សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, September 5, 2012

សកម្មជន​ការពារ​ដី​ធ្លី​បឹងកក់ ២ នាក់​ត្រូវ​ចាប់​ខ្លួន

Wednesday, 05 September 2012 ឃុត ​សុ​ភ​ច​រិ​យា From The Phnom Penh Post





















ភ្នំពេញៈ សកម្មជន​តវ៉ា​ ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដី​ធ្លី ​នៅ​សហគមន៍​បឹងកក់ ពីរ​នាក់​ប្តី​ប្រពន្ធ​ ថ្មី​ទៀត​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ចាប់​ឃាត់​ខ្លួន កាលពី​ម្សិល​មិញ ខណៈ​ពួក​គាត់​ទាំង​ពីរ​នាក់ កំពុង​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​ស្រះ​ចក។

អ្នក​ភូមិ​បឹងកក់ ដែល​បាន​ទៅ​មើល​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​ស្រះ​ចក​កាល​ពី​ព្រឹក​ម្សិល​មិញ និង​ដែល​បាន​ឃើញ​ហេតុការណ៍​នៃ​ការ​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​មួយ​គូ​នោះ លោក​ឌួង​ គារ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រហែល ​៩​ ព្រឹក​ម្សិលមិញ អ្នក​ស្រី យ៉ោម បុប្ផា អាយុ ២៩ ​ឆ្នាំ និង​ប្ដី​របស់​គាត់​ ឈ្មោះ​លួស សាខន អាយុ​ ៥៦ ​ឆ្នាំ រស់​នៅ​ភូមិ​ ២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដែល​មាន​គ្នា​ប្រមាណ​ជាង​ ១០ នាក់ ស្លៀក​ពាក់​ស៊ីវិល ចាប់​រុញ​បញ្ចូល​ទៅ​ក្នុង​រថយន្ត​កាម៉ារី​ ព័ណ៌ស សេរី​ ៩១ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​ ហើយ​បើក​ចេញ​ទៅ​។ លោក​បញ្ជាក់​ថា៖«ក្រុម​សមត្ថកិច្ច​ទាំង​នោះ ​ចាប់​ខ្លួន​ពួក​គាត់​ ដោយ​មិន​បង្ហាញ​ដីកា​ឲ្យ​នាំខ្លួន​នោះ​ទេ គឺ​ចាប់​ដូច​ជា​ចោរ​ប្លន់​អ៊ី​ចឹង»។


ក្រោយ​ពី​ការ​ចាប់​ខ្លួន​អ្នក​ទាំង ពីរ ក្រុម​អ្នក​ភូមិ​ប្រមាណ​ ១០០​ នាក់ បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ ដូនពេញ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង។​ នៅ​ទី​នោះ មាន​មន្ត្រី​នគរបាល​ម្នាក់ បាន​ប្រាប់​ថា អ្នក​ទាំង​ពីរ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​រាជធានី​ហើយ។

ទោះ​ជា​បែប​ណា​ ក្ដី ក្រុម​អ្នក​ភូមិ​ទាំង​នោះ នៅ​តែ​មិន​ទទួល​បាន​ដំណឹង​ថា​ តើ​អ្នក​ទាំង​ពីរ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​យក​ទៅ​ឃុំ​ខ្លួន ​នៅ​កន្លែង​ណា​ឲ្យ​ពិតប្រាកដ​នោះ​ទេ ដោយ​នៅ​ឯ​ស្នងការ​នគរបាល​រាជធានី ពួក​គាត់​ទទួល​បាន​តែ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចំនួន​ពីរ​ច្បាប់​ ដែល​មួយ​ច្បាប់​ បង្គាប់​ឲ្យ​នាំ​ខ្លួន​អ្នក​ស្រី យ៉ោម បុប្ផា និង​មួយ​ច្បាប់​ទៀត​ បង្គាប់​ឲ្យ​នាំ​ខ្លួន ប្ដី​របស់​គាត់ គឺ​លោក លួស សាខន ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើប​សួរ សាលា​ដំបូង​រាជធានី លោក​ តែ សំអាង កាល​ពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០១២។

ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ របស់​ចៅ​ក្រម​ស៊ើប​សួរ​ខាង​លើ បាន​ចោទ​ប្រកាន់​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​ ពី​បទ«ហិង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​ ២១៨ នៃ​ច្បាប់​ព្រហ្មទណ្ឌ» ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ ៧ ខែ​សីហា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​។ ​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​នោះ លោក តែ សំអាង បាន​យល់​ឃើញ​ថា៖«ជនជាប់​ចោទ​អាច​គេច​ខ្លួន ក្រោយ​ពី​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន។ ដើម្បី​ធានា​ដល់​ការ​បង្ហាញ​ខ្លួន​ជន​ត្រូវ​ចោទ​ចំពោះ​មុខ​ចៅ​ក្រម​ស៊ើប​សួរ និង​ដើម្បី​ធានា​ដល់​ការ​ស៊ើប​សួរ ឲ្យ​បាន​ពេញ​លេញ គប្បី​សម្រេច​ឲ្យ​នាំ​ខ្លួន...មក​ចំពោះ​មុខ​ចៅ​ក្រមស៊ើប​សួរ​ ដើម្បី​បំភ្លឺ​ការ​ពិត​»។ ការ​ចាប់​ខ្លួន​នេះ​ ត្រូវ​បាន​អ្នក​ភូមិ​បឹងកក់ យល់​ថា ជា​ការ​បំភិតបំភ័យ​ថ្មី​មួយ​ទៀត​របស់​អាជ្ញាធរ​មក​លើ​ពួក​គេ ដើម្បី​កុំ​ឲ្យ​បន្ត​ធ្វើ​ការ​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី ដ៏​រ៉ាំរ៉ៃ នៅ​ក្នុង​តំបន់​នេះ​ទៀត។

តំណាង​អ្នក​ភូមិ​ក្នុង​តំបន់​បឹង​កក់ អ្នក ​ស្រី​ទេព វន្នី បាន​និយាយ​ថា​៖«ខ្ញុំ​យល់​ថា ការ​ចាប់​ខ្លួន​នេះ គឺជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បញ្ឈប់​ការ​តវ៉ា​ ទាមទារ​ឲ្យ​បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី ១២,៤៤​ ហិកតា»។

អ្នក ស្រី​បាន​បន្តថា ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ មិន​ដែល​បង្ក​ហិង្សា ទៅ​លើ​អ្នក​ណា​ម្នាក់​ទេ តែ​ពួក​គាត់​គឺ​ជា​សកម្មជន​តវ៉ា ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដី​ធ្លី នៅ​ក្នុង​សហគមន៍​បឹងកក់។

ទោះ ជា​បែប​ណាក្ដី រយៈ​ពេល​ប្រមាណ​ជាង​ ៨ ម៉ោង ក្រោយ​មក លោក លួស សាខន ត្រូវ​បាន​តុលាការ សម្រេច​ធ្វើ​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ តែ​ប្រពន្ធ​របស់​គាត់ អ្នក​ស្រី យ៉ោម​ បុប្ផា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ នៅ​ឯ​ពន្ធនាគារ​ព្រៃ​ស (ម២) ដោយ​ចោទ​ប្រកាន់​ពី​បទ​«ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​ ២១៨ នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ»។

លោក លួស សាខន បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ក្រោយ​ពី​តុលាការ​បាន​ដោះ​លែង​ថា ក្នុង​រយៈ​ពេល​ពីរ​បីថ្ងៃ​ជាប់​គ្នា​កន្លង​មក​នេះ មាន​មន្ត្រី​នគរបាល​ស្ថិតិ សង្កាត់​ស្រះ​ចក​ម្នាក់ ឈ្មោះ​ភាព បាន​ទូរស័ព្ទ​ឲ្យ​ពួក​គាត់ ទៅ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត។ លោក​ថ្លែង​ថា៖«នៅ​ពេល​ដែល​ពួក​ខ្ញុំ​ទៅ ស្រាប់​តែ​ក្រុម​សមត្ថកិច្ច​បើក​ម៉ូតូ​មក ស្ទុះ​ចាប់​យើង​ខ្ញុំ​តែ​ម្ដង ដោយ​គ្មាន​បង្ហាញ​ដីកា​តុលាការ​អ្វី​ទាំង​អស់»។

