សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, September 6, 2012

តុលាការ​ឃុំ​ខ្លួន​ស្ត្រី​អ្នក​ភូមិ​បុរី​កីឡា​ម្នាក់​ទៀត

Thursday, 06 September 2012 ឃុត​ សុភចរិយា From The Phnom Penh Post











ភ្នំពេញៈ សាលា​ដំបូង​រាជធានី​កាលពី​ម្សិលមិញ បាន​សម្រេច​ឃុំ​ខ្លួន ស្ត្រី​តំណាង​សហគមន៍​បុរី​កីឡា​ម្នាក់ ដោយ​ចោទ​ប្រកាន់​ពី​បទ«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​» ទៅ​តាម​បណ្ដឹង​របស់​​លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន ផានអ៊ីម៉ិច។ ការ​ឃុំ​ខ្លួន​នេះ បាន​ធ្វើ​ឡើង​ តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តុលាការ​ដដែល​នេះ កាល​ពី​ថ្ងៃ​អង្គារ បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​អ្នក​ភូមិ​បឹងកក់​ម្នាក់ ឈ្មោះ យ៉ោម បុប្ជា ដោយ​ចោទ​ប្រកាន់​ពីបទ «ហិង្សា​ដោយ​ចេតនា​»។

ក្រុម​អ្នក​ភូមិ​ទាំង​ចាស់​ទាំង​ក្មេង ប្រមាណ ជាង ១០០ នាក់ មក​ពី​សហគមន៍​ទាំង​ពីរ បាន​ស្រែក​យំ​តវ៉ា​យ៉ាង​ខ្លាំង នៅ​បរិវេណ​ខាង​មុខ​តុលាការ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ ជា​អ្វី​ដែល​ពួក​គេ​ និយាយ​ពេញៗ​មាត់​ថា តុលាការ អយុត្តិធម៌ ការពារ​តែ​ក្រុមហ៊ុន​មាន​ប្រាក់ ដែល​ទៅ​រំលោភ​បំពាន​យក​ដី​ធ្លី ឈូស​បំផ្លាញ​វាយ​កម្ទេច​ផ្ទះ​សម្បែង​របស់​ពួក​គេ​ទាំង​បំពាន​​ច្បាប់​។ ចំណែក​បណ្តឹង​របស់​ពួក​គេ ដែល​ជា​ជន​រងគ្រោះ ប្តឹង​ក្រុមហ៊ុន​ទាំង​នោះ តុលាការ​មិន​ចាត់​ការ​ឡើយ​។


អ្នក​ស្រី ទឹម សាក់​មុន្នី  តំណាង​ប្រជា​ពលរដ្ឋ ក្នុង​សហគមន៍​បុរីកីឡា ដែល​រស់នៅ​ក្រោម​កាំ​ជណ្ដើរ នៃ​អគារ​ផ្ទះ​ល្វែង​ទី ៧ ក្នុង​ប្លុក​បុរី​កីឡា​ចាប់​តាំង​ពី​មាន​ការ​បណ្តេញ​ចេញ​ដោយ​ហិង្សាកាល​ពី ខែ​មករា មក​នោះ ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ លី លីបម៉េង សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស (ម២) កាល​ពី​ម្សិលមិញ បន្ទាប់​ពី​បាន​ធ្វើ​ការ​សាក​សួរ អស់​រយៈពេល​ជិត ៥ ម៉ោង​រួច​មក។

លោក ផល្លី សម្រេច ជំនួយ​ការ​លោក យិន សាវ៉ាត មេធាវី​ មកពី​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ ដែល​ការពារ​ឲ្យ​អ្នក​ស្រី ទឹម សាក់មុន្នី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញថា គ្មាន​ចម្លើយ​ណា​មួយ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​សាកសួរ នៅ​ក្នុង​តុលាការ ដែល​បញ្ជាក់​ថា អ្នក​ស្រី ទឹម សាក់មុន្នី ជា​អ្នក​ញុះញង់​បង្ក​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ លោក​បាន​ថ្លែង​ថា៖«ទោះ​ជា​បែប​ណា គឺជា​ការ​សម្រេច និង​ជា​សិទ្ធិ​របស់​ចៅក្រម​ស៊ើប​សួរ»។

ប្រជា​សហគមន៍​ក្នុង​តំបន់​បុរីកីឡា និង​បឹងកក់​ទាំង​ចាស់​ទាំង​ក្មេង បាន​ស្រែក​តវ៉ា​ និង​យំ​សោក​យ៉ាង​កង​រំពង ខណៈ​ឃើញ​អ្នក​ស្រី​ ទឹម សាក់មុន្នី ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ដឹក​តាម​រថយន្ត​ពណ៌​ស​មួយ​គ្រឿង ឆ្ពោះ​ទៅ​កាន់​គុក​ព្រៃស (ម២) ដើម្បី​ធ្វើ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

