សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, September 10, 2012

អ្នកបឹងកក់-បុរី​កីឡា​ទាម​ទារ​ឲ្យ​ដោះ​លែង​ស្ត្រី​

Monday, 10 September 2012 ផាក់ ស៊ាង​លី, From The Phnom Penh Post




















អ្នក ​ភូមិបឹង​កក់ និង​បុរី​កីឡា ស្រែកបួង​សួង សុំ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ដី​ធ្លី​ពីរ​នាក់​ ពី​ពន្ធ​នា​គា​រ​​ព្រៃ​ស កាល​ពី​ម្សិល​មិញ​​​។ រូបថត វីរៈ ម៉ៃ
 
ភ្នំពេញៈ ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា និង​បឹង​កក់​ប្រមាណ ២០០ នាក់ បាន​ប្រមូល​ផ្តុំ​គ្នា ធ្វើ​ការ​បួង​សួង នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ព្រឹក​ម្សិល​មិញ សូម​ឲ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ ជួយ​ជំរុញ​ដល់​តុលារ ផ្តល់​យុត្តិធម៌ ដោះ​លែង​សកម្ម​ជន​ដីធ្លី ២ នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​កាល​ពី​សប្តាហ៍​មុន។

ការបួងសួង​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​ស្រី​ទឹម សាក់​មុន្នី តំណាង​ពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា ត្រូវ​បាន​សាលា​ដំបូង​រាជធានី ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​អ្នក​ស្រី យ៉ោម បុប្ផា នៅ​សហគមន៍​បឹង​កក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​ឃុំ​ខ្លួន នៅ​ពន្ធនាគារ ព្រៃស កាល​ពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​សប្តាហ៍​មុន។

អ្នកស្រី គង់ ចន្ថា អាយុ ៤៥ ឆ្នាំ មក​ពី​តំបន់​បឹង​កក់ បាន​និយាយ​ថា៖​«ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​មក​ទី​នេះ ដើម្បី​ផ្តល់​កម្លាំង​ចិត្ត និង​ស្មារតី ដល់​អ្នក​ដែល​ជាប់​ឃុំ កុំ​ឲ្យ​ពួក​គាត់ បាក់​ទឹក​ចិត្ត និង​មាន​អារម្មណ៍​ឯកោ ចង់​សម្លាប់​ខ្លួន»។ អ្នក​ស្រី​បន្ត​ថា ប្រជាពលរដ្ឋ ដែល​ជា​ជន​រង​គ្រោះ ដោយ​សារ​ការ​បណ្តេញ​ចេញ​ដូច​គ្នា​នេះ ក៏​បាន​បួង​សួង សុំ​ឲ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ​ជួយ​ថែ​រក្សា អ្នក​ជាប់​ឃុំ​ទាំង​ពីរ​នាក់​នោះ កុំ​ឲ្យ​មាន​ជំងឺ​មក​បៀត​បៀន និង​ត្រូវ​រឹង​ប៉ឹង​ឡើង​តស៊ូ​ដើម្បី​ផ្ទះ​សម្បែង​ដែល​ត្រូវ​គេ​រំលោភ​បំពាន។

ប្រជាពលរដ្ឋ​ទាំង​ចាស់​ក្មេង បាន​ស្រែក​ច្រៀង​ចំរៀង​ពីរ​បី​បទ ដែល​ពួក​គាត់​បាន​តាក់​តែង​ដោយ​ខ្លួន​ឯង រៀប​រាប់​ពី​ការ​ឈឺ​ចាប់ ដោយ​សារ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ។ មុន​នឹង​ចាក​ចេញ​ពី​ខ្លោង​ទ្វារ​ពន្ធ​នាគារ​ព្រៃ​ស នៅ​វេលា​ម៉ោង​ជាង ១១ ព្រឹក​ប្រជា​ពលរដ្ឋ​ទាំង​អស់ បាន​នាំ​គ្នា​ដាក់​ផ្លែ​ឈើ និង​ដុត​ធូប បួង​សួង សូម​ឲ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ​នៅ​តំបន់​នោះ​ជួយ​ពួក​គេ។

