សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, September 13, 2012

សាក្សី​១២​នាក់ ចោទ​ឆ្លើយ រឿងម៉ម សូណង់ដូ

Thursday, 13 September 2012 ម៉ៃ ទិត្យថារ៉ា​, From The Phnom Penh Post
ភ្នំពេញៈ ការ​ផ្តល់​ចម្លើយ​ជា​កសិណ​បាន​បន្ត​ ក្នុង​រឿង​ក្តី​របស់​លោក ម៉ម សូណង់ដូ ដែល​កំពុង​ជាប់​ឃុំឃាំង​និង​ជន​សម​គំនិត កាល​ពី​ម្សិលមិញ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​សាក្សី​១២​នាក់ ដាក់​បន្ទុក និង​ដោះ​បន្ទុក​ម្តង​ម្នាក់ លើ​លោក​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​សហ​ចុង​ចោទ។

សាក្សី​របស់​ព្រះ​រាជ​អាជ្ញា​ជាច្រើន​នាក់​បាន​ថ្លែង​ថា ចម្លើយ​របស់​ពួក​គេ​ផ្អែក​លើ​ពាក្យ​ចចាម​អារ៉ាម​ទាំង​ស្រុង ហើយ​គ្មាន​ចម្លើយ​ណា​មួយ​មាន​ភស្តុតាង​បញ្ជាក់​ អំពី​បុរស​ដែល​កំពុង​ទទួល​ការ​ជំនុំ​ជម្រះ​នេះ​ទេ ខណៈ​ដែល​ការ​ជំនុំ​ជម្រះ​បាន​ផ្តោត​តែ​ទៅ​លើ​ឈ្មោះ ប៊ុន រដ្ឋា ដែល​ជាប់​ចោទ​ពី​បទ​ឃុបឃិត ដែល​គេ​ពុំ​ដឹង​ពី​ទី​កន្លែង​ស្នាក់​នៅ​ គិត​ចាប់​តាំង​ពី​មាន​ការ​បណ្តេញ​ចេញពី​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ខែ​ឧសភា ដែល​រដ្ឋាភិបាល​ដាក់​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​បង្កើត​តំបន់ អបគមន៍។


ចម្លើយ​ជា​កសិណ​របស់​សាក្សី​ខាង​ព្រះ​រាជអាជ្ញា​បាន​រៀប​រាប់​ថា លោក ប៊ុន រដ្ឋា ជា​អ្នក​ផ្តាច់​ការ​ក្រៅ​ផ្លូវ​ការ​នៅ​ក្នុង​ភូមិ។

សាក្សី ជា មុំ បាន​ចោទ​ប្រកាន់​គាត់​ថា បាន​ដាក់​របាំង​រាំង ស្ទះ​ផ្លូវ​ចេញ​ចូល​ភូមិ ហើយ​ថា គាត់​បាន​បង្ខំ​អ្នក​ធ្វើ​ដំណើរ​ឲ្យ​ផ្តិត​មេដៃ​លើ​ឯកសារ​មុន​ពេល​ឆ្លង កាត់​ ដើម្បី​ដក​អ្នក​ណា​ដែល​ខ្លួន​មិន​ចង់​បាន​ចេញ​ពី​ភូមិ។

ទោះ ជា​យ៉ាង​ណា​ អ្នក​ស្រី មុំ ទទួល​ស្គាល់​ថា គាត់​មិន​បាន​ឃើញ​រឿង​ទាំង​នោះ​ដោយ​ផ្ទាល់​ភ្នែក​ទេ ដោយ​អ្នក​ស្រី​ថ្លែង​បញ្ជាក់​ថា៖ «ខ្ញុំ​ដឹង​ពី​អ្នក​ដែល​ប្រាប់​ខ្ញុំ ប៉ុន្តែ​ ខ្ញុំ​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក​នោះ​ទេ»។

កាល​ពី​ខែ​ឧសភា ភូមិ​ប្រមា ជា​ភូមិ​ដែល​ប្រជាជន​រាប់​រយ​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ ពាក់ព័ន្ធ​នឹង​វិវាទ​ដី​ធ្លី​រ៉ាំរ៉ៃ​ជាមួយ​នឹង​ក្រុមហ៊ុន​កាសូទីម ដែល​ក្នុង​អំឡុង​ពេល​បណ្តេញ​ចេញ​នោះ​ក្មេង​ស្រី​វ័យ​១៤​ឆ្នាំ​ម្នាក់​បាន​ ស្លាប់ ដោយ​សារ​រង​គ្រាប់​កាំភ្លើង​របស់​កង​កម្លាំង​រដ្ឋាភិបាល។​

រដ្ឋាភិបាល​ហៅ​ការ​បណ្តេញ​ចេញ​នេះ​ថា ជា​ការ​បង្ក្រាប​ប្រឆាំង​នឹង​ការ​ធ្វើ​អបគមន៍ បើ​ទោះ​ជា​មាន​ការ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ពី​អ្នក​ភូមិ​ក៏​ដោយ ក្នុង​នោះ​មាន​ទាំង ប៊ុន រដ្ឋា ដែល​ធ្លាប់​ជា​អ្នក​ស្ម័គ្រ​ចិត្ត​របស់​សមាគម​អ្នក​ប្រជាធិបតេយ្យ​ផង។

