សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, September 4, 2012

សាលា​ដំបូង​រាជធានី​កោះ​ហៅ​អ្នក​ភូមិ​ប្រមា ៤០ នាក់

Tuesday, 04 September 2012 មាស សុខ​ជា From Phnom Penh Post












ភ្នំពេញៈ សាលាដំបូង​រាជធានី បាន​កោះ​ហៅ​អ្នក​ភូមិ​ប្រមា ចំនួន ៤០ នាក់​ទាំង​អ្នក​ត្រូវ​ចោទ​ប្រកាន់ និង​អ្នក​ត្រូវ​ធ្វើ​ជា​សាក្សី សម្រាប់​មក​ចូល​រួម​នៅ​ក្នុង​សវនាការ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅ​សប្តាហ៍​ក្រោយ​។ នេះ​បើ​តាម​មន្រ្តី​តុលាការ​ ដែល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ។

ព្រះ​រាជ​អាជ្ញារង លោក មាស ចាន់ពិសិទ្ធិ បាន​ឲ្យ​ដឹង​ថា ដីកា​កោះ​នេះ​បាន ចេញ​កាល​ពី​ខែ​មុន ដោយ​កោះ​ហៅ​មនុស្ស​មួយ​ចំនួន​ ចូល​បំភ្លឺ​នៅ​ថ្ងៃ​អង្គារ ​ថ្ងៃ​ទី ១១​ កញ្ញា ដើម្បី​ផ្តល់​ភស្តុតាង ហើយ​អ្នក​ខ្លះ​នឹង​ត្រូវ​ប្រឈម​ការ​ចោទ​ប្រកាន់​ ពាក់​ព័ន្ធ​នឹង​ផែនការ បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​លោក ម៉ម សូណង់ដូ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មេ​គំនិត។

លោក មាស ចាន់​ពិសិទ្ធិ ដែល​បដិសេធ​មិន​បញ្ជាក់​ថា​តើ​ក្នុង​ចំណោម​អ្នក​ភូមិ ៤០ នាក់​នោះ​ មាន​ប៉ុន្មាន​នាក់​ជា​អ្នក​ត្រូវ​ធ្វើ​សាក្សី​ និង​ប៉ុន្មាន​នាក់ នឹង​ត្រូវ​ឈម​ការ​ចោទ​ប្រកាន់​នោះ​ បាន​ថ្លែង​ថា៖ «​សរុប​ទាំង​អស់​ មាន​មនុស្ស​ចំនួន​ ៤០​ នាក់ រួម​មាន​ទាំង​សាក្សី [និង​អ្នក​ដែល​នឹង​ត្រូវ​ចោទ​]»។ លោក​បន្ត​ថា៖ «យើង​បាន​កោះ​ហៅ​អ្នក​ណា​ក៏​ដោយ ដែល​បាន​ពាក់ព័ន្ធ​នឹង​ករណី​នេះ»។

លោក ចាន់ពិសិទ្ធិ បាន​បន្ថែម​ថា ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ នឹង​សម្រេច​ថា តើ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច ចំពោះ​ករណី​អ្នក​ដែល​មិន​ចូល​ខ្លួន​នៅ​តុលាការ​។

លោក ម៉ម សូណង់ដូ ដែល​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ជា​វិទ្យុ​ឯករាជ្យ ដែល​ល្បី​ឈ្មោះ​នៅ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ផង​ដែរ​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​បួន​ករណី​ផ្សេង​គ្នា ពាក់​ព័ន្ធ​នឹង​ការ​ប៉ុនប៉ង់​ញុះញង់​ឲ្យ​មាន​ចលនា​អបគមន៍​នៅ​ខេត្ត​ ក្រចេះ​។

លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត ​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​ ពាក់ព័ន្ធ​នឹង​ករណី​បង្កើត​តំបន់​អបគមន៍​នោះ បាន​បដិសេធ​ជា​ដដែល​ៗ​ថា ខ្លួន​មិន​ដែល​មាន​ផែនការ​ណា​មួយ ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​នោះ​ទេ។

