សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, September 7, 2012

ពលរដ្ឋបឹងកក់ និងបុរីកីឡា ស្នើសុំអន្តរាគមន៍ពីលោក សុខ អាន ឲ្យដោះលែងសកម្មជនដីធ្លី

លីនណា​ CEN ថ្ងៃទី០៧​ កញ្ញា ២០១២
ភ្នំពេញ: ​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​បឹងកក់ និង​បុរី​កីឡា បាន​យក​ញត្តិ ដាក់ជូន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១២ ដោយ​ស្នើសុំ​អន្តរាគមន៍​ដោះលែង​ស្ត្រី​សកម្មជន​ដីធ្លី ២​នាក់ តំណាង​សហគមន៍​បឹងកក់ និង​តំណាង​សហគមន៍​បុរី​កីឡា ពី​ពន្ធនាគារ​ព្រៃ​ស​។​
នៅក្នុង​ញត្តិ​ដាក់ជូន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន របស់​អ្នក​បឹងកក់ បាន​លើកឡើងថា ការចាប់​ឃុំខ្លួន​អ្នកស្រី យ៉ោ​ម បុប្ផា គឺ​ជាប់​ទាក់ទិន​នឹង​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​យ៉ាងពិត​ប្រាកដ ពីព្រោះ​អ្នកស្រី និង​ស្វាមី​របស់គាត់​លោក លូ​ស សា​ខន មិនបាន​វាយតប់ ឬ​បង្ករ​របួសស្នាម ដល់​នរណាម្នាក់​ឡើយ​។​


​នៅក្នុង​លិខិត​នោះ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់ យល់ថា អាជ្ញាធរ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ ជាពិសេស​យក​ប្រព័ន្ធតុលាការ មក​គៀបសង្កត់ ដើម្បី​រារាំង គំរាមកំហែង កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​តស៊ូ​មតិ​ការពារ​ដីធ្លី និង​លំនៅឋាន​របស់ខ្លួន​។​

​នៅក្នុង​លិខិត​បាន​ឲ្យ​ដឹងថា អ្នកស្រី យ៉ោ​ម បុប្ផា និង​ស្វាមី ត្រូវបាន​ជន​ស្លៀកពាក់​ស៊ីវិល​មួយក្រុម ចាប់បង្ខំ​ចូល​ឡាន​ពណ៌​ស គ្មាន​ស្លាក​លេខ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​អ្នកស្រី ទៅ​ដាក់គុក​ព្រៃ​ស ដោយ​តក់ក្រហល់ ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​។​

​រីឯ​ញត្តិ​របស់​សហគមន៍​បុរី​កីឡា បាន​លើក​ឡើ​ថា ការចាប់​ឃុំខ្លួន​អ្នកស្រី ទឹម សាក់​មុនី គឺជា​ការគំរាមកំហែង និង​បំ​ផិត​បំភ័យ​ដល់​សហគមន៍​បុរី​កីឡា​ឲ្យ​ភិតភ័យ និង​ឈប់​ធ្វើការ​តវ៉ា​ទា​មា​ទារ​ផ្ទះសម្បែង​ត​ទៀត នេះ​ជា​ភស្ដុតាង ដែល​បញ្ជាក់​ឲ្យ​ឃើញថា តុលា​ការមិន​ឯករាជ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។

​ញត្តិ​នោះ​ក៏បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១២ អ្នកស្រី ទឹម សាក់​មុនី ទទួលបាន​ដីកាកោះ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​អ្នកស្រី​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ពាក្យបណ្ដឹង​របស់លោក​ស្រី ស៊ុយ សុផាន ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៩ និង ៣០​នាទី​ព្រឹក​។ នៅ​ថ្ងៃ​ដដែល​នោះ អ្នកស្រី ទឹម សាក់​មុនី ត្រូវបាន​តុលាការ​បញ្ជូនទៅ​ដាក់គុក​ព្រៃ​ស​។​

​ញត្តិ​របស់​ប្រជាពលរដ្ឋ​ទាំងពីរ​សហគមន៍ ត្រូវបាន​លោក ប៊ុន អ៊ុយ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញមក​ទទួល​ញត្តិ និង​បាន​លើកឡើងថា នឹង​យក​សំណើរ​នេះ ដាក់ជូនទៅ​ថ្នាក់លើ ពិនិត្យ​។

​ដោយឡែក​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ក៏បាន​ចេញមក​សម្រប​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ទាំងពីរ​សហគមន៍ ឈប់​ប្រមូលផ្ដុំ​នៅមុខ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១២ ក្រុម​អ្នកភូមិ​បឹងកក់ និង​អ្នកភូមិ​បុរី​កីឡា ដែលមាន​ក្មេង​តូចៗ​ចូលរួម​ផង​នោះ ក៏បាន​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក ជប៉ុន និង​សហភាព​អឺរ៉ុប ដើម្បី​ស្វែងរក​អន្តរាគមន៍ ឲ្យ​មានការ​ដោះលែង​ស្ត្រី​ទាំងពីរ​នាក់​ផងដែរ​។​

​សូម​រម្លឹកថា អ្នកភូមិ​បឹងកក់ អ្នកស្រី យ៉ោ​ម បុប្ផា ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន ពីបទ ប្រើ​អំពើហិង្សា ដោយ​ចេតនា វាយ​លើ​បុរស​ពីរ​នាក់ កាលពី​ថ្ងៃ​៤ ខែកញ្ញា ឆ្នាំ​២០១២​។ ចំណែក​អ្នក​តវ៉ា​ដីធ្លី​ម្នាក់ទៀត នៅ​បុរី​កីឡា គឺ​អ្នកស្រី ទឹម សាក់​មុន្នី  ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១២៣ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​

​ក៏ប៉ុន្តែ​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១២ អង្គការ​សង្គម​ស៊ីវិល និង​អង្គការសិទ្ធិមនុស្ស​ជាច្រើន បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ ដោយ​ថ្កោលទោស​នឹង​ការចាប់ខ្លួន​ស្ត្រី​អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា​ទាំងពីរ ហើយ​បានទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ទាំងពីរ​នាក់ ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។​

​យ៉ាងណាក៏ដោយ ក្នុង​រឿង​ឃុំខ្លួន​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹងកក់ និង​នៅ​បុរី​កីឡា​នេះ ត្រូវបាន​មន្ត្រី​តុលាការ​អះអាងថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ដីធ្លី​ទេ តែ​ជា​រឿង​ព្រហ្មទណ្ឌ ដែល​ស្ត្រី​ទាំងពីរ​បាន​ប្រព្រឹត្ត​បទល្មើស​ច្បាប់​ប៉ុណ្ណោះ​៕​

No comments:

Post a Comment

I like Blogger