សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, September 4, 2012

តុលាការ​ទើប​ទទួល​បាន​របាយ​ការណ៍​ករណី​បាញ់​សម្លាប់​ក្មេង​ស្រី​នៅ​ខេត្ត​ក្រចេះ​

ណាត សុភាព និង អ៊ឹង ប៊ុន​ថន VOD ថ្ងៃទី០៤ កញ្ញា ២០១២
មន្ត្រី​​តុលាការ​​ខេត្ត​​ក្រចេះ​ ​​អះ​​​អាង​​​ថា ​គាត់​​ទើ​ប​​​តែ​​​ទទួល​​​​បាន​​​ឯក​​​សារ​​​ស៊ើប​​​អង្កេត​​​​ពី​​មន្ត្រី​​នគរ​​បាល ​ស្តី​ពី​ករណី​​បាញ់​​សម្លាប់​​ក្មេង​​ស្រី ​ឈ្មោះ​ ហេង​​ ចន្ថា​​ អាយុ​១៤​ឆ្នាំ​ ដែល​​កន្លង​​​ទៅ​​​​ជិត​​​៤​​ខែ​​​នោះ​។

ព្រះ​រាជ​​អាជ្ញា​​តុលាការ​ខេត្ត​​​ក្រចេះ​​ លោក​ស្រី​​ ចាត​ សូរស្មី​ មាន​​ប្រ​សាសន៍​​​នៅ​ព្រឹក​​ថ្ងៃ​​អង្គារ​​នេះ​ថា ​ករណី​​បាញ់​​សម្លា​ប់​ក្មេ​ង​​ស្រី​​ ហេង​​ ចន្ថា​ ​អាយុ​​១៤​​ឆ្នាំ ​នៅ​ពេល​​រដ្ឋា​ភិបាល​​ចូល​​បង្រ្កាប​នោះ​ គាត់​​ទើប​​តែ​​ទទួល​​បាន​​របាយ​ការណ៍​​ពី​​មន្ត្រី​​នគរ​​បាល​។​ លោក​ស្រី​ថា​​​​នឹង​​​​ចាត់​​​វិធាន​​​ការ​​​តាម​​​នី​តិ​​វិ​ធី​​​ច្បាប់​​ឲ្យ​​បាន​​ឆាប់​ ៖”ទាក់​ទង​​​ករណី​ហ្នឹងខាង​អយ្យការ​ខ្ញុំ​​ ទើប​តែ​បាន​ទទួល​ករណី​នេះ​ពី​សមត្ថកិច្ច​នគរបាល​ ហើយ​ខ្ញុំ​នឹង​ចាត់​ការ​តាម​នីតិ​វិធី​” ។


មន្រ្តី​​គ្រប់​​គ្រង​​បច្ចេក​​ទេស​​ឃ្លាំ​​មើល​ការ​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​នៃ​​​អង្គ​ការ​លីកាដូ​ លោក​ អំ ​សំអាត ​​ក​ត់​​សំគាល់​​ថា​ ការ​បា​ញ់​​សម្លាប់​​ក្មេង​​​ស្រី​​នៅ​ភូមិ​ប្រមា​ ឃុំ​កំពង់​ដំរី  ​​តុលាការ​​ពន្យា​​ពេល​ ​ដោយ​សារ​​​រដ្ឋា​​ភិបាល​​ធ្លាប់​​អះ​អាង​​ថា ​កា​រ​​ស្លាប់​​ក្មេង​​ស្រី​​នោះ​​ជា​រឿង​​ឧប្ប​តិ្ត​​ហេតុ​​​​ចៃ​ដន្យ​​។ លោក​រិះ​គន់​​ថា​ ​​​រដ្ឋា​​ភិបាល​បាន​បង្វែរ​ព្រឹត្តិ​ការ​ណ៍​នេះ​ ទៅ​ចោទ​​ប្រកាន់​​មេ​​ខ្លោង​​ដែល​​ប៉ុន​​ប៉ង​​បង្កើត​​តំបន់​​អប​​គមន៍​​​ទៅ​​វិញ​​។

អ្នកនាំ​​ពាក្យ​ក្រសួង​មហា​ផ្ទៃលោក​​​ឧត្តម​​សេនីយ៍​ឯក​ ​ខៀវ​ ​សុភ័គ​ ថ្លែង​នៅ​​ព្រឹក​​ថ្ងៃ​​អង្គារនេះ​​ថា​ ​ក្មេង​​ស្រី​ ​ហេង ​ចន្ថា ​ដែល​​ស្លាប់​​នោះ​​ជា​រឿង​​គ្រោះ​​ថ្នាក់​​ចៃ​ដន្យ​ប៉ុណ្ណោះ ​​​​៖”បាន​ជម្រាប​​ជូន​តាំង​ពី​ដើម​មក​ គឺ​ជា​គ្រោះថ្នាក់​មួយ​ពេល​ប្រតិបត្តិ​ការ​​​ យើង​ហៅថា accident “។