រដ្ឋាភិបាល​បាន​ធ្វើ​ការ​ ចោទ​ប្រកាន់​ថា មាន​ករណី​បង្កើត​តំបន់​អបគមន៍ បន្ទាប់​ពី​មាន​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បណ្តេញ​ប្រជាជន​ទាំង បង្ខំ ចេញ​ពី​ភូមិ​ប្រមា ដែល​ក្នុង​ហេតុការណ៍​នោះ កង​កម្លាំង​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បាញ់​រះ បណ្តាល​ឲ្យ​ត្រូវ​ក្មេង​ស្រី​អាយុ ១៤​ ឆ្នាំ​ម្នាក់​ស្លាប់។ បើ​ទោះ​បី​ជា​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ភូមិ​ជា​ច្រើន​ បាន​ហៅ​ហេតុការណ៍​នោះ​ថា គឺជា​ការ​បណ្តេញ​ប្រជាជន​ចេញ ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន​កាសូទីម​ក៏​ដោយ ក៏​មន្រ្តី​រដ្ឋាភិបាល ក្រោយ​មក​បាន​ហៅ​ការ​បណ្តេញ​ចេញ​នោះ​ថា​ ជា​ប្រតិបត្តិការ​ចាំបាច់ ដើម្បី​បង្ក្រាប​ក្រុម​ចលនា​អបគមន៍​ទាំង​នោះ​។

មេធាវី​លោក ម៉ម សូណង់ដូ គឺ​លោក សុក សំអឿន ប្រធាន​ប្រតិបត្តិ នៃ​អង្គការ​ក្រុម អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ថ្លែង​ថា លោក​បាន​ឮ​ថា មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​កោះ​ហៅ ​ប៉ុន្តែ​អត្តសញ្ញាណ​របស់​ពួក​គេ ​មិន​ត្រូវ​បាន​បង្ហាញ​ចេញ​ទេ​។ លោក​បាន​បន្ថែម​ថា ​ការ​កោះ​ហៅ​នេះ​ គឺ​ផ្អែក​ទៅ​លើ​របាយការណ៍​របស់​នគរបាល ហើយ​ការ​កោះ​ហៅ​នេះ​ អាច​ដើម្បី​​ដាក់​បន្ទុក ទៅ​លើ​ការ​ចោទ​ប្រកាន់​។  លោក​បាន​ថ្លែង​ថា​៖ «បើ​ផ្អែក​តាម​ចម្លើយ​ នៅ​ក្នុង​របាយការណ៍​ របស់​នគរបាល វា​ផ្តល់​ប្រយោជន៍​សម្រាប់​ការ​ចោទ​ប្រកាន់​»។

ទោះ ​យ៉ាង​ណា​ក្តី លោក​បាន​ថ្លែង​ថា​ការ​ចូល​បំភ្លឺ​របស់​សាក្សី​ទាំង​អស់​នោះ គឺ​ប្រសើរ​ជាង​ការ​មិន​ចូល ពីព្រោះ​ថា នៅ​ពេល​ពួក​គេ​មក​បំភ្លឺ វា​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា ពី​ចម្លើយ​នៅ​ក្នុង​របាយការណ៍​របស់​នគរបាល។

លោក សុក សំអឿន បាន​ថ្លែងថា លោក​ក៏​ស្នើ​ផង​ដែរ​ ឲ្យ​តុលាការ កោះ​ហៅ​អនុប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ជា បំរ៉ុង លោក វិច គីមឆន ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ខេត្ត​ក្រចេះ​ និង លោក កូវ រិទ្ធី អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ខេត្ត​ក្រចេះ​។

នៅ ពេល​ទាក់​ទង​កាល​ពី​ម្សិល​មិញ​ លោក ជា​ បំរ៉ុង និង លោក វិច គីម​ឆន បាន​ថ្លែងថា ពួក​​លោក​មិន​ប្រាកដ​នោះ​ទេ​ថា ពួក​លោក​នឹង​ចូល​ទៅ​តុលាការ​ឬ​អត់ ដោយ​ពួក​លោក​អះអាង​ថា វា​អាស្រ័យ​ទៅ​លើ​ស្ថានការ​នៅ​ពេល​នោះ៕ PS

No comments:

Post a Comment

I like Blogger