សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, September 26, 2012

លោក​នាយក​រដ្ឋ​មន្ត្រី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បន្ត​ប្រុងប្រយ័ត្ន​គ្រោះ​ទឹក​ជំនន់

Wednesday, 26 September 2012 ផាក់​ ស៊ាងលី, From The Phnom Penh Post
























ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​អំពាវ​នាវ​ ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ត​ទៀត​ នៅ​ខណៈ​ដែល​ខេត្ត​មួយ​ចំនួន ​កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​ និង​ជ្រលង​សម្ពាធ​ទាប​នៅ​តែ​គ្រប​ដណ្តប់​លើ​ប្រទេស​កម្ពុជា។

នៅ ក្នុង​ឱកាស​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ កាល​ពី​ម្សិលមិញ​លោក​ហ៊ុន សែន​បាន​ធ្វើ​ការ​អំពាវ​នាវ​ ដល់​អាជ្ញាធរ​ ពិសេស​អាជ្ញាធរ​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ត​ទៀត​ជួយ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ សារ​ទឹក​ជំនន់​ដែល​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ។ លោក​មាន​ប្រសាសន៍​ថា​៖ «អាជ្ញាធរ​ បាន​ខំប្រឹងប្រែង​ជួយ​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​គ្រោះថ្នាក់ តំបន់​លិច​លង់​ទឹក​ តែ​សូម​នៅ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ទៀត​ដោយ​មិន​អាច​ធ្វេស​ប្រហែស​បាន​ទេ​ ព្រោះ​សម្ពាធ​ទាប​ កំពុង​ស្ថិត​នៅ​លើ​ប្រទេស​យើង»។​


លោក​នាយក​រដ្ឋ​ មន្ត្រី​បន្ត​ថា​ ទឹក​នៅ​ឆ្នាំ​នេះ​ មិន​ធំ​ដូច​ពី​ឆ្នាំ​មុន​ទេ​ ព្រោះ​ពី​ឆ្នាំ​ទៅ​ នៅ​ពេល​នេះ​ នៅ​ភ្នំពេញ​ទឹក​មាន​កម្ពស់​ជាង​ ១០​ ម៉ែត្រ​ហើយ តែ​ពី​ម្សិល​មិញ ទឹក​មាន​កម្ពស់​ត្រឹម​តែ៨,៤៥ ម៉ែត្រ​ប៉ុណ្ណោះ។ លោក​នាយក​រដ្ឋ​មន្ត្រី​ បន្ថែម​ថា​ ទឹក​ជំនន់ នៅ​បន្ទាយ​មានជ័យ ហូរ​ធ្លាក់​មក​ពី​ថៃ ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​៥ ពាន់​គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ចេញ​ ពី​លំនៅដ្ឋាន​ហើយ​ជំនន់​ទឹក​ភ្លៀង​នេះ​ ក៏​កំពុង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ ​និង​សាលា​រៀន​ផង​ដែរ​។​

លោក អ៊ុក កែវរតនៈ ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​មាន​ប្រសាសន៍​ថា​ សាលា​ខេត្ត​ មិន​ទាន់​ដឹង​ថា មាន​សាលា​រៀន​ចំនួន​ប៉ុន្មាន​ ដែល​រង​ការ​ជន​លិច​នោះ​ទេ ដោយ​សារ​អាជ្ញាធរ កំពុង​យក​ចិត្ត​ទុក​ដាក់​ ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ ទៅ​កាន់​ទីទួល​សុវត្ថិភាព​ជា​ចម្បង​សិន​។

លោក​កែវ​ សែន​ អភិបាល​ស្រុក​អូរ​ជ្រៅ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ សាលារៀន​ចំនួន​១៧ កន្លែង​បាន​លិច​ ប៉ុន្តែ​បន្ទាប់​ពី​ទឹក​បាន​ស្រក​ គឺ​មាន​ការ​បោស​សម្អាត សម្រាប់​ឲ្យ​សិស្ស​ចូល​រៀន​នៅ​ពេល​ខាង​មុខ​។ លោក​ថ្លែង​ថា៖ «មាន​សាលា​១៧ កន្លែង ដែល​លិច​ តែ​វា​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​»។​

បើ តាម​លោក អ៊ុក កែវ​រតនៈ ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ប្រមាណ ៥០០០ គ្រួសារ ដែល​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​នោះ ស្ទើរ​តែ​ទាំង​អស់​ បាន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​ ហើយ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ទាំង​នោះ ​សុទ្ធ​តែ​ទទួល​បាន​​អំណោយ​សង្គ្រោះ​បន្ទាន់​ ពី​កាក​បាទ​ក្រហម​កម្ពុជា​ សប្បុរស​ជន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​។

លោក​ កែវ វី អ្នក​នាំ​ពាក្យ​ គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា​ សាលា​រៀន​ចំនួន​១៩ កន្លែង និង​ផ្លូវ​ចំនួន ៤៩ ខ្សែ ប្រវែងស្មើ​នឹង​ ៧២៨៩៦​ ម៉ែត្រ​ ត្រូវបាន​លិច​ទឹក ប៉ុន្តែ​មិន​ទាន់​ដឹង​ថា មាន​ប៉ុន្មាន​ដែល​ខូច​ខាត​នោះ​ទេ។

អាជ្ញាធរ​នៅ​តាម​ខេត្ត​មួយ​ចំនួន ជា​ពិសេស​ខេត្ត​កំពង់ធំ ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​ដោយ​សារ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុន​ និយាយ​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​គ្រោះ​ទឹក​ជំនន់​ កើត​ឡើង​នៅ​ឡើយ​ទេ៕

No comments:

Post a Comment

I like Blogger