នៅ​ពេល​នគរបាល បញ្ជូន​រូប​លោក និង​ប្រពន្ធ ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ផ្សារ​ថ្មី ២ មាន​មន្ត្រី​នគរបាល​ម្នាក់ ប្រាប់​ថា៖ «តុលាការ​បាន​បង្គាប់​ឲ្យ​ពួក​គេ​ ចាប់​ខ្លួន​យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ ប្ដី​ប្រពន្ធ​ ដោយ​ចោទ​ប្រកាន់​ថា​ យើង​ខ្ញុំ​ជា​មេខ្លោង​ក្នុង​ការ​ជំរុញ​គេ​ឯង​ឲ្យ​ទៅ​វាយ​មនុស្ស»។​ លោក​បន្ត​ថា នៅ​ម៉ោង​១១ ព្រឹក ​ដែល​ជា​ពេល​កូន​ប្រុស​អាយុ​ ៧​ ឆ្នាំ​របស់​លោក​ចេញ​ពី​សាលារៀន ​លោក​បាន​សុំ​អនុញ្ញាត​ប្រើ​ទូរស័ព្ទ ដើម្បី​ប្រាប់​អ្នក​ជិត​ខាង​របស់​លោក​ឲ្យ​ទៅ​ជួយ​ទទួល​កូន​គាត់​ពី​សាលា តែ​ក្រុម​នគរបាល​ទាំង​នោះ ​បាន​បដិសេធ​។ លោក​និយាយ​ថា៖«ខ្ញុំ​គ្រាន់​តែ​ជា​ជន​សង្ស័យ ប៉ុន្តែ​មន្ត្រី​នគរបាល​ទាំង​នោះ ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ទោស​ក្បត់​ជាតិ»។

ទាំង​លោក​ តែ សំអាង ចៅ​ក្រម​សាលា​ដំបូង​រាជធានី និង​លោក​ទូច ណារ៉ុថ ស្នងការ​រាជធានី មិន​អាច​ទាក់ទង សុំ​ការ​អធិប្បាយ​បាន​ឡើយ​កាល​ពី​ម្សិលមិញ​។

កញ្ញា ឡុង គឹមហ៊ាង មន្ត្រី​ទំនាក់​ទំនង​ព័ត៌មាន​នៃ​អង្គការ​សិទ្ធិលំនៅ​ដ្ឋាន បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​អនុវត្ត​ខុស​នីតិវិធី​ច្បាប់។ កញ្ញា គឹម​ហ៊ាង បាន​ពន្យល់​ថា តាម​ផ្លូវ​ច្បាប់ ការ​ចាប់​ខ្លួន ត្រូវ​តែ​បង្ហាញ ​និង​អាន​ដីកា​ឲ្យ​នាំ​ខ្លួន​របស់​តុលាការ ឲ្យ​ជន​ជាប់​សង្ស័យ​បាន​ដឹង ហើយ​តុលាការ មុន​ពេល​ចេញ​ដី​កា​បែប​នេះ គួរ​តែ​ចេញ​ដីកា​កោះ​ឲ្យ​ចូល​បំភ្លឺ​ម្ដង​ឬ​ពីរ​ដង​ជាមុន​សិន។

កញ្ញា បន្ត​ថា៖ «ខ្ញុំ​យល់​ថា​ទាំង​ការ​ចាប់ និង​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​នេះ​ គឺ​មាន​ភាព​ខុស​ប្រក្រតី ហើយ​នេះ​ទំនង​ជា​វិធីសាស្ត្រ​ថ្មី​មួយ​ទៀត ​របស់​សមត្ថកិច្ច ក្នុង​ការ​គំរាម​កំហែង​ដល់​ក្រុម​ស្ត្រី​ក្នុង​តំបន់​បឹងកក់»៕

No comments:

Post a Comment

I like Blogger