សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, September 3, 2012

ស្ត្រី​បុរី​កីឡា​ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​សួរ​តាម​បណ្ដឹង​អ្នក​ស្រី​ស៊ុយ​សុ​ផាន

Friday, 31 August 2012 ឆាយ ច័ន្ទនីដា From Phnom Penh Post













ស្រ្តី​រង​គ្រោះ​ត្រូវ​​បណ្តេញ​ចេញ​ពី​បុរី​កីឡា ធ្វើ​ការ​តវ៉ា​នៅ​មុខ​សា​លា​រាជ​ធានី​កាល​ពី​ដើម​ខែ​មុន​។ រូបថត ​ហុង មិនា

 ភ្នំពេញៈ ស្ត្រី​ដែល​សកម្ម​ក្នុង​ការ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ ពី​តំបន់​បុរី​កីឡា​ម្នាក់ ត្រូវបាន​សាលា​ដំបូង​រាជធានី ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ដើម​ខែ​ក្រោយ​នេះ ទាក់​ទង​នឹង​បណ្តឹង​របស់​លោក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច ប្តឹង​ពីបទ​«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ»។


អ្នកស្រី ទឹម សាក់​មុន្នី ត្រូវ​បាន​លោក សៀង សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី ៥ ខែ​កញ្ញា។ ដីកា​កោះ បាន​បង្គាប់​ឲ្យ​«សាម៉ីខ្លួន ត្រូវ​អញ្ជើញ​តាម​ដីកា​កោះ​នេះ ឲ្យ​បាន​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់​ទង​រឿង​ខាង​លើ​មក​ជាមួយ​ផង ប្រសិន​បើ​មាន»។

លោកសៀង សុខ ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា នេះ​ជា​ពាក្យ​បណ្តឹង​របស់​លោក​ស្រី​ស៊ុយ សុផាន ប្តឹង​ពលរដ្ឋ ដែល​លោក​មិន​អាច​អត្ថា​ធិប្បាយ​បាន ពី​ដំណើរ​រឿង​នៃ​បណ្តឹង​នេះ​ឡើយ។ លោក​ថ្លែង​ថា៖​«យើង​មិន​ដឹង​សាច់​រឿង​យ៉ាង​ម៉េច​ដែរ ទើប​ឲ្យ​ភាគី​ចុង​ចោទ ចូល​បំភ្លឺ​មក​តាម​បណ្តឹងនេះ»។

អ្នក ស្រី ទឹម សាក់​មុន្នី ឲ្យ​ដឹង​ថា អ្នក​ស្រី​មិន​ដឹង​ថា មាន​រឿង​ហេតុ​អ្វី​ ដែល​ត្រូវ​លោក​ស្រី ស៊ុយ​សុផាន​បឹ្តង​នោះ​ទេ ប៉ុន្តែ​អ្នក​ស្រី​បាន​រំឭក​ថា កាល​ពី​ល្ងាច​ថ្ងៃ​ពុធ រូបគាត់​ត្រូវ​បាន​អ្នក​ស្រី​ស៊ុយ សុផាន ហៅ​ឲ្យទៅ​ជួប​ប្រហែល​កន្លះ​ម៉ោង​ដើម្បី​ចរចាផ្តល់​សំណង សម្រាប់​ការ​បណ្តេញ​គ្រួសារ​របស់​គាត់​ចេញ​ពី​បុរី​កីឡា ដោយ​មិន​ផ្តល់​ផ្ទះ​សម្បែង។

អ្នកស្រីបន្តថា រូប​គាត់​ទទួល​ផ្ទះ​រួច​ហើយ នៅ​បុរី​កីឡា ប៉ុន្តែ​ការ​តវ៉ា​កន្លង​មក តាំង​ពីការ​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ​បុរី​កីឡា​ជា​លើក​ចុង​ក្រោយ នៅខែ​មករា​នេះ កូន​ប្រុស​របស់​អ្នក​ស្រី ​ឈ្មោះ​អ៊ួន កង​ពិនិត្យ ដែល​ជាពលរដ្ឋ​បាន​ជួល​ផ្ទះ​នៅ​បុរីកីឡា តាំង​ពី​ឆ្នាំ ១៩៩៧ មក និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ពលរដ្ឋ​១៧៧៦ គ្រួសារ ដែល​គួរ​បាន​ផ្ទះ​នៅ​បុរីកីឡា​នេះ បែរ​ជា​មិន​បាន​ផ្ទះ​ និង​ធ្វើ​ឲ្យគាត់​ជាម្តាយ ចេញ​មុខ​តវ៉ា​ជំនួស​កូន ព្រោះ​កូន​បាន​ធ្លាក់​ខ្លួន​ឈឺ មិន​អាច​ចេញ​ដើរ​តវ៉ា​បាន។

