គុក​ព្រៃ​ស​ផង​ដែរ ដោយ​ចោទ​ប្រកាន់ ពី​បទ«ប្រកាស​ក្លែង​បន្លំ​ការ​ពិត» ក្រោយ​ពី​គាត់​ត្រូវ​បាន​កោះ​ឲ្យ​ចូល​បំភ្លឺ​ ចំពោះ​បណ្ដឹង​ចោទ​ប្រកាន់​ពីបទ​«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​»​ ដែល​ប្តឹង​ដោយ​អ្នក​ស្រី​ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន ផានអ៊ីម៉ិច។

លោក លួស សាខន ជា​ប្តី​របស់​អ្នក​ស្រី យ៉ោម បុប្ជា ដែល​បច្ចុប្បន្ន កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ទាក់ទង​នឹង​បទ​ចោទ​ប្រកាន់​ដូច​គ្នា​នឹង​ប្រពន្ធ​របស់​គាត់​ដែរ​នោះ បាន​និយា​យ​ដោយ​ចាត់​ទុក ការ​ឃុំ​ខ្លួន​ភរិយា​របស់​គាត់​ថា​ ជា​អំពើ​«អយុត្តិធម៌» និង​ទាមទារ​ឲ្យ​តុលាការ​នេះ​ ដោះ​លែង​ប្រពន្ធ​គាត់​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។ លោក​ថ្លែង​ថា​៖«ខ្ញុំ​គិត​ថា ការ​ចាប់​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​ភរិយា​ខ្ញុំ គឺជា​អំពើ​អយុត្តិធម៌​បំផុត ព្រោះ​ពួក​យើង​មិន​បាន​ប្រព្រឹត្ត ដូច​ដែល​អ្វី​គេ​ចោទ​ប្រកាន់​នោះ​ទេ»។

ជាមួយ​គ្នា​នោះ​ដែរ ពលរដ្ឋ​រង​គ្រោះ​ ក្នុង​តំបន់​បុរីកីឡា អ្នក​ស្រី ជុំ ង៉ាន់ ​បាន​និយាយ​ថា អាជ្ញាធរ និង​តុលាការ មិន​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពួក​គាត់​ ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ និង​ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ ពី​សំណាក់​ម្ចាស់​ក្រុម​ហ៊ុន ផានអ៊ីម៉ិចនោះ​ទេ។ អ្នក​ស្រី​​ថ្លែង​ថា៖«ករណី​បំផ្លិច​បំផ្លាញ​លំនៅដ្ឋាន និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​យើង​ ក្នុង​ពេល​បណ្តេញ​ចេញ​កាល​ពី​ថ្ងៃទី​៣ មករា ២០១២ មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​ស្រី​ ទឹម សាក់​មុន្នី ដែល​ចេញ​មុខ​តវ៉ា ជំនួស​កូន​ប្រុស​គាត់ ​ដែល​ជា​ជន​ពិការ​ ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ដោយ​ចោទ​ប្រកាន់​ទាំង​អយុត្តិ​ធម៌»។

ទោះ​ជា ​បែប​ណា​ក្ដី​ ក្រោយ​ពី​គ្មាន​មន្ត្រី​តុលាការ​ណា​ម្នាក់​ អើពើ​ចំពោះ​ការ​ស្រែក​តវ៉ា​ ក្រុម​អ្នក​តវ៉ា​ទាំង​នេះ បាន​នាំ​គ្នា​ដើរ​ត្រឡប់​មក​ប្រមូល​ផ្ដុំ​គ្នា នៅ​មុខ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍ ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង ​សមាជិក​សកម្ម​របស់​ពួក​គេ។ នៅ​ទី​នោះ​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ បាន​ដួល​សន្លប់​ បន្ទាប់​ការ​ហេវ​ហត់ និង​អាការ​ជំងឺ​ខ្សោយ​ របស់​នាង៕


No comments:

Post a Comment

I like Blogger