សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, September 26, 2012

អតីត​អ្នក​ភូមិ​សម្បុក​ចាប ១៩ គ្រួសារ​រង​ការ​បណ្តេញ​ឲ្យ​រើផ្ទះ​ពី​សហគមន៍​ជា​លើក​ទី២

ម៉ៃ ទិត្យ​ថារ៉ា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៦ កញ្ញា ២០១២





















អតីត​អ្នក​រស់​នៅ​សហគមន៍​សម្បុក​ចាបតាំង​លំនៅ​ក្នុង​សហគមន៍​ថ្មី​នៅ​ភូមិ​អូរ​អ​ណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ។ រូបថត ផា លីណា

ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដាក់​ឱសាន​វាទ​ឲ្យ​ប្រជា​ពលរដ្ឋ ១៩​គ្រួសារ​ជា​អតីត​អ្នក​ភូមិ​សម្បុក​ចាប​ដែល​រង​ការ​បណ្តេញ​ចេញពី ​ឆ្នាំ​២០០៦ ឲ្យ​រុះរើ​ផ្ទះ​ចេញ ដើម្បី​យក​ដី​សង់​ផ្លូវ​ថ្មី​មួយ​នៅ​ក្នុង​សហគមន៍​កំពុង​រស់​នៅ។

លោក ហេង ផេង​ជុន អាយុ​២៦ឆ្នាំ បាន​ប្រាប់​ថា លោក​ទើប​តែ​ទទួល​បាន​លិខិត​មួយ​ពី​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បង្គាប់​ឲ្យ​ពលរដ្ឋ​១៩​គ្រួសារ ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ ក្នុង​ភូមិ​អូរ​អណ្តូង​រុះរើ​ផ្ទះ​ចេញ​ក្នុង​រយៈពេល​១៥ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី៣ ខែ​តុលា។


លោកថា៖ «នៅ​ក្នុង​លិខិត​ព្រមាន​ថា ប្រសិន​បើ​ដល់​ថ្ងៃ​នោះ ពលរដ្ឋ​មិន​ព្រម​រុះរើ​ទេ អាជ្ញាធរ​នឹង​ប្រើ​ប្រាស់​វិធាន​ការ​រដ្ឋបាល ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​ទ្រព្យ​សម្បត្តិ​ឡើយ»។

លោកបន្តថា លោក​មិន​ដឹង​ថា ​នឹង​ទៅ​រស់​នៅ​កន្លែង​ណា​នោះ​ទេ ពី​ព្រោះ​ថា លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហគមន៍ សម្បុក​ចាប តាំង​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​២០០៦ ដោយ​អភិបាល​រាជធានី​ភ្នំពេញ ហើយ​ឥឡូវ​នេះ ពួកគេ​បង្ខំ​ឲ្យ​លោក​រុះរើ​ផ្ទះ​ជាថ្មី​ទៀត ដោយ​មិន​ផ្តល់​សំណង​អី​សោះ​បែប​នេះ។

លោក ផេង​ជុន និយាយ​ថា​៖ «អាជ្ញាធរ​បាន​បណ្តេញ​យើង​ម្តង​រួច​ហើយ​ពី​ទី​ក្រុង ហើយ​ឥឡូវ​នេះ​គេ​បណ្តេញ​យើង​ម្តង​ទៀត តើ​ខ្ញុំ​អាច​ទៅ​រស់​នៅ​កន្លែង​ណា? វា​គ្មាន​យុត្តិធម៌​សម្រាប់​ប្រជាជន​ក្រីក្រ ដូចជា​ខ្ញុំ​ទាល់​តែ​សោះ»។