យ៉ាង​នេះ​ក្តី ​លោក​​ អំ​ ​សំអាត​ ​អះ​អាង​ថា ​បើ​​ទោះ​​បី​​ជា​​​ឧប្ប​តិ្ត​​ហេតុ​​​ចៃ​ដន្យ​​ក៏​ដោយ ​ប្រ​សិន​​​បើ​តុលា​កា​រ​​កម្ពុជា​​ឯក​រាជ្យ​ ​ត្រូ​វ​តែ​ធ្វើ​ការ​​ស៊ើប​​អង្កេត​ឲ្យ​​បាន​​ល្អិត​​ល្អន់​​ ដើម្បី​​ស្វែង​​​​រក​​ជន​​ល្មើស​​​ផ្តន្ទា​​ទោស​​តាម​​ផ្លូវ​​ច្បាប់​ ។

ប្រធាន​​មជ្ឈ​មណ្ឌល​​សិទ្ធិ​​ម​នុស្ស​​កម្ពុជា​ លោក​ អ៊ូ​​ វីរៈ​ មាន​​ប្រសាសន៍​​ថា​​ ដើម្បី​​ធ្វើ​​ការ​​ស៊ើប​​​អង្កេត​​ឲ្យ​មាន​​​យុត្តិ​​ធម៌​​នោះ​ ព្រះ​រាជ​​អាជ្ញា​​ត្រូវ​​មាន​​ឆន្ទៈ​ចុះ​​​​ធ្វើ​​ការ​​ស៊ើប​អង្កេត​​​ដោយ​​ឯក​​រាជ្យ​​ មិន​​ត្រូវ​​រង់​​ចំា​​តែ​​របាយ​ការណ៍​​​ពី​​មន្ត្រី​​នគរ​បាល​​យុត្តិ​​ធម៌​​​​នោះ​​​ទេ ៖”ការិយា​ល័យ​​ព្រះ​​រាជ​​អាជ្ញា​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការ​រឿង​នេះ​ ត្រូវ​តែ​មាន​ក្រុម​ឯក​ភាព​ថ្នាក់​ជាតិ​ទៅ​ ព្រោះ​អី​យើងពឹង​ផ្អែក​ក្រុម​ដែល​បាញ់គេ​  ឬ មួយ​ក៏​បក្ស​ពួក​របស់​ខ្លួន​ដែល​ទៅ​បាញ់​ក្មេង​ហ្នឹង​។ បក្ស​ពួកហើយ​និង​ក្រុម​ហ្នឹង​ ​មិន​អាច​​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ក្រុម​ខ្លួន​ឯង​ដែល​បាញ់ជា​បក្ស​ពួក​ខ្លួន​ឯង​​ទេ។ ដូច្នេះ​​ ការ​ស៊ើប​អង្កេត​​បែប​ហ្នឹង​ ឬជា​របាយការណ៍​ ចំពោះ​ខ្ញុំ​ជា​របាយការណ៍​ឥត​ប្រយោជន៍​ ​មិន​អាច​ជា​​របាយ​ការណ៍​​ឯក​រាជ្យ​ ឬ​ឆ្លុះ​បញ្ចាំង​ការពិត​ទាំង​ស្រុង​ទេ​”​។

ក្មេង​ស្រី​ ហេង​ ​ចន្ថា​ ត្រូវ​​បាន​​សមត្ថ​កិច្ច​​បាញ់​​​សម្លាប់​​ នៅ​​ថ្ងៃ​​ទី​​១​៦​ ខែ​​ឧសភា ​​នៅ​គ្រា​​ចុះ​​​បង្រ្កាប​​ពលរដ្ឋ​ដោយ​ចោទ​​ថា​ ​ប៉ុន​ប៉ង​​បង្កើត​​តំបន់​​អប​គមន៍​នៅ​ស្រុក​ឆ្លូង ​​ខេត្ត​​ក្រចេះ។​ បច្ចុប្បន្ន​​​មាន​​មនុស្ស​​ពី​រ​នាក់​​ហើយ ​​​​ត្រូវ​​បាន​​រដ្ឋា​ភិបាល​​ចោទ​​ប្រ​កាន់​ ហើយ​​​​​ចាប់​លោក ​ម៉ម ​សូណង់​ដូ ​ប្រធាន​សមាគម​អ្នក​ប្រជាធិប​តេយ្យ​ដាក់​​ពន្ធ​នាគារ​។​ ចំណែក​មន្រ្តី​​ស៊ើប​​អង្កេត​​សមា​គម​​​អាដ​ហុក ​លោក​ ចាន់ ​សុវ៉េត​ ដែល​​​ត្រូវ​​តុលា​ការ​​កោះ​​ហៅ​​មក​​សាក​​សួរ​​ពី​បទ​ផ្តល់​​មធ្យោ​បាយ​​ឲ្យ​ជន​សង្ស័យ​គេច​ខ្លួន​៕

No comments:

Post a Comment

I like Blogger