លោក គង់ វណ្ណៈ បាន​ថ្លែង​ថា គាត់​បាន​ផ្លាស់​ពី​ភូមិ​ប្រមា ៤ ថ្ងៃ​ មុន​ពេល​បណ្តេញ​ចេញ​ដោយ​បង្ខំ ដោយ​សង្ឃឹម​ថា គាត់​នឹង​ទទួល​បាន​ដី​ស្រែ​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​គ្រួសារ​។ប៉ុន្តែ ដើម្បី​ទទួល​បាន​ដី លោក​ប៊ុន រដ្ឋា បាន​ធ្វើ​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​យាម​របាំង​បិទ​ផ្លូវ រយៈ​ពេល​មួយ​ថ្ងៃ។

ដោយ​បដិសេធ​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អបគមន៍ លោក វណ្ណៈ បាន​បន្ត​ថា៖ «ខ្ញុំ​គ្មាន​បំណង​ប្រឆាំង​នឹង​អាជ្ញាធរ ឬ​រដ្ឋាភិបាល​ទេ។ ហេតុ​ដែល​ខ្ញុំ​ទៅ​រស់​នៅ​ទី​នោះគឺ​ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ដី​ចិញ្ចឹម កូន​ប្រុស​ស្រី ១១​នាក់​របស់​ខ្ញុំ ប៉ុណ្ណោះ»។

សាក្សី​ ទេព រិទ្ធ បាន​ចោទ​ប្រកាន់ ប៊ុន រដ្ឋា ថា​បាន​ទាមទារ​ប្រាក់​ចំនួន​ ៥ពាន់​រៀល​ក្នុង​មួយ​ហិកតា ក្នុង​មួយ​ខែ​ពី​ប្រជាជន​ដែល​ខ្លួន​កាត់​ដី​ចែក​ឲ្យ។ គាត់​បាន​បន្ថែម​ថា គ្រួសារ​នីមួយៗ​ទទួល​បាន​ប្រហែល ៥ ហិកតា ហើយ​គាត់​កត់​សម្គាល់​ឃើញ​ថា មិន​ដែល​ឃើញ​ ប៊ុន រដ្ឋា ទាមទារ​ប្រាក់​ជួល​ពី​កសិករ​ទេ។

លោក សុង សួន សាក្សី​ម្នាក់​ដែល​គាំទ្រ​ចុង​ចោទ​បាន​ថ្លែង​ថា ឧបករណ៍​ដែល​នាំ​មក​ដោយ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើ​ជា​ភស្តុតាង​ដែល​ថា​ អ្នក​ភូមិ​ប្រមា​មាន​ផែនការ​បះបោរ​ប្រដាប់​អាវុធ​ គឺ​ជា​ឧបករណ៍​សាមញ្ញ​ធម្មតា​ដែល​អ្នក​ភូមិ បាន​ប្រើ​សម្រាប់​រក​សត្វ​ព្រៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក សុង សួន បាន​បន្ថែម​ថា គាត់«មិន​ដែល​ឃើញ​លោក ម៉ម សូណង់ដូ ទៅ​ក្រចេះ​ទេ ហើយ​ថា គាត់​មិន​ពាក់ព័ន្ធ​នឹង​ផែន​ការ​បង្កើត​តំបន់​អបគមន៍​ស្អី​នោះ​ទេ»។

សាក្សី ហ៊ុន សុផល សមាជិក​ម្នាក់​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់​ដូនៅ​ខេត្ត​ក្រចេះ បាន​ចង្អុល​បង្ហាញ​ការ​ពិត​ថា លោក ម៉ម សូណង់ដូ ស្ថិត​នៅ​ឯ​បរទេស​នៅ​ពេល​ត្រូវ​ចោទ​ប្រកាន់​ថា​ មាន​ផែនការ​អបគមន៍​នោះ ហើយ​ដែល​ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​រាជ​អាជ្ញា​លោក មាស ចាន់​ពិសិដ្ឋ ពន្យល់​ថា​ ជា​មេក្រុម​ម៉ម សូណង់ដូ មិន​បាច់​បង្ហាញ​មុខ​ក៏​បាន​ដែរ ក្នុង​ផែនការ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ។

បើ​តាម​លោក​ អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សំណុំ​រឿង​របស់​ព្រះ​រាជ​អាជ្ញា​ប្រឆាំង​នឹង​លោក ម៉ម សូណង់ដូ បាន​ក្លាយ​ជា​លេស​ដែល​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ​។​

លោក​បន្ត​ថា៖ «ពួក​គេ​ទំនង​ជា​ពុំ​មាន​ភស្តុតាង​អ្វី​​នោះ​ទេ​»។ លោក​ថា ៖ «​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ពេញ​នេះ ​សាក្សី​សំខាន់ៗ​ទាំង​នោះ​មិន​អាច​ជា​សម្អាង​បាន​ថា លោក​ ម៉ម សូណង់ដូ បាន​ធ្វើ​អ្វី​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ពី​ការ​បង្កើត​តំបន់​អបគមន៍​ នោះ​ទេ​»។

លោក​ថ្លែង​ដោយ​ខ្លី​ថា យុទ្ធសាស្រ្ត​របស់​ព្រះ​រាជ​អាជ្ញា មិន​អាច​បង្ហាញ​ឲ្យ​ឃើញ​ភាព​ច្បាស់​លាស់​ថា លោក ម៉ម សូណង់ដូ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ពី​ភាព​មិន​ច្បាស់​លាស់​ជា​ច្រើន​ថា​លោក ម៉ម សូណង់ដូ មិន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នោះ​។

No comments:

Post a Comment

I like Blogger