លោក ពេជ្រ លឹមឃួន អាយុ ៥៧ ឆ្នាំ ជា​ប្រជា​ពលរដ្ឋ នៅ​សហគមន៍​បុរី​កីឡា បាន​កាន់​ប្រដាប់​បំពង​សំឡេង និង​បាន​ដឹក​នាំ​ប្រជា​ពលរដ្ឋ ទាំង​អស់ ធ្វើ​ការ​បួង​សួង​ថា៖​«សុំ​វត្ថុ​ស័ក្តិ​សិទ្ធិ អារុក​អារក្ស​អ្នកតា ថែ​រក្សា​នៅ​ពន្ធនាគារ​ព្រៃស សូម​ជួយ​ជំរុញ​ចិត្ត​មន្ត្រី​តុលាការ​ទាំង​អស់ ឲ្យ​មាន​ភាព​យុត្តិធម៌ ធ្វើ​ការ​ដោះ​លែង​ស្ត្រី​ទាំង​ពីរ​នាក់ ចេញ​ពី​ពន្ធនាគារ​ឲ្យ​បាន​ឆាប់ៗ។ ពួក​យើង​ខ្ញុំ មិន​មែន​មាន​ទោស​ឧក្រិដ្ឋ​នោះ​ទេ គឺ​គ្រាន់​តែ​ទាមទារ​សុំ​ដីធ្លី​និង​​ផ្ទះ​មក​រស់​នៅ​វិញ​ប៉ុណ្ណោះ។ លោក បញ្ជាក់​ថា ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ជឿ​ជាក់​លើ​ផ្លូវ​ធម៌ បាប បុណ្យ និង​កាន់​ព្រះ​ពុទ្ធ​សាសនា សុំ​ឲ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក ជួយ​ញ៉ាំង​ទឹក​ចិត្ត​ឲ្យ​អ្នក​មាន​អំណាច និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ទាំង​ឡាយ ដើរ​លើ​ផ្លូវ​ត្រូវ​វិញ។ លោក​ពេជ្រ លឹម​ឃួន បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា៖ «មិន​ចាំ​បាច់​តែ​សម្លាប់​គេ​ទេ ការ​ដែល​ធ្វើ​ឲ្យ​គេ​ឈឺ​ចាប់​បាត់​បង់​ផ្ទះ​សម្បែង វាក៏​ជា​អំពើ​បាប​មួយ ហើយ​ការ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត​ឬ​រីក​ចម្រើន វាជា​អំពើ​បុណ្យ​មួយ​ផង​ដែរ»។

លោកខ្លូត ដារា ប្រធាន​មណ្ឌល​អប់​រំ​កែប្រែ ម ២ មិន​អាច​ទាក់​ទង សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ។

លោក ផាន សុផុន ដែល​ជា​មន្ត្រី​ផ្នែក​សន្តិ​សុខ នៅ​ពន្ឋនាគារ​ព្រៃស បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ចង់​លើក​គ្នា​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ដែល​ជាប់​ឃុំ ប៉ុន្តែ​មិន​មាន​ការ​អនុញ្ញាត​ចូល​ទៅ​ទាំង​ហ្វូង​ដូច​នោះ​បាន​ទេ។ លោក បន្ថែម​ថា កម្លាំង​ពន្ធនាគារ និង​អាជ្ញាធរ​មូល​ដ្ឋាន មិន​បាន​រំខាន​ដល់​អ្នក​តវ៉ា​ទាំង​នោះ​ទេ គឺ​គ្រាន់​តែ​សុំ កុំ​ឲ្យ​ពួក​គាត់ ចូល​ទៅ​ជិត​ខ្លោង​ទ្វារ​ពន្ឋនាគារ​តែ​ប៉ុណ្ណោះ។ សាលា​ដំបូង​រាជធានី​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​មុន បាន​កោះ​ហៅ​ស្ត្រី​បី​នាក់ ដែល​ជា​ដើម​បណ្តឹង របស់​ប្រជា​ពលរដ្ឋ នៅ​សហគមន៍​បុរី​កីឡា ទៅ​សួរ​នាំ បន្ទាប់​ពី​ពួក​គាត់ បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​តុលា​ការ កាល​ពី​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈឆ្នាំ ២០១២ ប្តឹង​លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន ផាន​អ៊ីម៉ិច ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​បង្ក​របួស​ស្នាម។

អ្នកស្រីជុំ ង៉ាន់ អាយុ ៤០ ឆ្នាំ ដែល​ជា​តំណាង​ដើម​បណ្តឹង​ម្នាក់ ក្នុង​ចំណោម​បី​នាក់​ដែល​បាន​ចូល​ទៅ​តាម​ការ​អញ្ជើញ​របស់​តុលា​ការ តាម​រយៈ​លោក​ព្រះ​រាជ​អាជ្ញា រង​សៀង សុខ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា តុលា​ការ បាន​សួរ បញ្ជាក់​ពួក​គាត់​ថា តើ​នៅ​តែ​ចង់​ប្តឹង​លោក​ស្រី​ស៊ុយ សុផាន​ដដែល ឬ យ៉ាង​ណា? អ្នក​ស្រី​ជុំ ង៉ាន់​បាន​អះ​អាង​ថា៖​«យើង​ខ្ញុំ​ទាំង​អស់​គ្នា​ឆ្លើយ​វិញ​ថា សុំប្តឹង​ដដែល​ហើយ​សុំ​ឲ្យ​តុលាការ​ចាត់​ការ​តាម​ពាក្យ​បណ្តឹង​នោះ»។

