សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, September 3, 2012

ទោះបី​ជា​មាន BFC តែ​កម្មករ​នៅ​តែ​ត្រូវ​គេ​រំលោភ

Monday, 03 September 2012 ឆាយ ច័ន្ទនីដា​ From The Phnom Penh Post
 












ភ្នំពេញៈ ក្រុម​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​កម្មករ​កាត់ដេរ​រក​ឃើញ​ថា គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ នៅ​កម្ពុជា របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ (ILO-BFC) ដែល​ត្រូវ​បាន​បង្កើត​ឡើង ១០ ឆ្នាំ មក​ហើយ​នោះ មិន​បាន​ប្រើ​យន្តការ​ច្បាស់​លាស់​ណា​មួយ ដើម្បី​ជំរុញ​ឲ្យ​ភាគី​និយោជក រោងចក្រ​កាត់​ដេរ បញ្ឈប់​ការ​រំលោភ​សិទ្ធិ​កម្មករ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ និង​សហជីព​នៅ​តែ​ទទួល​រង​គ្រោះ ពីការ​រំលោភ​បំពាន​ផ្សេងៗ។


គម្រោងរោង ចក្រ​កាន់​តែ​ប្រសើរ នៅ​កម្ពុជា មិន​ទាន់​បាន​ប្រែ​ក្លាយ​កម្ពុជា​ឲ្យទៅ​ជា «ជម្រើស​នៃ​ការ​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ប្រកប​ដោយ​គុណ​ធម៌» (ethical sourcing option) សម្រាប់​ក្រុមហ៊ុន​បញ្ជា​ទិញ​ និង​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ នៅ​លើ​ពិភព​លោក​នៅ​ឡើយ​ទេ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ចំនួន​ ២៨ ​ទំព័រ​ ជា​ភាសា​ខ្មែរ និង​អង់​គ្លេស ​ដែល​ចេញ​ផ្សាយ​នៅ​ចុង​ខែ​សីហា ដោយ​ក្រុម​យុទ្ធ​នា​ការ​សម្លៀក​បំពាក់​ស្អាត​ស្អំ និង​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​ សម្រាប់​សហ​គមន៍។​ (CCC and CLEC) ដែល​ផ្តល់​អនុសាសន៍ ដល់​គម្រោង ​ដែល​មាន​តាំង​ពី​ឆ្នាំ​ ២០០១ នៃ​អង្គការ​ពល​កម្មក​អន្តរ​ជាតិ​មួយ​នេះ​ថា គួរ​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​ ឲ្យ​ដាក់​ទណ្ឌ​កម្ម​លើ​រោង​ចក្រ​ ដែល​រំលោភ​ច្បាប់​ការ​ងារ។

ការ​ខ្វះ​អំណាច​បង្ខំ​ឲ្យ​មាន​ការ​អនុ​វត្ត ច្បាប់ មាន​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​សហ​ជីព និង​កម្មករ​ ដែល​រាយ​ការណ៍ ពី​បញ្ហា​រំលោភ​សិទ្ធិ​របស់​ខ្លួន​ ទៅ​កាន់​គម្រោង​នេះ​ មិន​ទួល​បាន​លទ្ធ​ផល​ជា​ទី​គាប់​ចិត្ត​ឡើយ​។

របាយការណ៍​ក្នុង​ន័យ ស្ថាបនា​សរសេរ​ថា៖ «មាន​អង្គការ​សិទ្ធិ​ការ​ងារ​មួយ បាន​រាយ​ការណ៍​ទៅ​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​ផង និង​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ផង ពី​ការ​បញ្ឈប់​កម្មករ​រោង​ចក្រ ហើយ​ទី​បំផុត បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​សារ​គ្មាន​ចំណាត់​ការ​។ យើង​លែង​រាយ​ការណ៍​ទៅ​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​ទៀត​ហើយ ពី​ព្រោះ​គម្រោង​នេះ​មិន​អាច​ធ្វើ​អ្វី​បាន»។

របាយ​ការណ៍​នេះក៏បាន​ សរសេរ​ផង​ដែរ​ថា ប្រាក់​ឈ្នួល​ត្រូវ​កត់​សម្គាល់​ឃើញ​ថា​ មិន​ឆ្លើយ​តប​តាម​តម្រូវ​ការ​ជា​មូល​ដ្ឋាន​របស់​កម្មករ​នោះ​ទេ។​ សហ​ជីព​តែង​តែ​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ ក្នុង​ការ​បំពេញ​ការ​ងារ​ ដើម្បី​ប្រយោ​ជន៍​កម្មករ​នៅ​តាម​រោង​ចក្រ​។ សហ​ជីព​តែង​តែ​ប្រឈម​ចំពោះ ការ​បញ្ឈប់​ពីការ​ងារ ការ​យាយី និង​អំពើ​ហិង្សា។ ការ​ប្រើកិច្ច​សន្យា មាន​ថិរវេលា​ខ្លី ក៏ ជា​បញ្ហា​សម្រាប់​កម្មករ​ដែរ។