អ្នកស្រី និយាយ​ថា៖ «លោក​ជំទាវ​ស៊ុយ សុផាន​សួរថា ម៉េច​ក៏​ខ្ញុំ​តវ៉ា បើ​ខ្លួន​ខ្ញុំ​បាន​ផ្ទះ​រួច​ហើយ? ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ដែល​ថា​ខ្ញុំ​តវ៉ា​យក​ផ្ទះ​សម្រាប់​ខ្លួនឯង​ទេ គឺ​ខ្ញុំ​តវ៉ា​ឲ្យ​កូន​ប្រុស​ខ្ញុំ ព្រោះ​វាឈឺ និយាយ​មិន​បាន​។ ខ្ញុំ​ថា ខ្ញុំ​ក៏​ធ្លាប់​ប្រាប់​លោក​ជំទាវ​រួច​ហើយ ពេល​ដែល​គេ​ចាប់​ខ្ញុំ​ទៅ​ព្រៃ​ស្ពឺ»។

អ្នកស្រី សាក់​មុន្នី បាន​បន្ត​ថា៖ «ជំទាវ​ឲ្យ​កូន​ប្រុសខ្ញុំ ១ពាន់​ដុល្លារ និង​ផ្ទះ​នៅ​ទួល​សំបួរ​ខណ្ឌ​ដង្កោ។ ខ្ញុំ​ក៏​មិន​តថ្លៃ​អី​ដែរ ហើយ​ប្រាប់​គាត់​ថា​ចាំ​ខ្ញុំ​ទៅ​សួរ​កូន​ប្រុស​សិន ហើយ​ខ្ញុំ​ក៏​លា​គាត់​ទៅ​ផ្ទះ។ គាត់​ថា នេះ​គាត់​ឲ្យ​ខ្ញុំ​លើសគេ​ ២០០ ដុល្លារ​ហើយ​»។ ដំណើរហេតុ​យ៉ាង​ដូច្នេះ ទើប​អ្នក​ស្រី សាក់​​មុន្នី គិត​ថា ជា​មូលហេតុ​ដែល​​អ្នក​ស្រី​ ត្រូវ​បាន​រង​ការ​ប្តឹង​ផ្តល់​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​។

សព្វថ្ងៃ ពលរដ្ឋ​ចំនួន ១១៧ គ្រួសារ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច ឈូស​បំផ្លាញ​ផ្ទះ​សម្បែង និង​បណ្តេញ​ចេញ​ចុង​ក្រោយ​គេ កាល​ពី​ថ្ងៃ​ទី ៣ មករា ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ខណ្ឌ ៧ មករា កំពុង​រស់នៅ​ក្រោម​អគារ​ស្នាក់​នៅ​នៃ​តំបន់​បុរី​កីឡា និង​តែង​តែ​ដើរ​តវ៉ា ស្វែង​រក​អន្តរា​គមន៍ ពី​ស្ថាប័ន​នានា​ឲ្យ​ជួយ​ជំរុញ​ទៅ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច សាង​សង់​អគារ​ទី៩​និងទី ១០ ទៅ​តាម​ការ​សន្យា ដើម្បី​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដែល​ពុំ​ទាន់​ទទួល​បាន​ផ្ទះ ប៉ុន្តែ​ត្រូវ​ក្រុម​ហ៊ុនចោទ​ថា ពលរដ្ឋ​ទាំង​នោះ ជា​អ្នក​ដែល​ទទួល​បាន​ផ្ទះ​រួច​ហើយ។

លោកស្រី ស៊ុយ សុផាន មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិល​មិញ ដោយ​ជំនួយ​ការ​ដែល​លើក​ទូរស័ព្ទ ឆ្លើយ​ថា លោក​ស្រី ស៊ុយ សុផាន កំពុង​ជាប់​រវល់​ប្រជុំ៕ 

No comments:

Post a Comment

I like Blogger