អ្នកស្រីមិន​សប្បាយ​ចិត្ត​ទៅ​នឹង​ចំណាត់​ការ​របស់​តុលា​ការ ដែល​យឺត​យ៉ាវ នៅ​ក្នុង​ការ​លើក​យក​ពាក្យ​បណ្តឹង​របស់​ពួក​គាត់​មក​ចាត់​ការ ប៉ុន្តែ​បែរ​ជា​លើក​យក​បណ្តឹង​របស់​លោក​ស្រី​ស៊ុយ សុផាន​មក​ចាត់​ការ​មុន ព្រោះ​ថា តុលារ​ការ​បាន​ចាប់​ឃាត់​ខ្លួន​លោក​ស្រី​ទឹម សាក់​មុន្នី។ អ្នក ស្រី​បន្ត​ថា៖​«មិន​ដឹង​តុលា​ការ​អី ចាប់​តែ​អ្នកក្រ ដាក់​គុក​អ៊ីចឹង។ បើ​បណ្តឹង​អ្នក​មាន​ចាត់​ការ​យ៉ាង​លឿន​តែ​បណ្តឹង​អ្នក​ក្រ​ទុក​ចាត់​ការ​ក្រោយ ហើយ​ចាប់​អ្នក​ក្រ ដូច​អ្នក​ស្រី​ទឹម សាក់​មុន្នី​ដាក់​គុក។ ហៅ​មក​សាក​សួរ​សោះ​ហេតុ​អី​ដាក់​គុក​គាត់?»។

លោកសៀង សុខ ព្រះ​រាជ​អាជ្ញារង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ កាល​ពី​ម្សិល​មិញ។ ប៉ុន្តែ​បើ​តាម​ការ​អះ​អាង របស់​អ្នក​ស្រី​ជុំ ង៉ាន់ ឲ្យ​ដឹង​ថា៖ «តុលាការ បាន​ប្រាប់​យើង​ខ្ញុំ​ជា​ដើម​បណ្តឹង​ថា គេ​នឹង​ហៅ លោក​ស្រី​ស៊ុយ សុផាន​មក​សួរ​នាំ​បន្ទាប់​ពី​សួរ​នាំ​ពួក​គាត់​ទាំង​បី​នាក់ ប៉ុន្តែ​តុលាការ​មិន​បាន​ប្រាប់​ថា ពេល​ណា​នោះ​ទេ។ យើង​ចង់​ឃើញ​តុលាការ​ចាត់​ការ​បណ្តឹង​យើង​ឲ្យ​បាន​ឆាប់​ដូច​បណ្តឹង​របស់​អ្នក​មាន​ដែរ»។

លោកស្រីស៊ុយ សុផាន កាលពី​ម្សិល​មិញ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​មិន​បាន​ដឹង​ពី​បណ្តឹង​នោះ​ទេ។ លោក​ស្រី​ថ្លែង​ថា៖​«យើង​ខុស បើ​សិន​ជា​យើង មិន​បាន​ឲ្យ​កន្លែង​រស់​នៅ ដល់​អ្នក​ដែល​មាន​ឈ្មោះ​និង​ឯកសារ​ត្រឹម​ត្រូវ នៅ​បុរី​កីឡា​មុន​ការ​អង្កេត​ឆ្នាំ ២០០៣។ ប៉ុន្តែ​ជា​ការ​ពិត យើង​មិន​ខុស​នោះ​ទេ ព្រោះ​ថា យើង​បាន​សង់​អគារ​ចំនួន ៨ ដល់​អ្នក​ដែល​មាន​ឈ្មោះ និង​ឯកសារ​ត្រឹម​ត្រូវ ចំនួន ១៣៧៧ គ្រួសារ​រួច​អស់​ហើយ។ អ្នក​មក​ក្រោយ​អង្កេត​ឆ្នាំ ២០០៣ សុទ្ធ​តែ​មក​នៅ​បុរី​កីឡា​អនាធិប​តេយ្យ»។ លោក​ស្រី​បន្ថែម​ថា អ្នក​ដែល​ដើរ​តវ៉ា​ភាគ​ច្រើន សុទ្ធ​តែ​បាន​ផ្ទះ​អស់​ហើយ ហើយ​អ្នក​ខ្លះ​តវ៉ា​ចង់​បាន​ផ្ទះ​ឲ្យ​កូន​ចៅ​រស់​នៅ៕

 

No comments:

Post a Comment

I like Blogger