បញ្ហាបរិស្ថាន ភាពអាប់អួ​សីតុណ្ហ​ភាពក្តៅ ខ្វះជាតិ​ទឹក ការ​ប្រើ​ជាតិ​គីមី​ ខ្វះ​អាហា​រូបត្ថម្ភ​គ្រប់​គ្រាន់ បាន​ធ្វើឲ្យ​កម្មករ​សន្លប់ ជា​ញឹក​ញាប់។ គ្រាន់តែ​ក្នុង​ឆ្នាំ​២០១១ មាន​កម្មករ​ចំនួន​២៤០០​នាក់ សន្លប់​នៅ​តាម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង។
លោក មឿន តុលា ប្រធាន កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ និង​ជា​អ្នក​សម្រប​សម្រួល​របាយ​ការណ៍​នេះ បានឲ្យ​ដឹង​ថា គម្រោង BFC តែង​ធ្វើ​របាយ​ការណ៍ សំយោគ​របស់ខ្លួន (synthesis report) ដោយ​មិន​បាន​សរសេរ​ឈ្មោះ​រោងចក្រ​នីមួយៗ ដែល​រំលោភ​សិទ្ធិ​ការងារ​កម្មករ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន ធ្វើ​ឲ្យ​និយោជក ​មិន រាងចាល ព្រោះ​ទង្វើ​រំលោភ​សិទ្ធិ​កម្មករ​ មិនត្រូវ​បាន​ដឹង​ជា​សារធារណៈ​ឡើយ។ លោក​និយាយ​ថា ៖ «អ្វី​ដែល​យើង​មើល​ឃើញ​គឺ BFC រក​ឃើញ ពី​រោង​ចក្រ នីមួយៗ ជាង ៣០០ នៃ​គម្រោង ប៉ុន្តែ​បើរក​ថា រោងចក្រ «ក» មានធ្វើ​ការ​បង្ខំ​ឲ្យ​ថែម​ម៉ោង តែ​នៅ​ក្នុង​របាយ​ការណ៍៍​សំយោគ​អត់​មាន​និយាយ​ថា​ គេបង្ខំ​ឲ្យ​ថែម​ម៉ោង​ទេ​។ អ្នក​បញ្ជា​ទិញ អាច​មើល​បាន​លុះ​ត្រា​តែ​មាន​ការ​សុំពី​រោង​ចក្រ។ ដូច្នេះ រោង​ចក្រ​ដែល​បាន​រំលោភ​កម្មករ មិន​បាន​កែ​លម្អ​ទេ ព្រោះ​អត់​មាន​ការ​ដាក់​ទណ្ឌ​កម្ម។ រដ្ឋា​ភិបាល ក៏​មិន​បាន​ដឹង​ដែរ ហ្នឹង​ហើយ​ដែល​យើង​ថា វា​ខ្វះ​តម្លា​ភាព​»។

លោកបន្តថា BFC ជា​គម្រោង​មួយ​ជួយ​ផ្សព្វ​ផ្សាយ​សម្លៀក​បំពាក់​ស្រុក​ខ្មែរថា ទំនិញ​ស្រុក​ខ្មែរ គ្មាន​ការ​រំលោភ​សិទ្ធិ​ការ​ងារ​ សិទ្ធិ​កម្មករ ដែល​ធានាការ​ទិញ​របស់​អ្នក​ប្រើ​ប្រាស់​នៅ​អឺរ៉ុប និង​អាមេ​រិក ដោយ​គេ​សម្អាង​លើ​របាយ​ការណ៍​សំយោគ​របស់ BFC។ ប៉ុន្តែ​សមាគម​អ្នក​ប្រើ​ប្រាស់​ CCC ថា បើ​ BFC ជោគ​ជ័យ មាន​ន័យ​ថា កម្មករ​ នៅស្រុក​ខ្មែរ​ មាន​ជីវ​ភាព​ធូរ​ធារ មាន​លក្ខ​ខណ្ឌ​ល្អ «តែ​ផ្ទុយទៅ​វិញ កម្មករ​មាន​សុខ​ភាព​មិន​ល្អ​ មាន​ការ​ដួល​សន្លប់ ធ្លាក់​ខ្លួន​ឈឺ»។

