សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, September 25, 2012

ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា​២០០​នាក់​តវ៉ា​មុខ​តុលាការ​ភ្នំពេញ

Tuesday, 25 September 2012 ឃុត សុភចរិយា, From The Phnom Penh Post




















ភ្នំពេញៈនៅក្រោម​ដំណក់​ភ្លៀង​កំពុង​ធ្លាក់ ពលរដ្ឋ​ក្នុង​សហគមន៍​បឹង​កក់ និង​បុរី​កីឡា ប្រមាណ​ជាង​២០០​នាក់​ កាលពី​ព្រឹក​​ថ្ងៃ​អង្គារ​នេះ​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើការ​តវ៉ា នៅ​​មុខ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​សមាជិក​សហគមន៍ របស់​ពួកគេ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​ពី​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស​ជាង​បី​សប្តាហ៍​កន្លង​មក​នេះ។

អ្នកស្រី យ៉ោម​ បុប្ផា សកម្ម​ជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ខែ កញ្ញា ខណៈ​គាត់​និង​ប្ដី​របស់​គាត់​នាំគ្នា​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត នៅ​សង្កាត់​ស្រះ​ចក ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​គាត់​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ បង្គាប់​ឲ្យ​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ពី​បទ​«ហឹង្សា​ដោយ​ចេតនា» ។ មួយថ្ងៃ​បន្ទាប់​មក តំណាង​ជនរង​គ្រោះ​ក្នុង​ជម្លោះដី​ធ្លី​ក្នុង​សហគមន៍​បូរីកីឡា អ្នក​ស្រី​ ទឹម សាក់​មុន្នី ត្រូវបាន​តុលាការ​ដដែល​នេះ បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃ​ស​ផង​ដែរ ដោយ​ចោទ​ប្រកាន់ ពី​បទ« ប្រកាស​ខ្លែង​បន្លំ​ការ​ពិត» ក្រោយ​ពី​គាត់​ត្រូវ​បាន​កោះឲ្យ​ចូល​បំភ្លឺ​ចំពោះ​បណ្ដឹង​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ»​ របស់​អ្នកស្រី​ស៊ុយ សុផាន។


នៅឯ​កន្លែង​ប្រមូល​ផ្ដុំ ក្រុម​អ្នក​តវ៉ា ដែល​បាន​នាំ​មក​ជា​មួយ​នូវ​អំបិល ប្រហុក ​ម្ទេស អង្ករ ​ទាន ធូប និង​បាយ​សី​ផង​នោះ បាន​រៀប​ចំពិធី​កោសក់ ឲ្យកូន​ប្រុស​របស់​ស្ត្រី​ជាប់​ឃុំ​ទាំង​ពីរ​ខាង​លើ ដែល​ម្នាក់​ជា​ជនពិការ​និយាយ​មិន​រួច និង​មាន​ជំងឺ​ជាប់​ខ្លួន និងម្នាក់​ទៀត​មាន​វ័យ​៧ឆ្នាំ ដើម្បី​បួង​សួង​ដល់​ទេវតា ជួយ​បន្ទន់​ចិត្ត​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​ឲ្យ​អាណិត​អាសូរ និង​ដោះ​លែង​អ្នក​ម្ដាយ​របស់​ពួកគេ​មក​វិញ។

កូនប្រុស​អ្នកស្រី​ យ៉ោម​ បុប្ផា កុមារា លួស លីហួរ អាយុ​៧​ឆ្នាំ ដែល​បាន​កោសក់​នៅ​ពេល​នោះ បាន​និយាយ​ទាំង​យំ​រដឺត​រដក​ថា៖​«ខ្ញុំ​ចង់​ឲ្យ​ម៉ាក់​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ...ខ្ញុំ​នឹក​គាត់​»។

ឳពុក​របស់​កុមារា​នេះ លោក លួស​ សាខន ដែល​បច្ចុប្បន្ន កំពុង​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ទាក់​​ទងនិង​បទ​ចោទ​ប្រកាន់​ដូច​គ្នា​នឹង​ប្រពន្ធ​របស់​គាត់​អ្នក​ស្រី​ យ៉ោម​ បុប្ផា​ ដែរ​នោះ បាន​និយាយ​ដោយ​ចាត់​ទុក ការ​ឃុំ​ខ្លួន​ភរិយា​របស់​គាត់​ថា​ជា​អំពើ​«អយុត្តិធម៌» និង​ទាម​ទារ​ឲ្យ​តុលាការ​នេះ​ដោះ​លែង​ប្រពន្ធគាត់​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខណ្ឌ​អ្វី​ទាំង​អស់។

លោកបាន​ថ្លែង​ថា៖«ខ្ញុំគិត​ថា ការចាប់​ឃុំខ្លួន​និង​ការ​ចោទ​ប្រកាន់​ភរិយាខ្ញុំ គឺជា​អំពើ​អយុត្តិធម៌​បំផុត ព្រោះ​ពួក​យើង​មិន​បាន​ប្រព្រឹត្ត​ដូច​ដែល​អ្វី​គេ​ចោទ​ប្រកាន់​នោះ​ទេ»។

ជាមួយគ្នា​នោះ​ដែរ ពលរដ្ឋ​រង​គ្រោះ​ក្នុង​តំបន់​បុរីកីឡា អ្នកស្រី ជុំ ង៉ាន់ ​បាន​និយាយ​ថា​អាជ្ញាធរ និង​តុលាការ មិន​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពួក​គាត់​ ដែល​ជា​ប្រជាពលរដ្ឋ​ក្រី​ក្រ និង​ដែល​រង​ការរំលោភ​បំពាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​ម្ចាស់ក្រុម​ហ៊ុន​ ផាន​ អ៊ី​ម៉ិច​នោះទេ។

អ្នកស្រី​​ថ្លែងថា៖«ករណី​បំផ្លិច​បំផ្លាញ​លំនៅ​ឋាន​ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​យើង​ក្នុង​​ព្រឹត្តិ​ការ​ណ៍​ថ្ងៃ៣​មករា ២០១២ មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​ស្រី​ ទឹម សាក់​មុន្នី ដែល​ចេញ​មុខ​តវ៉ា ជំនួស​កូន​ប្រុស​គាត់​ដែល​ជាជន​ពិការ​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក ដោយ​ចោទ​ប្រកាន់​ទាំង​អយុត្តិធម៌»។

ទោះជាបែបណាក្ដី​ ក្រោយពី​គ្មានមន្ត្រី​ណាមួយក្នុង​ស្ថាប័ននេះ អើពើចំពោះការស្រែក​តវ៉ា​ទាមទាររបស់ពួកគេ ក្រុម​អ្នកតវ៉ា​ទាំង​នេះ បាន​នាំគ្នា​ដើរត្រឡប់​មកប្រមូល​ផ្ដុំនៅ​មុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បី​ស្នើសុំកិច្ច​អន្តរាគមន៍​​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ឲ្យ​ជួយដោះ​លែង​សមាជិកសកម្មរបស់ពួកគេ។ នៅទី​នោះ​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ក្រុម​អ្នកតវ៉ាទាំង​នោះ បាន​ដួល​សន្លប់​ បន្ទាប់​ពី​អាការៈជំងឺ​ខ្សោយបេះដូង​របស់​នាង បានរើឡើង​វិញ។




No comments:

Post a Comment

I like Blogger