អ្នក ស្រី​អាត សំណាង ដែល​ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មជ្ឈ​មណ្ឌល​សង្គមកិច្ច ព្រៃស្ពឺ កាលពី ៨ ខែ​មុន បាន​និយាយ​ដោយ​ក្ដី​ខឹង​សម្បា​ថា លំនៅដ្ឋាន​និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់ ត្រូវ​គេវាយ​កម្ទេច​ចោល ដោយ​គ្មាន​សំណង ហើយ​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់ ក៏​គេ​មិន​ដោះស្រាយ​ឲ្យ​ដែរ​ តែ​បែរ​ជា​មក​ចាប់​តំណាង​របស់​ពួក​គាត់ ទៅ​ឃុំ​ក្នុង​គុក​ទៅ​វិញ។ អ្នក​ស្រី​បន្ត​ថា​៖ «តុលាការ គ្មាន​ភាព​យុត្តិធម៌ សម្រាប់​យើង​ខ្ញុំ​ជា​អ្នក​ក្រ​នោះ​ទេ​»។

លោក អំ សំអាត ទីប្រឹក្សា​បច្ចេកទេស នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​និយាយ​ថា ភាព​ចម្រូង​ចម្រាស​នៃ​វិវាទ​នៅ​ក្នុង​តំបន់​បុរីកីឡា នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ។ ករណី​ឃុំ​ខ្លួន អ្នក​ស្រី ទឹម សាក់​មុន្នី​ដែល​ជា​សកម្មជន​តវ៉ា នៅ​ក្នុង​តំបន់​នេះ គឺជា​ចេតនា​មួយ ​របស់​ភាគី​ក្រុមហ៊ុន ក្នុង​ការ​គំរាម​កំហែង បំបាក់​ស្មារតី​ក្រុម​អ្នក​តវ៉ា។ លោក ថា​៖ «ខ្ញុំ​យល់​ថា នេះ​គឺជា​ការ​គំរាម​កំហែង​មួយ​ដែល​ភាគី​ក្រុម​ហ៊ុន តែង​តែ​ប្រើ នៅ​ក្នុង​ការ​ដាក់​សម្ពាធ ទៅ​លើ​សហជីព និង​សហគមន៍ មិន​ឲ្យ​តវ៉ា​ប្រឆាំង​នឹង​ពួក​គេ»។

ក្នុង​អំឡុង​ការ​តវ៉ា​មួយ ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១១ ខែ​មករា ឆ្នាំ​ ២០១២ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ និង​ទទួល​ខុស​ត្រូវ ចំពោះ​ព្រឹត្តិការណ៍​ថ្ងៃទី ៣ ​មករា ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា និង​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​រង​របួស ហើយ​មនុស្ស​ជាង ១០ នាក់​ ត្រូវ​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស អ្នក​ស្រី ទឹម សាក់​មុន្នី និង​អ្នក​ភូមិ​រួម​ទាំង​ក្មេងៗ​ប្រមាណ​ជាង​ ២០ នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ ទៅ​ឃុំ​នៅ​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ។ រយៈ​ពេល​មួយ​សប្ដា​ហ៍​ក្រោយ​មក អ្នក​ស្រី​ទឹម សាក់មុន្នី និង​ស្ត្រី ព្រម​ទាំង​កុមារ​មួយ​ចំនួន​ទៀត ក្នុង​សហគមន៍​បុរីកីឡា បាន​នាំ​គ្នា​ផ្លោះ​របង​រត់​ចេញ​ពី​មជ្ឈមណ្ឌល​នោះ ក្រោយ​ពី​លោក​ស្រី មូរ សុខ​ហួរ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សម រង្ស៊ី បាន​ទៅ​ពន្យល់​ពី​សិទ្ធិ​របស់​ពួក​គេ​។

អ្នកស្រី ទេព វន្នី ​តំណាង​អ្នក​ភូមិ​បឹងកក់ បាន​និយាយ​ថា ក្រុម​អ្នក​ភូមិ និង​ប្ដី​អ្នក​ស្រី យ៉ោម​ បុប្ផា គឺ​លោកលួស សាខន កំពុង​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ឲ្យ​ជួយ​រក​មេធាវី​ការពារក្តី ដើម្បី​ធ្វើ​លិខិត​ធានា ឲ្យ​អ្នក​ស្រី​យ៉ោម​ បុប្ជា បាន​នៅ​ក្រៅ​ឃុំ។

លោក លួស សាខន​បាន​និយាយ​ថា លោក​បាន​ស្នើ​សុំ​មេធាវី​ពី​អង្គការ​លីកាដូ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ ធ្វើ​លិខិត​ធានា ដោះលែង​ប្រពន្ធ​របស់​លោក ឲ្យ​បាន​នៅ​ក្រៅ​ឃុំ និង​ជួយ​ធ្វើ​លិខិត​ស្នើ​សុំ​ទ្រព្យ​សម្បត្តិ​របស់​គាត់​មួយ​ចំនួន ដូច​ជា​ម៉ូតូ​មួយ​គ្រឿង ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង ដែល​សមត្ថកិច្ច បាន​ចាប់​រឹប​អូស​យក​ ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​រូប​លោក និង​ប្រពន្ធ​លោក​មក​វិញ។

លោក​បាន​ថ្លែង​ថា​៖«ខ្ញុំបាន​ស្នើ សុំមេធាវី​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ឲ្យ​ជួយ​អន្តរាគមន៍ ធ្វើ​លិខិត​ធានា ប្រពន្ធ​ខ្ញុំ​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​នាង​ហើយ​នឹង​ខ្ញុំ មិន​ដែល​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ»៕

No comments:

Post a Comment

I like Blogger