កញ្ញា Jill Tucker chief technical adviser ILO-BFC ប្រធានទី​ប្រឹក្សា​បច្ចេក​ទេស​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​ថ្លែង​ថា BFCអាច​ទទួល​យក​បាន​នូវ​របាយ​ការណ៍​នេះ ប៉ុន្តែ​ការ​សម្ភា​ស​ក្នុង​របាយ​ការណ៍​របស់ CCC និង​ CLEC បាន​ធ្វើ​ឡើង​តែ​ជាមួយ​សហ​ជីព កម្មករ​ និង​អង្គការ​របស់​គាត់​តែ​មិន​បាន​សម្ភាស​ជាមួយ​នឹង​ភាគី​ថៅ​កែ​រោង​ចក្រទេ ធ្វើ​ឲ្យ​អ្វី​ដែល​របាយ​ការណ៍​ទទួល​បាន​មិន​គ្រប់​ជ្រុង​ជ្រោយ។ កញ្ញា​ថ្លែង​ថា ៖​«យើង​មាន​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ មក​កាន់​ការិយា​ល័យ​យើង​រាល់​ពេល​ដែល​ធ្វើ​ការ​បណ្តុះ​បណ្តាល ពី​របាយ​ការណ៍ ដែល​គេ​ចង់​កែ​ប្រែ​នូវ​ការ​រក​ឃើញ​របស់​យើង។ ប្រសិន​បើ​វា​មិន​មាន​ឥទ្ធិពល​ទេ​នោះ​ ពួក​គេ​ប្រហែល​ជា​មិន​ខ្វល់​ឡើយ»។ គម្រោង​ BFC មាន​រោង​ចក្រ​ចំនួន ៣៧៤ ​ផ្នែក​កាត់​ដេរ​សម្លៀក​បំពាក់ និង​ ៩​ រោង​ចក្រ​ផ្នែក​កាត់​ដេរ​ស្បែក​ជើង ជា​សមាជិក​ក្នុង​គម្រោងហើយ​គម្រោង​ដែល​បង្កើត​ឆ្នាំ​ ២០០១ និង​បញ្ចប់​នៅ​ ២០១៣។

លោក ប៉ុក វណ្ណ​ថាត អនុ​ប្រធាន​នាយក​ដ្ឋាន​សុខ​ភាព​ការ​ងារ និង​ជា​ប្រធាន​គណៈ​កម្មការ​ស្រាវ​ជ្រាវ​ទប់​ស្កាត់​ករណី​ដួល សន្លប់​កម្មករ តាម​រោងចក្រ​សហ​គ្រាសនៃ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ថ្លែង​ថា​ លោក​ក៏​ដូច​ក្រសួង​ដែរ​មិន​ហ៊ាន​វាយ​តម្លៃ​នូវ​របាយ​ការណ៍​ខាង​លើដែល សិក្សា​ពី​គម្រោ​ង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នោះ​ទេ។

លោក​បាន​បន្ត​ថា របាយ​ការណ៍​សំយោគ​របស់​គម្រោង BFC កាល​ពី​ឆ្នាំ​ដំបូងៗ មាន​ការ​សហ​ការណ៍ ជាមួយ​ក្រសួង​ដើម្បី​ពិនិត្យ​មើល​លក្ខ​ខណ្ឌ​ការ​ងារ ​តាម​រោង​ចក្រ ប៉ុន្តែ​ពេល​នេះ​គេ​ធ្វើ​ការ«ឯក​រាជ្យ» គ្រាន់​តែ​មាន​ការ​សុំ​ឯក​សារ ឬ​ទិន្ន​ន័យ​ខ្លះ ពី​រដ្ឋាភិបាល ដូច​ជា​ទាក់​ទិន​ករណី​សន្លប់​ជា​ដើម។ លោក​បន្ត​ថា៖​«ខ្ញុំ​មិន​ហ៊ាន​វាយ​តម្លៃ​ទេ​ ការ​ធ្វើការ​របស់ ILO។ ILO មាន​សិទ្ធិ​ផ្តល់​យោបល់ ដល់​អ្នក​បញ្ជា​ទិញ​ឲ្យ​ដាក់​គំនាប​ដល់​រោង​ចក្រហើយ​គេ​ក៏យក​ច្បាប់​ការ​ងារ​របស់​រដ្ឋ​យក​ទៅ​ប្រើ​ដែរ»៕

No comments:

Post a Comment

I like Blogger