ហោម ហូយ ពលរដ្ឋ​អាយុ​៣៦​ឆ្នាំ ​បាន​ប្រាប់​ដែរ​ថា កាល​ពី​ឆ្នាំ​២០០៦ នៅ​ពេល​អាជ្ញាធរ​បាន​បណ្តេញ​ប្រជាជន​ជាង​១ពាន់​គ្រួសារ ពី​រាជធានី​ភ្នំពេញ​ឲ្យ​មក​រស់​នៅ​ទី​នេះ ពួកគេ​និយាយ​ថា គ្រាន់​តែ​ស្វែង​រក​ដី​ឲ្យ​រស់​នៅ​បណ្តោះ​អាសន្ន ទេ ហើយ​អាជ្ញាធរ​នឹង​ផ្តល់ដី​នៅ​ពេល​ក្រោយ ប៉ុន្តែ​ឥឡូវ ៦​ឆ្នាំហើយ ពួកគេ​មក​ដេញ​យើង​ម្តង​ទៀត។ លោក​និយាយ​ថា៖ «ខ្ញុំ​មិន​រុះរើ​ផ្ទះ​តាម​បង្គាប់​ទេ ​ពី​ព្រោះ​ខ្ញុំ​មិន​ដឹង​ថា ទៅ​រស់​នៅ​កន្លែង​ណា ប៉ុន្តែ បើ គេ​ដូរ​ដី​ឲ្យ នោះ​យើង​យល់​ព្រម​រុះរើ»។

កាល​ពី​ឆ្នាំ​២០០៦ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​នគរ​បាល​បំពាក់​ដោយ​អាវុធ ដំបង​ឆក់ និង​ខែល បង្ខំ​ពលរដ្ឋ​១៥៥៤​គ្រួសារ ក្នុង​សហគមន៍​សម្បុក​ចាប នៅ​សង្កាត់​ទន្លេ​បាសាក់ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​រស់​នៅ​ក្នុង​ភូមិ​អូរ​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ដង្កោ ដែល​ចម្ងាយ​ប្រមាណ​ជា២៥ គីឡូ​ម៉ែត្រ​ទៅ​ជាយ​រាជធានី។

លោក សុខ ជាម មេភូមិ​អណ្តូង​បី បាន​ឲ្យ​ដឹង​ដែរ​ថា លោក​មាន​កាតព្វ​កិច្ច​នាំ​យក​លិខិត​នោះ​ទៅ​ជម្រាប​ដល់​អ្នក​ភូមិ ប៉ុន្តែ លោក​ពុំ​មាន​សមត្ថ​កិច្ច​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ភូមិ​ទេ។ លោក​បន្ត​ថា​ «ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ភូមិ​ដែល​តម្រូវ​ឲ្យ​រុះរើ​ផ្ទះ មិន​ទទួល​បាន​សំណង​បែប​នេះ​ទេ»។

លោក គិត សុផា ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ចុះ​ហត្ថលេខា​លើ​លិខិត​បណ្តេញ​ចេញ​នេះ​មិន​អាច​ទាក់​ទង​សុំការ ធ្វើ​អត្ថា​ធិប្បាយ​ជុំ​វិញ​ការ​សង់​ផ្លូវ​កាត់​ផ្ទះ​អ្នក​ភូមិ​បាន​ទេ កាល​ពី​​ថ្ងៃ​អង្គារ​។

លោក អំ សំ​អាត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លើក​ឡើង​ថា គ្រួសារ​មួយ​ចំនួន​ក្នុង​ចំណោម​គ្រួសារ​ដែល​ត្រូវ​បណ្តេញ​ទៅ តំបន់​នោះ មិន​ទាន់​ទទួល​បាន​ដី​សង់​ផ្ទះផង​ទេ។ តែឥឡូវ ពួក​គេ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ជា​លើក​ទី​ពីរ។​នេះ​ជា​ការ​ប៉ះពាល់ ធ្ងន់ធ្ងរ​ណាស់។ លោក​បន្ត​ថា៖ «កាល​ពី​មុន​គេ​បង្ខំ​បណ្តេញ​ប្រជាជន ថា​មក​រស់​នៅ​អនាធិប​តេយ្យ ហើយ​ឲ្យ​គាត់​ទៅ​រស់​នៅ​ទី​នោះ លើក​នេះ មាន​ន័យ​ថា អាជ្ញាធរ​គ្មាន​ការ​ទទួល​ខុស​ត្រូវ»៕ PS

Tags: ការបណ្តេញចេញដោយបង្ខំ, ការអភិវឌ្ឍន៍, ទំនាស់ដី, ភ្នំពេញ, សិទ្ធិមនុស្ស

No comments:

Post a Comment

I like Blogger